27.5 C
Phnom Penh

ក្រុម​​​សិទ្ធិ​​​មនុស្ស​​​​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​ទាក់​​​ទង​​​​​​នឹង​​​ព្រឹត្តិ​​​ការណ៍​​​ក្នុង​​​ឆ្នាំ​​​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គ​​​ការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ (Human Rights Watch) ជា​​​អង្គ​​​ការ​​​ដែល​​​រិះ​​​គន់​​​​​​ខ្លាំង​​​បំផុត​​​ទៅ​​​លើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​គណបក្ស​​​កាន់​​​អំណាច​​​របស់​​​លោក ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​បាន​​​វាយ​​​ប្រហារ​​​រដ្ឋាភិបាល​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ចំពោះ​​​ការ​​​​​​ខកខាន​​​មិន​​​បាន​​​គោរព​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​ ដោយ​​​មាន​​​​​​ចេញ​​​របាយការណ៍​​​​​​ពិភពលោក​​​របស់​​​ខ្លួន​​​នា​​​ឆ្នាំ​​​២០១៦។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​បញ្ជាក់​​​​​​ប្រទេស​​​ជាក់​​​លាក់​​​ដែល​​​អម​​​របាយការណ៍​​​មាន​​​ចំណង​​​ជើង​​​ថា “កម្ពុជា៖​​​រលក​​​ថ្មី​​​នៃ​​​ការ​​​បង្ក្រាប​​​” អង្គការ​​​នេះ​​​បាន​​​និយាយ​​​ថា រដ្ឋាភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​ប្រើ​​​ប្រាស់​​​ស្ថាប័ន​​​រដ្ឋ ដើម្បី​​​បង្ក្រាប​​​​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​បំពាន​​​កាតព្វកិច្ច​​​អន្តរជាតិ​​​នានា និង​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​យុទ្ធនាការ​​​​​​និយាយ​​​អាក្រក់​​​ប្រឆាំង​​​នឹង​​​​​​ក្រុម​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស”។​​​​​​​​​​​​

លោក ប្រេដ អាដាម នាយក​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធ​​​ិ​​​មនុស្ស​​​ប្រចាំ​​​អាស៊ី​​​ត្រូវ​​​បាន​​​គេ​​​ដក​​​ស្រង់​​​សម្តី​​​ដោយ​​​និយាយ​​​ថា “[​​​លោក ហ៊ុន សែន​​​]​​​បាន​​​ប្រើ​​​ការ​​​​​​គ្រប់​​​គ្រង​​​របស់​​​លោក​​​ទៅ​​​លើ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ តុលាការ និង​​​​​​រដ្ឋបាល​​​ស៊ី​​​វិល​​​ ដើម្បី​​​បង្ខំ​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​​​​ឲ្យ​​​ធ្វើ​​​​​​និរទេស វាយ​​​ដំ​​​អ្នក​​​នយោបាយ​​​គណបក្ស​​​ប្រឆាំង ចាប់​​​អ្នក​​​រិះ​​​គន់​​​ដាក់​​​គុក​​​ អនុម័ត​​​​​​ច្បាប់​​​តឹង​​​តែង​​​ ហើយ​​​បង្កើន​​​ការ​​​ក្តោប​​​ក្តាប់​​​​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ទៅ​​​លើ​​​​​​ស្ថាប័ន​​​ជាតិ”។​​​​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​​​​លើក​​​ឡើង​​​អំពី​​​ការ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ប្រព្រឹត្តិ​​​ដោយ​​​គណ​​​បក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​​​​ក្នុង​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ ពោល​​​គឺ​​​​​​ខកខាន​​​​​​មិន​​​បាន​​​ទប់​​​ស្កាត់​​​អំពើ​​​ពុក​​​រលួយ​​​កម្រិត​​​ខ្ពស់​​​ បណ្តោយ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​មាន​​​ខ្នង​​​បង្អែក​​​ក្រាស់​​​​​​ៗ​​​បណ្តេញ​​​ប្រជា​​​ជន​​​ពី​​​ដី​​​ធ្លី​​​ពួក​​​គេ ឃុំ​​​ខ្លួន​​​​​​ជន​​​អនាថា​​​ស្រេច​​​តែ​​​ចិត្ត​​​​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ បង្ខំ​​​ឲ្យ​​​អ្នក​​​ស្វែង​​​រក​​​​​​សិទ្ធិ​​​ជ្រកកោន​​​វិល​​​ត្រឡប់​​​ទៅ​​​​​​ប្រទេស​​​វៀត​​​ណាម​​​វិញ ហើយ​​​ខក​​​ខាន​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​​​​ដែល​​​ចោទ​​​ដោយ​​​​​​តុលាការ​​​ខ្មែរ​​​ក្រហម។​​​​​​

ប៉ុន្តែ​​​​​​ទំហំ​​​​​​នៃ​​​ការ​​​រិះ​​​គន់​​​​​​បាន​​​ផ្តោត​​​លើ​​​ការ​​​​​​បង្ក្រាប​​​គណ​​​បក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥។​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​និយាយ​​​ថា “​​​មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ គឺ សម រង្ស៊ី​​​ បាន​​​ស្វែង​​​រក​​​វប្បធម៌​​​សន្ទនា​​​​​​ជាមួយ​​​លោក​​​ ហ៊ុន សែន ប៉ុន្តែ​​​​​​សេចក្តី​​​ផ្តួច​​​ផ្តើម និង​​​សំណើ​​​កំណែ​​​ទម្រង់​​​​​​របស់​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ប្រទះ​​​នឹង​​​​​​ការ​​​ចាប់​​​ខ្លួន ឬ​​​ការវាយ​​​ប្រហារ​​​របស់​​​រដ្ឋាភិបាល​​​​​​ទៅ​​​លើ​​​​​​គណបក្ស​​​ប្រឆាំង និង​​​សង្គម​​​ស៊ីវិល​​​”។​​​

ក្នុង​​​ខែ​​​កក្កដា មន្ត្រី​​​និង​​​សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​១១​​​នាក់​​​​​​ត្រូវ​​​ផ្តន្ទាទោស​​​ពី​​​បទ​​​កុបកម្ម​​​​​​ ដោយ​​​សេចក្តី​​​ថ្លែងការណ៍​​​នោះ​​​បញ្ជាក់​​​ខុស​​​​​​​​​ថា​​​ ​​​សាលក្រម​​​នោះ​​​បាន​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ចំ​​​ថ្ងៃ​​​ដែល​​​សភា​​​ដឹកនាំ​​​ដោយ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​បាន​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដ៏​​​ចម្រូង​​​ចម្រាស។ តាម​​​ពិត​​​ សកម្មជន​​​ទាំង​​​នោះ​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២១ ខែ​​​កក្កដា ចំណែក​​​ឯ​​​សភា​​​បាន​​​អនុម័ត​​​ច្បាប់​​​នោះ​​​នៅ​​​ថ្ងៃ​​​ទី​​​១៣ ខែ​​​កក្កដា។​​​​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​សន្និដ្ឋាន​​​ដោយ​​​និយាយ​​​ថា ប្រទេស​​​ផ្តល់​​​ជំនួយ​​​បន្ត​​​សម្តែង​​​ក្តី​​​សង្ឃឹម​​​​​​ថា រដ្ឋាភិបាល​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប្រសើរ​​​ឡើង​​​នូវ​​​​​​ស្ថានការណ៍​​​សិទ្ធិ​​​មនុស្ស​​​ ប៉ុន្តែ​​​ក្តី​​​សង្ឃឹម​​​នោះ​​​ត្រូវ​​​បំផ្លាញ​​​ដោយ​​​ហ៊ុន សែន។​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​បាន​​​និយាយ​​​ថា “ប៉ុន្តែ​​​ប្រទេស​​​ផ្តល់​​​ជំនួយ​​​បាន​​​ប្រតិកម្ម​​​ដោយ​​​ឥត​​​ប្រកែក​​​ ហើយ​​​ទំនង​​​​​​​​​ជឿ​​​លើ​​​កម្ម​​​វាសនា​​​​​​​​​​​​ថា​​​អាច​​​​​​ដាក់​​​សម្ពាធ​​​លើ​​​ ហ៊ុន សែន ឲ្យ​​​បញ្ចប់ការ​​​​​​រំលោភ​​​អំណាច​​​”។​​​​​​​​​​​​​​​​​​

លោក ចេង ហុងបូ អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​ចិន បាន​​​និយាយ​​​ថា ទោះ​​​បី​​​ជា​​​​​​ប្រទេស​​​ផ្តល់​​​ជំនួយ​​​​​​ធំ​​​បំផុត​​​​​​តែ​​​មួយ​​​គត់​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​ក៏​​​ដោយ ក៏​​​ក្រុង​​​ប៉េកាំង​​​​​​​​​​​​មិន​​​មាន​​​តួនាទី​​​​​​​​​នៅ​​​ក្នុង​​​​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រសើរ​​​ឡើង​​​​​​នូវ​​​ស្ថានការណ៍​​​សិទ្ធិ​​​មនុស្ស​​​ដែរ។​​​

លោក ចេង ហុងបូ បាន​​​និយាយ​​​ថា “​​​គោល​​​ជំហរ​​​របស់​​​យើង​​​គឺ​​​តែង​​​តែ​​​ដូច​​​គ្នា ពោលគឺ​​​យើង​​​មិន​​​​​​ជ្រៀត​​​ជ្រែក​​​​​​ក្នុង​​​កិច្ច​​​ការ​​​​​​នៃ​​​ប្រទេស​​​អធិបតេយ្យ​​​​​​​​​ទេ”។​​​

លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ដែល​​​​​​ពិនិត្យ​​​មើល​​​ការ​​​រំលោភ​​​សិទ្ធិ​​​ភាគច្រើន​​​​​​ដែល​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍អង្គ​​​ការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការរិះ​​​គន់​​​ចុង​​​ក្រោយ​​​នេះ​​​គឺ​​​មាន​​​លក្ខណៈ​​​ដដែល​​​ពី​​​​​​ក្រុម​​​នេះ​​​ដែល​​​តែង​​​តែ​​​មាន​​​ទុទិដ្ឋិនិយម​​​​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ។​​​​​​

លោក ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​គិត​​​ថា HRW​​​ មិន​​​មើល​​​ឃើញ​​​កម្ពុជា​​​ក្នុង​​​ផ្លូវ​​​វិជ្ជមាន​​​ទេ មិន​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ទេ។ រាល់​​​ឆ្នាំ​​​ ពាក្យអាក្រក់ ពាក្យអាក្រក់ ពាក្យអាក្រក់”៕​​​រើន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស