26 C
Phnom Penh

អាជ្ញាធរ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​កសិដ្ឋាន​និង​ប្រឡាយ​ក្រោយពី​មាន់​រាប់​ពាន់​ក្បាល​ងាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 

អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ ពួកគេ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​កសិដ្ឋាន​ក្រុង​ស្ទឹងសែន ជា​កន្លែង​ដែល​សត្វ​មាន់​ដល់​ទៅ​១២.០០០​ក្បាល​បាន​ងាប់​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ និង​ប្រឡាយ​ទឹក​ក្បែរ​នោះ ដែល​គេ​បោះ​ចោល​សត្វ​មាន់​ងាប់​នៅ​ទី​នោះ ប៉ុន្តែ បាន​និយាយ​ថា ពួកគេ​នៅ​មិន​ទាន់​ដឹង​ថា អ្វី​ដែល​បាន​បណ្តាល​ឲ្យ​សត្វ​មាន់​ទាំង​នោះ​ងាប់​ទេ។

កសិដ្ឋាន​នោះ​ជា​របស់​ពលរដ្ឋ​ខ្មែរ​បី​នាក់ ប៉ុន្តែ ចាត់ចែង​ដោយ​ក្រុមហ៊ុន​​​ Charoen Pokphand ជា​​​ក្រុមហ៊ុន​​​កសិ​​​ឧស្សាហកម្ម​​​​​​​ដ៏​ធំ​មួយ​របស់​​​ថៃ​​​ហៅ​​​កាត់​ថា  CP  និង​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​នេះ។

លោក តាន់ ម៉េងឆាង ប្រធាន​ការិយាល័យ​សុខភាព​សត្វ​នៅ​ក្រុង​ស្ទឹងសែន បាន​និយាយ​ថា “យើង​បាន​បាញ់ថ្នាំ​គីមី​សម្លាប់​ជំងឺ​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ក៏​ដូចជា​នៅ​ប្រឡាយ​ទឹក​ដែល​គេ​បោះ​មាន់​ងាប់​ចោល​នៅ​ទីនោះ។ ថ្ងៃ​ស្អែក យើង​នឹង​យក​ទា​ពីរ​ក្បាល​និង​មាន់​ពីរ​ក្បាល​ឲ្យ​ផឹក​ទឹក​ក្នុង​ប្រឡាយ​នោះ ដើម្បី​ពិសោធ”។

លោក​បាន​និយាយ​ថា សំណាក​សត្វ​ងាប់​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​សុខភាព​សត្វ​ក្នុង​ក្រុង​ភ្នំពេញ។ យោង​តាម​លោក ម៉េងឆាង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន CP បាន​បញ្ជូន​សំណាក​របស់​ខ្លួន​ផ្ទាល់​សម្រាប់​ការ​ពិសោធន៍​ទាំង​នៅ​ក្រុង​ភ្នំពេញ និង​ប្រទេស​ថៃ ប៉ុន្តែ នឹង​មិន​ចែករំលែក​លទ្ធផល​ដែល​រក​ឃើញ​ទេ។

តំណាង​ម្នាក់​របស់​ក្រុមហ៊ុន CP បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ពុធ។

កាលពី​ថ្ងៃ​ច័ន្ទ លោក ប៊ុន សុវណ្ណារ៉ា អ្នក​គ្រប់គ្រង​សុខភាព​សត្វ​មាន់​របស់​ក្រុមហ៊ុន​នេះ​នៅ​កសិដ្ឋាន​នោះ បាន​និយាយ​ថា កសិដ្ឋាន​នេះ​មិន​ទទួល​ខុសត្រូវ​ចំពោះ​មាន់​ងាប់ ហើយ​មិន​បាន​ពាក់ព័ន្ធ​ក្នុង​ការ​បោះ​ចោល​សត្វ​ងាប់​ទាំង​នោះ​ទេ។ លោក​បាន​និយាយ​ថា កសិដ្ឋាន​មាន​មាន់​តែ​៥.០០០​ក្បាល​ប៉ុណ្ណោះ តិច​ជាង​១២.០០០​ក្បាល​ដែល​អះអាង​ដោយ​អាជ្ញាធរ ហើយ​ថា តែ​ប្រហែល​៧០០​ក្បាល​ប៉ុណ្ណោះ​បាន​ងាប់​ក្នុង​ពេល​ពីរ​បី​សប្តាហ៍​កន្លង​មកនេះ​ដោយសារ​ជំងឺ​រាក និង​បញ្ហា​ផ្លូវ​ដង្ហើម។

នៅ​ថ្ងៃ​ច័ន្ទ​នោះ​ដែរ លោក ម៉េងឆាង បាន​និយាយ​ថា កសិករ​មូលដ្ឋាន​ជាច្រើន​នាក់​បាន​រាយការណ៍​ថា មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ដែល​ជា​ម្ចាស់​កសិដ្ឋាន​នោះ ឈ្មោះ សៀត ស៊ីម ជា​អ្នក​ដែល​បាន​បោះ​ចោល​មាន់​ងាប់​ក្នុង​ប្រឡាយ​ទឹក។

កាលពី​ថ្ងៃ​ពុធ លោក ម៉េងឆាង បាន​និយាយ​ថា គាត់​បាន​ឮ​ពី​លោក ស៊ីម ថា ក្រុមហ៊ុន CP បាន​សង​គាត់​៣០០​ដុល្លារ ប៉ុន្តែ មិន​ដឹង ថា​តើ​ម្ចាស់​កសិដ្ឋាន​ពីរ​នាក់​ផ្សេង​ទៀត​បាន​ទទួល​ដូចគ្នា​នេះ​ឬ​យ៉ាង​ណា​ទេ។

ទាក់ទង​កាលពី​ថ្ងៃ​ពុធ លោក ស៊ីម បាន​បដិសេធ​ថា មិន​បាន​ចោល​សត្វ​មាន់​ចូល​ក្នុង​ប្រឡាយ​ទឹក​ទេ មុន​ពេល​ការ​ដាច់​ទូរស័ព្ទ​ភ្លាមៗ។

លោក ស៊ីម ប៊ុនអូន អភិបាល​ក្រុង​ស្ទឹងសែន​បាន​និយាយ​ថា លោក​បាន​ណែនាំ​មន្ត្រី​មូលដ្ឋាន​ឲ្យ​ជូន​ដំណឹង​ដល់​កសិករ​កុំ​ឲ្យ​សត្វ​របស់​ពួកគេ​ផឹក​ទឹក​នៅ​ប្រឡាយ​នោះ​ជា​បណ្តោះ​អាសន្ន​សិន។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃច័ន្ទ​ដល់​មេឃុំ​ក្នុង​តំបន់​នោះ​កុំ​ឲ្យ​ប្រើ​ទឹក​នោះ​សម្រាប់​សត្វ​គោ ក្របី និង​មាន់​ទា”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស