ទើបតែជាងមួយខែបន្ទាប់ពីការបង្ហាញកម្លាំងជាសាធារណៈដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានងឿងឆ្ងល់ថា ហេតុអ្វីបានជាគ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភដដែល ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទ ជាមួយនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋាភិបាល។
ទោះជាមានការចាប់ប្រើច្បាប់នេះនៅថ្ងៃទី១ខែមករាក៏ដោយ ក៏លោក ស ខេង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការបានកត់ត្រាចំនួនអ្នកស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ដែលមានមនុស្ស១៨២ស្លាប់និង៩៥១នាក់រងរបួស គឺច្រើនជាងក្នុងខែធ្នូ ដែលមាន១៤៨នាក់ស្លាប់និង៨៨១នាក់របួស។
លោក ស ខេង បានសួរអ្នកស្តាប់លោកថា “យើងចាំបាច់រកមូលហេតុឲ្យឃើញ។ ហេតុអ្វីគ្រោះថ្នាក់ចរាចរណ៍នៅតែកើនឡើង?”
បន្ទាប់មកលោកបានលើកជាគំនិតមួយចំនួនដោយដំឡើងសំឡេងកាន់តែខ្លាំងអំពីរបៀបព្យាយាមដោះស្រាយនូវអ្វីដែលលោកបាននិយាយថា ជាមូលហេតុចម្បងនៃគ្រោះថ្នាក់ នោះគឺការបើកបរលឿនជាងច្បាប់កំណត់និងការបើកបរទាំងស្រវឹង។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា ជំហានដំបូងគឺថា យើងចាំបាច់ត្រូវប្រើឧបករណ៍ទំនើបដើម្បីចាប់អ្នកដែលបើកបរលឿនជាងច្បាប់កំណត់ និងថតមុខ ហើយនិងភិនភាគអ្នកបើកបរ”។
លោករដ្ឋមន្ត្រីបានបញ្ជាឲ្យនគរបាលចរាចរល្បាតពីម៉ោង១១យប់ដល់ម៉ោង៣យប់ ដើម្បីព្រមានអ្នកបើកបរស្រវឹង។
លោក ស ខេង បានមានប្រសាសន៍ថា “យើងគួរដឹងថាមានហាងស៊ីផឹកប៉ុន្មាន! យើងដាក់រថយន្ត[នគរបាល]ប្រចាំការក្បែរនោះ ហើយម្ចាស់ហាងត្រូវសហការជាមួយសមត្ថកិច្ច និងប្រាប់សមត្ថកិច្ច បើមាននរណាម្នាក់ស្រវឹងត្រូវការឲ្យយើងជួយ”។
លោកបានបន្ថែមថា “បើនគរបាលអាចចាប់បានមនុស្សតែពីរឬបីនាក់ ពួកគេនឹងចាប់ផ្តើមរាងចាល”។
ឆ្លើយតបនឹងលោក ស ខេង លោក អ៊ូ សំអន អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា លោកជឿថា អ្នកបើកបរឡានធំគ្មានប័ណ្ណបើកបរជាកត្តារួមចំណែកសំខាន់ចំពោះការស្លាប់និងរបួសកម្មករ ដែលប្រើឡានទាំងនោះដើម្បីធ្វើដំណើរទៅមកធ្វើការ។
លោក សំអន បានមានប្រសាសន៍ថា យោងតាមការស្ទង់មតិក្រៅផ្លូវការដែលលោកបានធ្វើក្នុងជំនួបពីរដោយឡែកពីគ្នា ជាមួយអ្នកបើកឡានធំៗក្នុងខេត្តរបស់លោកកាលពីខែមុន ភាគច្រើនមិនមានប័ណ្ណបើកបរទេ។
លោកបានមានប្រសាសន៍ថា “ក្នុងស្រុកគងពិសី ក្នុងចំណោមអ្នកបើកបរ៣៦៥នាក់ មានតែមួយភាគបីប៉ុណ្ណោះមានប័ណ្ណបើកបរ។ ហើយនៅស្រុកឧត្តុង្គ ក្នុងចំណោមអ្នកបើកបរ៣០០នាក់ មានតែម្នាក់ប៉ុណ្ណោះមានប័ណ្ណបើកបរ”៕ និត