32.9 C
Phnom Penh

នារី​​​​​​​​​​​​ម្នាក់​​​​​​​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​​​​ពីបទ​បង្ហោះសារ​​​​​​តាម​ហ្វេស​ប៊ុក​​​​​​​​ប្រមាថ​ថា លោក​ ហ៊ុន សែន​ ស្លាប់​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​​​នារី​​​​ម្នាក់​ត្រូវ​បាន​​​នគរ​បាល​​មកពី​នាយក​ដ្ឋាន​​​សន្តិសុខ​ផ្ទៃ​ក្នុង​​​នៃក្រសួង​មហាផ្ទៃ ឃាត់​ខ្លួន​​​​កាលពី​ម្សិលមិញ ចំពោះ​​​​​​ការ​​​​បង្ហោះ​​​​​រូប​ភាព​​មួយ​តាម​ហ្វេសប៊ុក​​ដែល​​​​​​បាន​​​​​​អះ​អាង​ថា លោក ហ៊ុន សែន ស្លាប់​បន្ទាប់​ពី​ត្រូវ​បណ្ដា​​សា​​​នៅ​​​​ក្នុង​ឆ្នាំ​២០១៤​។

នគរ​បាល​​និយាយ​​​​ថា ប៉ុន្មាន​ម៉ោង​ក្រោយ​មក នាង​ត្រូវ​បាន​ដោះលែង​វិញ​ បន្ទាប់ពី​​​ពួកគេ​កំណត់​​​ថា គណនី​ហ្វេសប៊ុក​របស់​នាង​ត្រូវ​គេ​​​ហ៊ែក (Hack)។

យោង​​​តាម​​​លោក ម៉េង ហេងទិត្យ នាយ​​​​ការិយាល័យ​​​​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ស្នងការដ្ឋាន​​​​​​នគរ​​​បាល​​​រាជធានី​​​​​​បាន​​​​​ឲ្យ​​​ដឹង​​​ថា នារី​​​​​​ឈ្មោះ​​​​​​​​ដែត ម៉េងគាង អាយុ​៣០​ឆ្នាំ​​​​​​ ​​​ត្រូវ​​​​​​​​​​​​​​ចាប់​ខ្លួន​​​​​​​ក្នុង​​​​​​​ខណ្ឌ​​​មានជ័យ ​រាជ​ធានី​​​ភ្នំពេញ ​​​វេលា​​​​​​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក។

​​លោក​​​​​​មាន​​​ប្រ​សាសន៍​​​ថា ”​នាង​​​​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាក​សួរ​នៅ​នាយកដ្ឋាន​សន្តិ​សុខ​​​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហាផ្ទៃ” ដោយ​​​​បក​​​ស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា នគរ​បាល​​បាន​កំណត់​​អត្តសញ្ញាណ​​​​​​​ ដែត ម៉េងគាង ​​​ថា​​​ជា​ម្ចាស់​​គណនី​ហ្វេសប៊ុក “Kim Bopha” ដែល​បាន​បង្ហោះ​​​​​​​សេចក្តី​​​ជូន​ដំណឹង​មរណភាព​​​​ក្លែង​​​ក្លាយ​​​​​​នេះ។

យោង​តាម​​​​រូបភាព​ផ្ទាំង​​​ស្គ្រីន​​ដែល​ត្រូវ​បាន​ចែក​ចាយតៗ​​​គ្នា​​​​​​​តាម​អុីនធឺណិត សារ​​ដែល​បង្ហោះ​​កាលពី​ថ្ងៃទី​១៧ ខែ​មករា​​​នេះ​​​​​​​​​​​បា​​​​​​ន​ដាក់​ចំណង​ជើង​ថា ​”​ដំណឹង​មរណភាព​” ហើយ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “​ ​​​ខ្មោច​​​​​​ ហ៊ុន សែន ងាប់​នៅ​​​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​សិង្ហបុរី ​​​ដោយ​សារ​ត្រូវ​បណ្ដាសា​ប្រជាពលរដ្ឋ​ខ្មែរ​​ឆ្នាំ​២០១៤”។ នៅ​​​​​​​​​​ពី​​​ក្រោម​ពាក្យ​ទាំង​នេះ​មាន​រូបភាព​លោក ហ៊ុន សែន ​ដែល​ទំនងជា​​​​​​ដេក​​​​ក្នុង​ក្ដារ​មឈូស​។

លោក សារ៉ាន់ កំសត់ ​អ្នកនាំពាក្យ​នគរ​បាល​​​​​ជាតិ​​មាន​ប្រសាសន៍​ថា ដែត ម៉េងគាង ត្រូវ​បាន​ដោះលែង​វិញ​នៅ​ម៉ោង​ប្រហែល​៤រសៀល បន្ទាប់ពី​​សាក​សួរ​​​ពេញ​​​មួយ​ថ្ងៃ និង​ក្រោយ​ពី​​​​នាង​​​បាន​​​​​​​​​​បញ្ចុះ​បញ្ចូល​​អ្នក​ស៊ើប​​អង្កេត​​​​​​ឲ្យ​​​ជឿ​​​​​​ថា នាង​​​មិន​មែន​ជា​អ្នក​បង្ហោះ​សារ​នោះ​​​។

ឧត្ដម​សេនីយ៍ឯក ​សារ៉ាន់ កំសត់ បាន​​​លើក​​​​​ឡើង​​តាម​រយៈ​សារ​​​ក្នុង​កម្មវិធី​ WhatsApp នៅ​ពេល​ល្ងាច​ថា “នាង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​​​ទៅ​ផ្ទះ​វិញ​ហើយ​។ ឈ្មោះ​​​​របស់​​​នាង​​ [​នៅ​លើ​​ហ្វេសប៊ុក]​ ​​​មាន​​​អ្នក​​​​​​ហ៊ែក និង​ប្រើ​ប្រាស់​”។

ពេល​​​សួរ​ថា ​តើ​​​នគរ​បាល​​​រក​ឃើញ​​​​​​ដោយ​​​​​​​​វិធី​​​ណា​​​​​​ថា ​គណនី​​ហ្វេសប៊ុក​​​​​​របស់​​​នាង​​​​​​​ត្រូវ​​​បាន​​​​​​​គេហ៊ែក​​​​​​នោះ ​លោក សារ៉ាន់ កំសត់ បាន​ឆ្លើយ​​​​​​​ថា ពួកគេ​​គ្រាន់​តែ​ទទួល​យក​ការ​​​​និយាយ​​​​​ការ​ពារ​ខ្លួន​របស់​នារី​​​រូប​នេះ​ប៉ុណ្ណោះ ហើយ​​ពេល​​​​​នេះ​​នឹង​​ចាប់​ផ្ដើម​​ស្រាវជ្រាវ​​​​​វែក​​​មុខ​​​​​​រក​​អ្នក​ដែល​​​ហ៊ែក​​​។

អ្នក​នាំពាក្យ​រូប​នេះ​​​​​លើក​​​​​​ឡើង​​​បន្ថែម​​​ទៀត​​​​​ថា ​”​នេះ​គឺ​យោង​តាម​ចម្លើយ​របស់​នាង​។ ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​​​វែក​មុខ​​ពិរុទ្ធជន​ពិត។ ពេល​យើង​មិនទាន់​រក​ឃើញ​ភ័ស្តុតាង​ថ្មី យើង​​​​ត្រូវ​​​​​​ស្ដាប់​ចម្លើយ​របស់​នាង​”។

នៅ​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល លោក​​​ សារ៉ាន់ កំសត់ ​​​បក​ស្រាយ​តាម​ទូរស័ព្ទ​ថា ដែត ម៉េង​គាង បាន​​​​​​​​បង្ហោះ​​​​សារ​​​​​​ដែល​​​មិន​​​​​​​​អាច​​​​​​​ទទួល​​​យក​​​​​​​​បាន​​​​​​​​​​នេះ​តាម​​​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។ ”​នេះ​មិន​​​​មែន​ជា​​ការរិះគន់​​ស្ថាបនា​ទេ។ ​​នេះ​ជា​ការ​ប្រមាថ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​​​ប្រជាពល​​​រដ្ឋ​​​​​​បោះ​​​​​​ឆ្នោត​​​គាំទ្រ”​។

​​សូម​​​បញ្ជាក់​​​ថា ដែត ម៉េងគាង គឺ​​ជា​គោល​ដៅ​​ថ្មី​បំផុត​នៃ​យុទ្ធនាការ​មួយ​ដែល​​​​​លោក ហ៊ុន សែន បាន​​​ប្រកាស​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ប្រឆាំង​​អ្នក​​​រំខានយាយី​​​លោក​​តាម​បណ្ដាញ​​ទំនាក់​ទំនង​សង្គម​​ដែល​​ក្នុង​​​នោះ​​​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​​មាន​អ្នក​ “ចូល​ចិត្ត​” (Like) លើស​២លាន​កាលពី​យប់​មិញ​។

លោក​ ហ៊ុន សែន បាន​ព្រមាន​​អ្នក​លេង​ហ្វេសប៊ុក​កុំ​ឲ្យ​ប្រមាថ​លោក​ ឬ​គ្រួសារ​​​​​របស់​​​​​​លោក​​តាម​ប្រព័ន្ធ​អុីនធឺណិត​ថា ​”​​បើ​ខ្ញុំ​ចាត់​វិធានការ​​លើ​អ្នក​ឯង​ យើង​​នឹង​ចាប់ [អ្នក​​​ឯង​​​] បាន​ក្នុង​រយៈពេល​​៧ម៉ោង​”។

ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​បាន​ធ្វើ​ដូច​​​​​​ពាក្យ​សម្ដី​របស់​លោក​មែន ដោយ​​កាលពី​ដើម​ខែ​នេះ​​​ នគរ​បាល​​​បាន​ចាប់​ខ្លួន​កសិករ​ម្នាក់​​​​​​មកពី​គ្រួសារ​​​មួយ​ដែល​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា យ៉ាង​​​ប្តូរ​​ផ្តាច់​​នៅ​​​ក្នុង​ខេត្ត​កំពង់ធំ ​ចំពោះ​ការ​ប្រមាថ​​​លោក និង​​​​ការ​​​ផ្ញើសារ​គំរាម​​​​​ធ្វើ​ឃាត​លោក​តាម​ហ្វេសប៊ុក​។

កាលពី​ថ្ងៃ​សុក្រ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការ​ពារ​ជាតិ ​ក៏​បាន​ប្រកាស​ដែរ​ថា លោក​​​នឹង​ប្ដឹង​​លោក ឆាំ ឆានី (Chham Chhany) ​​​​ដែល​បាន​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ដើម្បី​ចោទ​ប្រកាន់​លោក និង​ម្ដាយ​​លោក​ថា​មាន​ទំនាក់​ទំនង​​​នឹង​​​ពាណិជ្ជកម្ម​ឈើ​ប្រណីត​ខុស​ច្បាប់​​។

​នៅ​ក្នុង​ករណី​មួយ​ទៀត​​​កាល​​​ពី​​​សប្តាហ៍​​​មុន ក្រសួង​មហាផ្ទៃ​​បាន​​​ស្នើ​ឲ្យ​នគរ​បាល​អាំងទែប៉ូល​​​​ជួយ​​​ចាប់​ខ្លួន​​ “​​​​ពល​​​រដ្ឋ​​​ខ្មែរ​​ម្នាក់​​រស់​នៅ​បរទេស​​” ដែល​រដ្ឋាភិបាល​ជឿ​ថាជា​អ្នក​កាត់ត​រូបភាព​លោកស្រី ប៊ុន រ៉ានី ភរិយា​​​របស់​លោក ហ៊ុន សែន ក្នុង​​កាយវិការ​ឈរ​កន្ធែក​ជើង​​បែប​មិន​សមរម្យ​​៕ សុខុម​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស