លោក សុខ ទូច អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ដែលកាលពីឆ្នាំមុនទទួលភារកិច្ចសិក្សាស្រាវជ្រាវកិច្ចការព្រំដែនជាប់ប្រទេសវៀតណាម បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកបានបញ្ចប់ដំណាក់កាលដំបូងនៃការចុះទៅពិនិត្យរបស់លោក និងមានគម្រោងបង្ហាញលទ្ធផលរកឃើញរបស់លោកដល់សាធារណជននៅសប្តាហ៍នេះ។
កាលពីខែកក្កដា អ្នកស្រាវជ្រាវរូបនេះត្រូវបានតែងតាំងជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែនដែលមានសមាជិក៩នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលការសិក្សាផែនទីនិងបង្គោលព្រំដែនរបស់ក្រុមនេះ គឺសំដៅបញ្ចប់ភាពចម្រូងចម្រាសផ្នែកនយោបាយដែលឡើងកម្ដៅជុំវិញការបោះបង្គោលព្រំដែន។
កាលពីថ្ងៃអាទិត្យ លោក សុខ ទូច បានមានប្រសាសន៍ថា ក្រុមស្រាវជ្រាវនេះបានបញ្ចប់ការស្រាវជ្រាវឯកសារព្រំដែន នៅខេត្តកំពត ស្វាយរៀង កណ្តាល និងខេត្តត្បូងឃ្មុំ។
នៅពេលដែលលោកបដិសេធមិនលម្អិតឲ្យដឹងលទ្ធផលរកឃើញ លោកបានមានប្រសាសន៍ថា បង្គោលព្រំដែនភាគច្រើនត្រូវបានបោះចូលបីម៉ែត្រទៅប្រាំម៉ែត្រនៃទីតាំងត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា “យើងបានមើលឃើញភាគច្រើននៃបង្គោលព្រំដែនដែលត្រូវបានបោះនៅឆ្នាំ១៩៨៥និង១៩៨៧ ស្ថិតនៅក្នុងទឹកដីខ្មែរយើង ហើយបង្គោលព្រំដែនដែលត្រូវបានបោះក្នុង[សម័យ]អាណានិគមបារាំង ត្រូវបានបោះក្នុងដីខ្មែរ ហើយបង្គោលមួយចំនួនស្ថិតក្នុងទឹកដីវៀតណាម មិនឆ្ងាយណាស់ណាទេ គឺ៣ម៉ែត្រទៅ៥ម៉ែត្រប៉ុណ្ណោះ”។
ក្រុមនេះបានរកឃើញបង្គោលព្រំដែនតែមួយប៉ុណ្ណោះ គឺបង្គោលលេខ៣១៤ ដែលស្ថិតក្នុងខេត្តកំពត ត្រូវបានបោះក្នុងចម្ងាយឆ្ងាយគួរសមពីព្រំដែនដែលគេស្គាល់ ស្ថិតនៅចម្ងាយ៩៣ម៉ែត្រក្នុងទឹកដីវៀតណាម។
លោក សុខ ទូច បានមានប្រសាសន៍ថា សន្និសីទដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ មានបំណងបញ្ចប់កំហឹងជុំវិញបញ្ហាព្រំដែន ដែលបានក្លាយជាចំណុចក្តៅគគុកផ្នែកនយោបាយកាលពីឆ្នាំមុន។ កាលពីខែកញ្ញា បុរសម្នាក់ត្រូវបានគេចាប់ដាក់ពន្ធនាគារព្រោះបានគំរាមសម្លាប់លោក សុខ ទូច តាមសារហ្វេសប៊ុក។
លោកបានមានប្រសាសន៍ទៀតថា “ប្រជាជនបានចោទខ្ញុំថាជាអ្នកស្រាវជ្រាវលក់ក្បាលឲ្យ ហ៊ុន សែន។ យើងនឹងធ្វើសន្និសីទសារព័ត៌មាននេះដើម្បីពន្យល់សាធារណជនឲ្យយល់ច្បាស់អំពីការពិត”។
គណបក្សសង្គ្រោះជាតិ ដែលបានជួយក្នុងកិច្ចការសិក្សាស្រាវជ្រាវនេះ បានបដិសេធមិននិយាយថា ខ្លួននឹងទទួលយកលទ្ធផលរកឃើញនេះទេ។ លោក យ៉ែម បញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកសង្ឃឹមថា សន្និសីទនេះនឹងបំភ្លឺអំពីបញ្ហានានាទាក់ទិននឹងព្រំដែន។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ការបកស្រាយរបស់លោក សុខ ទូច គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែអ្នកផ្សេងទៀតក៏មានសិទ្ធិនិយាយអំពីព្រំដែនដែរ”៕និត