កម្មករមួយក្រុមដែលអះអាងថា ពួកខ្លួនបានទទួលរងការវាយប្រហារកាលពីថ្ងៃច័ន្ទដោយបុរសដែលកាន់កាំបិតប៉័ងតោនិងបំពង់ទីប បានតវ៉ានៅខាងក្រៅរោងចក្រក្នុងខេត្តកណ្តាលកាលពីថ្ងៃអង្គារ ដោយទាមទារឲ្យកម្មករប្រាំបីនាក់ចូលធ្វើការវិញ ដែលពួកគេនិយាយថា ត្រូវបានបណ្តេញចេញពីការងារដោយមិនត្រឹមត្រូវ។
លោក សៀង រិទ្ធី ប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា (CLSU) បាននិយាយថា កម្មកររាប់រយនាក់បានតវ៉ានៅមុខរោងចក្រ ស្តាឡៃថ៍ អឹភែរឹល មេនូហ្វេកធឺរីង (Star Light Apparel Manufacturing) នៅតំបន់សេដ្ឋកិច្ចពិសេស 7NG ដើម្បីទាមទារឲ្យកម្មករប្រាំបីនាក់បានត្រឡប់ចូលធ្វើការវិញ។
លោកបាននិយាយថា អ្នកតវ៉ាក៏បានអំពាវនាវឲ្យរោងចក្រសងពួកគាត់នូវឡានមួយគ្រឿងនិងម៉ូតូពីរគ្រឿង ដែលត្រូវបានបំផ្លាញដោយសន្តិសុខប្រហែល៤០នាក់ និងប៉ូលិសស្លៀកស៊ីវិលផ្សេងទៀត នៅពេលដែលពួកគេវាយប្រហារកម្មករកាលពីថ្ងៃច័ន្ទ ដោយធ្វើឲ្យអ្នកតវ៉ាប្រាំបីនាក់រងរបួស។
លោក រិទ្ធី បាននិយាយថា “កម្មករបានទាមទារឲ្យម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យរបស់កម្មករ ពីព្រោះសន្តិសុខមកពីក្រុមហ៊ុននេះបានបំផ្លាញទ្រព្យទាំងនោះក្នុងពេលវាយប្រហារកាលពីម្សិលមិញ”។
មេដឹកនាំសហជីពរូបនេះបាននិយាយថា លោកកំពុងធ្វើការជាមួយក្រុមមេធាវីដើម្បីរៀបចំបណ្តឹងទៅនគរបាលខេត្ត ដោយចោទរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេសថាបានរៀបចំការវាយប្រហារនេះ ដែលបានធ្វើឲ្យកម្មករម្នាក់ត្រូវដេកពេទ្យ បន្ទាប់ពីគេប្រើកាំបិតប៉័ងតោកាប់ត្រូវចំខ្នង។
លោក ផន ញឹក តំណាងសម្ព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា ដែលនៅក្នុងចំណោមអ្នកដែលនិយាយថាពួកគេបានរងការវាយប្រហារកាលពីថ្ងៃច័ន្ទដែរនោះបាននិយាយថា ការចរចារវាងសហជីពនិងអ្នកគ្រប់គ្រងរោងចក្រនៅការិយាល័យស្រុកខ្សាច់កណ្តាលកាលពីថ្ងៃអង្គារបានបរាជ័យ នៅពេលដែលថៅកែរោងចក្រប្រកែកមិនកែប្រែការសម្រេចរបស់ខ្លួនដោយមិនអនុញ្ញាតឲ្យកម្មករដែលដេញចោលពីការងារប្រាំបីនាក់វិលមកធ្វើការវិញ។
លោក ញឹក បាននិយាយថា “ក្រុមហ៊ុនប្រកាន់ជំហរតឹងរ៉ឹងមិនអនុញ្ញាតឲ្យមន្ត្រីសហជីពដែលគេបណ្តេញចោលប្រាំបីនាក់នោះត្រឡប់មកធ្វើការវិញទេ ពីព្រោះពួកគេបានប្រាប់ការប្រជុំនោះថា មនុស្សប្រាំបីនាក់នេះខ្ជិលធ្វើការ”។
លោក ឌិន ចាន់ឌី មន្ត្រីមកពីមន្ទីរការងារខេត្ត បាននិយាយថា ការចរចានឹងបន្តនៅថ្ងៃនេះទៀត។
លោកបាននិយាយថា “យើងនឹងព្យាយាមចរចា និងស្នើក្រុមហ៊ុនឲ្យសមាជិកសហជីពប្រាំបីនាក់នោះត្រឡប់ទៅធ្វើការវិញ”។ តំណាងរោងចក្រ និង តំបន់សេដ្ឋកិច្ចពិសេស មិនអាចទាក់ទងបានទេ៕ និត