
ក្នុងពេលមានសំណង់អគារជ្រោងច្រាងក្នុងភ្នំពេញ ការដ្ឋានសាងសង់កើនឡើងទ្វេដងជាកន្លែងស្នាក់នៅសម្រាប់គ្រួសារកម្មករទាំងមូល
នាពេលរសៀលមួយថ្មីៗនេះ រស់ ស្រីម៉ៅ សម្រាកជាមួយកូនស្រីអាយុ១១ឆ្នាំរបស់នាង និងអ្នកជិតខាង មើលទូរទស្សន៍ ខណៈដែលដេកសន្ធឹងលើរានឈើមួយដែលមានស្ទើរគ្រប់ផ្ទះនៅកម្ពុជា។
ឆ្នាំងចានគរនៅក្បែរ ហើយខោអាវបោកគក់ហាលរយីងរយោងនៅសឹងតែគ្រប់កន្លុកកន្លៀត។ មេមាន់បន្លឺសូរក្រុកៗដើរពីកន្លៀតមួយ។
នេះជាទិដ្ឋភាពគ្រួសារមួយ ដែលមានភាពខុសគ្នាមួយ គឺ អ្នកស្រី ស្រីម៉ៅ រស់នៅលើការដ្ឋានសំណង់ដែលកំពុងដំណើរការសាងសង់។
រួមជាមួយនឹងគ្រួសារមួយចំនួនតូចទៀត អ្នកស្រី ប្តីនិងកូនស្រីរបស់ខ្លួនរៀបចំកន្លែងស្នាក់នៅនៅជាន់ក្រោមនៃអគារផ្ទះល្វែងដែលសង់ហើយពាក់កណ្តាល ដែលផុសឡើងសន្សឹមៗពីលើដំបូលនៃសង្កាត់បឹងកេងកង៣ ក្នុងខណ្ឌចម្ការមន ក្រុងភ្នំពេញ។
នៅខាងក្រៅ ដងស្ទូចសំណង់និងឡានលាយស៊ីម៉ង់ត៍កំពុងមានសកម្មភាពមមាញឹកបំផុត បង្កើតជាសំឡេងលាន់ឮខ្លាំងទ្រហ៊ឹងអឺងអាប់ ដែលសឹងតែលុបបាត់សំឡេងទូរទស្សន៍ទៅហើយ។
មានដើមកំណើតនៅខេត្តតាកែវ អ្នកស្រី ស្រីម៉ៅ ជាកម្មករម្នាក់ក្នុងចំណោមកម្មករសំណង់ដែលដើរចរច្រប់អារ៉ប់ក្នុងក្រុងភ្នំពេញ ដែលរើពីការដ្ឋានអគារមួយកន្លែងទៅមួយកន្លែងទៀត រកប្រាក់បានប្រហែល៥ដុល្លារក្នុងមួយថ្ងៃ។
ការងាររបស់អ្នកស្រីគឺដំឡើងរន្ទាឫស្សី ចំណែកឯប្តីរបស់អ្នកស្រីធ្វើការងារធ្ងន់ជាងនេះ។
ដោយខ្វះប្រាក់កាសដើម្បីជួលបន្ទប់ស្នាក់នៅក្នុងក្រុង និងគ្មានគ្រួសារ ឬ មិត្តភក្តិនៅក្បែរនោះ ជារឿយៗ ពួកគេសង់ជម្រកនៅតាមការដ្ឋានសំណង់។
អ្នកស្រី ស្រីម៉ៅ បាននិយាយថា អ្នកស្រីមិនគិតអំពីស្ថានភាពខ្លួនឯងទេ ប៉ុន្តែ អ្នកស្រីមិនចង់នាំកូនស្រីអាយុ១១ឆ្នាំមកជាមួយទេ។
អ្នកស្រីបាននិយាយថា “ខ្ញុំនាំវាមកជាមួយខ្ញុំ ពីព្រោះខ្ញុំគ្មានជម្រើស។ ខ្ញុំគ្មាននរណាមើលថែវាទេ”។
“ខ្ញុំបារម្ភអំពីវារស់នៅទីនេះ ខ្លាចវាឈឺ ឬថ្មឬឧបករណ៍សំណង់ធ្លាក់លើវា”។
នៅការដ្ឋានសំណង់មួយផ្សេងទៀតក្នុងខណ្ឌដូនពេញ ជាកន្លែងដែលមានហាងខារ៉ាអូខេកម្ពស់ច្រើនជាន់កំពុងផុសត្រដែតពីកែងផ្លូវ ព្រំ មនោរា អាយុ២៥ឆ្នាំ អង្គុយជាមួយកូនស្រីតូចរបស់នាង។ នាងរស់នៅទីនេះជាមួយប្តីរបស់នាងរយៈពេលប្រហែលមួយខែហើយ។
នាងមិនបារម្ភអំពីសុវត្ថិភាពកូនស្រីរបស់នាងទេ នាងខ្វល់អំពីថ្លុកទឹកកខ្វក់ដ៏ធំមួយនៅជាន់ក្រោមនៃការដ្ឋាននោះ ដែលពោរពេញដោយសំរាមនិងមូសច្រើន។
នាងបាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ដូចខ្ញុំនៅផ្ទះខ្ញុំអ៊ីចឹង ហើយខ្ញុំមិនព្រួយអំពីកូនស្រីរបស់ខ្ញុំ ទាក់ទិននឹងសុវត្ថិភាពនិងសន្តិសុខទេ ប៉ុន្តែខ្ញុំព្រួយអំពីបញ្ហាសុខភាពរបស់វា ពីព្រោះមានមូសច្រើនណាស់នៅទីនេះ”។
រឿងរ៉ាវរបស់កម្មករទាំងនេះ បង្ហាញភាពផ្សេងគ្នានៃឧស្សាហកម្មសំណង់នៅក្រុងភ្នំពេញ ដែលជិតក្លាយទៅជាវិស័យមួយនៃវិស័យដ៏ធំបំផុតក្នុងសេដ្ឋកិច្ចកម្ពុជា ដែលមានតម្លៃជាទឹកប្រាក់ប្រហែល៣.០០០លានដុល្លារ ដោយគ្មានសញ្ញាថមថយឡើយ។

យោងតាមសេចក្តីរាយការណ៍ថ្មីបំផុតស្តីពីវិស័យសំណង់របស់ប្រទេសកម្ពុជា ដែលចេញដោយក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្មនិងសំណង់ឲ្យដឹងថា ប្រជាពលរដ្ឋរវាង២០៨.២៩០ និង ២៥១.៤៩០នាក់ ធ្វើការនៅតាមការដ្ឋានសំណង់នៅទូទាំងប្រទេសរាល់ថ្ងៃ ហើយរវាង៩៦.៥០០នាក់ដល់១០៨.៥០០នាក់ក្នុងចំណោមពួកគេគឺស្ថិតនៅក្នុងក្រុងភ្នំពេញ។
ទោះជាយ៉ាងនេះក្តី សព្វថ្ងៃមិនមានច្បាប់គ្រប់គ្រងសុវត្ថិភាពការដ្ឋានសំណង់ជាក់លាក់ទេ ដោយរដ្ឋាភិបាលទុកការទទួលខុសត្រូវនេះលើក្រុមហ៊ុននីមួយៗ។
ចំពោះលោក ចាស្ទីន លេនឌិស អ្នកគ្រប់គ្រងគម្រោងមួយនៅក្រុមហ៊ុនគ្រប់គ្រងសំណង់ ACH មានមូលដ្ឋាននៅក្រុងបាងកក ដែលធ្វើការលើគម្រោងមួយចំនួនក្នុងប្រទេសកម្ពុជាបាននិយាយថា មានបញ្ហាច្រើនណាស់ទាក់ទងនឹងកន្លែងស្នាក់នៅបណ្តោះអាសន្នទាំងនេះ។
លោកបាននិយាយថា “គោលបំណងមួយក្នុងចំណោមគោលបំណងជាច្រើនរបស់យើង គឺលើកកម្ពស់ការយល់ដឹងនៃលក្ខខណ្ឌការដ្ឋាន សុខភាព និងបរិស្ថានសុវត្ថិភាព”។
លោកបានបន្ថែមថា “ការលុបបំបាត់កន្លែងស្នាក់នៅនៅការដ្ឋានគឺជាវិធីមួយក្នុងចំណោមវិធីទាំងនោះ ពីព្រោះវាគ្មានសុវត្ថិភាពសោះ។ ស្ត្រី កុមារ អាហារ សម្លៀកបំពាក់ ទាំងអស់នេះ មានគ្រោះថ្នាក់អគ្គិភ័យ។ គេដាំស្លនៅការដ្ឋាននៅពេលយប់”។
“អ្នកនាំភ្ញៀវមកមើលគម្រោង ហើយពួកគេមើលឃើញក្មេងៗដើរជុំវិញការដ្ឋាន ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងណាស់ ហើយប៉ះពាល់ដល់យើងផ្ទាល់។ ការយល់ឃើញគឺសព្វបែបយ៉ាង”។

យោងតាមលោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា បទបញ្ញត្តិការងារដែលមានស្រាប់ធ្វើឲ្យវាខុសច្បាប់ចំពោះក្មេងៗនៅតាមការដ្ឋានសំណង់ និងចែងថា គួរមានកន្លែងដោយឡែកសម្រាប់កម្មកររស់នៅ។
លោកបាននិយាយថា “យោងតាមច្បាប់ យើងរឹតត្បិតការងារមិនគ្រប់អាយុ ហើយគួរមានបន្ទប់ដោយឡែក ប៉ុន្តែ វាអាស្រ័យលើការចរចារវាងកម្មករនិងក្រុមហ៊ុន”។
យោងតាមអង្គការពលកម្មអន្តរជាតិ និងទិន្នន័យថ្មីបំផុតដែលទើបអាចទទួលបានឲ្យដឹងថា បទបញ្ញត្តិមិនគ្រប់គ្រាន់ រួមជាមួយនឹងការអនុវត្តតិចតួចនូវច្បាប់មានស្រាប់ ប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃឧស្សាហកម្មសំណង់ ដោយមានការស្លាប់នៅតាមការដ្ឋានសំណង់ដោយសារការខ្វះបទបញ្ញត្តិសុវត្ថិភាព បានកើនឡើងប្រហែលបួននាក់ក្នុងមួយថ្ងៃនៅឆ្នាំ២០០៩។
លោក លេនឌីស បាននិយាយថា ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន ការចំណាយធ្វើតាមបទបញ្ញត្តិការងារគឺខ្ពស់ណាស់ ដែលឱកាសអាចមានមនុស្សម្នាក់ស្លាប់នៅការដ្ឋានសំណង់អាចជាការប្រថុយ។
លោកបាននិយាយថា “ពេលនរណាម្នាក់ស្លាប់ ជាធម្មតាមានការបង់លុយប្រហែល២.៥០០ដុល្លារ ដូច្នេះទាក់ទងនឹងអ្នកម៉ៅការ នោះគឺជាហានិភ័យដែលគេសុខចិត្តទទួលយក។ ប្រសិនបើគេបាត់បង់ជីវិត ហើយគេចំណាយតែ២.៥០០ដុល្លារសម្រាប់ធ្វើបុណ្យសព នេះគឺជាទឹកមួយតំណក់តូចសម្រាប់ការចំណាយលើការសាងសង់។ គេអាចមានប្រាក់គ្រប់គ្រាន់ដើម្បីបង់”។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏លោកបាននិយាយថា មានច្បាប់ជាធរមាន ដើម្បីផ្តន្ទាទោសអ្នកអភិវឌ្ឍដែលការសាងសង់របស់ពួកគេបង្កឲ្យមានរបួសស្នាម ឬការស្លាប់។ លោកបាននិយាយថា “ច្បាប់ចែងយ៉ាងច្បាស់ថា ប្រសិនបើមានកំហុសណាមួយ និងប្រសិនបើមានរបួស ក្រុមហ៊ុនសំណង់ចាំបាច់ត្រូវបង់ប្រាក់មិនមែនតែសំណងនិងថ្លៃពេទ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រឈមនឹងបទចោទព្រហ្មទណ្ឌដែរ ប្រសិនបើពួកគេបង្ករបួសដល់មនុស្ស”។
ច្បាប់ថ្មីដែលធ្វើបញ្ញត្តិកម្មសំណង់សព្វថ្ងៃកំពុងព្រាង ហើយរំពឹងថានឹងចប់រួចរាល់នៅចុងឆ្នាំនេះ។ លោក ភឿង សុភ័ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ច្បាប់នេះចង់លុបបំបាត់បញ្ហាអាក្រក់មួយចំនួនទាក់ទងនឹងជម្រកស្នាក់នៅនៅការដ្ឋានសំណង់ ក្នុងនោះមានទាំងហាមក្មេងៗមិនឲ្យនៅការដ្ឋានសំណង់ផង។
លោកបាននិយាយថា “ប៉ុន្តែ ក្នុងករណីកម្មករ វាអាស្រ័យលើស្ថានការណ៍ជាក់ស្តែងនៃការដ្ឋានសំណង់ ហើយប្រសិនបើពួកគេទទួលបានការអនុញ្ញាតឲ្យ[ស្នាក់នៅទីនោះ] ម្ចាស់ការដ្ឋានសំណង់នឹងត្រូវរៀបចំការស្នាក់នៅសមរម្យសម្រាប់ពួកគេជាមួយនឹងបរិស្ថានល្អផង”។ លោកបានបន្ថែមថា កម្មករនឹងមិនទទួលបានការអនុញ្ញាតឲ្យរស់នៅតាមការដ្ឋានអគារតូចទេ។
នៅពេលសួរថាតើនឹងចាត់វិធានការយ៉ាងម៉េច ប្រសិនបើច្បាប់ទាំងនេះមិនត្រូវបានអនុវត្តតាមទេនោះ លោកបាននិយាយថា “ច្បាប់កំពុងព្រាងនៅឡើយ ដោយសង្ឃឹមថា នឹងហើយរួចរាល់នៅឆ្នាំនេះ។ ដូច្នេះ ខ្ញុំមិនអាចឆ្លើយសំណួរនេះបានទេ”។

យោងតាមលោក អ៊ី សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោតបានឲ្យដឹងថា របៀបរស់នៅបណ្ណោះអាសន្នរបស់កម្មករសំណង់ជាច្រើននាក់ និងគ្រួសាររបស់ពួកគេ ប៉ះពាល់ដល់ស្ត្រីនិងកុមារ ភាគច្រើនបំផុត។
លោកបាននិយាយថា “មិនមានអនាម័យត្រឹមត្រូវទេ គ្មានទឹកស្អាត ឬ អគ្គិសនី ហើយហានិភ័យដោយហិង្សាណាស់ ជាពិសេសចំពោះស្ត្រីដែលស្នាក់នៅទីនោះ។ សន្តិសុខផ្ទាល់ខ្លួនមិនល្អសោះ”។
“កូនៗមិនអាចទៅសាលារៀន ពីព្រោះពួកគេមិនអាចចុះឈ្មោះនៅសាលាក្នុងមូលដ្ឋាន។ ពួកគេត្រូវការឯកសារ ហើយម្យ៉ាងទៀតគ្រួសាររបស់ពួកគេចល័តចុះឡើងៗ ពួកគេត្រូវផ្លាស់ទៅកន្លែងផ្សេង ដូច្នេះពួកគេមិនអាចរៀនបានទេ”។
តាមពិត ការបញ្ជូនកូនស្រីអាយុ១១ឆ្នាំទៅសាលា រឹតតែអត់លទ្ធភាពទៀតសម្រាប់អ្នកស្រី ស្រីម៉ៅ និងប្តីរបស់អ្នកស្រី។
មិនមានអ្នកណាមើលថែកូននៅស្រុកកំណើតរបស់ពួកគេនៅខេត្តព្រៃវែង ដែលពួកគេចំណាយពេលខ្លះធ្វើស្រែនោះទេ។
ក្នុងក្រុងភ្នំពេញ ពួកគេមិនមានអាសយដ្ឋានជាប់លាប់ ហើយមិនអាចមានប្រាក់កាសចំណាយលើសៀវភៅ និងថ្លៃសាលាទេ។ ភាគច្រើននៃប្រាក់ដែលពួកគេរកបានចំណាយទៅលើការសងប្រាក់កម្ចី១.០០០ដុល្លារដែលគ្រួសារនេះបានខ្ចីបុល។
អ៊ីចឹងហើយ កូននៅរត់លេងក្បែរៗការដ្ឋានសំណង់ មិនបានរៀនសូត្រអ្វីទេ។
អ្នកស្រី ស្រីម៉ៅ បាននិយាយថា “ខ្ញុំមិនអាចបញ្ជូននាងទៅសាលាបានទេ។ ព្រោះប្រាក់ដែលខ្ញុំរកបានមិនគ្រប់គ្រាន់ដើម្បីបង់ការប្រាក់បំណុលរបស់ខ្ញុំបានផង”។
នៅការដ្ឋានខណ្ឌដូនពេញឯណោះវិញ យឿន ណារុង កម្មករសំណង់អាយុ២០ឆ្នាំ ដែលមកពីខេត្តព្រៃវែងដែរ បានយកប្អូនស្រីអាយុ៨ឆ្នាំរបស់ខ្លួនឈ្មោះ លីហ័ង មកនៅជាមួយ នៅថ្ងៃឈប់សម្រាករបស់នាង។
គាត់បាននិយាយថា “ខ្ញុំគិតថា មានសុវត្ថិភាពសម្រាប់នាង ពីព្រោះអ្នកគ្រប់គ្រងរបស់ខ្ញុំបានណែនាំខ្ញុំ និងកម្មករផ្សេងទៀតកំុឲ្យបណ្តោយក្មេងៗចេញក្រៅការដ្ឋានសំណង់ ប៉ុន្តែ ត្រូវមើលថែពួកគេនៅខាងក្នុង ពីព្រោះនៅខាងក្នុងសម្ភារសំណង់និងដែកមិនអាចធ្លាក់ចុះបានទេ។
ខណៈដែលគាត់និយាយ លីហ័ង អង្គុយក្បែរគាត់លើកម្រាលឥដ្ឋលេងកម្ទេចថ្ម។
នៅពេលសួរ តើនាងចូលចិត្តរស់នៅការដ្ឋានសំណង់នេះទេ នាងគ្រាន់តែនិយាយថា “ខ្ញុំខ្លាច”៕ និត