ក្នុងការងាកចេញពីវិធីមុនៗនៃការសុំជំនួយពីធនាគារពិភពលោក អ្នកភូមិសព្វថ្ងៃនិងអ្នកភូមិពីមុននៅតំបន់បឹងកក់ក្រុងភ្នំពេញ បានចោលពងមាន់ឆៅទៅលើការិយាល័យប្រចាំប្រទេសរបស់ធនាគារនេះកាលពីម្សិលមិញ ដើម្បីទាមទារឲ្យអង្គការនេះដកចេញពីប្រទេសកម្ពុជា។
ក្រុមអ្នកតវ៉ាចោទធនាគារនេះថាឈរមើល នៅពេលដែលរដ្ឋាភិបាលបានយកប្រាក់របស់ធនាគារសម្រាប់គម្រោងផ្តល់កម្មសិទ្ធិដីធ្លី ហើយបង្ខំប្រជាពលរដ្ឋប្រហែល៣.០០០គ្រួសារឲ្យចេញពីផ្ទះសំបែងរបស់ពួកគេនៅបឹងកក់ ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យថ្លៃៗរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ គ្រួសារទាំងនោះបាននឹងកំពុងអង្វរឲ្យធនាគារនេះជួយរហូតមក។ កាលពីថ្ងៃច័ន្ទ ជាលើកដំបូងហើយ ដែលពួកគេបានអំពាវនាវឲ្យ ស្ថាប័នឲ្យខ្ចីប្រាក់អន្តរជាតិនេះចាកចេញពីប្រទេសកម្ពុជា។
ស៊ី ណារ៉េត ជនរងគ្រោះពីការបណ្តេញចេញពីដីធ្លីម្នាក់ បាននិយាយនៅពេលបាតុកម្មថា “យើងមិនត្រូវការធនាគារពិភពលោកទេ ពីព្រោះវារំលោភសិទ្ធិមនុស្ស និងដីធ្លីរបស់ប្រជាជនខ្មែរ។ ប្រសិនបើធនាគារពិភពលោកនៅបន្តទៀត គ្រួសារច្រើនទៀតនឹងរងទុក្ខវេទនា”។
“យើងចោលពងមាន់បណ្តេញធនាគារពិភពលោក ពីព្រោះប្រាក់របស់ធនាគារនេះបង្កឲ្យគ្រួសារជាច្រើនរងទុក្ខវេទនាដោយសារគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ យើងនឹងមកវិញរាល់អាទិត្យដើម្បីតវ៉ា និងគប់ពងមាន់រហូតដល់ពួកគេចេញពីប្រទេសកម្ពុជា”។
ក្រុមអ្នកតវ៉ា ដែលបានមកដល់នៅម៉ោងប្រហែល៨និង៣០នាទី បានចាកចេញទៅវិញ បន្ទាប់ពីលោក ប៊ូ សារឿន អ្នកនាំពាក្យធនាគារនេះបានចេញមកក្រៅទទួលញត្តិពីពួកគេនៅម៉ោង១០ព្រឹក។ លោក សារឿន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ធនាគារនេះបានផ្អាកការផ្តល់កម្ចីថ្មីទាំងអស់ដល់ប្រទេសកម្ពុជានៅឆ្នាំ២០១១ ជាការតវ៉ាទាក់ទិននឹងការបណ្តេញអ្នកបឹងកក់ចេញ ប៉ុន្តែកំពុងរៀបចំចាប់ផ្តើមការផ្តល់កម្ចីជាថ្មី ប្រហែលក្នុងពេលប៉ុន្មានខែទៀតនេះ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ការតវ៉ានេះខុសច្បាប់ ពីព្រោះអ្នកចូលរួមមិនបានសុំការអនុញ្ញាតដើម្បីតវ៉ាទេ ហើយដោយសារវាមានការចោលពងមាន់ទៀតផង។
លោក ចំរើន បាននិយាយថា “ខ្ញុំបានផ្តិតរូបថតមួយចំនួនដែលបង្ហាញថា ពួកគេបានចោលពងមាន់ទៅលើខ្លោងទ្វារធនាគារ ហើយខ្ញុំបានរាយការណ៍រឿងនេះទៅសមត្ថកិច្ចក្រុងភ្នំពេញ សុំការណែនាំ ប្រសិនបើពួកគេធ្វើម្តងទៀត”។
លោកបានបន្ថែមថា “ប្រសិនបើសកម្មភាពណាមួយខុសច្បាប់ ហើយបង្កបញ្ហាដល់មន្ត្រីធនាគារ យើងនឹងចាត់វិធានការ”៕ និត