កាលពីម្សិលមិញ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានគំរាមចាប់ខ្លួនជនទាំងឡាយណាដែលអះអាងថា ក្រុមមន្ត្រីបានប្រគល់ឲ្យប្រទេសវៀតណាមនូវថ្មពីរដុំដែលតំណាង”ភូមិថ្ម៣ដុំ” ជាភូមិប្រវត្តិសាស្ត្រនៅព្រំដែនបែ៉កខាងកើតនៃស្រុកបូរីជលសារ។
នៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៥ លោក ឡាយ វណ្ណៈ បានទទួលស្គាល់ថា តំបន់ផ្ទាំងថ្ម ដែលនីមួយៗមានទំហំប្រហែល៤ម៉ែត្រនោះ ស្ថិតនៅក្នុងប្រទេសវៀតណាមយោងតាមផែនទីព្រំដែន ប៉ុន្តែ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងខិតខំដើម្បីយកវាមកវិញ។
លោក ឡាយ វណ្ណៈ និយាយតាមទូរស័ព្ទ បន្ទាប់ពីកិច្ចប្រជុំ ដោយរៀបរាប់ឡើងវិញនូវសាររបស់លោកផ្ញើជូនក្រុមមន្ត្រីថា ”គណៈកម្មាធិការជាតិព្រំដែនឥឡូវនេះកំពុងចរចាជាមួយប្រទេសវៀតណាម ដើម្បីយកវាមកខាងកម្ពុជាវិញសម្រាប់ប្រជាពលរដ្ឋជាច្រើនរបស់យើងដែលរស់នៅក្នុងតំបន់នោះ”។
តាមសន្ធិសញ្ញាព្រំដែនរបស់កម្ពុជាជាមួយវៀតណាម តំបន់ដីដែលមានពលរដ្ឋរបស់ប្រទេសមួយរស់នៅច្រើន ប៉ុន្តែ ស្ថិតនៅក្នុងទឹកដីរបស់ប្រទេសផ្សេងតាមផែនទីព្រំដែនផ្លូវការ អាចត្រូវប្តូរគ្នានៅពេលចរចាកំណត់ព្រំដែន។
លោក ឡាយ វណ្ណៈ បាននិយាយថា “អំឡុងរដ្ឋាភិបាលយើងកំពុងការចរចា មនុស្សមួយចំនួនមកពីគណបក្សប្រឆាំងបានបង្កើតការជ្រួលច្របល់ជាមួយវៀតណាមមួយខែមកហើយ ខ្ញុំមិនអាចឲ្យការជ្រួលច្របល់នេះកើតមានបន្តទៀត និងប៉ះពាល់ដល់ប្រទេសទាំងសងខាងបានទេ”។
លោកនិយាយសំដៅដល់អ្នកដែលអះ អាងថាបាត់ថ្មនោះថា ”ខ្ញុំអំពាវនាវដល់នគរបាល និងសមត្ថកិច្ចឲ្យតាមចាប់វៃខ្នោះតែម្តង”។
កាលពីខែមុន អ្នកយកព័ត៌មានម្នាក់មកពីវិទ្យុអាស៊ីសេរី (RFA) និងសកម្មជនយុវជនមួយក្រុមដែលដឹកនាំដោយលោក កែម ឡី ស្ថាបនិកក្រុមតស៊ូមតិ “ខ្មែរដើម្បីខ្មែរ” បានធ្វើដំណើរទៅតំបន់ភូមិថ្ម៣ដុំតាមទូកលឿន។
សេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី ដោយដកស្រង់សម្ដីអ្នកភូមិខ្មែរនៅទីនោះបាននិយាយថា កសិករវៀតណាមបានធ្វើស្រែកាន់តែកៀកភូមិថ្ម៣ដុំច្រើនឆ្នាំមកហើយ រហូតដល់ផ្នែកខ្លះនៃដីតំបន់ទីបំផុតត្រូវបានអះអាងសិទ្ធិកាន់កាប់ដោយអាជ្ញាធរវៀតណាមនៅខែធ្នូ។
អត្ថបទនេះត្រូវបានបញ្ជាក់កាលពីថ្ងៃម្សិលមិញ ដោយលោក ណាក់ សាគ្រឿន ជាមេឃុំកំពង់ក្រសាំងមកពីគណបក្សប្រជាជនកម្ពុជា ដែលភូមិថ្ម៣ដុំស្ថិតនៅ។ លោកបានមានប្រសាសន៍ថា តំបន់នោះជាទឹកដីខ្មែរតាំងពីយូរយារណាស់មកហើយ រហូតដល់មានការទន្ទ្រានយកនេះ។
លោកបានមានប្រសាសន៍ថា ”រហូតមកដល់ពេលសព្វថ្ងៃ ថ្ម២ដុំបានអង្កិលចូលតំបន់ព្រំដែនវៀតណាមស្រេចទៅហើយ ហើយពួកគេគ្រប់គ្រងវា”។
លោកអភិបាលខេត្ត ឡាយ វណ្ណៈ មិនអាចទាក់ទងដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់មេឃុំរូបនេះបានទេ។
លោក កែម ឡី បានមានប្រសាសន៍ថា ច្បាស់ណាស់ថា ភូមិថ្ម៣ដុំនោះត្រូវគេប្រគល់ទៅឲ្យវៀតណាមហើយ។
លោក កែម ឡី បានមានប្រសាសន៍ថា ”នៅខាងព្រំដែនខ្មែរ នគរបាលនិយាយថា មិនអនុញ្ញាតឲ្យយើងថតរូបទេ ព្រោះពួកគេខ្លាចទាហានវៀតណាមព្រមាន សូម្បីតែនៅចម្ងាយមួយគីឡូម៉ែត្រពីព្រំដែន នៅពេលដែលយើងគ្រាន់តែអង្គុយលើឈើក៏ដោយ”។
លោក អ៊ូ ចាន់រ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលតំណាងនៅខេត្តតាកែវមានប្រសាសន៍ថា លោកបានទៅមើលតំបន់នោះ៣ខែមុននេះ និងបានដឹងថា មួយផ្នែកនៃភូមិថ្ម៣ដុំត្រូវបានកាត់ចូលទឹកដីវៀតណាម ហើយលោកបានបន្ថែមថា លោកមិនខ្លាចការគំរាមចាប់ខ្លួនដោយលោក ឡាយ វណ្ណៈ ទេ។
លោកបានសួរថា “ច្បាប់ណាអនុញ្ញាតឲ្យចាប់ខ្លួនតំណាងរាស្ត្រនៅពេលគេទៅទីនោះពិនិត្យព្រំដែន? ខ្ញុំជាតំណាងរាស្ត្រមួយរូបនៅខេត្តតាកែវ តើខ្ញុំមិនអាចធ្វើការងាររបស់ខ្ញុំបានទេឬ?”៕និត (រាយការណ៍បន្ថែមដោយ Alex Willemyns)