លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា ឧស្សាហកម្មស្រូវអង្ករកម្ពុជាប្រឈមនឹងការប្រកួតប្រជែងដ៏ច្រើន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ដែលនាំឲ្យតម្លៃថោក ហើយក្រុមហ៊ុននាំចេញស្រូវអង្ករមិនអាចសម្រេចបានគោលដៅដ៏ខ្ពស់ ដែលកំណត់ដោយរដ្ឋាភិបាលក្នុងឆ្នាំ២០១០។

ថ្លែងទៅកាន់អ្នកចូលរួមសំខាន់ៗក្នុងវេទិកាស្រូវអង្ករកម្ពុជាប្រចាំឆ្នាំនៅសណ្ឋាគារសុខា ក្នុងក្រុងភ្នំពេញ លោក ហ៊ុន សែន បានសរសើរកិច្ចប្រឹងប្រែងដើម្បីបង្កើនគម្រោងស្រូវអង្ករកម្ពុជានៅក្រៅប្រទេស ប៉ុន្តែបានកត់សម្គាល់ថា ការប្រកួតប្រជែងដ៏តឹងតែងក្នុងតំបន់បានកម្រិតចំនួនសរុបនាំចេញរបស់ប្រទេសកម្ពុជា។
ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅ១លានតោនសម្រាប់នាំចេញអង្ករនៅឆ្នាំ២០១៥ ជាតួលេខមួយដែលបង្ហាញឲ្យឃើញថាមិនអាចសម្រេចបាន។
ក្នុងរបាយការណ៍មួយដែលចេញនៅដើមខែនេះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបាននិយាយថា ថ្វីបើមានការកើនឡើង៣៩ភាគរយក្នុងការនាំអង្ករចេញនៅឆ្នាំ២០១៥ក៏ដោយ ក៏ប្រទេសកម្ពុជាបានបញ្ជូនអង្ករតែ៥៣៨.៣៩៦តោនប៉ុណ្ណោះទៅក្រៅប្រទេស។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រទេសនានាក្នុងតំបន់និងពិភពលោកក៏ជាប្រទេសផលិតស្រូវអង្ករដូចប្រទេសកម្ពុជាដែរ ជាពិសេសបណ្ដាប្រទេសទន្លេមេគង្គ ដូចជាប្រទេសវៀតណាម ថៃ ឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលនាំដល់ការធ្លាក់ចុះស្រូវអង្ករក្នុងទីផ្សារពិភពលោក”។ លោក ហ៊ុន សែន បានបន្ថែមថា លោកជឿថា បញ្ហាប្រកួតប្រជែងជាបញ្ហាតែមួយគត់ចំពោះបណ្តាប្រទេសក្រីក្រនៅលើពិភពលោក។
លោកបានមានប្រសាសន៍ថា “បញ្ហាសំខាន់នៅទីនេះ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់កំពុងប្រកួតប្រជែងគ្នាឯង។ យើងអាចនិយាយបានថា ឧទាហរណ៍ ក្រុមហ៊ុនយន្តហោះ អែរបឺសជាអឺរ៉ុប ហើយប៊ូអុីងជាអាមេរិក គ្មាននរណាផ្សេងប្រកួតប្រជែងទេ”។
លោក ហ៊ុន សែន ក៏បានប្រាប់ភ្ញៀវនៅសាលធំសណ្ឋាគារថា អ្នកដើរតួជាច្រើនក្នុងវិស័យស្រូវអង្ករនេះ ចាំបាច់ត្រូវដឹងអំពីចំណង់ចំណូលចិត្តក្នុងតំបន់ ដើម្បីចៀសវាង “ការមានទីផ្សារ ប៉ុន្តែ មិនមានប្រភេទអង្ករត្រឹមត្រូវដើម្បីផ្គត់ផ្គង់តម្រូវការ”។
លោកបានមានប្រសាសន៍ថា “អណ្តាតរបស់មនុស្សមិនដូចគ្នាទេ”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំមិនអាចទទួលទានបាយឥណ្ឌាបានទេ។ នៅពេលខ្ញុំទៅប្រទេសឥណ្ឌា គេឲ្យបាយឥណ្ឌាខ្ញុំទទួលទាន។ ពិបាកទទួលទានណាស់។ ប្រសិនបើគេសួរ តើឆ្ងាញ់អត់? យើងប្រាកដជាឆ្លើយថា ‘ឆ្ងាញ់’ គ្រាន់តែជាការគួរសមប៉ុណ្ណោះ”។ លោកបានបន្ថែមថា លោកចូលចិត្តបាយខ្មែរ និងបាយផ្សេងទៀតក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ដែរថា ចាំបាច់ត្រូវមានការវិនិយោគបន្ថែមទៀតក្នុងវិស័យផលិតនិងកិនស្រូវអង្កររបស់ប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “យើងមានការខ្វះខាតឃ្លាំង រោងម៉ាស៊ីនកិនស្រូវ ដើមទុន។ល។” លោកបានបន្ថែមថា បច្ចេកវិទ្យាស្រោចស្រពទឹកស្រែទំនើប និងការប្រើប្រភេទពូជមិនប្រកាន់រដូវក៏ចាំបាច់ត្រូវជំរុញដែរ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ឧស្សាហកម្មនេះប្រកាន់ខ្ជាប់នូវគោលដៅ១លានតោនសម្រាប់ឆ្នាំ២០១៦។
លោក អៀង ហ៊ាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អៀង ហ៊ាង នៅក្រុងបាត់ដំបង បានមានប្រសាសន៍ថា ការខ្វះមធ្យោបាយក្នុងការទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ គឺជាការបន្ទច់បង្អាក់ចង្វាក់ផលិតកម្ម។
លោក ហ៊ាង បាននិយាយថា “យើងគ្មានអគ្គិសនីរដ្ឋ”។ លោកបានលើកឡើងថា រោងកិនស្រូវរបស់លោកត្រូវបង្ខំចិត្តបញ្ឆេះម៉ាស៊ីនភ្លើង ព្រោះក្រុមហ៊ុនអគ្គិសនីរដ្ឋមិនទាន់បានភ្ជាប់បណ្តាញឲ្យទេ។
លោកបានបន្តទៀតថា “ប្រសិនបើយើងមិនជួយពួកគេដើម្បីទិញឧបករណ៍ [ត្រង់ស្វមម៉ាទ័រ] ពួកគេមិនដំឡើងនិងផ្គត់ផ្គង់អគ្គិសនីឲ្យយើងទេ”។
“ដូច្នេះ យើងចង់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះជាមុនសិន ប្រសិនបើយើងចង់នាំចេញ១លានតោនក្នុងមួយឆ្នាំនោះ”៕ និត