27 C
Phnom Penh

អំពើប្លន់​ប្រដាប់អាវុធ​កើតសាជាថ្មីទៀត​នៅក្នុងខេត្តកណ្តាល​ ប៉ុន្តែ ប្តូរ​​​គោល​​​ដៅ​​​ផ្សេង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​នគរបាល​មូលដ្ឋាន​បាន​ឲ្យដឹងថា​ ចោរ​ប្លន់​ប្រដាប់​អាវុធ​​មួយ​ក្រុម​បាន​ចូល​ប្លន់​​ផ្ទះ​លក់​គ្រឿងទេស​​ លក្ខណៈ​គ្រួសារមួយ​កន្លែង​នៅ​​ក្នុង​ស្រុក​ញាឮ ខេត្ត​កណ្ដាល​កាលពី​យប់​ថ្ងៃ​អាទិត្យ ដោយ​ប្រមូល ​បាន​ប្រាក់​សុទ្ធ និង​គ្រឿង​អលង្ការ​ដែល​​មាន​តម្លៃសរុប​​ប្រហែល​១០.០០០​ដុល្លារ​។

ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ​​គឺ​ជា​ហេតុការណ៍​​ថ្មី​បំផុត​នៅ​ក្នុង​​ហេតុការណ៍​​ប្លន់​ប្រដាប់​អាវុធ​​ជា​ច្រើន​​ដែល​បាន​កើត​ឡើង​​ទូទាំង​ប្រទេស​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ជាហេតុ​ធ្វើ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​បទ​បញ្ជា​ឲ្យ​នគរ​បាល​នៅ​ទូទាំង​ប្រទេស​​តាម​ចាប់​ខ្លួន​​ឧក្រិដ្ឋជន​​​​បន្ថែម​ទៀត បើ​ពុំ​ដូច្នោះ​ទេ​នឹង​ប្រឈម​ការ​បក​ស័ក្ដិ​។ នៅ​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​មួយ​ទៀត​ដែលទើប​តែ​កើត​ឡើង​កាលពី​សប្ដាហ៍​មុនប៉ុណ្ណោះ​ ​​​ក្រុម​ចោរប្លន់​បាន​ចូល​ប្លន់​កន្លែង​លក់​គ្រឿង​ទេស​​ដ៏តូច​មួយ​​​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​ពញាឮ ដោយ​បណ្ដាល ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​បី​នាក់​រង​របួស​។

នៅក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​អាទិត្យ បុរស​បី​នាក់​​ដែល​សុទ្ធ​តែ​ពាក់​ម៉ាស​​បាន​ចូល​ប្លន់​អ្នកស្រី ព្រីង ស៊ឹម អាយុ​​ ៤៥​ឆ្នាំ ខណៈ​គាត់​កំពុង​រៀបចំ​បិទ​​កន្លែងលក់ ដូរ​របស់​ខ្លួន​នៅ​​ក្នុង​​ឃុំ​​ជ្វាំង នាវេលា​​ម៉ោង​ប្រហែល​៧យប់ នេះ​បើ​យោង​តាម​លោក សេង ស្រាង អធិការរង​​ស្រុក​នេះ​។

លោកបានមានប្រសាសន៍ថា​”គាត់ និយាយថា​ ជនសង្ស័យពីរនាក់​ក្នុង​ចំណោម​ជន​សង្ស័យ​បីនាក់​មានកាន់​កាំភ្លើង​ខ្លីមួយ​ដើម​និងកាំភ្លើង​វែង​មួយដើម។​ ពួកវា​បាន ចូល​មកផ្ទះ​គាត់​ហើយភ្ជង់​កាំាភ្លើងតែម្តង​ ដោយគំរាមសម្លាប់​គាត់​និង​កូនស្រីរបស់គាត់​ ហើយបន្ទាប់មកពួកវា​បានសួរ​រក​របស់របរ​មាន​តម្លៃ​”។​

មន្ត្រី​នគរ​បាល​រូប​នេះ​បាន​បន្ថែម​ថា ​អ្នកស្រី ព្រីង ស៊ឹម និង​កូនស្រី​អាយុ​២៥​ឆ្នាំ​របស់​គាត់​ឈ្មោះ តេង វណ្ណ បាន​ប្រគល់​គ្រឿង​អលង្ការ និង​លុយ​សុទ្ធ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុម​ចោរប្លន់ ហើយ​ក្រុម​ចោរ​ប្លន់​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​​ដោយ​គ្មាន​ការ​​ផ្ទុះ អាវុធ​ឡើយ។

លោក​បាន​លើក​ឡើង​​ទៀត​ថា ក្រុម​មន្ត្រី​មកពី​ឃុំ​ចំនួន​បួន​​​ រួម​ជាមួយ​នគរ​បាល​​ និង​កងរាជអាវុធ​ហត្ថ​ស្រុក​បាន​មក​ដល់​កន្លែង​កើត​ហេតុ​​នៅ​១៥​នាទី​ក្រោយ​ បន្ទាប់​ពី​ទទួល​ បាន​ការ​ជូន​ដំណឹង​ពី​អ្នក​ភូមិ​ជិត​ខាង​ ប៉ុន្តែ​​វា​ហួស​ពេល​​នៅក្នុងការ​​ចាប់ឧក្រិដ្ឋ​​​ជន​​ទៅ ហើយ​​។

​លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ ហើយ​​មន្ត្រី​​សរុប​ប្រហែល​៥០​នាក់​បាន​ធ្វើ​អន្តរា គមន៍​ភ្លាមៗ​ រួច​​​បើក​​ការ​ស៊ើបអង្កេត​នៅ​កន្លែង​កើត​ហេតុតែម្តង​ ប៉ុន្តែ​ជន​សង្ស័យ​បាន​គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ​។ យើង​បាន​​ព័ទ្ធ​​​តំបន់​នោះ​រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ ប៉ុន្តែ​យើង​រក​មិន​ឃើញ​អ្វី​ឡើយ​”។

​លោក​ រឿន ណារ៉ា ស្នងការ​រង​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​ក្រុម​មន្ត្រី​​នៅ​មិន​ទាន់​​ចាប់​ខ្លួន​ជន​​សង្ស័យ​ណាមួយ​​បាន​នៅ​ឡើយ​ទេ​នៅ​ក្នុង​ហេតុការណ៍​​ប្លន់​ប្រដាប់​​អាវុធ​កាលពី​សប្ដាហ៍​មុន។

​លោក​បាន​ថ្លែង​ថា “​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​អំពើ​ប្លន់​លើក​មុនៗ​ផ្ដោត​លើ​កន្លែង​​​លក់​គ្រឿង​អលង្ការ ប៉ុន្តែ​ឥឡូវ​នេះ​ពួកវា​​បាន​ផ្ដោត​គោល​ដៅ​មក​លើ​​កន្លែង​លក់​គ្រឿង​ទេស​វិញ”។ លោក​បាន​បន្ថែមថា នគរ​បាល​ឃុំ​ត្រូវ​បាន​បញ្ជា​​ឲ្យ​បង្កើន​ការ​ល្បាត​​របស់​ខ្លួន​​នៅ​តាម​​កន្លែង​លក់​ដូរ​ក្នុង​មូលដ្ឋាន​​។

លោក​ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​​​​នគរ​បាល​ជាតិ​​ ​បាន​លើក​ឡើង​​​​ថា ក្រុម​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ទៀត​​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​​ពិភាក្សា​អំពី​អំពើ​ប្លន់​ប្រដាប់​ អាវុធ​​ដែល​កើត​មាន​យ៉ាង​រាល​ដាល​តែ​ទោះ​ជាយ៉ាង​ណា​លោក​​បាន​បដិសេធ​​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​សូម​រង់ចាំ​រហូត​ដល់​ថ្ងៃ​ស្អែក”៕ស៊ុយឈាង​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស