28 C
Phnom Penh

របាយការណ៍​​​និយាយថា កម្ពុជា​​​​​​ស្ថិត​​​នៅ​​​លើ​​​ចំណុច​​​​​​ប្រើ​​​អំណាច​​​ផ្តាច់​​​ការ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​​​ពី​​​មាន​​​ការ​​​រលំ​​​ដួល​​​កិច្ច​​​សន្ទនា​​​ផ្នែក​​​នយោបាយ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​វាយ​​​ប្រហារ​​​ជួន​​​កាល​​​ហិង្សា​​​ប្រឆាំង​​​នឹង​​​​​​មេដឹក​​​នាំ​​​​​​គណបក្ស​​​ប្រឆាំង​​​ និង​​​សកម្ម​​​ជន ប្រទេស​​​កម្ពុជា​​​​​​បាន​​​​​​រអិល​​​ធ្លាក់​​​​​​ដល់​​​១០​​​ចំណុច​​​​​​នៅ​​​ក្នុង​​​សន្ទស្សន៍​​​ប្រជាធិបតេយ្យ​​​នៃ​​​​​​ក្រុម​​​ស៊ើបការ​​​សេដ្ឋកិច្ច ពោល​​​គឺ​​​​​​​​​ដល់​​​ចំណុច​​​នៃ​​​ការ​​​ប្រើ​​​អំណាច​​​ផ្តាច់​​​ការ។

របាយការណ៍​​​ដែល​​​ចេញ​​​កាល​​​ពី​​​​​​ចុង​​​សប្តាហ៍​​​មុន និយាយ​​​ថា ​​​ក្នុង​​​ពេល​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ក្នុង​​​សន្ទស្សន៍​​​ឆ្នាំ​​​២០១៤ ដោយសារ​​​តែ​​​មាន​​​កិច្ច​​​ព្រមព្រៀង​​​នៅ​​​ឆ្នាំ​​​នោះ​​​រវាង​​​រដ្ឋាភិបាល​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ដែល​​​បាន​​​បញ្ចប់​​​​​​​​​ភាពទាល់​​​ច្រក​​​ផ្នែក​​​នយោ​​​បាយ​​​រយៈ​​​ពេល​​​១០​​​ខែ តែ​​​ការ​​​វិវត្ត​​​ថ្មីៗ​​​​​​​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្ថានការណ៍​​​ប្រជាធិបតេយ្យ​​​របស់​​​ប្រទេស​​​នេះ​​​កាន់​​​តែ​​​ធ្លាក់​​​ចុះ​​​ដុន​​​ដាប។

របាយការណ៍​​​ដែល​​​ចាត់​​​ថ្នាក់​​​​​​​​​លេខ​​​១១៣​​​ក្នុង​​​ចំណោម​​​​​​១៦៧​​​ប្រទេស​​​ដែល​​​បាន​​​ស្ទង់ សរសេរ​​​ថា “​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា កិច្ច​​​ព្រម​​​ព្រៀង​​​​​​ឆ្នាំ​​​២០១៤​​​​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​ប្រឆាំងទទួល​​​បរាជ័យ​​​ នៅ​​​ពេល​​​ដែល​​​​​​រដ្ឋា​​​ភិបាល​​​​​​ចាប់​​​ផ្តើម​​​បង្ក្រាប​​​​​​ទៅ​​​លើ​​​គណបក្ស​​​ប្រឆាំង​​​​​​ក្នុង​​​ខែតុលា ឆ្នាំ​​​២០១៥ ដោយ​​​ជំរុញ​​​ឲ្យ​​​​​​មាន​​​ការ​​​ធ្លាក់ចុះ​​​គំហុក​​​​​​ចំពោះ​​​ពិន្ទុ និង​​​ចំណាត់​​​ថ្នាក់​​​​​​របស់​​​ប្រទេស​​​នេះ”។​​​​​​​​​​​​​​​​​​​​​

ចាប់​​​តាំង​​​ពី​​​​​​ខែ​​​តុលា មាន​​​អ្នក​​​តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​ត្រូវ​​​គេ​​​វាយ​​​ដំ​​​ច្រំ​​​ធាក់​​​​​​នៅ​​​ខាង​​​ក្រៅ​​​សភា​​​ដោយ​​​ក្រុម​​​មនុស្ស​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​​​​ត្រូវ​​​បាន​​​គេ​​​ដក​​​ចេញ​​​ពី​​​តំណែង​​​​​​​​​អនុប្រធាន​​​សភា​​​ជាតិ ហើយ​​​ដីកា​​​ចាប់​​​ខ្លួន​​​ចំនួន​​​ពីរ​​​បាន​​​ចេញ​​​​​​ឲ្យ​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​ជា​​​ថ្មី​​​​​ម្តង​​​ទៀត​​​​​​បាន​​​ធ្វើ​​​និរទេស​​​ខ្លួន​​​ឯង។​​​​​​

របាយការណ៍​​​និយាយ​​​ថា “​​​ប្រទេស​​​កម្ពុជាធ្លាក់​​​ចុះ​​​១០​​​កន្លែង​​​​​​នៅ​​​ក្នុង​​​ចំណាត់​​​​​​ថ្នាក់​​​ពី​​​លេខ​​​១០៣​​​ទៅ​​​​​​ដល់​​​លេខ​​​​​​១១៣ ដោយ​​​មាន​​​ពិន្ទុ​​​នៅ​​​ខាង​​​ចុង​​​នៃ​​​​​​​​​ប្រភេទ​​​របប​​​ផ្តាច់​​​ការ​​​”។

សន្ទស្សន៍​​​ប្រចាំ​​​ឆ្នាំ​​​​​​ត្រូវ​​​ចាត់​​​ទុក​​​​​​ជា”​​​រូប​​​ភាព​​​នៃ​​​ស្ថាន​​​ភាព​​​ប្រជា​​​ធិបតេយ្យ​​​ទូទាំង​​​ពិភព​​​លោក” ហើយ​​​​​​ផ្អែក​​​លើ​​​​​​កត្តា​​​៥ ដែល​​​រួម​​​មាន​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​ពហុបក្ស ដំណើរការ​​​នៃ​​​រដ្ឋាភិបាល ការចូលរួម​​​ផ្នែក​​​នយោបាយ វប្បធម៌នយោ​​​បាយ និង​​​សេរីភាព​​​ពល​​​រដ្ឋ។

ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ លោក សុខ ឥសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ខ្វល់​​​អំពី​​​របាយ​​​ការណ៍​​​នោះ​​​ទេ ដែល​​​មាន​​​ចាង​​​ហ្វាង​​​មាន​​​ស្នាក់​​​ការ​​​នៅ​​​ក​​​្នុង​​​ក្រុង​​​ឡុងដ៍។​​​​​​

លោក សុខ ឥសាន បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​មិន​​​ចាប់​​​អារម្មណ៍​​​នឹង​​​ការ​​​វាយ​​​តម្លៃ ឬ​​​ការ​​​ចាត់​​​ថ្នាក់​​​ប្រទេស​​​ទេ។ឥឡូវ​​​នេះ ជីវភាព​​​រស់​​​នៅ​​​របស់​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​កំពុង​​​ល្អ​​​ប្រសើរ។ ការ​​​វាយ​​​តម្លៃ​​​​​​របស់​​​ប្រទេស​​​មួយ​​​ទៀត​​​​​​ទៅ​​​លើ​​​ប្រទេស​​​កម្ពុជា​​​មិន​​​សំខាន់​​​ទេ”។

​​​ក្នុង​​​ខណៈ​​​ដែល​​​អ្នក​​​នាំពាក្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ច្រាន​​​ចោល​​​សន្ទស្សន៍​​​ប្រជាធិបតេយ្យ​​​នៅ​​​ឆ្នាំ​​​នេះ ក៏​​​អ្នកវិភាគ​​​នយោបាយ​​​ និង​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​​​​មនុស្ស​​​បាន​​​និយាយ​​​ថា ចំណាត់​​​ថ្នាក់​​​ទាប​​​​​​របស់​​​ប្រទេស​​​កម្ពុជា គឺ​​​មាន​​​ភាព​​​​​ត្រឹម​​​ត្រូវ។

លោកស្រី ចក់ សុភាព នាយិកា​​​ប្រតិបត្តិ​​​នៃ​​​មជ្ឈមណ្ឌល​​​​​​​​​សិទ្ធ​​​ិមនុស្ស​​​កម្ពុជា បាន​​​និយាយ​​​ថា ចំណាត់​​​ថ្នាក់​​​ទាប​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​មិន​​​គួរ​​​​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ទេ។

លោកស្រី ចក់ សុភាព បាន​​​និយាយ​​​ក្នុង​​​អ៊ីម៉ែល​​​ថា “​​​ឆ្នាំ​​​មុន​​​ឃើញ​​​មាន​​​ព្រឹត្តិការណ៍​​​វិវត្ត​​​គួរ​​​ឲ្យ​​​ព្រួ​​​យ​​​បារម្ភ​​​មួយ​​​ចំនួន​​​ដែល​​​ជា​​​​​​ជំហាន​​​​​​​​​ដើរ​​​ថយ​​​ក្រោយ​​​ចម្បង​​​សម្រាប់​​​​​​ការលូតលាស់​​​ប្រជាធិបតេយ្យ​​​នៅ​​​កម្ពុជា ជាពិសេស​​​ការ​​​បង្ក្រាប​​​​​​ទៅ​​​លើ​​​​​​គណបក្ស​​​ប្រឆាំង​​​ បន្ទាប់​​​ពី​​​​​​ការ​​​រលំ​​​ដួល​​​វប្បធម៌​​​សន្ទនា​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ ចំណាត់​​​ថ្នាក់​​​​​​គួរ​​​ឲ្យ​​​ខក​​​ចិត្ត​​​​​​ពិត​​​ជា​​​ឆ្លុះ​​​បញ្ចាំង​​​​​​ឲ្យ​​​ឃើញ​​​ថា ប្រជា​​​ធិបតេយ្យ​​​​​​កំពុង​​​រង​​​ការ​​​គំរាម​​​កំហែង​​​នៅ​​​កម្ពុជា”។

លោក កែម ឡី អ្នកធ្វើ​​​អត្ថាធិប្បាយ​​​​​​នយោបាយ​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​បង្កើត​​​​​​ក្រុម​​​តស៊ូ​​​មតិ​​​មូល​​​ដ្ឋាន​​​​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ បាន​​​និយាយ​​​ថា ប្រទេស​​​កម្ពុជា​​​​​​ជា​​​ពិសេស​​​ខ្វះ​​​​​​វប្បធម៌​​​នយោ​​​បាយ។​​​​​​​​​

លោក កែម ឡី បាន​​​និយាយ​​​​​​​​​សំដៅ​​​ទៅ​​​លើ​​​​​​លោក ហ៊ុន សែន និង​​​ក្រុម​​​គ្រួសារ​​​​​​របស់​​​លោក​​​ថា “មាន​​​ត្រឹម​​​តែ​​​មនុស្ស​​​ម្នាក់ ឬ​​​​​​មាន​​​តែ​​​មួយ​​​គ្រួសារ​​​​​​គ្រប់​​​គ្រង​​​ប្រព័ន្ធ​​​ទាំង​​​អស់ រួមទាំង​​​​​​ព្រះ​​​បរម​​​រាជ​​​វាំង”។

លោក កែម ឡី បាន​​​និយាយ​​​បន្ថែម​​​ថា ​​​ដោយ​​​មាន​​​​​​រដ្ឋាភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​មុនៗ​​​សន្យា​​​ថា​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​​​​​​​​​​ដែល​​​ពុំ​​​ដែល​​​កើត​​​មាន​​​ឡើង គួបផ្សំ​​​​​​​​​ជាមួយ​​​​​​​​​ការ​​​យល់​​​ដឹង​​​​​​ផ្នែក​​​នយោ​​​បាល​​​កាន់​​​តែ​​​កើន​​​ឡើង​​​​​​ក្នុង​​​បណ្តា​​​ពល​​​រដ្ឋ​​​ ប្រទេស​​​នេះ​​​កំពុងចូល​​​មក​​​កៀក​​​នឹង​​​ចំណុចរបត់​​​មួយ។​​​​​​​​​​​​

អ្នកធ្វើ​​​អត្ថាធិប្បាយ​​​​​​នយោបាយ​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​ពេល​​​នេះ​​​ ពល​​​រដ្ឋ​​​​​​ស្រេក​​​ឃ្លាន​​​​​​ចង់​​​បាន​​​ប្រទេស​​​ប្រជាធិបតេយ្យ​​​ ប៉ុន្តែ​​​​​​រដ្ឋាភិបាល​​​ ពោល​​​គឺ​​​មេដឹក​​​នាំ​​​​​​ចាស់​​​ៗ​​​ដោយ​​​មាន​​​វប្បធម៌ចាស់ គឺ​​​មិន​​​ចង់​​​​​​ផ្លាស់​​​ប្តូរ​​​ទេ”។​​​

លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​​​​ដ៏​​​លេចធ្លោ​​​ បាន​​​និយាយ​​​ថា ក្នុង​​​ខណៈ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​សម​​​នឹង​​​មាន​​​ចំណាត់​​​ថ្នាក់​​​​​​ទាប​​​នៅ​​​លើ​​​​​​សន្ទស្សន៍​​​ វា​​​គឺ​​​ជា​​​កំហុស​​​​​​​​​ក្នុង​​​ការ​​​ដំឡើង​​​​​​​​​ចំណាត់​​​ថ្នាក់​​​ដោយ​​​ផ្អែក​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​នា​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៤​​​។​​​​​​

លោក អ៊ូ វីរៈ បាន​​​និយាយ​​​ថា “កិច្ច​​​ព្រម​​​ព្រៀង​​​មិន​​​ធ្វើ​​​ឲ្យ​​​អ្វី​​​បាន​​​ល្អ​​​ប្រសើរ​​​ទេ”។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា សន្ទស្សន៍​​​ឆ្នាំ​​​មុន​​​​​​ហាក់​​​ដូច​​​ជា​​​​​​ការ​​​វិភាគ​​​ពី​​​ចម្ងាយ​​​ពេក។​​​

លោក អ៊ូ វីរៈ បាន​​​និយាយ​​​ថា “គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​មាន​​​អារម្មណ៍​​​ថា​​​រង​​​ការ​​​គំរាម​​​កំហែង។ ការក្តោប​​​ក្តាប់​​​អំណាច​​​របស់​​​គេ​​​ គឺ​​​ពិត​​​ជា​​​រង​​​ការ​​​គំរាម​​​កំហែង។ សំណួរ​​​គឺ​​​​​​ថា​​​តើ​​​គេ​​​នឹង​​​មាន​​​ប្រតិកម្ម​​​យ៉ាង​​​ម៉េច។ តើ​​​គេ​​​​​​នឹង​​​​​​ប្រតិកម្ម​​​​​​ដោយ​​​​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ ហើយ​​​ក្លាយ​​​ជា​​​មាន​​​ប្រជាធិបតេយ្យ​​​ជាង​​​មុន ដើម្បី​​​ឲ្យ​​​គេ​​​អាច​​​ផ្គាប់​​​ចិត្ត​​​​​​​​​ក្មេង​​​ជំនាន់​​​ក្រោយឬ? ឬក៏​​​គេ​​​នឹង​​​​​​ពិតជា​​​ធ្វើ​​​ការ​​​បង្ក្រាប​​​​​​ទៅ​​​លើ​​​ចំណុច​​​គ្រប់​​​យ៉ាង​​​នៃ​​​ការ​​​រស់​​​នៅ​​​នៅ​​​កម្ពុជា​​​? ខ្ញុំ​​​គិត​​​ថា​​​យើង​​​មិន​​​ទាន់​​​ដឹង​​​ទេ”៕ រើន​​​(រាយ​​​ការណ៍​​​បន្ថែម​​​ដោយ ឃី សុវុឌ្ឍី)​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស