27 C
Phnom Penh

អ្នក​យក​ព័ត៌មាន​​ឲ្យ​ស្ថាប័ន​កាសែត​​ត្រូវ​​ក្រុម​អ្នក​​​ភូមិ​​ព្រួត​វាយ​រហូត​ស្លាប់​ដោយសារ​រឿង​លួច​ម៉ូតូ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​មួយ​ក្រុម​​ធំ​​មាន​គ្នា​ប្រមាណ​៦០​នាក់​បាន​ដេញ​តាម​ចោរ​លួច​ម៉ូតូ​ម្នាក់​កាត់​ភូមិ​ចំនួន​​ប្រាំពីរ​​​​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​នៃ​ខេត្ត​កំពង់ស្ពឺ​ កាលពី​​យប់​​​ថ្ងៃ​អាទិត្យ​ មុន​ពេល​ឡោម​​​ព័ទ្ធ​ជន​សង្ស័យ​នៅ​វាលស្រែ​​​មួយ​​ ហើយ​វាយ​​នឹង​ដំបង​រហូត​ដល់​ស្លាប់​ នេះ​បើ​យោង​តាម​​​​​ការ​ឲ្យ​ដឹង​ពី​នគរ​បាល​​ដែល​ក្រោយ​​​​មក​បាន​​បញ្ជាក់​អត្តសញ្ញាណ​ជន​រងគ្រោះ​ថា​ជា​​​អ្នក​យក​ព័ត៌មាន​​​​ឲ្យ​ស្ថាប័ន​កាសែត​ក្នុង​ស្រុក​។

លោក គឹម សុផាន់ណារ៉ា ​អធិការ​នគរ​បាល​​ស្រុក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា បុរស​ឈ្មោះ​ ម៉េង ឈឿន អាយុ​៣៧​ឆ្នាំ បាន​លួច​​​​ម៉ូតូ​ហុងដាឌ្រីម​​​មួយ​គ្រឿង​ស៊េរី​ឆ្នាំ​២០១២ ពី​ក្រោម​ផ្ទះ​សសរ​ខ្ពស់​មួយ​ក្នុង​ឃុំ​វាល ស្រុក​គងពិសី ​នៅ​ម៉ោង​ប្រហែល​​៧​យប់ ហើយ​​ប៉ុន​ប៉ង​ជិះគេច​ខ្លួន​ដោយ​​មិន​ឲ្យ​នរណា​​ឃើញ ប៉ុន្តែ​​បែរ​​ជា​​ត្រូវ​​ប្រទះឃើញ​ដោយ​​​អ្នក​ជិត​ខាង​ដែល​បាន​រត់​ដេញ​តាម​​​ជន​សង្ស័យ​​​​​បណ្ដើរ​ ស្រែក​ប្រកូក​ប្រកាស​​ហៅ​អ្នក​ភូមិ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ឃុំ​នេះ​​​ឲ្យ​​ជួយ​សឹញ​បណ្ដើរ​។

លោក​​បន្ត​ថា ការ​ដេញ​តាម​ដែល​មាន​​​រយៈ​ពេល​៣០​នាទី​នេះ​បាន​កើត​ឡើង​អំឡុង​ពេល​​​ឈ្មោះ ម៉េង ឈឿន បើក​ម៉ូតូ​កាត់​ភូមិ​ចំនួន​​ប្រាំពីរ​​ផ្សេង​គ្នាដើម្បី​​គេច​ពី​​ក្រុម​កសិករ​​ និង​​អ្នក​​​​ចាប់​កង្កែប​​ដែល​ពោរពេញ​ដោយ​កំហឹង។

​ពេល​ជិះ​ទៅ​ដល់​​ចំណុច​អស់​ជីវិត​នៅ​ចុង​​​ស្រែ ចោរ​នេះ​ក៏​បាន​​​ផ្ដួល​ម៉ូតូ​ចោល​ ហើយ​រត់​​​​​ចូល​ទៅ​វាល​ស្រែ ប៉ុន្តែ​ត្រូវ​​បាន​​ឡោម​ព័ទ្ធ​ភ្លាម​ៗ​​​​ដោយ​បុរស​ប្រមាណ​៦០​នាក់​ដែល​ប្រើ​ដំបង​​​​​ឈើវាយ​ក្បាល​​​ និង​ពោះ​រហូត​ដល់​ស្លាប់​។

“ជន​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ​ម៉េង​ ឈឿន អាយុ​៣៧​ឆ្នាំ ត្រូវ​​មនុស្ស​​មួយ​ក្រុម​មក​​ពី​ភូមិ​​ចំនួន​ប្រាំពីរ​​​សម្លាប់” នេះ​បើ​យោង​​តាម​​​ការ​​ឲ្យ​​ដឹង​​ពី​លោក គឹម សុផាន់ណារ៉ា ដែល​បាន​​​លើក​ឡើង​ថា ​បុរស​រូប​េនះ​បាន​ស្លាប់​​​នៅ​ម៉ោង​​៧និង​២៥​នាទី​យប់ ទោះបី​ជា​ទទួល​​​​ស្គាល់​ថា លោក​និង​មន្ត្រី​​នគរ​បាល​​ផ្សេង​ៗ​ទៀត​​​​​បាន​​ទៅ​ដល់​កន្លែង​កើត​ហេតុ​ បន្ទាប់ពី​ក្រុម​អ្នក​​​​ភូមិ​​​បំបែកហ្វូង និង​​មិន​បាន​ចាប់​ខ្លួន​នរណា​ម្នាក់​ក្ដី​​។

​លោក​បាន​បន្ត​​ថា អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​​ប័ណ្ណ​ព័ត៌មាន​ចេញដោយ​រដ្ឋាភិបាល​​មួួយ​សន្លឹក​​​ក្នុង​ហោប៉ៅ​របស់​ ម៉េង ឈឿន ដែល​​បញ្ជាក់​​ថា​គាត់​ជា​អ្នក​​យក​ព័ត៌មាន​ឲ្យ​កាសែត​រស្មី​ព្រះវិហារ។

​​លោក សោម បូរ៉ា ស្នង​ការ​រង​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ឃាត់​​ក្រុម​​អ្នក​​ភូមិ​​​​​​មិន​​បាន​ទេ​ ហើយ​ក៏​មិន​បាន​ចាប់​ខ្លួន​​អ្នក​ណា​ម្នាក់​​​ដែរ​ក្នុង​ករណី​នេះ​។ លោក​ថ្លែង​ថា “​ការ​ព្រួត​​សម្លាប់​នេះ​​បាន​កើត​ឡើង​កាលពី​​យប់​មិញ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ដែល​ឆ្ងាយ​ពី​ប៉ុស្តិ៍​នគរ​បាល ហើយ​ចោរ​បាន​ស្លាប់ ​​​មុន​ពេល​នគរ​បាល​ទៅ​ដល់​​” ដោយ​លើក​ឡើង​​​​ថា ករណី​នេះ​ត្រូវ​បាន​​បញ្ជូន​​​ទៅ​សាលា​ដំបូង​​​​ខេត្ត​កំពង់ស្ពឺ​​ហើយ​។

ព្រះរាជអាជ្ញារង​ សឿ ឡងឌី ដែល​​ទទួល​​ទទួល​បន្ទុក​ដោះ​ស្រាយ​​ករណី​នេះ​​ ​បដិសេធ​​​មិន​ទម្លាយ​ព័ត៌មាន​លម្អិត​​អំពី​ករណី​នេះ​​ទេ ដោយ​​​​គ្រាន់​តែ​លើក​ឡើង​ថា សាកសព​ ម៉េង ឈឿន ​​ត្រូវ​បាន​​ប្រគល់​ឲ្យ​ទៅ​គ្រួសារ​វិញ​ប៉ុណ្ណោះ៕ សុខុម​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស