38 C
Phnom Penh

សុខ ទូច ​​​​​​គំរាម​​​ប្តឹង​​​អតីត​​​​​​និស្សិត​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​របស់​​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ស្រាវជ្រាវ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ស្រាវ​​​​​​ជ្រាវ​​​លេចធ្លោ​​​បំផុត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​ដឹង​​​​ថា ខ្លួន​​​ជាប់​​ទាក់ទិន​​​នឹង​​​រឿង​​​ចម្រូង​​​ចម្រាស ​​​មួយ​​​ទៀត​​​ពាក់​ព័ន្ធ​​​នឹង​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​ដោយ​​​លើក​​​នេះ​​​បាន​​​គំរាម​​​ប្តឹង​​​អតីត​​​និស្សិត​​​ម្នាក់​​​នៅ​​​សាកល​​​វិទ្យាល័យ​​​របស់​​​លោក​ជុំវិញ​ការ​​​បង្ហោះ​​​ហ្វេស​​​ប៊ុក​​​ដែល​​​តវ៉ា​​​អំពី​​​តម្លៃ​​​សិក្សា​​​នៅ​​​សាកលវិទ្យាល័យ​​​នេះ។

ក្នុង​​​សារ​​​មួយ​​​ដែល​​​បង្ហោះ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​នាង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នួន វិទ្យាធិកា​​​អាយុ​​​២៦​​​ឆ្នាំ អតីត​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ បាន​​​និយាយ​​​ថា នាង​​​ត្រូវ​​​ប្រឈម​​​នឹង​​​ការ​​​ចំណាយ​​​ចាំបាច់​​​ជាច្រើន​​​លើ​​​សាលា​​​នៅ​​​ពេល​​​ជិត​​​បញ្ចប់​​​ការ​​​សិក្សា​​​កាលពី​​​ខែ​​​កុម្ភៈ​​​ ក្នុង​​​នោះ​​​មាន​​​ថ្លៃ​​​ចូល​​​រួម​​​ពិធី​​​ចែក​​​សញ្ញាបត្រ​​​នៅ​​​សាកលវិទ្យាល័យ​​​​​​នេះ និង​​អំណោយ ​​​១០​​​ដុល្លារ​​​ទៅ​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា។

អ្នក​ធ្វើ​ដំណើរ​​​បើក​បរ​ឆ្លង​កាត់​​​​​តាម​សាកលវិទ្យាល័យ​​ខេមរៈ​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ម្សិលមិញ​។ លោក សុខ ទូច គំរាម​ប្ដឹង​អតីត​និស្សិត​​​នៅ​សាកលវិទ្យាល័យ​របស់​ខ្លួន​ម្នាក់​​ទាក់​ទិន​ការ​បង្ហោះ​សារ​រិះគន​់​​សាកលវិទ្យាល័យ​នេះ​តាម​ហ្វេសប៊ុក។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
អ្នក​ធ្វើ​ដំណើរ​​​បើក​បរ​ឆ្លង​កាត់​​​​​តាម​សាកលវិទ្យាល័យ​​ខេមរៈ​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ម្សិលមិញ​។ លោក សុខ ទូច គំរាម​ប្ដឹង​អតីត​និស្សិត​​​នៅ​សាកលវិទ្យាល័យ​របស់​ខ្លួន​ម្នាក់​​ទាក់​ទិន​ការ​បង្ហោះ​សារ​រិះគន​់​​សាកលវិទ្យាល័យ​នេះ​តាម​ហ្វេសប៊ុក។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

សាកលវិទ្យាល័យ​​​ខេមរៈ​​​មាន​​​ចំណែក​​​របស់​​​លោក សុខ ទូច ដែល​​​ក៏​​​ជា​​​សាកល​​​វិទ្យាធិការ​​​នៅ​​​សាលា​​​នេះ​​​ដែរ។ កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ​​​លោក សុខ ទូច ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​​​របស់​​​ប្រទេស​​​កម្ពុជា​​​ជាមួយ​​​ប្រទេស​​​វៀតណាម។

អតីតនិស្សិត​​​រូប​​​នេះ​​​បាន​​​សរសេរ​​​លើ​​​ហ្វេស ​​​ប៊ុក​​​ថា “សាលា​​​​​​លើក​​​ទឹក​​​ចិត្ត​​​និស្សិត​​​ឲ្យ​​​ចូល​​​រួម​​​ប៉ុន្តែ សាលា​​​នេះ​​​ជំរិត​​​ទារ​ប្រាក់​​​សម្រាប់​​​ការ​​​ចូល​​​រួម។ ខ្ញុំ​​​សូម​​​សួរ​​​សាស្ត្រាចារ្យ ​​​សាកល​​​វិទ្យាធិការ​​​នៃ​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ តើ​​​សាលា​​​មាន​​​គោល​​​ការណ៍​​​មិន​​​ច្បាស់​​​លាស់​​​បែប​​​នេះ ឬ​​​សាលា​​​ឯកជន​​​ផ្សេង​​​ទៀត​​​ក៏​​​ដូច​​​គ្នា​​​អ៊ីចឹង​​​ដែរ​​​ឬ?”។

នៅ​​​ពេល​​​ដែល​​​អតីត​​​និស្សិត​​​រូប​​​នេះ ​​​បន្ទាប់​​​ មក​​​បាន​​​​​​​​​សរសេរ​​​សូម​​​អភ័យ​​​ទោស​​​ជា​​​សាធារ​​​ណៈ​​​​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ អំពី”ការ​​​យល់​​​ច្រឡំ” ក្នុង​​​ការ​​​បង្ហោះ​​​លើក​​​ដំបូង​​​របស់​​​​​​ខ្លួន​​​​​​បន្ទាប់​​​ពី​​​មាន​​​ជំនួប​​​មួយ​​​ជាមួយ​​​រដ្ឋបាល​​​សាលា​​​ លោក ​​​សុខ ​​​ទូច បាន​​​សរសេរ​​​លើ​​​ទំព័រ​​​ហ្វេសបុ៊ក​​​របស់​​​លោក​​​នៅ​​​ល្ងាច​​​នោះ​​​ថា ​​​អតីត​​​​​​សិស្ស​​​របស់​​​លោក​​​នឹង​​​ប្រឈម​​​នឹង​​​ចំណាត់​​​ការ​​​ផ្លូវ​​​ច្បាប់​​​ប្រសិន​​​បើ​​​នាង​​​មិន​​​ដក​​​ការ​​​អះអាង​​​របស់​​​នាង​​​ចេញ​​​ទេ។

លោក​​​បាន​​​សរសេរ​​​ថា “គណនី​​​ហ្វេស​​​ប៊ុក​​​​​​​​​មួយ​​​មាន​​​ឈ្មោះ​​​ នួន វិទ្យាធិកា បាន​​​បង្ហោះ​​​ព័ត៌មាន​​​មិន​​​ពិត​​​អំពី​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​កិត្តិយស​​​សាកល​​​វិទ្យាល័យ​​​នេះ។ បើ​​​គ្មាន​​​ការ​​​សុំ​​​ទោស​​​ជា​​​សាធារណៈ​​​ទេ​​​នោះ​​​ សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​​​​នឹង​​​ប្តឹង​​​ម្ចាស់​​​គណនី​​​នេះ”។

លោក​​​ រស់ រ៉ាវុធ សាកលវិទ្យាធិការ​​​រង​​​នៃ​​​សាកល​​​វិទ្យាល័យ​​​នេះ បាន​​​និយាយ​​​ថា ទោស​​​របស់​អតីត​​​និស្សិត វិទ្យាធិកា គឺ​​​ការ​​​បរិហារ​​​កេរ្តិ៍។ ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​យប់​​​មិញ​​​ លោក សុខ​​​ទូច​​​បាន​​​និយាយ​​​ថា វិទ្យាធិកា បាន​​​សុ​​​ំ​​​អភ័យ​​​ទោស​​​រូប​​​លោក​​​ក្នុង​​​ការ​​​សន្ទនា​​​តាម​​​ទូរស័ព្ទ​​​ហើយ​​​ថា លោក​​​បាន​​​សម្រេច​​​​​​ចិត្ត​​​ថា​​​មិន​​​ប្តឹង​​​នាង​​​ទេ។ លោក សុខ ទូច បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ប្តឹង​​​នាង​​​ ពីព្រោះ​​​នាង​​​បាន​​​សុំ​​​អភ័យ​​​ទោស​​​រួច​​​ហើយ​​​ នាង​​​បាន​​​ទូរស័ព្ទ​​​មក​​​ខ្ញុំ​​​នៅ​​​ល្ងាច​​​េនះ​​​រួច​​​ហើយ”។

អតីតនិស្សិត​​​រូប​​​នេះ​​​ ដែល​​​ធ្វើ​​​ជា​​​គ្រូ​​​បង្រៀន​​​ម្នាក់​​​នៅ​​​ខេត្ត​​​កំពត បាន​​​និយាយ​​​កាល​​​ពី​​​យប់​​​មិញ​​​ថា ព័ត៌មាន​​​ក្នុង​​​ការ​​​បង្ហោះ​​​នោះ​​​ គឺ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ ដោយ​​​ពន្យល់​​​ថា ​​​នាង ​​ទទួល​​​បាន​​​​​​ព័ត៌មាន​​​នេះ​​​ពី​​​អ្នក​​​ផ្តល់​​​ព័ត៌​​​មាន​​​នៅ​​​សាលា​​​ហើយ​​​មិន​​​មែន​​​ពី​​​មិត្ត​​​ភក្តិ​​​​​​ ដូច​បាន​​​អះ​​​អាង​​​ដោយ​​​ក្រុម​​​មន្ត្រី​​​សាលា​​​នោះ​​​ទេ។

នាង​​​​​​បាន​​​លើក​​​ឡើង​​​បន្ត​​​​​​ថា ​​​ប្រសិន​​​បើ​​​ការ​​​សុំ​​​ទោស​​​បន្ថែម​​​គឺ​​​ចាំបាច់​​​ដើម្បី​​​បញ្ចៀស​​​បណ្តឹង​​​នោះ​​​ នាង​​នឹង​​​ធ្វើ។

នាង​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​សាលា​​​ប្តឹង​​​ខ្ញុំ​​​ទេ​​​ ដូច្នេះ​​​ខ្ញុំ​​​នឹង​​​ធ្វើ​​​ការ​​​សុំ​​​អភ័យ​​​ទោស​​​ជា​​​សាធារណៈ​​​​​​តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្ញុំ”។

កាល​​​ពី​​​ខែ​​​សីហា​​​ លោក សុខ ទូច និង​​​សាកលវិទ្យាល័យ​​​ខេមរៈ​​​បាន​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ភាព​​​ចម្រូង​​​ចម្រាស​​​ទាក់​​​ទិន​​​​​​ហ្វេសប៊ុក​​​ នៅ​​​ពេល​​​និស្សិត​​​ម្នាក់​​​ឈ្មោះ គង់​​​ រ៉ាយ៉ា បាន​​​និយាយ​​​​​​ថា គាត់​​​នឹង​​​ “ធ្វើ​​​បដិវត្តន៍​​​ពណ៌​​​​​​ដើម្បី​​​ប្តូរ​​​របប​​​នេះ​​​សម្រាប់​​​សង្គម​​​ខ្មែរ”។

នៅ​​​ពេល​​​នោះ​​​លោក សុខ ទូច​​ បាន​​​និយាយ​​​ថា “យុវជន​​​​​​នៅ​​​សាលា​​​ឥឡូវ​​​នេះ​​​រង​​​ការ​​​បំពុល​​​ដោយ​​​សារ​​​បញ្ហា​​​នយោបាយ​​​”។ ​​​លោក រ៉ាយ៉ា ជាប់​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ពី​​​បទ​​​ញុះញង់​​​ ដែល​​​អាច​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ដល់​​​ទៅ​​​៣​​​ឆ្នាំ។

ហើយ​​​នៅ​​​ខែ​​​កញ្ញា ផង់ សីហា ជា​​​កម្មករ​​​អន្តោប្រវេសន៍​​​នៅ​​​ប្រទេស​​​ថៃ​​​ បាន​​​គំរាម​​​តាម​​​ហ្វេសប៊ុក​​​ថា នឹង​​​ “បាញ់​​​ក្បាល​​​ សុខ ទូច” ​​​ដោយសារ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​ក្នុង​​​ការ​​​ស្រាវជ្រាវ​​​កិច្ច​​​ការ​​​ព្រំដែន​​​ដែល​​​មាន​​​លក្ខណ​​​ៈ ​​​រសើប​​​ខាង​​​នយោបាយ។ លោក សីហា ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​រួច​​​បញ្ចូន​​​ទៅ​​​ពន្ធនាគារ។

ពេល​​​ទាក់​​​ទង​​​កាលពី​​​ម្សិលមិញ ​​​លោក ​​​គិន​​​ភា ​​​សាកលវិទ្យាធិការ​​​រង​​​ម្នាក់​​​ទៀត​​​នៅ​​​សាកល​​​​​​វិទ្យាល័យ​​​ខេមរៈ​​​ បាន​​​និយាយ​​​ថា មន្ត្រី​​​រដ្ឋ​​​បាល​​​បាន​​​គំរាម​​​ប្តឹង​​​ចំពោះ​​​ការ​​​អះ​​​អាង​​​របស់​​​​​​វិទ្យាធិកា មិន​​​ត្រឹម​​​តែដើម្បី​​​​​​ការពារ​​​មុខ​​​មាត់​​​របស់​​​សាលា​​​ទេ​​​​​​ ប៉ុន្តែ ថែម​​​ទាំង​​​ដោយសារ​​​ការ​​​អះ​​​អាង​​​របស់​​​នាង​​អាច​​​​”មាន​​​លក្ខណៈ​​​នយោ​​​បាយ​​​” ប្រឆាំង​​​លោក​​​ សុខ ទូច និង​​​អ្នក​​​ផ្សេង​​​ទៀត​​​ដែល​​​ចូលរួម​​​ក្នុង​​​ការ​​​ស្រាវជ្រាវ​​​ព្រំដែន​​​នេះ។

លោក​​​ គិន ភា ដែល​​​ធ្វើ​​​ការ​​​ជាមួយ​​​លោក ​​​សុខ ទូច លើ​​​គម្រោង​​​ព្រំដែន​​​ បាន​​​និយាយ​​​ថា ការ​​​បង្ហោះ​​​ដំបូង​​​របស់​​​ វិទ្យាធិកា ​​​ត្រូវ​​​បាន​​​ចែក​​​រំលែក​​​យ៉ាង​​​ហោច​​​ណាស់​​​ដោយ​​​ “អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​​”ម្នាក់។

លោក​​​បាន​​​និយាយ​​​ថា “ចំពោះ​​​អ្នក​​​ដែល​​​មិន​​​គាំទ្រ​​​កិច្ច​​​ការ​​​របស់​​​យើង​​​ ពួក​​​គេ​​​យល់​​​ថា យើ​​​ង​​​ពិត​​​ជា​​​លក់​​​ខ្លួន​​​ឲ្យ​​​រដ្ឋាភិបាល​​​ ប៉ុន្តែ វា​​​មិន​​​ពិត​​​ទេ។ គណនី​​​ហ្វេសប៊ុក​​​មួយ​​​ចំនួន គេ​​​ភ្ជាប់​​​បញ្ហា​​​នេះ​​​ជាមួយ​​​បញ្ហា​​​ព្រំដែន។ ​​​ដូច្នេះ ​​​នេះ​​​ជា​​​បញ្ហា​​​មួយ​​​ដែល​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​កើត​​​ឡើង”៕ និត (រាយការណ៍​​​បន្ថែម​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស