27.5 C
Phnom Penh

ពីរនាក់​​​ប្តី​​​ប្រពន្ធ​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​ពី​​​បទ​​​ប្រើ​​​ការ​​​ងារ​​​កុមារ​​​នៅ​​​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរ​​​នាក់​​​ប្តី​​​ប្រពន្ធ​​​ដែល​​​​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ខែ​​​កញ្ញា​​​​​​ពី​​​បទ​​​ជួល​​​កុមារ​​​២០​​​នាក់​​​ពី​​​ឪពុក​​​ម្តាយ​​​របស់​​​គេ​​​ និង​​​បង្ខំ​​​ឲ្យ​​​​​​ពួក​​​គេ​​​​​​ដើរ​​​លក់​​​ផ្លែ​​​ឈើ​​​​​​​​​នៅ​​​តាម​​​ផ្លូវ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ និង​​​ហាង​​​លក់​​​ស្រា​​​បៀរ​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​​​​នៅ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។

កុមារ​​​៩​​​នាក់​​​ក្នុង​​​ចំណោម​​​កុមារ​​​ទាំង​​​អស់​​​​​​​​​បាន​​​ផ្តល់​​​សក្ខី​​​កម្ម ដោយ​​​ពន្យល់​​​​​​​​ថា​​​ពួកគេ​​​​​​ត្រូវ​​​បង្ខំ​​​​​​ឲ្យ​​​ធ្វើ​​​ការ​​​​​​រហូត​​​ដល់​​​ម៉ោង​​​៣ ឬ​​​៤​​​​​​ព្រឹក​​​ បាន​​​ដេក​​​តិច​​​តួច និង​​​បង្ខំ​​​​​​ដេក​​​ក្នុង​​​បន្ទប់​​​រួម​​​គ្នា​​​គ្មាន​​​ខ្យល់​​​ចេញ​​​ចូល។​​​​​​ប្តី​​​របស់​​​គាត់​​​មិន​​​ដែល​​​​​​វាយ​​​ដំ​​​ពួក​​​គេ​​​ទេ ប៉ុន្តែ​​​ប្រពន្ធ​​​របស់​​​គាត់​​​​​​ជួនកាល​​​វាយ​​​ពួក​​​គេ​​​តិចៗ​​​ដែរ។

ក្មេង​​​ស្រី​​​ម្នាក់​​​អាយុ​​​១៤​​​ឆ្នាំ​​​​​​បានប្រាប់​​​​​​តុលាការ​​​តាម​​​​​​​​​វីដេអូ​​​ថា “កន្លែង​​​ដេក​​​​​​មិន​​​ល្អ​​​ទេ ព្រោះ​​​​​​ក្មេង​​​ប្រុស​​​ដេក​​​ជាមួយ​​​ក្មេង​​​ស្រី​​​”។ ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ​​​នាង​​​តែង​​​តែ​​​​​​ដេក​​​លើ​​​តុ​​​នៅ​​​ខាង​​​ក្រៅ។​​​​​​​​​​​​

ក្នុង​​​ខែ​​​កញ្ញា នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​បាន​​​ឆ្មក់​​​ចូល​​​​​​ផ្ទះ​​​របស់​​​ ជា សាឌី និង​​​ធេន វ៉ាន់ថៃ​​​​​​ នៅ​​​ខណ្ឌ​​​ច្បារ​​​អំពៅ ដោយ​​​បាន​​​រក​​​ឃើញ​​​កុមារ​​​២២​​​នាក់​​​​​​កំពុង​​​រស់​​​នៅ​​​កុំ​​​គ្នា​​​ក្នុង​​​ផ្ទះ​​​​​​ចង្អៀត។​​​

មានអាយុ​​​ពី​​​៦​​​ឆ្នាំ​​​ដល់​​​១៧​​​ឆ្នាំ​​​ កុមារ​​​​​​ទាំង​​​នោះ​​​គឺ​​​ជា​​​បណ្តាញ​​​ក្រុម​​​​​​ប្រើ​​​ការងារ​​​កុមារ​​​​​​ដែល​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​​​​យប់ៗ​​​​​​រហូត​​​ដល់​​​ព្រឹក ដើម្បី​​​ដោះ​​​បំណុល​​​​​​ឪពុកម្តាយ​​​​​​ដែល​​​ឲ្យ​​​ខ្ចី​​​បុល​​​ដោយ​​​​​​មេខ្យល់​​​។ មន្ត្រី​​​បាន​​​និយាយ​​​ថា កុមារ​​​ខ្លះ​​​​​​បាន​​​រស់​​​នៅ​​​ទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​​​​៤​​​ឆ្នាំ​​​មក​​​ហើយ។​​​​​​

មេធាវី​​​បាន​​​និយាយ​​​​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា កុមារ​​​ពីរ​​​នាក់​​​ក្នុង​​​បណ្តា​​​២២​​​នាក់ គឺ​​​ជា​​​កូន​​​របស់​​​ប្តី​​​ប្រពន្ធ​​​នោះ ហើយ​​​ក្មេង​​​ម្នាក់​​​ជា​​​ក្មួយ​​​ស្រី​​​​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ​​​ថ្លើម​​​​​​គួប​​​ផ្សំ​​​នឹង​​​​​​ស្ថាន​​​ភាព​​​រស់​​​នៅ​​​ក្រី​​​ក្រ។​​​

ពីរ​​​នាក់​​​ប្តី​​​ប្រពន្ធ​​​​​​កំពុង​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​ពី​​​បទ​​​​​​ដាក់​​​អនីតិជន​​​ឲ្យ​​​ធ្វើ​​​ការ​​​ធ្ងន់​​​​​​ដែល​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ដល់​​​សុខ​​​ភាព ប៉ុន្តែ​​​​​​​​​ដោយ​​​សារ​​​តែការ​​​​​​ស្លាប់ លោក ជា សុភី មេធាវី​​​ជន​​​រងគ្រោះ​​​បាន​​​​​​សំណូមពរ​​​ឲ្យ​​​តុុលាការ​​​​​​បន្ថែម​​​បទ​​​ចោទ​​​ស្ថាន​​​ទម្ងន់​​​ទោស​​​​​​ដោយសារ​​​ស្លាប់​​​អនី​​​តិជន ដែល​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​១៥​​​ឆ្នាំ។​​​

ទាំង​​​លោក សាឌី ទាំង​​​អ្នកស្រី​​​ វ៉ាន់ថៃ បាន​​​បដិសេធ​​​ថា​​​មិន​​​បាន​​​រំលោភ​​​ច្បាប់​​​ទេ ដោយ​​​និយាយ​​​ថា​​​​​​ក្មេង​​​នៅ​​​ក្នុង​​​បន្ទុក​​​របស់​​​ពួកគេ ​​​គឺ​​​ជា​​​កុមារ​​​​​​ពី​​​​​​គ្រួសារ​​​ក្រខ្សត់​​​​​​ដែល​​​ពួក​​​គេ​​​​​​ជួយ​​​យក​​​មក​​​ចិញ្ចឹម។​​​​​​​​​

លោក សាឌី បាន​​​ប្រាប់​​​តុលាការ​​​ថា “ខ្ញុំ​​​បាន​​​យក​​​ពួកគេ​​​​​​មក​​​ទី​​​នេះ​​​ដោយ​​​មាន​​​ការ​​​យល់​​​ព្រម​​​​​​ពី​​​ឪពុកម្តាយ​​​ពួកគេ ហើយ​​​គេ​​​​​​ជា​​​ក្មួយ​​​ប្រុស​​​ស្រី​​​​​​របស់​​​ប្រពន្ធ​​​ខ្ញុំ”។

លោក សាឌី បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​យក​​​ពួកគេ​​​មក​​​ទេ ប៉ុន្តែ​​​ឃើញ​​​គេ​​​ក្រ​​​ពេក​​​ ខ្លះ​​​បាន​​​ទៅ​​​រៀន ហើយ​​​ខ្លះ​​​មិន​​​បាន​​​ទៅ​​​រៀន​​​ ហើយ​​​ពួកគេ​​​ក៏​​​ជា​​​ក្មួយ​​​ប្រុស ក្មួយ​​​ស្រី​​​របស់​​​ខ្ញុំ​​​ដែរ។ អ៊ីចឹង​​​ហើយ​​​​​​បាន​​​ជា​​​ខ្ញុំ​​​សម្រេច​​​យក​​​ពួក​​​គេ​​​មក។ ខ្ញុំ​​​មិន​​​ដឹង​​​ថា​​​ខុស​​​ទេ​​​ ពេល​​​ខ្ញុំ​​​យក​​​ពួកគេ​​​មក​​​ទី​​​នេះ”។

សួរ​​​ដោយ​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​ យិន សារឿន ថាតើ​​​កុមារ​​​ទាំង​​​នោះ​​​បានទទួល​​​ការ​​​យល់​​​ព្រម​​​ពី​​​ឪពុក​​​ម្តាយ​​​របស់​​​ពួកគេ​​​ឬ​​​យ៉ាង​​​ណា លោក សាឌី បាន​​​និយាយ​​​ថា ​​​មាន​​​ការ​​​យល់​​​ព្រម​​​ពី​​​ឪពុកម្តាយ​​​​​​របស់​​​ពួកគេ​​​ទាំង​​​អស់។

ខណៈដែល​​​លោក សាឌី បាន​​​សារភាព​​​ថា ស្ថានភាព​​​រស់​​​នៅ​​​​​​មិន​​​សូវ​​​សមរម្យ​​​មែន​​​ លោក​​​បាន​​​និយាយ​​​ដោយ​​​ទទូច​​​ថា កុមារ​​​ទាំង​​​នោះ​​​​​​ធ្វើការ​​​ពី​​​ម៉ោង​​​៦​​​ល្ងាច​​​ដល់​​​ម៉ោង​​​១១​​​យប់​​​ ហើយ​​​បាន​​​បញ្ជាក់​​​ថា ពួក​​​គេ​​​ពុំ​​​ដែល​​​រង​​​ការ​​​វាយ​​​ដំ​​​ទេ និង​​​ទទួល​​​បាន​​​អាហារ​​​បរិភោគ​​​គ្រប់​​​គ្រាន់​​​ គឺ​​​ជា​​​​​​ការ​​​អះអាង​​​​​​ដែល​​​កុមារ​​​យល់​​​ស្រប។​​​លោក សាឌី​​​ បាន​​​និយាយ​​​ថា ​​​កុមារ​​​ខ្លះ​​​​​​​​​​​​​​​លក់​​​ដល់​​​យប់​​​​​​ដើម្បី​​​ទទួល​​​បាន​​​លុយ​​​ទឹក​​​តែ​​​បន្ថែម។​​​​​​​​​​​​លោក​​​ស្រី វ៉ាន់ថៃ ដែល​​​កាល​​​ពី​​​មុន​​​​​​នគរ​​​បាល​​​ហៅឈ្មោះ​​​ថា ខែន វ៉ាន់ឌី បាន​​​និយាយ​​​ថា កុមារ​​​ទាំង​​​អស់​​​​​​ទទួល​​​បាន​​​ប្រាក់​​​ឈ្នួល​​​ជា​​​ប្រចាំ​​​ ម្ហូប​​​អាហារ​​​គ្រប់​​​គ្រាន់​​​ ហើយ​​​ពុំ​​​ដែល​​​ទទួល​​​រង​​​ហិង្សា​​​ទេ។​​​

លោក គីម រតនា មេធាវី​​​ការពារ​​​ក្តី​​​ប្តី​​​ប្រពន្ធ​​​នេះ បាន​​​សំណូមពរ​​​ឲ្យ​​​កាត់​​​ទោស​​​ស្រាល​​​​​​​​​បំផុត ដោយ​​​និយាយ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​​​​មិន​​​ចេះ​​​ច្បាប់​​​ទេ ហើយ​​​កត់​​​សម្គាល់​​​ថា​​​ ឪពុក​​​ម្តាយ​​​របស់​​​ពួកគេ​​​​​​បាន​​​ស្មគ្រចិត្ត​​​ប្រគល់​​​​​​កូនៗ​​​របស់​​​គេ​​​​​​ឲ្យ​​​ប្តី​​​ប្រពន្ធនេះ​​​ចិញ្ចឹម​​​ថែរក្សា។

មេធាវី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ឪពុកម្តាយ​​​របស់​​​ពួកគេ​​​​​​ស្មគ្រ​​​ចិត្ត​​​ ព្រោះ​​​គេ​​​ជា​​​អ្នក​​​ស្រែ ហើយ​​​ជួប​​​រាំង​​​ស្ងួត”។

នៅ​​​ខាង​​​ក្រៅ​​​តុលាការ អ្នកស្រី អូន តឿ អាយុ​​​៤៥​​​ឆ្នាំ​​​ មក​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង​​​កំពុង​​​ឈរ​​​ជាមួយ​​​កូន​​​​​​ស្រី​​​គាត់​​​ ដែល​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​ជន​​​រងគ្រោះ​​​ដែរ។​​​ សួរ​​​ថា​​​ហេតុ​​​ម៉េច​​​បាន​​​ជា​​​គាត់​​​ឲ្យកូន​​​​​​ស្រី​​​គាត់​​​ទៅ​​​ប្តី​​​ប្រពន្ធ​​​នោះ អ្នកស្រី អូន តឿ បាន​​​និយាយ​​​ថា អ្នកស្រី​​​គ្មាន​​​ជម្រើសទេ។

អ្នកស្រី អូន តឿ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ក្រណាស់ ខ្ញុំ​​​ជា​​​អ្នកស្រែ ហើយ​​​ជីវភាព​​​ដុន​​​ដាប”។

សាល​​​ក្រម​​​នឹង​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែកុម្ភៈ៕ រើន​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស