សម្រាប់មនុស្សជាច្រើនដែលត្រូវបានបង្ខំឲ្យរៀបការក្នុងរបបខ្មែរក្រហមជាញឹកញាប់ការកសាងជីវិតថ្មីជាមួយប្តីប្រពន្ធរបស់ខ្លួនគឺជាកិច្ចការស្មុគស្មាញ និងសូម្បីតក់ស្លុតទៀតផង។
ប៉ុន្តែ ប្តីប្រពន្ធពីរគូក្នុងខេត្តកំពង់ឆ្នាំងបានរៀបការយ៉ាងសប្បាយរីករាយកាលពីថ្ងៃសុក្រ ដោយអះអាងថា ពួកគាត់រៀបការជាលើកដំបូងតាមប្រពៃណីដែលពួកគាត់ត្រូវបានបដិសេធជាង៤ទសវត្សរ៍មកហើយ។
អ្នកស្រី កែ ខាន់ ដែលបានរៀបការឡើងវិញជាមួយប្តីរបស់គាត់រយៈពេល៤០ឆ្នាំមកហើយបាននិយាយបន្ទាប់ពីពិធីថា “យើងសប្បាយរីករាយណាស់ ហើយមិនដែលគិតថា បានស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរនៅពិធីមង្គលការរបស់យើងឡើង ពីព្រោះអំឡុងរបបប៉ុល ពត យើងតម្រូវឲ្យរៀបការក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ហើយចាប់ដៃគ្នាហើយនិយាយថា ‘ប្តេជ្ញាៗ'”។

ពិធីនៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរត្រូវបានរៀបចំឡើងដោយអង្គការយុវសន្តិភាពជាអង្គការមិនមែនរដ្ឋាភិបាល ហើយឧបត្ថម្ភដោយអង្គការUSAID និងវិទ្យាស្ថានសន្តិភាព។
លោក ម៉ាន់ សុឃឿន អ្នកគ្រប់គ្រងកម្មវិធីផ្សះផ្សា និងចងចាំរបស់អង្គការយុវសន្តិភាពបានមានប្រសាសន៍ថា ក្នុងចំណោមប្តីប្រពន្ធដែលបានរៀបការ អ្នកអាយុច្រើនជាងគេគឺអាយុ៦៤ឆ្នាំ ហើយអាយុតិចជាងគេគឺ៥៤ឆ្នាំ។
ដោយកូនកំលោះស្លៀកឈុតសម្លៀកបំពាក់ពណ៌មាស និងកូនក្រមុំស្លៀកសម្លៀកបំពាក់មានដាំត្បូង ពីធីនេះមានភាពអធិកអធមជាងការរៀបការដំបូងរបស់ពួកគាត់ឆ្ងាយណាស់។
លោក សុខ ឃឿន បានថ្លែងថា ដោយចាប់ផ្តើមពីម៉ោង៧ព្រឹកដល់ម៉ោង១០យប់ ពិធីនេះអមដោយភ្លេង និងការរាំកម្សាន្ត។
លោកថ្លែងថា ប្តីប្រពន្ធទាំង៧គូសប្បាយរីករាយណាស់នៅក្នុងពិធីរៀបការរបស់ពួកគាត់ដែលមានភ្ញៀវចូលរួម២៥០នាក់ រួមទាំងកូនៗ និងចៅរបស់ពួកគាត់ផងដែរ”។
ប្រជាជនកម្ពុជា រាប់ពាន់ម៉ឺននាក់ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការជាផ្នែកនៃនយោបាយមួយដែលសំដៅបង្កើនឥទ្ធិពលរបស់ខ្លួន។ជាញឹកញាប់ ការរៀបការបែបនេះ និងការបង្ខំឲ្យផ្សំដំណេកបណ្តាលឲ្យប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ហើយជាលើកទី១ នឹងត្រូវដោះស្រាយដោយសាលាក្តីខ្មែរក្រហមនៅចុងឆ្នាំនេះ។ ប៉ុន្តែទន្ទឹមនឹងក្តីរន្ធត់ចំពោះពីអាពាហ៍ពិពាហ៍ចាប់បង្ខំនេះ ប្តីប្រពន្ធមួយចំនួនក៏បានបន្តរក្សាទំនាក់ទំនងជីវិតគូស្រកររបស់ខ្លួនដោយរីករាយ និងដោយក្តីស្រឡាញ់ដែរ។
យោងតាមលោក សុខឃឿន បានឲ្យដឹងថា ពិធីនេះគឺជាពិធីរៀបការឡើងវិញលើកទី២ ដែលរៀបចំឡើងដោយអង្គការយុវសន្តិភាពសម្រាប់ប្តីប្រពន្ធទាំងឡាយណាដែលបង្ខំឲ្យរៀបការក្នុងរបបប៉ុល ពត ដោយក្នុងឆ្នាំមុនមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញចំពោះប្តីប្រពន្ធ៧ គូ ។
លោកបានបន្ថែមថា អំឡុងពិធីនោះប្តីប្រពន្ធទាំងអស់ក៏បាននិយាយរឿងរ៉ាវដែលពួកគាត់ត្រូវបានបង្ខំឲ្យរៀបការមិនអាចបដិសេធបញ្ជារបស់របបនោះបានទេ ប្រសិនបើពួកគេចង់មានជីវិត។
ឥឡូវនេះអ្នកស្រី កែ ខាន់ អាយុ៥៧ឆ្នាំបាននិយាយថា អ្នកស្រីបានរៀបការជាមួយប្តីរបស់ខ្លួននៅពេលពួកគាត់ទាំងពីរមានអាយុតែ១៨ឆ្នាំប៉ុណ្ណោះ។
អ្នកស្រីបាននិយាយថា “ប្តីរបស់ខ្ញុំនិងខ្ញុំចង់រៀបការឡើងវិញ ពីព្រោះយើងមិនដែលបានរៀបការបានត្រឹមត្រូវឡើយ។ កាលពីថ្ងៃសុក្រ ការរៀបការរបស់ខ្ញុំគឺជាការចាប់ផ្តើមជីវិតថ្មីដូចជាការរៀបការរបស់ប្តីប្រពន្ធក្មេងៗដែរ”។
លោក សុខ ហ៊ត អាយុ៦០ឆ្នាំ ដែលត្រូវបានបង្ខំឲ្យរៀបការនៅពេលគាត់មានអាយុ២២ឆ្នាំបាននិយាយថា ពិធីនេះបានធ្វើឲ្យគាត់គិតថា អាពាហ៍ពិពាហ៍របស់គាត់គ្រាន់តែកើតឡើងដោយសាររបបជិះជាន់នេះប៉ុណ្ណោះ។
កសិកររូបនេះដែលឥឡូវមានកូន៨នាក់និងចៅ៩នាក់បាននិយាយថា “ពេលនេះយើងរៀបការដោយស្ម័គ្រចិត្ត”។
លោកបាននិយាយថា បើទោះជាពិធីនេះជាពិធីដ៏សំខាន់សម្រាប់ប្តីប្រពន្ធក្តី ក៏វាជាពេលបង្ហាញអារម្មណ៍សម្រាប់គ្រួសាររបស់ខ្លួនដែរ។
លោក ហ៊ត បាននិយាយថា “ពិធីរៀបការឡើងវិញកាលពីថ្ងៃសុក្រ គឺជាអនុស្សាវរីយ៍ផ្អែមល្ហែម នៅក្នុងជីវិតរបស់យើងដោយធ្វើតាមប្រពៃណីខ្មែរដោយមានកូនៗ និងចៅៗរបស់យើងចូលរួមផងដែរ”។
អ្នកស្រី កែ ខាន់ បានបន្ថែមថា “ចៅៗរបស់ខ្ញុំសប្បាយរីករាយណាស់ដោយឃើញជីតានិង ជីដូនរបស់់ពួកគេរៀបការឡើងវិញ”៕ សារុន