27 C
Phnom Penh

​សន្តិសុខ និង​ក្រុម​​​​​​អន្ធ​ពាល​ប្រើ​កាំបិត​ប៉័ងតោ​​ដេញ​​កាប់​កម្ម​ករ​​​នៅ​​តំបន់​​សេដ្ឋ​កិច្ច​​ពិសេស​ 7NG

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​សហជីព​​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​​​ចំនួន​ប្រាំបី​នាក់​បាន​រង​របួស​​​កាលពី​ម្សិលមិញ​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​មួយ​​កន្លែង​​​ក្នុង​ខេត្ត​កណ្ដាល បន្ទាប់ពី​​​បុរស​​រាប់​សិប​នាក់​ប្រដាប់​ដោយ​បំពង់ទីប និង​កាំបិត​​​ប៉័ងតោ​​​ ​រួម​​ជា​​​មួយ​​​​សន្តិសុខ​​​នៅ​​តំបន់​​សេដ្ឋ​កិច្ច​​​ពិសេស​​​បាន​​​​​វាយ​ប្រហារ​ពួកគេ។

​លោក សៀង រិទ្ធី ​ប្រធាន​សម្ព័ន្ធសហជីព​សាមគ្គីភាព​​ការ​ងារ​កម្ពុជា (CLSU) ​​បាន​​លើក​ឡើង​ថា ការ​វាយ​​ប្រហារ​នេះ​បាន​កើត​ឡើង​​ ខណៈ​​កម្មករ​កាត់​ដេរ​​ប្រមាណ​៦០០​នាក់​ព្យាយាម​ឡើង​​ជិះ​រថយន្ត​​​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ដើម្បី​​ធ្វើ​ការ​តវ៉ា​ប្រឆាំង​​ការ​បណ្ដេញ​​​​​តំណាង​សហជីព​មួយ​រូប​ចេញពី​ការ​ងារ​។

​លោក​មាន​ប្រសាសន៍​ទៀត​ថា ​​នៅ​ពេល​​​កម្មករ​​មក​​​ពី​រោងចក្រ​ Star Light Apparel Manufacturing ​​នៅ​​​តំបន់​សេដ្ឋកិច្ច​ពិសេស​ 7NG ក្នុង​ស្រុក​ខ្សាច់​កណ្ដាល កំពុង​ដើរ​ឆ្ពោះទៅ​រថយន្ត​ ក៏ស្រាប់​តែ​​សន្តិសុខ​​ស្លៀក​ពាក់​ឯក​សណ្ឋាន​ប្រហែល​១០​នាក់ និង​​​​អន្ធពាល​​ដែល​គេ​ជួល​ប្រមាណ​៣០​នាក់​​​ វាយ​ប្រហារ​ពួកគេ​តែ​ម្ដង​។

​លោក​​បាន​​​បញ្ជាក់​ថា “កម្មករ​កំពុង​​ត្រៀម​ឡើង​ឡាន​ ប៉ុន្តែ​​​ក្រុម​ក្មេង​ទំនើង​ និង​សន្តិសុខ​ប្រហែល​៤០​នាក់​​​ជួល​ដោយ​​តំបន់​សេដ្ឋកិច្ច​​ពិសេស 7NG ​​​​បាន​ជិះ​​ម៉ូតូ​មក​​រាំង​ផ្លូវ​កម្មករ​​ ហើយ​ក៏​វាយ​ប្រហារពួកគេ​​​ដោយ​​​​កំាបិត​ប៉័ងតោ បំពង់ទីប និង​ខ្សែក្រវាត់​ ហើយ​បន្ទាប់​​​​មក​​​​ក៏​បើក​​គេច​ខ្លួន​​បាត់​”។

កម្មករ​​​ប្រាំបី​នាក់​បាន​រង​របួស​​អំឡុង​ពេល​វាយ​ប្រហារ​នោះ រួម​ទាំង​លោក សែម សិដ្ឋអាយុ​២៧​ឆ្នាំ ដែល​​​ត្រូវ​គេ​កាប់​​នឹង​កាំបិត​ប៉័ង​តោ​​​​ចំខ្នង​ផង​ដែរ​ ហើយ​ពេល​នេះ​កំពុង​សម្រាក​​​​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ​និង​មាន​សភាព​​ធូរ​ស្រាល​ហើយ ហើយ​រថយន្ត​មួយ​គ្រឿង​ និង​ម៉ូតូ​ពីរ​គ្រឿង​ដែល​ជា​របស់​​មន្ត្រី​សហជីព​​​ ក៏​ត្រូវ​ជន​ដៃដល់​ធ្វើ​​ឲ្យ​​ខូច​​ខាត​ដែរ។

លោក សៀង រិទ្ធី បាន​បក​ស្រាយ​​ថា កម្មករ​​​​ទាំង​នេះ​​បាន​​គ្រោង​ធ្វើ​​ការ​តវ៉ា​​​​មួយ​ក្នុង​រាជ​ធានី​​​ភ្នំពេញ ដោយ​សារ​ជម្លោះ​ដែល​​កំពុង​​បន្ត​កើត​​​​មាន​​ជាមួយ​រោងចក្រ Star Light Apparel ដែល​​​​បាន​ចាប់​ផ្ដើម​កាលពី​ដើម​ខែ​មករា នៅ​ពេល​រោងចក្រ​​នេះ​បដិសេធ​មិន​បន្ត​កិច្ច​សន្យា​​របស់​​​​តំណាង​​សហជីព​​ដ៏​​មាន​ប្រជា​ប្រិយ​ភាព​​​​​​​​ម្នាក់​​​ឈ្មោះ ទ្រី សេត្រា។ កម្មករ​ប្រាំពីរ​នាក់​ទៀត​​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ បន្ទាប់ពី​រោងចក្រ​បាន​ចោទ​ប្រកាន់​ពួកគេ​ថា ញុះ​ញង់​​​​​​កម្មករ​​ធ្វើ​​កូដកម្ម​​​​ដើម្បី​សង​សឹក។

លោក​បាន​​ធ្វើ​ការ​កត់សម្គាល់​ថា “ក្រុម​ហ៊ុន​​​តែង​តែ​ចោទ​ប្រកាន់ ទ្រី សេត្រា ​ថា​ញុះ​ញង់​​កម្ម​ករ​ឲ្យ​​ធ្វើ​ការ​​តវ៉ា​ ​នៅ​ពេល​ថៅ​កែ​​រោង​ចក្រ​​ដាក់សម្ពាធ​​​លើ​កម្មករ និង​បង្ខំពួកគេ​​ឲ្យ​​​ធ្វើ​ការ​​ច្រើន​ម៉ោង​”។

លោក​ ផន ញឹក អាយុ​២៨​ឆ្នាំ ​តំណាង​​សហ​​​ជីព​​ CLSU ​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​និយាយ​ថា គាត់​ជា​មនុស្ស​ម្នាក់​​ក្នុង​ចំណោម​​​អ្នក​ដែល​រងរបួស​​ក្នុង​ហេតុការណ៍​​​នោះ​​។ គាត់​​​​និយាយ​ថា “ជើង​កាង​ដែល​គេ​ជួល​ និង​សន្តិសុខ​ប្រហែល​៤០​នាក់​មកពី​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ 7NG បាន​ឡើង​លើ​ឡាន ហើយ​វាយ​ប្រហារ​កម្មករ។ ខ្ញុំ​ក៏ត្រូវ​គេ​ដាល់​ចំមុខ​​ពីរ​បី​ដៃ​ដែរ​​​​។ ពេល​នេះ​យើង​កំពុង​ប្រមូល​ភ័ស្តុតាង​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ថ្ងៃពុធ ​ដោយ​​ចោទ​ថៅកែ​រោង​​ចក្រ និង​បក្ខពួក​របស់​គាត​់ពីបទ​បង្ក​របួស​ស្នាម និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិឯកជន​”។

ទោះជាយ៉ាង​ណា គណៈគ្រប់គ្រង​រោង​ចក្រ​ និង​​តំបន់​សេដ្ឋកិច្ច​ពិសេស​​នេះ​មិន​អាច​ទាក់​ទង​សុំ​ការ​បភ្លឺ​បាន​ទេ។

លោក ឌិន ចាន់ឌី ជា​មន្ត្រី​​មួួយ​​រូប​​មកពី​មន្ទីរ​​​​ការ​ងារ​ខេត្ត​បាន​បញ្ជាក់​ថា ការ​វាយ​តប់​គ្នា​​មួយ​​​​បាន​កើត​ឡើង​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​​​នេះ​រវាង​​​​កម្មករ​រោងចក្រ​ និង​សន្តិសុខ ប៉ុន្តែ​និយាយ​​​​ថា គាត់​មិន​ដឹង​រឿង​លម្អិត​ទេ។ លោក​ថ្លែង​ថា តំណាង​​ម្នាក់​​មកពី​រោងចក្រ​ Star Light Apparel ​បាន​ប្រាប់​លោក​​ថា ​គ្មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​ទេ។

លោក​​​​បាន​បន្ត​ថា ”​ពេល​នេះ​ខ្ញុំ​កំពុងធ្វើ​ការ​ជាមួយ​​អ្នក​គ្រប់គ្រង​រោងចក្រ​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​មូលហេតុ​​ដែល​នាំ​ឲ្យ​មាន​ការ​វាយ​​​​​តប់​គ្នា​នេះ​។ អ្នក​គ្រប់គ្រង​រោងចក្រ​បាន​ប្រាប់​​​ខ្ញុំ​ថា គាត់​មិន​ដឹង​ពីមូលហេតុ​​ដែល​នាំ​ឲ្យ​មាន​ការ​​​វាយ​តប់​គ្នា​​​នេះ​​ទេ​ ពីព្រោះ​ការ​ប៉ះទង្គិច​គ្នា​​នេះ​​បាន​​កើត​ឡើង​នៅ​ឆ្ងាយពី​រោងចក្រ”។

លោក​​មាន​ប្រសាសន៍​​​​បន្ថែម​ទៀត​ថា មន្ត្រី​​​​​ក្រសួង​ការ​ងារ នឹង​​សម្រុះសម្រួល​​​​ឲ្យ​មាន​ជំនួប​​​រវាង​​មន្ត្រី​សហជីព និង​តំណាង​រោងចក្រ​​​នៅ​ក្រសួង​​​​ការ​ងារ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​នេះ​៕ សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស