កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមធ្វើបាតុកម្មតបតប្រឆាំងគណបក្សសង្គ្រោះជាតិវិញ ប្រសិនបើលោកត្រូវបានធ្វើបាតុកម្មប្រឆាំងដោយក្រុមបាតុករអំឡុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយនេះ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន។
កាលពីពេលមុន លោក ហ៊ុន សែន បានធ្វើការគំរាមដូចគ្នានេះឆ្លើយតបទៅនឹងការធ្វើបាតុកម្មប្រឆាំងរូបលោក អំឡុងដំណើរទស្សនកិច្ចទៅកាន់បុរីញូវយ៉ក និងទីក្រុងប៉ារីស ដែលជាលទ្ធផលនៅថ្ងៃទី២៦ ខែតុលា មានបាតុកម្មមួយនៅក្នុងទីក្រុងភ្នំពេញដែលក្នុងនោះលោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរងការវាយដំជាទម្ងន់ពីសំណាក់ក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា។
ជាការឆ្លើយតបកាលពីម្សិលមិញ ទៅនឹងសារមួយយ៉ាងច្បាស់ក្រឡែតពីលោក Brady Young សកម្មជនគណបក្សប្រឆាំងដែលព្រមានរូបលោកពីការធ្វើបាតុកម្មជាថ្មីនៅពេលលោកទៅចូលរួមកិច្ចប្រជុំដែលធ្វើជាប្រធានដោយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១៥ និង១៦ខែកុម្ភៈហើយលោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនបារម្ភឡើយ។
លោក ហ៊ុន សែន បានសរសេរខំម៉ិន (Comment) នៅក្នុងទំព័រហ្វេសប៊ុកថា ”បើក្មួយយល់ថាបាតុកម្មប្រឆាំងពូ មានប្រយោជន៍ ក៏សុំធ្វើតាមចិត្តចុះ ពីព្រោះវាជាមុខជំនាញរបស់ពួកក្មួយទៅហើយ”។
លោក ហ៊ុន សែន បានបន្តថា “អ្វីដែលអ្នកត្រូវចាំ ហើយប្រាប់តគ្នាទៅមេក្មួយទាំងនៅក្នុងនិងនៅក្រៅប្រទេសនោះ គឺត្រូវទទួលស្គាល់សិទ្ធិបាតុកម្មរបស់អ្នកគាំទ្រពូប្រឆាំងមេដឹកនាំក្មួយនៅក្នុងប្រទេសវិញដែរ”។
លោក ហ៊ុន សែន បានបន្តថា បើទោះជាគណបក្សសង្គ្រោះជាតិបានបដិសេធថា មិនជាប់ពាក់ព័ន្ធជាមួយបាតុកម្មកាលពីខែកញ្ញានៅបុរីញូវយ៉កក៏ដោយ ក៏របាយការណ៍ហិរញ្ញវត្ថុនៃបក្សប្រឆាំងបង្ហាញថាបានចំណាយធ្វើបាតុកម្មដែរ។
លោក ហ៊ុន សែន សន្និដ្ឋានថា ”ដូចនេះបាតុកម្មនៅកម្ពុជា ជាលទ្ធភាពអាចកើតមានដើម្បីប្រឆាំងមេដឹកនាំបក្សប្រឆាំង”។
លោកបានបញ្ចប់ការបង្ហោះសារនេះដោយភ្ជាប់រូបថតលោក Brady Young ពាក់មួករបស់គណបក្សសង្គ្រោះជាតិ ហើយបានផ្តល់ច្បាប់ចម្លងនៃសារនេះដែលលោកបានទទួលបានពីលោក Brady Young ជម្រាបលោកអំពីគម្រោងធ្វើបាតុកម្មដែលនៅក្នុងនោះលោក Brady Young បាននិយាយថា បាតុកម្មអហិង្សានឹងត្រូវរៀបចំ “ដើម្បីទទួលស្វាគមន៍វត្តមានរបស់លោក”។
លោក Brady Young មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។ក្នុងការឆ្លើយតបចំពោះខំម៉ិនរបស់លោក ហ៊ុន សែន នៅពេលរសៀល លោកបានសរសេរថា គម្រោងរបស់លោកមិនពាក់ព័ន្ធគណបក្សសង្គ្រោះជាតិទេ។
ការខំម៉ិនរបស់លោក Brady Young មានខ្លឹមសារថា “ពួកយើងធ្វើបាតុកម្មអហិង្សាមិនមែនក្នុងនាមជាបក្សប្រឆាំងទេ គឺតំណាងឲ្យជនរងគ្រោះទាំង៨៣០.០០០ករណីដែលត្រូវបានរំលោភសិទ្ធិសេរីភាពដោយក្រុមមន្ត្រីមួយក្រុមនៅក្នុងរដ្ឋាភិបាលរបស់លោក”។
សកម្មជនរូបនេះបន្ថែមថា ”ជាពិសេសគឺដើម្បីប្រឆាំងនឹងអាណានិគមវៀតណាមដែលបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣តុលា៩១) ដោយប្រើគណបក្សប្រជាជនកម្ពុជាជាឧបករណ៍ ហើយពួកយើងក៏មិនយកខ្មែរធ្វើជាសត្រូវដែរ”។
ការខំម៉ិនរបស់ លោក Brady Young ធ្វើឡើងភ្លាមៗបន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មានមួយពីគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាេមរិក ចុះហត្ថលេខាដោយលោក មាស ជា នៅរដ្ឋ Philadelphia អនុប្រធានគណបក្សដែលបដិសេធថា មិនមានគម្រោងធ្វើបាតុកម្មផ្លូវការណាមួយឡើយ។
ខំម៉ិននេះបន្តថា ”ក្នុងនាមខ្ញុំជាសមាជិកមួយរូប និងជាមេដឹកនាំគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក ខ្ញុំសូមច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់ CPP ដែលថា គណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកនឹងរៀបចំបាតុកម្មដ៏ធំមួយប្រឆាំងលោក ហ៊ុន សែន ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅខែកុម្ភៈ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិក៏បានមានប្រសាសន៍ផងដែរថា គណបក្សប្រឆាំងមិនបាន អនុម័តឲ្យមានបាតុកម្មណាមួយប្រឆាំងលោក ហ៊ុន សែន នៅពេលលោកទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅខែក្រោយឡើយ។
លោកបានថ្លែងថា “គណបក្សសង្គ្រោះជាតិទាំងក្នុងនិងក្រៅប្រទេសមិនមានគំនិតធ្វើបាតុកម្មទេ។ នេះគឺរឿងបុគ្គល ហើយមិនមែនជាគំនិតរបស់គណបក្សសង្គ្រោះជាតិទេ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា លោកមិនដឹងថា តើគម្រោងធ្វើបាតុកម្មរបស់លោក Brady Young ប្រឆាំងលោក ហ៊ុន សែន នឹងបន្តឬយ៉ាង ណានោះឡើយ ប៉ុន្តែ លោកលើកឡើងជាថ្មីថា ប្រសិនបើធ្វើមែន វាមិនស្ថិតត្រង់ថា គណបក្សសង្គ្រោះជាតិមិនបានអនុម័តនោះទេ។
លោក សុខ ឥសាន បានថ្លែងថា “សហរដ្ឋអាមេរិក គឺជាប្រទេសប្រជាធិបតេយ្យ ប្រសិនបើសហរដ្ឋអាមេរិកមានសិទ្ធិធ្វើបាតុកម្ម នោះកម្ពុជាក៏មានសិទ្ធិធ្វើបាតុកម្មដែរ”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នកគាំទ្រគណបក្សសង្គ្រោះមានសិទ្ធិធ្វើបាតុកម្មប្រឆាំងមេដឹកនាំគណបក្សប្រជាជនកម្ពុជា នោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏មានសិទ្ធិធ្វើបាតុកម្មប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះជាតិដែរ៕ សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)