យោងតាមនគរបាលបានឲ្យដឹងថា ព្រះ សង្ឃចំណាស់មួយអង្គដែលទើបតែបួសក្នុងពេលថ្មីៗបានសារភាពកាលពីម្សិលមិញថា បានរំលោភក្មេងស្រីអាយុ៩ឆ្នាំពីរនាក់ជាច្រើនលើកនៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីត្រូវបានចាប់ខ្លួននិងផ្សឹកកាលពីព្រឹកថ្ងៃពុធ។
ឈ្មោះ ឪ ថន អាយុ៦៨ឆ្នាំ ដែលបួសជាសង្ឃបានត្រឹមតែមួយខែ បានមកគង់នៅវត្តមួយក្នុងស្រុកសំពៅលូនកាលពីពីរសប្តាហ៍មុន ហើយត្រូវគេសង្ស័យថាបានរំលោភក្មេងស្រីពីរនាក់ដែលមករៀននៅសាលាមួយក្នុងវត្តនេះ នេះបើយោងតាមលោក លី រម្យ អធិការរងស្រុកនេះ។
លោកបានមានប្រសាសន៍ថា “សង្ឃអង្គនេះបានល្បួងក្មេងស្រីទាំងពីរនាក់នេះឲ្យមកកុដិរបស់ខ្លួនដោយឲ្យនំនិងលុយមួយចំនួនទៅពួកនាង”។ លោកបានបន្ថែមថា ឈ្មោះ ឪ ថន នេះបានរំលោភក្មេងស្រីទាំងពីរនាក់នេះជាច្រើនលើកនៅថ្ងៃទី៦ទី៨ និងទី៩ នៅក្នុងខែមករានេះដោយឲ្យលុយប៉ុន្មានពាន់រៀលទៅពួកនាងរាល់មុនពេលធ្វើសកម្មភាពរំលោភ។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីឪពុកម្តាយជនរងគ្រោះទទួលបានដំណឹងអំពីការចាប់រំលោភនេះពីក្មេងៗដទៃទៀត ពួកគាត់ បានសួរបញ្ជាក់កូនៗរបស់ខ្លួនថា តើពិតជាមានរឿងចាប់រំលោភមែនឬអត់។ពេលក្មេងស្រីទាំងពីរនាក់នេះបានបញ្ជាក់រួច ឪពុកម្តាយរបស់ពួកនាងបានទៅប្តឹងនគរបាលឃុំ”។
លោក លី រម្យ បានពន្យល់ថា ដើម្បីចាប់ព្រះសង្ឃអង្គនេះឲ្យបាន អាជ្ញាធរមូលដ្ឋានត្រូវតែទៅឃាត់ខ្លួនឈ្មោះ ឪ ថន ដល់កុដិកាលពីយប់ថ្ងៃអង្គារ មុនពេលបញ្ជូនគាត់ទៅវត្តមួយផ្សេងទៀតនៅព្រឹកឡើងដើម្បីផ្សឹកដោយមានការអនុញ្ញាតពីមន្ត្រីនៅមន្ទីរធម្មការ និងសាសនាខេត្ត។
លោក ប៊ន វណ្ណារ៉ា ស្នងការរងខេត្តនេះបានលើកឡើងថា ដំបូងឡើយជនសង្ស័យបានបដិសេធមិនព្រមទទួលកំហុសទេ ប៉ុន្តែ ទីបំផុតបានសារភាព បន្ទាប់ពីមានការជជីកសួរ។ លោកបានថ្លែងថា “ជនសង្ស័យបានសារភាពថា ខ្លួនបានរំលោភក្មេងស្រីទាំងពីរនាក់នេះ ហើយយើងនឹងបញ្ជូនគាត់ទៅតុលាការនៅថ្ងៃស្អែក”។
លោក នីវ អង អនុប្រធានភូមិចម្ការតាប៊ុន ជាកន្លែងដែលវត្តនេះស្ថិតនៅបានលើកឡើងថា ដោយសារឈ្មោះ ឪ ថន ទើបតែមកដល់ទី នេះក្នុងពេលថ្មីៗ លោកជឿជាក់ថា សកម្មភាព របស់សង្ឃអង្គនេះមិនប៉ះពាល់ដល់ភាពត្រឹម ត្រូវរបស់ព្រះសង្ឃផ្សេងទៀតនោះឡើយ។
លោកបានមានប្រសាសន៍ថា “យើងមិនស្គាល់សង្ឃអង្គនេះទេ មុនពេលករណីរំលោភសេពសន្ថវៈកើតឡើង”។ លោកបានបន្ថែមថា ឪពុកម្តាយរបស់ក្មេងស្រីទាំងពីរនាក់នេះជាកសិករដែលធ្វើការស្ទើរពេញមួយថ្ងៃ។ “ខ្ញុំលែងព្រួយបារម្ភអំពីក្មេងៗដទៃទៀតនៅក្នុងភូមិហើយ ព្រោះគាត់លែងនៅក្នុងវត្តនេះទៀតហើយ”។
ករណីរំលោភបំពានដែលប្រព្រឹត្តឡើងដោយព្រះសង្ឃត្រូវបានចាត់ទុកជាយូរមកថាជាករណីមិនប្រក្រតីនៅក្នុងជួរព្រះសង្ឃ ជាបញ្ហាដែលលេចឡើងកាលពីឆ្នាំមុនក្រោយពេលព្រះសង្ឃជារឿយៗបដិសេធថាមិនពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភបំពានផ្លូវភេទ ដែលកើតឡើងនៅតាមវត្តនានាទូទាំងប្រទេស។
កាលពីដើមខែវិច្ឆិកា ឈ្មោះ វង្ស ចិត្រអាយុ៤៦ឆ្នាំ ដែលជាអតីតចៅអធិការវត្តមួយនៅទីជនបទក្នុងខេត្តសៀមរាបបានសារភាពថា បានរំលោភសាមណេចំនួន១០អង្គដែលស្ថិតក្រោមការមើលថែរបស់ខ្លួនហើយការសើុបអង្កេតមួយត្រូវបានធ្វើឡើងដើម្បីរកឲ្យឃើញថា តើ វង្ស ចិត្រ នេះមានបានប្រព្រឹត្ត បទល្មើសស្រដៀងៗគ្នានេះដែរ ឬទេពេលគង់នៅវត្តផ្សេងៗទៀតនៅទូទាំងប្រទេស។
លោក អាឡាស្ទែ ហីុលតុន (Alastair Hilton) ជាទីប្រឹក្សាផ្នែកបច្ចេកទេសនៅអង្គការ NGO First-Step Cambodia ដែលបានធ្វើការសិក្សាស្រាវជ្រាវលើការរំលោភបំពានជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា បាននិយាយថា ខណៈព្រះសង្ឃពុំបានប្រព្រឹត្តបទល្មើសច្រើនជាងពលរដ្ឋទូទៅនោះ ឋានៈជាសង្ឃនៅក្នុងសង្គម បានធ្វើឲ្យករណីរបស់ព្រះសង្ឃក្លាយជាករណីធ្ងន់ធ្ងរ។
លោកបានមានប្រសាសន៍ថា “អ្នកដែលបានបួសជាសង្ឃគឺគ្រាន់តែជាបុថុជ្ជនប៉ុណ្ណោះ ហើយបុថុជ្ជនរំលោភបំពានអ្នកដទៃអ៊ីចឹងហើយ”។ លោកបានបន្ថែមថា ព្រះសង្ឃដែលបានប្រព្រឹត្តអំពើខុសឆ្គងជារឿយៗត្រូវបានចាត់ទុកថា ជា”មនុស្សអាក្រក់”។
លោកបានបន្ថែមទៀតថា “ពួកគាត់ជារឿយៗតែងតែត្រូវបានចាត់ទុក ឬត្រូវគេមើលឃើញថា ជាមនុស្សដែលធ្វើឲ្យខូចសង្គម ឬហៅថា ជាមនុស្សអាក្រក់។នោះប្រហែលជារឿងពិត ប៉ុន្តែ បញ្ហាគឺនៅត្រង់ថា វាប្រហែលជាកើតឡើងជាប្រព័ន្ធ។ ប្រសិនបើយើងមិនបានចាត់វិធានការការពារទេនោះ គឺយើងបណ្តោយឲ្យក្មេងៗស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ហើយ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Taylor O’Connell)