កាលពីម្សិលមិញ រដ្ឋាភិបាលបានចាប់ផ្ដើមគម្រោងរយៈពេល៥ឆ្នាំជាមួយទឹកប្រាក់១៤២លានដុល្លារ ដើម្បីលុបបំបាត់ករណីកើតជំងឺគ្រុនចាញ់ដែលបណ្ដាលឲ្យមនុស្សស្លាប់នៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២០ បើទោះជាកម្រិតមូលនិធិបច្ចុប្បន្នមិនទាន់គ្រប់សម្រាប់គោលដៅ និងយ៉ាងហោចណាស់កម្មវិធីដ៏សំខាន់មួយគ្រោងនឹងអស់ទឹកប្រាក់នៅមុនឆ្នាំ២០១៨ក៏ដោយ។
ក្របខ័ណ្ឌសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា២០១៦-២០២០ គឺជាផ្នែកមួយនៃគោលបំណងដ៏ធំរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ករណីកើតជំងឺគ្រុនចាញ់ទាំងអស់ពីប្រភេទជាច្រើនរបស់បារ៉ាស៊ីតដែលកើតដោយសារសត្វមូសត្រឹមឆ្នាំ២០២៥។

បុគ្គលិកសុខាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធជំងឺគ្រុនចាញ់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះតាមរយៈការចែកមុងជ្រលក់ថ្នាំ និងបុគ្គលិកផ្នែកជំងឺគ្រុនចាញ់នៅតាមភូមិប្រចាំការនៅក្នុងតំបន់ជនបទដែលនៅឆ្ងាយពីមណ្ឌលសុខភាពរដ្ឋ។ប៉ុន្តែមេរោគគ្រុនចាញ់មានភាពស៊ាំទៅនឹងថ្នាំ ដែលយើងមានសព្វថ្ងៃគឺ Plasmodium Falciparum ហើយករណីកើតជំងឺគ្រុនចាញ់សរុបកើនឡើងពី២៥.០០០ករណីក្នុងឆ្នាំ២០១៤ ដល់៥១.០០០ករណីកាលពីឆ្នាំមុន។
បា៉រ៉ាស៊ីតនេះក៏បានសម្លាប់មនុស្ស១០នាក់ផងដែរកាលពីឆ្នាំមុន ដោយធ្វើឲ្យក្ដីសង្ឃឹមរបស់រដ្ឋាភិបាលក្នុងការសម្រេចឲ្យបាននូវភាពគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០១៥មានការខកចិត្តយ៉ាងខ្លាំង។
ជាមួយនឹងគម្រោងថ្មី រដ្ឋាភិបាលសង្ឃឹមថានឹងអាចលុបបំបាត់ករណីកើតជំងឺគ្រុនចាញ់និងចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២០។
លោក ហ៊ុយ រ៉េកុល ដែលជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលបានលើកឡើងថា គម្រោង ថ្មីនេះប្រសើរជាងគម្រោងចាស់ដោយការស្វែងយល់កាន់តែលម្អិតអំពីតម្រូវ ការដែលត្រូវធ្វើ និងរបៀបដែលត្រូវធ្វើ។
លោកបានមានប្រសាសន៍នៅក្រៅការចាប់ផ្ដើមគម្រោងនេះក្នុងរាជធានីភ្នំពេញថា “បន្ទាប់ពីយើងបានចាប់ផ្ដើមអនុវត្តមក រហូតមកទល់ពេលនេះ ចាប់តាំងពីឆ្នាំ២០១១មកទល់ពេលនេះ យើងបានយល់ដឹងជាច្រើនថា សកម្មភាពមួយចំនួន…យើងត្រូវបំបែកឲ្យកាន់តែលម្អិត បើមិនដូច្នោះទេ វានឹងធ្វើឲ្យយើងមានការភាន់ច្រឡំបន្តិចបន្តួចនៅក្នុងករណីមួយចំនួន”។
លោកបានថ្លែងថា “យើងបានព្យាយាមអនុវត្តយុទ្ធសាស្ត្រថ្នាក់ជាតិឲ្យក្លាយជាក្របខ័ណ្ឌលម្អិត ដោយផ្ដោតកាន់តែច្រើនបន្ថែមទៀតទៅលើជំងឺគ្រុនចាញ់។ នេះគឺជាភាពខុសគ្នារវាងឯកសារដើម និងឯកសារថ្មីនេះ”។
ក្នុងចំណោមភាពប្រើសើរឡើងរបស់គម្រោងគឺវិធីសាស្ត្រដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងកាន់តែសកម្មជាងមុនក្នុងការរកឱ្យឃើញអ្នកជំងឺដែលឆ្លងមេរោគនេះ ហើយមន្ត្រីសុខាភិបាលនឹងអាច ស្វែងយល់អំពីករណីទាំងអស់នៅទូទាំងប្រទេសត្រឹមឆ្នាំ២០១៧។វាជាគោលបំណងទី៤ក្នុងចំណោមគោលបំណងសំខាន់ទាំង៥របស់គម្រោង។ លោក រ៉េកុល បានថ្លែងថា ប៉ុន្តែ វាស្ថិតក្នុងចំណុចអាទិភាព គួរតែចំណុចទី១។
លោកបានថ្លែងថា “មកទល់ពេលនេះយើងគ្រាន់តែអង្គុយនៅក្នុងការិយាល័យ ហើយរង់ចាំករណីនេះមកដល់មណ្ឌលសុខភាពតែប៉ុណ្ណោះ ហើយចំពោះករណីមួយចំនួនត្រូវជួបពិគ្រោះជាមួយបុគ្គលិកផ្នែកជំងឺគ្រុនចាញ់តាមភូមិ”។
លោកបានបន្ថែមថា “ប៉ុន្តែចំពោះប្រព័ន្ធឃ្លាំមើលសកម្ម មានន័យថា យើងជាគ្រូពេទ្យត្រូវចុះទៅតាមសហគមន៍ ហើយរកឲ្យឃើញ ករណីនេះ។ ដូច្នេះ សព្វថ្ងៃនេះ តើមានមនុស្ស ប៉ុន្មាននាក់ផ្លាស់ទីលំនៅឬទៅកាន់តំបន់ដែល ប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺគ្រុនចាញ់? ហើយបន្ទាប់មកថាតើមនុស្សប៉ុន្មាននាក់ត្រឡប់មកវិញ? ហើយក្នុងចំណោម អ្នកទាំងនោះ ថាតើមានប៉ុន្មាននាក់ស្ថិតក្នុងករណីសង្ស័យថា មានជំងឺគ្រុនចាញ់? នេះគឺជាអ្វីដែលយើងហៅថា ប្រព័ន្ធឃ្លាំមើលសកម្ម”។
លោក Lusiano Tuseo ដែលជាប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា និងបានជួយសរសេរគម្រោងថ្មីនេះបានមានប្រសាសន៍ថា វានឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការប្រសើរឡើងរវាងរដ្ឋាភិបាល និងដៃគូរបស់ខ្លួន ដោយមានជំនួយពីក្រុមការងារពិសេសថ្មីផ្នែកលុបបំបាត់ជំងឺគ្រុនចាញ់។
លោក Tuseo បាននិយាយពីគម្រោងថ្មីនៅក្នុងបទសម្ភាសន៍កាលពីចុងឆ្នាំមុនថា “វានឹងផ្លាស់ប្ដូរអ្វីៗទាំងអស់។ បញ្ហាដំបូងដែលនឹងផ្លាស់ប្ដូរនោះ គឺការសម្របសម្រួលភាពជាដៃគូ…។ នេះគឺជាបញ្ហាធំ”។
ដើម្បីអនុវត្តគម្រោងនេះឲ្យបានពេញលេញ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ត្រូវការទឹកប្រាក់សរុប១៤២លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំក្រោយ។ ប៉ុន្តែថវិកាដែលត្រូវលៃលកទុករហូតដល់ឆ្នាំ២០១៨គឺប្រហែលពាក់កណ្ដាល នៃប្រាក់ដែលខ្លួនត្រូវការដើម្បីរ៉ាប់រងលើការចំណាយសម្រាប់គម្រោងនេះទៅហើយ គឺមានន័យថា រដ្ឋាភិបាលត្រូវស្វែងរកថវិកាបន្ថែមទៀត ហើយចាប់ផ្ដើមលៃរកថវិកាពីកន្លែងផ្សេងៗដើម្បីឆ្លើយតបតាមគោលដៅរបស់ខ្លួន។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក៏បានប្រឈមការខ្វះមូលនិធិកាលពីឆ្នាំមុនផងដែរ នៅពេលដែលការចរចាស្ដីអំពីការពិនិត្យមើលថវិកាពាក់ព័ន្ធមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ជាម្ចាស់ជំនួយដ៏សំខាន់របស់កម្ពុជាសម្រាប់ការងារទាក់ទងជំងឺគ្រុនចាញ់បានអូសបន្លាយពេលយូរជាងការរំពឹងទុក។ ជាលទ្ធផលរដ្ឋាភិបាលបានពន្យារពេលកិច្ចប្រជុំប្រចាំខែដែលខ្លួនបានធ្វើជាមួយបុគ្គលិកផ្នែកជំងឺគ្រុនចាញ់តាមភូមិ ដែលក្នុងនោះ ពួកគេទទួល បានប្រាក់ខែសម្រាប់ការងាររបស់ខ្លួន សម្រាប់ រយៈពេល៦ខែចុងក្រោយនៃឆ្នាំនោះ។
កាលពីខែធ្នូ ករណីមួយចំនួនត្រូវបានរាយការណ៍ជូនរដ្ឋាភិបាលពីបុគ្គលិកផ្នែកគ្រុនចាញ់តាមភូមិ ដែលតាមធម្មតារកឃើញប្រហែលពាក់កណ្តាលនៃករណីទាំងអស់នៅក្នុងប្រទេសបានធ្លាក់ចុះស្ទើរតែសូន្យ។
លោក រ៉េកុល បានថ្លែងថា “យើងបារម្ភថា អ្នកជំងឺនឹងទៅជួបបុគ្គលិកផ្នែកគ្រុនចាញ់តាមភូមិ ប៉ុន្តែបុគ្គលិកផ្នែកគ្រុនចាញ់តាមភូមិនោះ មិនបានរាយការណ៍មកយើង។ ហើយយើងបារម្ភថា ករណីនេះនឹងត្រូវជួបបុគ្គលិកផ្នែកគ្រុនចាញ់តាមភូមិ ហើយបុគ្គលិកផ្នែកគ្រុនចាញ់តាមភូមិមិនបានយកចិត្តទុកដាក់នឹងករណីនេះ ពីព្រោះពួកគេគិតថា ‘ប្រហែលជាខ្ញុំមិនទទួលបានប្រាក់លើកទឹកចិត្ត ដូច្នេះខ្ញុំមិនបារម្ភទៀតទេ”។
រដ្ឋាភិបាល និងអង្គការសុខភាពពិភពលោកលើកឡើងថា ភាពទាល់ច្រកទាក់ទងមូលនិធិសាកលត្រូវបានដោះស្រាយ ហើយថា ឥណទានឥតសំណងបានចាប់ផ្ដើមមានជាថ្មីម្ដងទៀត។
ប៉ុន្តែលោក រ៉េកុល បានលើកឡើងថា មូលនិធិសម្រាប់រ៉ាប់រងទៅលើបុគ្គលិកផ្នែកគ្រុនចាញ់តាមភូមិត្រូវបានគ្រោងទុករហូតដល់ត្រឹមឆ្នាំ២០១៧ ប៉ុណ្ណោះ ហើយបានជំរុញឲ្យប្រទេសផ្ដល់ជំនួយត្រៀមខ្លួនផ្ដល់នៅពេលអស់ថវិកា។
លោកបានសួរអ្នកចូលរួមថា “តើមានអ្វីកើតឡើងបន្ទាប់ពីមូលនិធិសាកលបញ្ចប់គម្រោង?។ ខ្ញុំបារម្ភយ៉ាងខ្លាំង”៕ សារុន