រដ្ឋាភិបាលបដិសេធមិនបញ្ចេញលិខិតច្បាប់ចម្លងដែលខ្លួនអះអាងថា បានផ្ញើទៅឲ្យឈ្មួញឈើ ឈ្មោះ ទ្រី ភាព និងឈ្មោះលឹម ប៊ុណ្ណា ដោយផ្តល់ការអនុញ្ញាតឲ្យពួកគាត់ទាំងពីរប្រមូលឈើកាប់រួចនៅលើដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានលុបចោលចំនួនពីរកន្លែងក្នុងដែនជម្រកសត្វព្រៃ។
កាលពីថ្ងៃទី១៨ ខែមករា នៅឯកិច្ចប្រជុំរបស់ក្រុមការងារពិសេសថ្មីដែលទទួលបន្ទុកផ្នែកបង្ក្រាបការកាប់ឈើខុសច្បាប់នៅប៉ែកឦសានប្រទេសកម្ពុជា លោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរីបានលើកឡើងថា ដីសម្បទានសេដ្ឋកិច្ចចំនួនពីរកន្លែងដែលត្រូវបានលុបចោលកាលពីខែមករាឆ្នាំ២០១៥ ត្រូវបានផ្តល់ឲ្យវិញចាប់តាំងពីពេលនោះមក មួយឲ្យទៅលោក ទ្រី ភាព និងមួយទៀតឲ្យទៅលោក លឹម ប៊ុណ្ណា។
ប្រសិនបើវាជាការពិត ការប្រគល់ឲ្យវិញនេះនឹងក្លាយជាករណីរំលោភលើសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីនៅពាក់កណ្តាលឆ្នាំ២០១២។ ទោះជាយ៉ាងណានៅថ្ងៃបន្ទាប់ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានដែលគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំព្រិចបានបដិសេធដំណើររឿងរបស់រដ្ឋាភិបាល។
លោក សៅ សុភាព បានលើកឡើងថា អ្នកជំនួញទាំងពីរនាក់នេះត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រមូលតែឈើដែលកាប់រួចនៅលើដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានលុបចោលតែប៉ុណ្ណោះ ហើយថា ពួកគាត់គ្មានសិទ្ធិ កាប់ឈើណាមួយបន្ថែមទៀតនោះឡើយប៉ុន្តែ លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតទាក់ទិននឹងការព្រមព្រៀងនេះឡើយ។
កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានតាមដានសេចក្តីរាយការណ៍មួយដែលចុះផ្សាយនៅក្នុងទំព័រកាសែតខេមបូឌា ដេលី ដោយផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងនេះដើម្បីស្នើសុំការបញ្ជាក់ថា តើគេកំពុងតែបានធ្វើអ្វីឲ្យពិតប្រាកដនៅក្នុងដីសម្បទានសេដ្ឋកិច្ចទាំងពីរកន្លែងនេះ។
ពេលទាក់ទងកាលពីម្សិលមិញ លោក សៅ សុភាព បានលើកឡើងថា លិខិតនេះនឹងមិនបញ្ចេញក្នុងពេលឆាប់ៗឡើយ។
លោកបានលើកឡើងថា “វាគឺជាឯកសារផ្ទៃក្នុងរវាងក្រសួងនិងក្រសួង។ ខ្ញុំគិតថា យើងមិនអាចបញ្ចេញលិខិតនេះនៅក្នុងពេលនេះបានទេ”។
លោក សៅ សុភាព បានបន្ថែមថា ការងាររបស់ក្រុមការងារពិសេសថ្មីនេះមានន័យថាឯកសារនេះមិនអាចបញ្ចេញបានឡើយ។ ពេលសួរថា តើហេតុអ្វីបានជាការងាររបស់ក្រុមការងារពិសេសត្រូវតែរារាំងមិនឲ្យបញ្ចេញឯកសារនេះ លោកបានឆ្លើយតបថា “ខ្ញុំគ្មានពេលពន្យល់អស់លោកទេ បើអស់លោកមិនយល់នោះ”។
លោក អេង ហីុ អ្នកនាំពាក្យក្រុមការងារពិសេសថ្មីនេះបានលើកឡើងថា តាមពិតទៅក្រុមការងារពិសេសនេះបានរារាំងមិនឲ្យមានការបញ្ចេញឯកសារទាំងអស់។
លោកបានលើកឡើងថា “យើងមិនអាចបញ្ចេញឯកសារណាមួយបានទេ ព្រោះអ្នកជំនាញនៅខណ្ឌរដ្ឋបាលព្រៃឈើកំពុងតែធ្វើការលើករណីនេះ ហើយវាកំពុងស្ថិតក្រោមការសើុបអង្កេត”។
លោក វ៉ាន់ សុផាត អ្នកសម្របសម្រួលគម្រោងសិទ្ធិដីធ្លីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា អង្គការរបស់លោកនៅមិនទាន់ទទួលបានការឆ្លើយតបទៅនឹងសំណើកាលពីថ្ងៃទី២៦ខែមករារបស់ខ្លួននៅឡើយទេ។
លោកបានលើកឡើងបន្តថា ក្រសួងត្រូវបានតម្រូវឲ្យចេញឯកសារនេះ។
លោកបានថ្លែងថា “នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ វាគួរតែមានតម្លាភាពហេតុដូច្នេះប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចដឹងអំពីបញ្ហានេះ។ ព្រោះជាសង្គមមួយយើងគួរតែដឹង…ដោយសារអាចមានរឿងសម្ងាត់នៅពីក្រោយ”។
អង្គការសិទ្ធិមនុស្ស និងប្រជាពលរដ្ឋដែលរស់នៅជុំវិញដីសម្បទានសេដ្ឋកិច្ចជារឿយៗតែងតែចោទប្រកាន់ម្ចាស់ដីសម្បទាន សេដ្ឋកិច្ចថា បានប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនជាកន្លែងលាងឈើកាប់ខុសច្បាប់នៅខាងក្រៅព្រំប្រទល់របស់ខ្លួន។
លោក ទ្រី ភាព ត្រូវបានចោទប្រកាន់ជាពិសេសដោយអង្គការសិទ្ធិមនុស្សថា បានដឹកជញ្ជូនឈើកាប់ខុសច្បាប់ក្នុងចំនួនយ៉ាងច្រើនឆ្លងកាត់តាមរយៈដីសម្បទានសេដ្ឋកិច្ច និងដេប៉ូឈើរបស់លោកនៅទូទាំងប្រទេស។ តំណាងរបស់លោកបានបដិសេធការចោទប្រកាន់នេះ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អូន ភាព)