មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃច័ន្ទថា ជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវចាប់ខ្លួននៅក្នុងក្រុងប៉ោយប៉ែតកាលពីចុងខែមុនដោយជាប់សង្ស័យថារត់ពន្ធគ្រឿងញៀន នឹងត្រូវនិរទេសត្រឡប់ទៅប្រទេសខ្លួនវិញនៅថ្ងៃពុធនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីជនជាតិកូរ៉េខាងត្បូងពីរនាក់ផ្សេងទៀតត្រូវសមត្ថកិច្ចចាប់ខ្លួនទាក់ទងនឹងបញ្ហាដូចគ្នា។
លោក អ៊ិន សុង អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោក គីម គីយុងហូ អាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីបូលិសអាំងទែប៉ូលបានចេញនិវេតន៍ក្រហមដើម្បីចាប់ខ្លួនគាត់ តាមសំណើនគរបាលកូរ៉េខាងត្បូង ដែលសង្ស័យបុរសរូបនេះថាជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង។
លោក អ៊ិន សុង បាននិយាយថា គីម គីយុងហូ នឹងត្រូវបញ្ជូនទៅវិញនៅថ្ងៃទី២៧ ខែមករា ព្រោះប៉ូលិសកូរ៉េខាងត្បូងបានទិញសំបុត្រយន្តហោះឲ្យគាត់រួចហើយ។ យើងបានចាប់ គីយុងហូ ពេលគាត់ព្យាយាមឆ្លងកាត់ព្រំដែនពីកម្ពុជាទៅថៃ”។
ការប្រកាសបញ្ជូនលោក គីម គីយុងហូ ទៅប្រទេសវិញបានធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងដូចគ្នា គឺលោក លី តៃវ៉ា អាយុ៤៧ឆ្នាំ និងលោក គីម អ៊ិនបេ អាយុ៥៦ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅច្រកប៉ោយប៉ែតដែរកាលពីថ្ងៃពុធ។
លោក អ៊ិន សុង បាននិយាយសំដៅទៅលើការកំណត់របស់ប៉ូលិសអាំងទែប៉ូលចំពោះអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីឧក្រិដ្ឋជនដែលត្រូវតាមចាប់ខ្លួនបំផុតថា “បុរសទាំងនេះឥឡូវស្ថិតនៅក្នុងការឃុំឃាំងប៉ូលិសប្រឆាំងគ្រឿងញៀនដើម្បីបញ្ជូនទៅស្រុកគេវិញ ព្រោះវាជាករណីនិវេទន៍ក្រហមទីពីរ”។
លោក មាស វីរិទ្ធ អគ្គលខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានមានប្រសាសន៍ថា ជនជាតិកូរ៉េខាងត្បូងទាំងបីនាក់ គឺជាផ្នែកនៃបណ្តាញរត់ពន្ធដែលកំពុងសាកល្បងផ្លូវជួញដូរថ្មី។
ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បាននិយាយថា “នេះជាក្រុមថ្មី ហើយគេកំពុងសាកល្បងថាតើការជួញដូរគ្រឿងញៀនពីកម្ពុជាទៅកូរ៉េខាងត្បូងយ៉ាងម៉េច។ គេបានជួញដូរតិចតួចពីរបីដងរួចហើយ ព្រោះស្ថិតក្នុងដំណាក់ការសាកល្បង”។
ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បាននិយាយថា នគរបាលកម្ពុជា និងកូរ៉េខាងត្បូងកំពុងបន្តស៊ើបអង្កេតក្រុមនេះ។
ឧត្តមសេនីយ៍ឯករូបនេះបាននិយាយថា “មេខ្លោងពួកគេកំពុងគេចខ្លួននៅឡើយ ហើយប៉ូលិសប្រឆាំងការជួញដូរគ្រឿងញៀនកំពុងស្វែងរកចាប់ខ្លួន។ ដូច្នេះ ការសហការរបស់យើងជាមួយប៉ូលិសកូរ៉េខាងត្បូងនឹងបន្ត”។
ក្រុមមន្ត្រីមិនអាចផ្តល់នូវព័ត៌មានបន្ថែមទៀតទាក់ទងនឹងប្រភេទគ្រឿងញៀនដែលរត់ពន្ធដោយក្រុមនេះ ឬមានមនុស្សប៉ុន្មាននាក់ជាប់សង្ស័យថាជាផ្នែកនៃការរត់ពន្ធនេះទេ។
យោងតាមការិយាល័យសហប្រជាជាតិប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មឲ្យដឹងថា អ្នកជួញដូរជនជាតិកូរ៉េខាងត្បូងកាលពីមុនជាប់សង្ស័យថារត់ពន្ធគ្រឿងញៀនពីតំបន់ត្រីកោណមាសជាតំបន់ព្រៃភ្នំត្រួតស៊ីគ្នានឹងប្រទេសភូមា ឡាវ និងថៃ ដែលផលិតអាភៀន ហេរ៉ូអ៊ីន និងមេតំហ្វេតាមីន។
ករណីរត់ពន្ធគ្រឿងញៀនដែលរកឃើញដោយគយកូរ៉េខាងត្បូងបានកើនឡើងជាង៥០ភាគរយរវាងឆ្នាំ២០០៩ និងឆ្នាំ២០១២ ដោយមានប្រព័ន្ធសារព័ត៌មានអន្តរជាតិបញ្ជាក់ថា ប្រទេសនោះត្រូវបានប្រើប្រាស់ជាចំណុចឆ្លងកាត់ ដើម្បីនាំគ្រឿងញៀនទៅកាន់ប្រទេសសហរដ្ឋអាមេរិក ជប៉ុន និងអ៊ឺរ៉ុប៕រើន