អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាអង្គការដែលរិះគន់ខ្លាំងបំផុតទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ជាថ្មីម្តងទៀតបានវាយប្រហាររដ្ឋាភិបាលកាលពីថ្ងៃពុធចំពោះការខកខានមិនបានគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយមានចេញរបាយការណ៍ពិភពលោករបស់ខ្លួននាឆ្នាំ២០១៦។
នៅក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ប្រទេសជាក់លាក់ដែលអមរបាយការណ៍មានចំណងជើងថា “កម្ពុជា៖រលកថ្មីនៃការបង្ក្រាប” អង្គការនេះបាននិយាយថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីបង្ក្រាបគណបក្សប្រឆាំង បានបំពានកាតព្វកិច្ចអន្តរជាតិនានា និងបានចាប់ផ្តើមយុទ្ធនាការនិយាយអាក្រក់ប្រឆាំងនឹងក្រុមការពារសិទ្ធិមនុស្ស”។
លោក ប្រេដ អាដាម នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីត្រូវបានគេដកស្រង់សម្តីដោយនិយាយថា “[លោក ហ៊ុន សែន]បានប្រើការគ្រប់គ្រងរបស់លោកទៅលើកងកម្លាំងប្រដាប់អាវុធ តុលាការ និងរដ្ឋបាលស៊ីវិល ដើម្បីបង្ខំមេដឹកនាំគណបក្សប្រឆាំងឲ្យធ្វើនិរទេស វាយដំអ្នកនយោបាយគណបក្សប្រឆាំង ចាប់អ្នករិះគន់ដាក់គុក អនុម័តច្បាប់តឹងតែង ហើយបង្កើនការក្តោបក្តាប់របស់គណបក្សកាន់អំណាចទៅលើស្ថាប័នជាតិ”។
សេចក្តីថ្លែងការណ៍បានលើកឡើងអំពីការរំលោភសិទ្ធិមនុស្សប្រព្រឹត្តិដោយគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំកន្លងមកនេះ ពោលគឺខកខានមិនបានទប់ស្កាត់អំពើពុករលួយកម្រិតខ្ពស់ បណ្តោយឲ្យក្រុមហ៊ុនមានខ្នងបង្អែកក្រាស់ៗបណ្តេញប្រជាជនពីដីធ្លីពួកគេ ឃុំខ្លួនជនអនាថាស្រេចតែចិត្តនៅក្នុងក្រុងភ្នំពេញ បង្ខំឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយខកខានមិនបានចាប់ខ្លួនជនសង្ស័យដែលចោទដោយតុលាការខ្មែរក្រហម។
ប៉ុន្តែទំហំនៃការរិះគន់បានផ្តោតលើការបង្ក្រាបគណបក្សប្រឆាំងនៅក្នុងឆ្នាំ២០១៥។សេចក្តីថ្លែងការណ៍បាននិយាយថា “មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺ សម រង្ស៊ី បានស្វែងរកវប្បធម៌សន្ទនាជាមួយលោក ហ៊ុន សែន ប៉ុន្តែសេចក្តីផ្តួចផ្តើម និងសំណើកំណែទម្រង់របស់គណបក្សសង្គ្រោះជាតិបានប្រទះនឹងការចាប់ខ្លួន ឬការវាយប្រហាររបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង និងសង្គមស៊ីវិល”។
ក្នុងខែកក្កដា មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ត្រូវផ្តន្ទាទោសពីបទកុបកម្ម ដោយសេចក្តីថ្លែងការណ៍នោះបញ្ជាក់ខុសថា សាលក្រមនោះបានធ្វើឡើងនៅចំថ្ងៃដែលសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាស។ តាមពិត សកម្មជនទាំងនោះត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារនៅថ្ងៃទី២១ ខែកក្កដា ចំណែកឯសភាបានអនុម័តច្បាប់នោះនៅថ្ងៃទី១៣ ខែកក្កដា។
សេចក្តីថ្លែងការណ៍បានសន្និដ្ឋានដោយនិយាយថា ប្រទេសផ្តល់ជំនួយបន្តសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនឹងធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍សិទ្ធិមនុស្ស ប៉ុន្តែក្តីសង្ឃឹមនោះត្រូវបំផ្លាញដោយហ៊ុន សែន។
សេចក្តីថ្លែងការណ៍បាននិយាយថា “ប៉ុន្តែប្រទេសផ្តល់ជំនួយបានប្រតិកម្មដោយឥតប្រកែក ហើយទំនងជឿលើកម្មវាសនាថាអាចដាក់សម្ពាធលើ ហ៊ុន សែន ឲ្យបញ្ចប់ការរំលោភអំណាច”។
លោក ចេង ហុងបូ អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា ទោះបីជាប្រទេសផ្តល់ជំនួយធំបំផុតតែមួយគត់របស់ប្រទេសកម្ពុជាក៏ដោយ ក៏ក្រុងប៉េកាំងមិនមានតួនាទីនៅក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍សិទ្ធិមនុស្សដែរ។
លោក ចេង ហុងបូ បាននិយាយថា “គោលជំហររបស់យើងគឺតែងតែដូចគ្នា ពោលគឺយើងមិនជ្រៀតជ្រែកក្នុងកិច្ចការនៃប្រទេសអធិបតេយ្យទេ”។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលពិនិត្យមើលការរំលោភសិទ្ធិភាគច្រើនដែលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានមានប្រសាសន៍ថា ការរិះគន់ចុងក្រោយនេះគឺមានលក្ខណៈដដែលពីក្រុមនេះដែលតែងតែមានទុទិដ្ឋិនិយមច្រើនឆ្នាំមកហើយ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ” ខ្ញុំគិតថា HRW មិនមើលឃើញកម្ពុជាក្នុងផ្លូវវិជ្ជមានទេ មិនគួរឲ្យភ្ញាក់ផ្អើលទេ។ រាល់ឆ្នាំ ពាក្យអាក្រក់ ពាក្យអាក្រក់ ពាក្យអាក្រក់”៕រើន