41.3 C
Phnom Penh

កម្ពុជា​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​ពុក​​​រលួយ​​​ខ្លាំង​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់​​​​​​អាស៊ីអាគ្នេយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​យោង​​​តាម​​​សន្ទស្សន៍​​​នៃ​​​ការ​​​យល់​​​ឃើញ​​​អំពី​​​អំពើ​​​ពុក​​​រលួយ(CPI)​​​ឆ្នាំ​​​២០១៥​​​របស់​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​(T.I.)ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ និង​​​ដែល​​​ត្រូវ​​​បាន​ច្រាន​​​ចោល​​​ភ្លាម​​​ៗ​​​ដោយ​​​ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​កម្ពុជា​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​ឥឡូវ​​​នេះ​​​ប្រទេស​កម្ពុជា​​​ត្រូវ​​​បាន​​​​ចាត់​​​ទុក​​​ថា ជា​ប្រទេស​​​​​​​ពុក​​​រលួយ​​​ខ្លាំង​​​ជាង​​​គេ​​​បំផុត​​​ក្នុង​​​តំបន់​​​​អាស៊ីអាគ្នេយ៍​​​។

ខណៈ​​​​ពិន្ទុ​ CPI របស់​ប្រទេស​កម្ពុជា​​​​នៅ​​​​​​តែ​​​ដូច​​​កាល​​​ពី​​​ឆ្នាំ២០១៤ ពោលគឺ​នៅតែ​​មាន​​​តួលេខ​​​២១​​​លើ​​​១០០​​​​​​នោះ ប្រទេស​​​នេះ​​​គ្មាន​​​ការ​​​វិវឌ្ឍ​​​ ​​​ដូច​​​ប្រទេស​​​ភូមា​​​ ដែល​​​គេ​​​ឃើញ​​​ថា បាន​​​កើន​​​ឡើង​​​១​​​ពិន្ទុ ពោល​​​គឺ​​​ទទួល​​​បាន​​​២២​​​​​​ពិន្ទុ​​​នោះ​​​ឡើយ​​​។

ការ​​​ទទួល​​​បាន​​​​​​ពិន្ទុ​​​សរុប​​​២១​​​របស់​​​ប្រទេស​​​ កម្ពុជា គឺ​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​នេះ​​​ស្ថិត​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​ស្មើ​​​នឹង​​​ប្រទេស​​​ប៊ូរុនឌី​​​ និង​​​ប្រទេស​​​សីុមបាវ៉េ​​​ ដែល​​​សុទ្ធ​​​តែ​​​ជាប់​​​លំដាប់​​​ថ្នាក់​​​ទី​​​១៥០​​​ក្នុង​​​ចំណោម​​​ប្រទេស​​​​​​១៦៧​​​ ដែល​​​ត្រូវ​​​បាន​​​សិក្សា​​​ស្ទាប​​​ស្ទង់​​​មតិ​​​ក្នុង​​​សន្ទស្សន៍​​​សម្រាប់​​​ឆ្នាំ​​​នេះ​​​ ពោល​​​គឺ​​​សុទ្ធតែ​ចាញ់​​​ប្រទេស​​​ភូមា​​​១​​​ពិន្ទុ។ រី​​​ឯ​​​ប្រទេស​​​សិង្ហ​​​បុរី​​​វិញ​​​ទទួល​​​​​​ពិន្ទុ​​​​​​៨៥​​​ជា​​​ពិន្ទុ​​​ខ្ពស់​​​បំផុត​​​ក្នុង​​​តំបន់ និង​​​ខ្ពស់​​​បំផុត​​​ទី​​​៨​​​លើ​ពិភព​​​លោក​​​។

ពេល​​​ថ្លែង​​​អំឡុង​​​ពេល​​​ចាប់​​​ផ្តើម​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​របាយការណ៍​​​នេះ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ លោក ព្រាប​​​ កុល​​​ នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​ បាន​​​លើក​​​ឡើង​​​ថា ​​​ពិន្ទុ​​​ដែល​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​នេះ​​​ស្ថិត​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​មួយដែល​មាន​​​ “អំពើ​​​ពុក​​​រលួយ​​​ខ្ពស់​​​​”។

លោក ព្រាប កុល បាន​​​​​​សន្មតថា​ ការ​​​​មិន​​​រីក​​​ចម្រើន​​​របស់​​​កម្ពុជា​​​​​​គឺ​​​ដោយ​​​សារ​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “និយាយ​​​ឲ្យ​​​សាមញ្ញ​​​ទៅ ប្រព័ន្ធ​​​តុលាការ​​​ និង​​​នីតិរដ្ឋ​​​នៅ​​​តែ​​​​​​មាន​​​បញ្ហា​​​ ហេតុ​​​ដូច្នេះ​​​វា​​​ធ្វើ​​​ឲ្យ​​​ខាត​​​ពិន្ទុ​​​ហើយ​​​កម្ពុជា​​​បាត់​​​បង​​​់​​​ឱកាស​​​ក្នុង​​​ការ​​​បង្កើន​​​ពិន្ទុ​​​របស់​​​ខ្លួន​​​សម្រាប់​​​ឆ្នាំ​​​២០១៥។ប្រសិន​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​ការ​​​វិនិយោគ​​​ និង​​​បរិយា​​​កាស​​​ពាណិជ្ជកម្ម​​​វិញ​​​ ឃើញ​​​ថា មាន​​​ភាព​​​ប្រសើរ​​​​​​ឡើង​​​”។

ថ្លែង​​​បន្ទាប់​​​ពី​​​ពិធី​​​នេះ​​​លោក ​​​ពេជ្រ ​​​ពិសី ​​​ប្រធាន​​​​​​គ្រប់​​​គ្រង​​​កម្មវិធី​​​នៅ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ប្រព័ន្ធ​​​តុលាការ​​​នៅ​​​កម្ពុជា​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​យ៉ាងណែន​ដោយ​​​បុគ្គល​​​មាន​​​អំណាច​​​ ហើយ​​​មិន​​​អាច​​​ផ្តល់​​​ភាព​​​យុត្តិធម៌​​​ជូន​​​ “ពល​​​រដ្ឋ​​​សាមញ្ញ​​​បាន”​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ​​​រាល់ការងារ​របស់​​​​ប្រព័ន្ធ​​​តុលាការ​​​ ជា​​​ទូទៅ​​​ស្ថិត​​​ក្រោម​​​​​​ឥទ្ធិពល​​​របស់​​​​​​ក្រុម​​​អភិជន​​​ ក្រុម​​​អ្នក​​​នយោបាយដែលមាន​ឥទ្ធិពល​​​​ ក៏​​​ដូច​​​ជា​​​ក្រុម​​​​​​អ្នក​​​ជំនួញ​​​ធំៗ​​​ដែល​​​មាន​​​ខ្នង​​​ក្រាស់​​​​​​​​​ផង​​​ដែរ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ពល​​​រដ្ឋ​​​សាមញ្ញ​​​ដែល​​​គ្មាន​​​ទំនាក់​​​ទំនង​​​នយោបាយ​​​ជា​​​មួយ​​​នរណា​​​ម្នាក់​​​នោះ​​​មន្ត្រីតុលាការ​​​មិន​​​ដែល​​​ខ្វល់​​​ក្នុង​​​ការ​​​ផ្តល់​​​យុត្តិធម៌​​​ឲ្យ​​​នោះ​​​​ទេ​​​ ពេល​​​ពួក​​​គាត់​​​ព្យាយាម​​​​សុំ​ឲ្យ​​​តុលាការ​​​ជួយ​​​។ ពួក​​​គេ​​​ទាម​​​ទារ​​​ផល​​​តប​​​ស្នង​​​មក​​​វិញ​​​។ ពួក​​គេ​​​ធ្វើ​​​ដូច្នេះ​​​ព្រោះ​​​គ្មាន​​​នរណា​​​​​​​ផ្តន្ទាទោស​​​​​​​ គ្មាន​​​នរណា​​​​​​ឃ្លាំ​​​មើល​​​ និង​​​គ្មាន​​​នរណា​​​ដាក់​​​ទណ្ឌ​​​កម្ម​​​ពួក​​​គេ​​​​​​​”។

លោក ពេជ្រ ពិសី បាន​​​បន្ថែម​​​ថា ខណៈ​​​ប្រព័ន្ធ​​​តុលាការ​​​បន្ត​​​ញាំញី​​​ទៅ​​​ដោយ​​​អំពើ​​​ពុក​​​រលួយ​​​ លោក​​​​​​ឃើញ​​​ មាន​​​ការ​​​រីកចម្រើន​ដ៏​​​ល្អ​​​ប្រសើរ​​​នៅ​​​ក្នុង​​​ក្រសួង​​​មួយចំនួន​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​អប់​​​រំ​​​ និង​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ឈរ​​​នៅ​​​លំដាប់​លើគេ…យើង​​​ឃើញ​​​ហើយ​​​ថា មាន​​​កំណែ​​​ទម្រង់​​​ជាច្រើន​​​កំពុង​​​តែ​​​បន្ត​​​”។ លោក​​​បាន​​សន្មត​ដូច្នេះ​​​ ដោយសារ​មាន​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​នៅ​​​ក្នុង​​​ការ​​​ផ្លាស់​​​ប្តូរ​​​​ថ្នាក់ដឹក​​​ដឹក​​​នាំ​​​ និង​​​ការ​​​ចាត់​​​តាំង​​​ឲ្យ​​​យុវជន​​​ដែល​​​មាន​​​សមត្ថភាព​​​ប្រកួត​​​ប្រជែង​​​ចូល​​​កាន់​​​តួនាទី​​​នៅ​​​​ក្រសួង​​​កាន់តែច្រើន​​ជាងមុន​​​​។

​​​ក្នុង​រយៈពេល​​​​ពីរ​​​ឆ្នាំកន្លងមកនេះ​​ ក្រសួង​​​អប់​​​រំ​​​​​​​​​បានរឹត​បន្តឹង​យ៉ាងខ្លាំង​លើ​ការ​​​លួច​​​ចម្លង​​​ដែលកើតមាន​យ៉ាង​​​ច្រើន​​​​​​អំឡុ​​​ង​​​ពេល​​​ប្រឡង​​​​​​ បាក់​​​ឌុប​​​ រីឯ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​វិញ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​ផ្លាស់​​​ប្តូរ​​​ដំណើរ​​​ការ​​​ចុះ​​​បញ្ជី​​​ពាណិជ្ជ​​​កម្ម​​​ឲ្យទៅចុះ​តាម​​​អីុនធឺណិតវិញ ​​​​​​ដោយទំនង​ជាបាន​​​​លុប​​​បំបាត់​​​នូវ​​​ការ​​​ដែល​​​អាច​​​មាន​​​ការ​​​សូក​​​ប៉ាន់​​​។

ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​ លោក ឱម យុិន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​លើកឡើង​​​ថា លោក​​​មិន​​​ទុក​​​ចិត្ត​​​​សន្ទស្សន៍​​​​​​ ប្រចាំ​​​ឆ្នាំ​​​នេះ​​​ឡើយ។

លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “ការ​​​ដាក់​​​ពិន្ទុ​​​ CPI របស់​​​ TI ដែល​​​កម្ពុជា​​​មិន​​​ទទួល​​​យក​​​បាន​​​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ ត្រូវ​​​បាន​​​រិះ​​​គន់​​​ ដោយ​​​អ្នក​​​ជំនាញ​​​ និង​​អ្នក​​​សិក្សា​​​​​​ធិការ​​​ខាង​​​អំពើ​​​ ពុក​​​រលួយ​​​​​​ជាច្រើន​​​នៅ​​​លើ​​​ពិភព​​​លោក​​​ “។

“ទិន្នន័យ​​​ និង​​​វិធី​​​សាស្ត្រ​​​ប្រមូល​​​ព័ត៌មាន​​​មិន​​​ល្អ​​​ ពឹង​​​ផ្អែក​​​លើ​​​ទស្សនៈ​​​មនុស្ស​​​ និង​​​ក្រុម​​​មនុស្ស​​​ដែល​​​នាំ​​​ឲ្យ​​​លទ្ធផល​​​លម្អៀង​​​និង​​​មិន​​​ត្រឹម​​​ត្រូវ​​​”។

លោក ឱម យិុន​​​ទៀង បាន​​​អះ​​​អាង​​​ថា ​​​សន្ទស្សន៍​​​នៃ​​​ការ​​​យល់​​​ឃើញ​​​អំពើ​​​ពុក​​​រលួយ​​​​​​មិន​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​សូម្បី​​​តែ​​​ពី​​​បុគ្គលិក​​​របស់​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​ខ្លួនឯង​​​ផ្ទាល់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​របស់​​​ ​​​TI ខ្លួន​​​ឯង​​​ក៏​​​មិន​​​គាំទ្រ​​​ការ​​​ដាក់​​​ពិន្ទុ​​​នេះ​​​ ហើយ​​​ថែម​​​ទាំង​​​ចង់​​​ឲ្យ​​​អង្គការ​​​ខ្លួន​​​ឯង​​​លុប​​​ចោល​​​ CPI នេះ​​​ដែរ​​​”។

ពេល​​​ស្នើ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​លោក ឱម ​​​ យិុន​​​ទៀង លោក ពេជ្រ ពិសី បាន​​​​​​លើកឡើង​​​ថា វា​​​ជា​​​សិទ្ធិ​​​របស់​​​ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ក្នុង​​​ការ”​​​និយាយ​​​ការ​​​ពារ​​​កម្ពុជា”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ចង់​​​ឆ្លើយ​​​តប​​​នឹង​​​​បញ្ហា​​​នេះ​​​ទេ។ យើង​​​ត្រូវ​​​តែ​​​គោរព​​​នូវ​​​អ្វី​​​ដែល​​​គាត់​​​ជឿ​​​ជាក់​​​ និង​​​គិត​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ខណៈ​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​បាន​​​ធ្វើ​​​ការ​​​ងារ​​​យ៉ាង​​​សកម្មជាមួយ​​​រដ្ឋាភិបាល​​​ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ អង្គការ​​​នេះ​​​ក៏​​​បាន​​​ចុះ​​​​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​ជា​​​មួយ​​​ក្រសួង​​​មហាផ្ទៃ​​​ផង​​​ដែរ​​​ដើម្បី​​​បើក​​​ “សាលា​​​អភិបាល​​​កិច្ច​​​” មួយ​​​​​​។

ខណៈ​​​ពេល​​​លោក ឱម យិុន​​​ទៀង​​​ ច្រាន​​​ចោល​​​លទ្ធផល​​​នៃការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​របស់​​​​សន្ទស្សន៍​​​នៃ​​​ការ​​​យល់​​​ឃើញ​​​អំពើ​​​ពុក​​​រលួយនេះ​​​​ លោក សុន ឆ័យ ​​​តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​លើក​​​ឡើង​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​គឺ​​​មាន​​​តែ​​​រារាំង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​​​​​អំពើ​​​ពុក​​​រលួយ​​​ទៅ​​​វិញ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ថាប័ន​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​ឧបករណ៍​​​របស់​​​រដ្ឋាភិបាល​​​​​​ក្នុង​​​ការ​​​បិទ​​​បាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​ប៉ុណ្ណោះ​​​”។

និយាយ​​​អំពី​​​​​​ប្រព័ន្ធ​​​តុលាការ​​​នៅ​​​កម្ពុជា​​​វិញ​​​ លោក សុន ឆ័យ បាន​​​លើក​​​ឡើង​​​ថា ដូច​​​ “ផ្សារ​​​ត្រី​​​” អ៊ីចឹង​​​។

លោក​​​បាន​​លើក​​​ឡើង​​​ថា “យើង​​ទៅ​​​ទី​​​នោះ​​​ ហើយ​​​យើង​​​តថ្លៃ​​​។ វា​​​អាស្រ័យ​​​លើ​​​ថា តើ​​​យើង​​​សូក​​​ប៉ាន់​​​ប៉ុន្មាន​​​ដល់​​​តុលាការ​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​”។

“អ្នក​​​គ្មាន​​​អំណាច​​​​​​ និង​​​អ្នក​​​ក្រីក្រ​​​គឺ​​​ជា​​​អ្នក​​​រង​​​គ្រោះ​​​បំផុត​​​ដោយ​​​សារ​​​ប្រព័ន្ធ​​​តុលាការ​​​ដ៏​​​ពុក​​​រលួយ​​​បែបនេះ​​​នៅក្នុង​​​ប្រទេស”​​​៕​​​ ស៊ុយឈាង​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស