34 C
Phnom Penh

មាន់​​ឆ្លង​ជំងឺ​​រាប់​មឺុន​​​ក្បាល​​​ត្រូវ​បានគេ​​​​បោះ​​​​​​​ចោល​ក្នុង​ប្រព័ន្ធ​ប្រឡាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​កសិដ្ឋាន ​​​​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​ដែល​​​​​​ផ្គត់​​​ផ្គង់​​​​​​​ក្រុមហ៊ុន​​​ Charoen Pokphand ជា​​​ក្រុមហ៊ុន​​​កសិ​​​ឧស្សាហ​​​កម្ម​​​​​​​ដ៏​ធំមួយ​របស់​​​ថៃ​​​ហៅ​​​ថា CP បាន​​​បោះ​​​​​មាន់​​​​ដែល​​​ងាប់ដោយ​​​ឆ្លង​​​ជំងឺ​​​ចំនួន​​​១១.៥០០​​​ក្បាល​​​​​​ចូល​​​ទៅ​​​ក្នុង​​​​​​​​​ប្រព័ន្ធ​​​ប្រឡាយ​​​មួយ​​​កាល​​​​​​ពី​ថ្ងៃអាទិត្យ​​​ ដោយ​​​​បំពុល​​​ផ្លូវ​​​ទឹក​​​ និង​​​ធ្វើ​​​ឲ្យ​​​គ្រោះ​​​ថ្នាក់​​​ដល់​​​សត្វ​​​ពាហនៈ​​​ក្នុង​​ស្រុក​​​ភូមិ។

កាល​​​ពីម្សិលមិញ គណៈ​គ្រប់គ្រង​របស់​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុការណ៍​​​ដែល​​​បាន​​​កើត​​​ឡើង​​​ នេះ​​​ទេ ខណៈ​​​ក្រុម​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​មិន​​​បាន​​​ឯកភាព​​​​​​គ្នា​​​ទាក់​​​ទិន​​​នឹង​​​បញ្ហា​ថា តើ​​​នរណា​​​គួរ​​​តែ​​​​ជា​​​អ្នក​​​ត្រូវ​​​​​បន្ទោស។

កសិដ្ឋាន​​​ចិញ្ចឹម​​​មាន់​​​នៅក្នុង​​​ក្រុ​ង​​ស្ទឹង​​​សែន​​​ គឺ​​​ជា​កម្ម​សិទ្ធិ​របស់​​​​​​​អ្នក​​​ជំនួញ​​​ក្នុង​​​ស្រុក​​​​​​​​​​ម្នាក់​​​ឈ្មោះ សៀត​​​ សឹម​ និង​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន CP។ កសិដ្ឋាន​​​នេះ ជាកន្លែង​ដែល​​​​មានចិញ្ចឹម​​​​មាន់​​​ចំនួន​​​១.២០០០​​​ក្បាល​​​ មុន​​​ពេល​​​​​​មាន់​​​ទាំង​​​អស់​​​លើក​​​លែង​​​តែ​​​​​​​៥០០​​​ក្បាល​​​ត្រូវ​​​គេ​​​បោះ​​​ចូល​​​ទៅក្នុង​​​ប្រឡាយ​​​ដែល​​​​​​ ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ស្រោច​​​ស្រព​ស្រែ​​​អំឡុង​​​រដូវ​​​វស្សា និង​​​​ជា​​​ប្រភព​​​ទឹក​​​ផឹក​​​​សម្រាប់​​​សត្វ​​​ពាហនៈ​​​ពេញមួយ​ឆ្នាំ​​​។

លោក​​​ តាន់​​​ ម៉េងឆាង ​​​ប្រធាន​​​ការិយា​​​ល័យ​​​​ផ្នែក​​​ផលិត​​​កម្ម និង​​​បសុព្យាបាល​​​​​​ក្រុង​​​ស្ទឹង​​​សែន​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា អ្នក​​​ភូម​​​ិ​​​បាន​​​រាយការណ៍​​​ថា លោក សៀត សឹម​បាន​​​បោះ​​​សត្វ​​​មាន់​​​ទាំង​​​នេះ​​​ទៅ​​​ក្នុង​​​ប្រឡាយ​​​ដោយខ្លួន​​​​​​លោក​​​ផ្ទាល់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​ចិញ្ចឹម​​​មាន់​​​ម្នាក់​​​និយាយ​​​ថា មាន​​​មាន់​​​សរុប​​​ចំនួន​​​១២.០០​​​០ក្បាល​​​នៅ​​​ក្នុង​​​កសិដ្ឋាន​​​ចិញ្ចឹម​​​មាន់​​​នោះ​ ហើយ​​​មាន់​​​ចំនួន​​​១១.៥០០ក្បាល​​​បាន​​​ងាប់​​​នៅ​​​សល់​​​តែ​​​៥០០​​​ក្បាល​​​ប៉ុណ្ណោះ​​​។​​​ខ្ញុំ​​​គិត​​​ថា ការ​​​ដែល​​​យក​​​មាន់​​​ងាប់​​​ទៅ​​​ចោល​​​ក្នុង​​​ប្រឡាយ ​​​វា​​​អាចធ្វើ​ឲ្យជំងឺ​​​​ឆ្លង​​​រាល​​​ដាល​​​ដល់​​​បក្សី​​​ផ្សេង​​​ៗ​​​ទៀត​​​​​​ ដល់​​​សត្វ​​​ពាហនៈ ព្រម​​​ទាំង​​​មនុស្ស​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ផង​​​ដែរ​​​”។

លោកបាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ព្រឹក​​​មិញ​​​នេះ​​​ ខ្ញុំ​​​និង​​​មន្ត្រី​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​ចុះ​​​ទៅ​​​កសិ​​​ដ្ឋាន​​​ចិញ្ចឹម​​​មាន​​​់​​​នោះ​ ហើយ​​​យើង​​​បាន​​​ស្នើ​​​ឲ្យ​​​​អ្នក​ចិញ្ចឹមមាន់​​ម្នាក់​​​​សម្លាប់​​​មាន់​​​ដែល​​​នៅ​​​សេស​​​សល់​​​​​​ហើយ​​​ដុត​​វា​ចោល​​ទាំង​​​អស់​​​”។ ​​​លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​ការ​​​ងារ​​​របស់​​​លោក​​​​​​នឹង​​​ត្រឡប់​​​មក​​​កសិដ្ឋាន​​​នេះ​​​ម្តង​​​​​ទៀត​​​នៅ​​​ថ្ងៃ​​​េនះ ហើយ​​​​​​ព្យាយាម​​​ទប់​​​ស្កាត់​​​ជំងឺនេះ​​​​តាម​​​រយៈ​​​ការ​​​បាញ់​​​ថ្នាំ​​​សម្លាប់មេរោគ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ដឹង​​​ទេ​​​ថា តើ​​​ជំងឺ​អ្វី​​​ដែល​​បង្ក​​​ឲ្យ​​​​មាន់​​​ទាំង​​​នេះ​​​ងាប់នោះ​​​​។ ក្រុមហ៊ុន CP មិន​​​បាន​​​សហការ​​​ ឬ​​​ផ្តល់​​​ព័ត៌មាន​​​មក​​​ឲ្យ​​​យើង​​​ទេ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​ប្រាប់ថា ពួក​​​គាត់​​​​​​ [អ្នក​ចិញ្ចឹមមាន់​​​​] គឺជាអ្នក​​ធ្វើ​​​ឲ្យ​​​មាន​គ្រោះ​ថ្នាក់​​​​ដល់​​​មាន់របស់​ខ្លួន​​​​ដោយ​​​ខ្លួន​​​ឯង”។

លោក តាន់​​​ ម៉េងឆាង បាន​​​ពន្យល់​​​ថា ​​​តំណាង​​​ក្រុមហ៊ុន CP នៅ​​​ក្នុងខេត្ត​កំពង់​​​ធំ​​​បាន​​​ដឹង​​​អំពី​​​បញ្ហា​​​មាន់​​​ងាប់​​​នេះ​​​​​​ដោយ​​​បាន​​​យក​​​​មាន់​​​មួយ​​​ក្បាល​​​ទៅ​​​ឲ្យ​​​អាជ្ញាធរ​​​រាជធានី​​​ភ្នំពេញ​​​​​​ ដើម្បី​​​ពិនិត្យ​​​​និង​​​វិភាគ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ហើយ​​​ថា ការ​​​ដែល​​​ក្រុមហ៊ុន​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​ដល់​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​គឺជា​​​ការធ្វេស​​​ប្រហែស​​​។

លោក​​​បាន​​​បន្ថែម​​​ថា “កសិដ្ឋាន​​​ចិញ្ចឹម​​​មាន​​់​​​នេះ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ទេ ហេតុ​​​ដូច្នេះ​​​វា​​​ខុស​​​ច្បាប់​​​”។

លោក សៀត សឹម ម្ចាស់​​​កសិដ្ឋាន​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ។

លោក ប៊ុន សុវណ្ណារ៉ា អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​ថែ​​​ទាំសុខភាព​​​មាន់​​​​របស់​ក្រុមហ៊ុន CP នៅ​​​កសិដ្ឋាន​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​សែន​​​បាន​​​បដិសេធ​​​ថា ក្រុមហ៊ុន​​​របស់ខ្លួន​​​​មិន​​​មែន​​​ជា​​​អ្នក​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​ការ​​​ងាប់​​​ ឬ​​​វិធី​​​នៅ​​​ក្នុង​​​ការ​យក​​​​មាន់​​​ទាំង​​​េនះទៅ​ចោល​​​នោះ​​​ឡើយ​​​។

លោក​​​ក៏​​​បាន​​​ជំទាស់​​​នឹង​​​ការ​​​អះ​​​អាង​​​របស់​​​មន្ត្រីដែល​​​ថា មាន់​​​ចំនួន​​​១១.៥០០​ក្បាល​​​ត្រូវ​​​បាន​​​បោះ​​​ចូល​​​ក្នុង​​​ប្រឡាយ​​​ផង​​​ដែរ​​​ ដោយ​​​លើក​​​ឡើង​​​ថា តួ​​​លេខ​​​នេះ​​​គឺ​​​វា​​​ស្មើ​​​ទៅ​​​នឹង​​​ “មាន់​​​ដែល​​​មាន​​​សរុប​​​ទូទាំង​​​ខេត្ត”។

លោក​​​បាន​​​និយាយ​​​ថា “មាន់​​​ដែល​​​មន្ទីរ​​​បសុសត្វ​​​អះអាង​​​ថា ងាប់​​​មិន​​​មែនជា​​​របស់​ក្រុមហ៊ុន CP ទេ​​​។មាន់​​​ទាំង​​​អស់​​​េនះ​​​គឺ​​​​​សុទ្ធ​​​តែ​​​មាន​​​ប្រភព​​​ចេញ​​​ពី​​​កសិដ្ឋាន​​​​​​របស់​​​អ្នក​​​ភូមិ”។ ​​​លោក​​​បាន​​​បន្ថែម​​​ថា មាន់​​​ប្រហែល​​​៧០០​​​ក្បាល​​​របស់​​​ក្រុមហ៊ុន CP ​​​ត្រូវ​​​បាន​​​ដុតកម្ទេច​​ចោល​​​”ប៉ុន្មាន​​​សប្តាហ៍​​​មុន” បន្ទាប់​​​ពី​​​បាន​​​ងាប់​​​ដោយសារ​​​ជំងឺ​​​រាករូស​​​ និង​​​បញ្ហា​​​ផ្លូវ​​​ដង្ហើម​​​។

លោក​​​បាន​​​និយាយទៀត​​​​ថា “នៅ​​​ឯក្រុម​​​ហ៊ុន CP យើង​​​មាន​​​មាន់​​​ប្រហែល​​​៥.០០០​​​ក្បាល​​​ [នៅ​​​កសិដ្ឋាន​​​] ។ នៅ​​​ឯកសិដ្ឋាន​​​នោះ ​​​មាន់​​​របស់​​​យើង​​​បាន​​​ចាប់​​​ផ្តើម​​​ងាប់​​​នៅ​​​ពាក់​​​កណ្តាល​​​ខែ​​​ធ្នូ​​​។​​​រហូត​មក​​​ទល់​​​ពេល​​នេះ​ ​​​យើង​​​បាន​​​សម្លាប់​​​ និង​​​ដុត​​​កម្ទេច​​​ចោល​​​អស់​​​ប្រហែល​​​៧០០​​​ក្បាល​​​មក​​​ហើយ​​​។

លោក ហុង សុផាន់ណា ប្រធាន​​​ការិយា​​​ល័យ​​​នៅមន្ទីរ​កសិកម្ម​​​ក្រុង​​​ស្ទឹង​​​សែន បាន​​​លើក​​​ឡើង​​​ថា ដោយ​​​សារ​​​ក្រុមហ៊ុនCP ជា​​​អ្នក​​​គ្រប់​​​គ្រង​​​កសិដ្ឋាន​​​ចិញ្ចឹម​​​មាន់ អ៊ីចឹង​​​ក្រុមហ៊ុន​​​នេះ​​​ត្រូវតែ​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​សុខភាព​​​សាធារណៈ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក ​​​ម៉ុក ​​​យូថាណា ​​​អនុប្រធាន​​​មន្ទីរ​​​កសិកម្ម​​​ខេត្ត​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ថាក្រុមហ៊ុន CP គ្មាន​​​កំហុស​​​ទេ។​​​ លោក​​​បាន​​​ថ្លែង​​​ថា “​​​គឺ​​​​​​ម្ចាស់​​​កសិដ្ឋាន​​​ឈ្មោះ​​​[សៀត សឹម] ទេ​​​ដែល​​​ជា​​​អ្នក​​​យក​​​មាន់​​​ងាប់​​​ទៅ​​​បោះ​​​ចោល​​​ក្នុង​​​ប្រឡាយ​​​។ ក្រុម​​​ហ៊ុន CP ​​​មិន​​​មែន​​​ជា​​​អ្នក​​​ដែល​​​យក​​​មាន់​​​ងាប់​​​ទៅ​​​ចោល​​​ ក្នុង​​​ប្រឡាយ​​​ទេ ហេតុ​​​ដូច្នេះ​​​ក្រុម​​​ហ៊ុន​​​CP ​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ឡើយ​​​”។លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា​​​ ម្ចាស់​​​កសិដ្ឋាន​​​រូប​​​នេះ​​​មិន​​​អា​​​ច​​​ពិន័យ​​​​​​​​​តាម​​​ច្បាប់​​​ដែល​​​មាន​​​​​​ស្រាប់​​​នោះ​​​​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ ​​​យើង​​​​​​​​​អាច​​​អប់​​​រំ​​​គាត់​​​ ហើយ​​​ណែនាំ​​​គាត់​​​កុំ​​​ឲ្យ​​​ធ្វើ​​​រឿង​​​ដដែល​​​ទៀត​​​នៅ​​​ថ្ងៃ​​​ក្រោយ​​​”។

អនុប្រធាន​​​មន្ទីរ​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា ​​​មាន់​​​ទាំង​​​នេះ​​​ប្រហែល​​​ជា​​​មិន​​​បាន​ឆ្លង​​​​ជំងឺ​​​ទាល់តែសោះ។​ “ ខ្ញុំ​​​មិន​​​អាច​​​សន្និដ្ឋាន​​​ថា ជំងឺ​​​គឺជា​​​មូល​ហេតុ​​​​ដែល​​​ធ្វើ​​​ឲ្យ​​​មាន់​​​ងាប់​​​នោះ​​​​​​ឡើយ​​​។​ក្នុង​​​ករណីខ្លះ​​​ មាន់​​ក៏អាច​​​ងាប់​​​ដែរ​​​ ពេល​​​អាកាស​​​ធាតុ​​​ផ្លាស់​​​ប្តូរ”​​​៕​​​ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ សេក ឧត្តម​​​)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស