29 C
Phnom Penh

ឈើ​​​ប្រណីត​​​ជា​​​ច្រើន​​​​​​​​​​​​​​ត្រូវ​បាន​​រក​ឃើញ​​​​កប់​​​ក្នុង​​​​ដីនៅ​​​ទីតាំង​​​​​​​​​​​​​​​​​​របស់​ឧកញ៉ា ថៃ ​​​នៅ​​​ខេត្ត​​​​​​ត្បូង​​​ឃ្មុំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ​សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ ​បាន​បញ្ជាក់​ថា​​​រក​ឃើញ​​ឈើ​មាន​តម្លៃ​​ជាច្រើន​​​​​​​​កំណាត់​​​កប់​ក្នុង​ដី​នៅទីតាំង​​​​​​​​​​​​​មួយ​​​ដែល​ជាប់​​​​ទាក់​​​​ទិន​​​នឹង​​​ឈ្មួញឈើ​​​ស្ដុកស្ដម្ភ​​​​ម្នាក់​​​ក្នុង​​មូលដ្ឋាន ​​ជា​ផ្នែក​នៃ​​ការ​បន្ត​​ស្រាវជ្រាវ​រុក​រក​ស្តុក​ឈើ​ខុស​ច្បាប់​ទូទាំង​តំបន់​​ភាគ​​​​ឦសាន​​​នៃ​ប្រទេស​កម្ពុជា​។

​ការ​​​រក​​​​​​ឃើញ​​​​​​នេះ​​​កើត​មាន​ឡើង​​បន្ទាប់ពី​មាន​ព័ត៌មាន​​ថា ជន​បង្ក​អគ្គិភ័យ​ដែល​​​​​​មិន​ស្គាល់​​​អត្តសញ្ញាណ​បាន​ដុត​បំផ្លាញ​​ឈើ​មាន​តម្លៃ​​​​​​​​​​រាប់​​​​គំនរ​​​ក្នុង​ខេត្ត​មណ្ឌលគិរី ក្បែរ​ខាង​​​​ដើម្បី​​​​​​​​​​​​​​​​ព្យាយាម​​បំផ្លាញ​ភ័ស្តុតាង​កាលពី​ខែ​​​មុន។

កាលពី​ម្សិលមិញ លោក ហៀង សុភ័ក្ត្រ ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ​​​បាន​មាន​ប្រសាសន៍​ថា សុក្រំ​​ដែល​​​ជា​​​​​​​​​ប្រភេទ​ឈើ​​​លេខ​១​ចំនួន​៨៤​កង់​ត្រូវ​បាន​​​ជីក​ឃើញ​​​នៅ​​​​​ក្នុង​ស្រុក​អូររាំងឪ កាលពី​ថ្ងៃទី​១៨ ខែ​មករា។ លោក​បាន​បន្ត​ថា ឈើ​ទាំង​នេះ​​​រក​ឃើញ​នៅ​ទីតាំង​​មួយ​​​ដែល “ឧកញ៉ា ថៃ” ​បាន​ប្រើ​ប្រាស់​​សម្រាប់​​អាជីវកម្ម​ជួញដូរ​ឈើ​របស់​ខ្លួន​ “​ជាយូរ​មក​ហើយ​”។

ទោះ​​​បី​​​ជា​​មាន​ឋានៈ​​​ឧកញ៉ា​ ជា​​គោរមងារ​​​កិត្តិយស​ផ្លូវ​ការ​​ដែល​​​​អនុម័ត​ដោយ​​​​​​ព្រះ​​​មហា​ក្សត្រ និង​ទទួល​បាន​​ដោយ​សារ​ការ​បរិច្ចាគ​ប្រាក់​​​ចំនួន​១០​ម៉ឺន​ដុល្លារ​ជួយ​​​​​​ដល់​រដ្ឋ​​​​យ៉ាង​​​ណា​​​ក្ដី ក៏​ព្រះ​រាជអាជ្ញា​រូប​នេះ​អះអាង​ថា ​​លោក​​​​​មិន​ស្គាល់​​ឈ្មោះ​ពេញ​របស់​លោក ថៃ ឡើយ​។ ​លោក​ក៏​បដិសេធ​មិន​និយាយ​​​​​​ថា ពួកគេ​​​​​​​​​​​​បាន​​​រក​ឃើញ​ឈើ​កប់​ក្នុង​ដី​​​នេះ​​​តាម​​​​វិធី​ណា ឬ​​ហេតុ​អ្វី​​បាន​ជា​មាន​អ្នក​កប់​​​ឈើ​​៨៤​កំណាត់​ធំៗ​​​នេះ​​​ដែរ ប្រសិន​បើ​គ្មាន​អ្វី​​ត្រូវ​លាក់​លៀម​​​ទេ​នោះ​។

លោក​បាន​​​​​​បន្ថែម​​​​​​​ថា “​ខ្ញុំ​មិន​ហា៊ន​សន្និដ្ឋាន​ថា ឈើ​នៅ​​​ទីតាំង​​​​​​នេះ​​ខុស​ច្បាប់​​​​ទេ ព្រោះ​វា​ស្រេច​លើ​អ្នក​ជំនាញ​​មកពី​រដ្ឋបាល​ព្រៃ​ឈើ​​​សិក្សា​​​​​​​​​​​​​​​​​​ថា​តើ​​​​​​មាន​​​​​​អ្វី​​​​ខុស​ឬអត់។ ​​​ពេល​​​​​​នេះ​​​​​​កង​កម្លាំង​ប្រដាប់​អាវុធ​​​​​កំពុង​យាម​ឈើ​​ទាំង​នោះ​ហើយ​​​​​​​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ចូល​ទៅ​ខាង​ក្នុង​ទេ”។

​​​ចំណែក​​​ឯ​​​​​​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​​ដែល​ទទួល​បន្ទុក​តំបន់​នេះ ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​​​​​​​ទេ​​​ទាក់​​​ទិន​​​បញ្ហា​​​នេះ​​​។

​ដំណឹង​​​ស្ដី​​​ពី​​​ឈើ​កប់​ក្នុង​ដី​នេះ​កើត​មាន​ឡើង​​​ក្រោយ​​​ពី​​​មាន​សេចក្ដី​រាយការណ៍​​​​​កាល​​​ពី​​​​​១សប្ដាហ៍​មុន​ថា គំនរ​ឈើ​​​មួយ​​​ចំនួន​​​​​​​​​​ដែល​​ស្តុក​ទុក​នៅ​​ចម្ការ​​កៅស៊ូ Binh Phuoc 1 ក្នុង​ខេត្ត​មណ្ឌល​គីរី​​ ត្រូវ​ភ្លើង​ឆេះ​យ៉ាង​អាថ៌កំបាំង។ ​​​ក្រោយ​​​មក​​​ លោក ជា សុវណ្ណថេត ព្រះរាជ​អាជ្ញា​រង​​​អម​សាលា​ដំបូង​ខេត្ត​ ​​​បាន​​​​​​បញ្ជាក់​​​​ថា ​ចំនួន​ឈើ​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​​អណ្ដាត​ភ្លើង​មាន​ចំនួន​​១.៩០៩​​កំណាត់។

​ទោះ​បី​ជា​​អាជ្ញាធរ​​​ប្រញាប់​ដាក់​ការ​សង្ស័យ​​​លើ​ការ​លួច​ដុត​ក្ដី ក៏​ពួកគេ​​មិន​ទាន់​​បន្ទោស​ទៅ​​​​លើ​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​របស់​វៀតណាម ​​​ដែល​​​​​ទីតាំង​​​របស​់​​​ខ្លួន​​​​​​​​​​​ស្តុក​ឈើ​​​ដែល​​​​​​​​​រង​​​ការ​​​​​​ដុត​បំផ្លាញ​ឡើយ​។ ​​​ចំណែក​​​ឯ​​​អ្នក​គ្រប់គ្រង​ចម្ការ​កៅស៊ូ​នេះ​​​​បដិសេធ​ថា មិន​​​​បាន​​​ជាប់​ពាក់​ព័ន្ធ​​​ឡើយ។

​លោក អេង ហ៊ី ​អ្នក​នាំពាក្យ​​ក្រុមការ​ងារ​ពិសេស​ថ្មី​ដែល​ដឹកនាំ​ដោយ​កង​រាជអាវុធ​ហត្ថ​​​​​បាន​​សម្រុក​​​​ទៅ​​​បណ្ដា​ខេត្ត​​​ភាគ​ឦសាន​​​​​នេះ​​​​ដើម្បី​​រុក​រក​ឈើ​ខុស​ច្បាប់​ ​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​នៅ​តែ​ស៊ើប​អង្កេត​​​ករណី​​លួច​ដុត​គួរ​ឲ្យ​សង្ស័យ​នេះ ​ហើយ​​​មិន​ទាន់​កំណត់​អត្តសញ្ញាណ​​​ជន​សង្ស័យ​បាន​នៅ​ឡើយ​ទេ​។

សូម​​​​​​បញ្ជាក់​​​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​​បង្កើត​​​កង​កម្លាំង​ពិសេស​នេះ​​​​​​​​​នៅ​​​​ថ្ងៃទី១៥ ខែ​មករា ដោយ​ដាក់​ឲ្យ​លោក ​​​សៅ សុខា ​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​អ្នក​ទទួល​បន្ទុក​​​​​​ក្រុម​​​ការងារ​​​នេះ​​​។

កាលពី​ម្សិលមិញ ​នាយ​ឧត្ដម​សេនីយ៍ សៅ ​សុខា បាន​ចុះទៅ​​ខេត្ត​រតនគិរី ​​​ជា​​​​​​​​​តំបន់​​​​​​​កាប់​ឈើ​ខុស​ច្បាប់​​ដ៏​​​ក្តៅ​​​គគុក​​​ ដែល​ម្ចាស់​ចម្ការ​កៅស៊ូ​​ត្រូវ​បាន​ចោទ​ប្រកាក់​​​ជាយូរ​មក​ហើយ​​​ថា ​លាង​ឈើ​ដែល​​​​កាប់​​ក្នុង​​ព្រៃការ​ពារ​ និង​ដែន​ជម្រក​សត្វ​ព្រៃ​​ក្នុង​ខេត្ត​នេះ​។

​ឧត្ដម​សេនីយ៍​ត្រី អេង ហ៊ី ដែល​ជា​អ្នក​នាំ​ពាក្យ​​​កង​រាជអាវុធហត្ថ​ដែរ​ មាន​ប្រសាសន៍​ថា ​មេ​​​របស់​លោក​បាន​ជួបជាមួយ​មន្ត្រី​មូល​ដ្ឋាន​ ប៉ុន្តែ​លោក​បាន​បដិសេធ​​មិន​និយាយ​ថា តើ​​កង​កម្លាំង​ពិសេស​នេះ​​រក​ឃើញ​ឈើ​ខុស​ច្បាប់​​ ឬ​ស្តុក​ឈើ​ខុស​ច្បាប់​​ណាមួយ​នៅ​​ក្នុង​ខេត្ត​នេះ​ឡើយ។

ខេត្ត​រតនគិរី មាន​​ដេប៉ូ​ឈើមួយ​ចំនួន​ដែល​​​ជាកម្មសិទ្ធិ​របស់​​​ឧកញ៉ា​ឈើ​​ល្បី​ឈ្មោះ ទ្រី ភាព ដែល​​​​ដំណើរ​​​ការ​​​​​​ផែស្ងួត​មួយ​នៅ​​​ជាប់​ច្រក​​​​ទ្វារ​អន្តរជាតិ​​អូរយ៉ាដាវ​ សម្រាប់​ការ​នាំចេញ​ឈើ​​​ក្នុង​ចំនួន​ច្រើន​ទៅ​ប្រទេស​វៀតណាម​។ ​​​ទោះបី​ជា​មាន​សេចក្ដី​រាយការណ៍ និង​ការ​ស៊ើប​​​​អង្កេត​ជាច្រើន​បាន​ភ្ជាប់​ដេប៉ូ​ឈើ និង​បុគ្គលិក​របស់​លោក​ទៅ​នឹង​ការ​ជួញដូរ​​ឈើ​ខុស​ច្បាប់​​​ក្នុង​តំបន់​នេះ​ក្ដី ក៏​លោក ទ្រី ភាព ដែល​បដិសេធ​ថា​មិនជាប់​ពាក់​ព័ន្ធ​ មិនដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ឡើយ​។

កាលពី​ថ្ងៃ​សុក្រ ​​ក្រុម​ហ៊ុន​​ ទ្រី ភាព គ្រុប​ របស់​លោក ​ទ្រី ភាព បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជាសាធារណៈ​​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​គ្មាន​ការ​បញ្ជាក់ដែល​​​​​​​ថា ខ្លួន​មាន​ទំនាក់​​​ទំនង​​ជាមួយ​ចម្ការ​កៅស៊ូ​ Unigreen Resources ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ​ដែល​មន្ត្រី​មូលដ្ឋាន​​​​​​​​​​​​​​​​​​​​​​​​​បាន​​​ចោទ​ថាលាង​ឈើ នេះ​បើ​យោង​តាម​របាយការណ៍​​មួយ​របស់​នគរ​បាល​ជាតិ​​​​​​ចេញ​​​​​​​កាលពី​ដើម​ខែ​មុន។

ក្រោយពី​ចុះទៅ​ពិនិត្យ​​ចម្ការ​កៅស៊ូ និង​ឃ្លាំង​ស្តុកឈើ​​ទូទាំង​បណ្ដា​ខេត្ត​ភាគឦសាន​​​រយៈ​​​ពេល​​​​​​ពីរសប្តាហ៍​​​​​​ ​កម្លាំង​ពិសេស​នេះ​​មិន​​ទាន់​និយាយ​ថា តើ​​ខ្លួន​បាន​រកឃើញ​ឈើ​ខុស​ច្បាប់​​មួយ​ដុំ​ណា​នៅ​ឡើយ​ទេ​។

បណ្ដា​អង្គការ​សិទ្ធិ​បរិស្ថាន ​និង​សកម្មជន​​មាន​​​មន្ទិល​ថា យុទ្ធនាការ​ថ្មី​បំផុត​​​របស់​​​​​​រដ្ឋា​ភិបាល​​​​​​​​​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​​​​​​ដែល​​​​​មាន​​​​​​សេចក្ដី​រាយការណ៍​​​ព្រោង​​​ព្រាត​​​​ថា​​​រដ្ឋា​ភិបាល​​​​​​​​ខ្លួន​​​​​​ឯង​​​​​​​​​មាន​តួនាទី​ធំ​នៅ​ក្នុង​ជំនួញឈើ​​​​​​​នេះ​ ​​​មិន​​​មែន​​​​​​ជា​ការ​ពិត ហើយ​នឹង​ឈាន​ទៅ​រក​ការ​​​កែប្រែ​​​​​​ដែល​​​​​​​​​មាន​​​ន័យ​​​​​​ខ្លឹមសារ​​​ឡើយ​​​៕ សុខុម​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស