27.5 C
Phnom Penh

អតីត​មេបញ្ជាការ​យោធា​​ចាក​ចេញ​​ពី​ព្រះអង្គម្ចាស់​​​ នរោត្ដម រណឫទ្ធិ ដើម្បី​បង្កើត​គណបក្ស​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ញ៉ឹក ប៊ុនឆៃ ​​​ដែល​ធ្លាប់​​បញ្ជា​យោធា​​​​​ក្នុង​ប្រទេស​​ក្រោម​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ ​​​និង​ដែល​នៅ​​តែ​ជា​ឥស្សរជន​ដ៏សំខាន់​​មួយ​រូប​នៅ​ក្នុង​គណបក្ស​រាជានិយម​​មួយ​នេះ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ​​លោក​​​​បាន​បង្កើត​​​​គណបក្ស​ថ្មី​មួយ​​ផ្ទាល់​ខ្លួន​ដោយ​សារ​តែ​លោក​​​​​​​​មិន​ពេញ​ចិត្ត​​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ។

cam-photo-nhek-bun-chhay-suppliedលោក ញ៉ឹក ប៊ុនឆៃ ដែល​​​ជា​អ្នក​ជួយ​រៀប​ចំ​​​​បណ្ដេញ​ព្រះអង្គម្ចាស់​ រណឫទ្ធិ ​ចេញពី​គណ​បក្ស​​​ហ្វុ៊នស៊ិនប៉ិច​នៅ​​ក្នុង​ឆ្នាំ​២០០៦ ដែល​បន្ត​រហូត​​​​មក​ដល់​ឆ្នាំ​មុន ជា​ពេល​ដែល​ព្រះអង្គ​​​ម្ចាស់​​យាង​ត្រឡប់​​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​ឡើង​វិញ​​នោះ បាន​​កោះ​ហៅ​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​ស្ថានីយ​ទូរទស្សន៍​​មក​កាន់​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​​​របស់​លោក​ក្នុង​ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ កាលពី​ពេល​​​ព្រឹក​។

ដោយ​បង្ហាញ​​​រូប​​សញ្ញា​​សម្រាប់​ “ គណ​បក្ស​​​​​​រួបរួម​ជាតិ​​​” របស់​លោកដែល​ដូច​គ្នា​បេះបិទ​ទៅ​នឹង​​រូប​សញ្ញាចាស់​​របស់​​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច​ លោក ញ៉ឹក ប៊ុនឆៃ ​បាន​លើក​ឡើង​ថា ​”​ខ្ញុំ​ផ្លាស់​ប្ដូរ​​ដោយ​សារ​តែ​ខ្ញុំ​​​មើល​ឃើញ​ថា គណបក្ស​ហ្វុ៊នស៊ិនប៉ិច​បច្ចុប្បន្ន​​​បាន​បោះ​បង់​ឡូហ្គោ​​ដើម​របស់​ខ្លួន​។ ទី២ ​បញ្ហា​ផ្ទៃ​​ក្នុង​របស់​ហ្វុ៊នស៊ិនប៉ិច​មិន​អាច​ដោះស្រាយ​បាន​ ទី៣ ​ខ្ញុំ​មិន​ពេញ​ចិត្ត​ដោយ​សារ​តែ​ការ​ដឹកនាំ​របស់​ហ្វុ៊នស៊ិនប៉ិច​ផ្ដាច់​ការ”​។

​ចាប់តាំង​ពី​យាង​មក​ដឹកនាំ​​​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច​វិញ​ ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​​ផ្លាស់​ប្ដូរ​រូប​សញ្ញា និង​ការិយាល័យ​ ហើយ​ជា​អ្នក​​​​​មើល​​ខុស​ត្រូវ​​ចំពោះ​ការ​រុះរើ​​​​ការ​ងារ​​​រដ្ឋបាល​​​​របស់​បក្ស​។ ​មុខ​តំណែង​​​​របស់​លោក ញ៉ឹក បុ៊នឆៃ ត្រូវ​បាន​ផ្លាស់​​ប្ដូរ​ពីអគ្គលេខាធិការ​មក​ជា​អនុប្រធាន​​​​ទី២​របស់​បក្ស​​។

អតីត​ឧត្ដម​សេនីយ៍​យោធារូប​នេះ​ដែល​អាជីព​នយោបាយ​របស់​ខ្លួន​​បាន​ចាប់​ផ្ដើម​​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ទាហាន​​ដែល​​ស្មោះ​ស្ម័គ្រ​​​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​​ផ្ដួល​កង​ទ័ព​របស់​លោក​​អំឡុង​​ពេល​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៩៧​នោះ បាន​បក​ស្រាយ​ថា លោក​មិន​អាច​អត់ទ្រាំ​នឹង​របៀប​ដឹកនាំ​របស់​ព្រះអង្គម្ចាស់​​ រណឫទ្ធិ បាន​ទេ​។

​លោក​​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​ពេញ​ចិត្ត​​​ការ​ដឹកនាំ​បច្ចុប្បន្ន​ទេ មួយ​អន្លើ​ដោយ​សារ​​​ព្រះអង្គ​ដឹកនាំ​​​​តាម​ទស្សន​ផ្ទាល់​របស់​ព្រះអង្គ​ ហើយ​ទី២ ​ដោយសារ​ខ្ញុំ​មើល​ឃើញ​​​​អំពើ​ពុក​​​រលួយ​” ហើយ​​លោក​មាន​សុទិដ្ឋិ​និយម​​​​ចំពោះ​​​អនាគត​នយោបាយ​​ផ្ទាល់​ខ្លួន​របស់​លោក​។

លោក​បាន​បន្ត​ថា ​”​យើង​ជឿ​ថា វា​មិន​​ទាន់​​ជ្រុល​ពេល​ទេ​ ពីព្រោះ​អ្វី​ៗ​មាន​ស្រាប់​​ ​​​ហើយ​យើង​មិនមែន​ចាប់​ផ្ដើម​​ពី​មនុស្ស​ពីរ​បីនាក់​​​ទេ” ដោយ​លោក​បក​ស្រាយ​ថា ​ភក្ដី​ភាព​​ដែល​លោក​​​បាន​កសាង​​​នៅ​ក្នុង​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ថ្មី​របស់​លោក​ទទួល​បាន​ជោគជ័យ​ខ្លះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​។

​លោក​លើក​ឡើង​ថា ​លោក​នឹង​ប្រើ​ប្រាស់​​វិធីសាស្ត្រ​ងាយៗ​នៅ​ក្នុង​​ការ​ធ្វើ​នយោបាយ​។ ​​”ខ្ញុំ​ដូច​ជា​ម្ចាស់​ហាង​ ដូច្នេះ​ខ្ញុំ​ត្រូវ​សិក្សា​ពីចិត្ត​របស់​អ្នក​ទិញ​ តើ​អ្នក​ទិញ​ចង់​បាន​អី? ដូច្នេះ​​ខ្ញុំ​ត្រូវផលិត​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ទិញ។ នេះ​ជា​គោល​នយោបាយ​របស់​ខ្ញុំ​។ នយោ​បាយ​​​​គឺ​ត្រូវ​ចេះ​បត់បែន​”។

​គណបក្ស​​ថ្មី​របស់​លោក ញ៉ឹក ប៊ុនឆៃ គឺ​ជា​គណបក្ស​ទី១​​ហើយ​ដែល​ចូល​ប្រឡូក​ក្នុង​សង្វៀន​នយោបាយ​នៅ​ឆ្នាំ​នេះ និង​កើត​មាន​ឡើង​ក្រោយពី​គណបក្ស​ចំនួន​ប្រាំបី​បាន​​ចាប់​​ផ្ដើម​នៅ​ក្នុង​ឆ្នាំ​២០១៥។

​លោក សាយ ហាក់ អគ្គលេខាធិការ​​​គណ​បក្ស​​​ហ្វុ៊នស៊ិនប៉ិច​បាន​បដិសេធ​ថា នៅ​ក្នុង​គណបក្ស​ហ្វុ៊នស៊ិនប៉ិចគ្មាន​អំពើ​ពុករលួយ​នោះ​ទេ ហើយ​​​ហាក់​ស្ទាក់​ស្ទើរ​នៅ​ពេល​គេ​សាក​​​​​សួរ​អំពី​ការ​បែក​បាក់​សាមគ្គី​នៅ​ក្នុង​គណ​បក្ស​​រាជានិយម​មួយ​នេះ​។ នៅ​ក្នុង​សារ​ផ្ញើ​ទៅ​លោក ញ៉ឹក ប៊ុនឆៃ លោក សាយ ហាក់ បាន​ថ្លែង​ថា ”គណបក្ស​ហ្វុ៊នស៊ិនប៉ិច​គ្មាន​ការ​បែក​បាក់​នោះ​ទេ ហើយ​សូម​​កុំយក​សមិទ្ធ​ផល​​​របស់​​ហ្វុ៊នស៊ិនប៉ិច​ទៅ​ប្រើ​ប្រាស់​ដើម្បី​ផល​ប្រយោជន៍​​ផ្ទាល់​ខ្លួន”​ ហើយ​ថា ​អតីត​ឧត្ដម​សេនីយ៍​រូប​នេះមិនមែន​ជា​ការ​គំរាម​កំហែង​ចំពោះ​​ហ្វុ៊នស៊ិនប៉ិច​ឡើយ​​។

លោក​បាន​មាន​ប្រសាសន៍​សំដៅ​ដល់​អ្នក​បោះ​ឆ្នោត​ថា “​យើង​មិន​ព្រួយ​បារម្ភ​ទេ ព្រោះ​​​​​ការ​សម្រេច​ចិត្ត​គឺ​អ្នក​ភូមិ​”។

ទោះ​ជា​យ៉ាង​ណា លោក ដា ឈាន ​​ដែល​ជា​​​​​មេឃុំ​មួយ​រូប​​​មកពី​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ជា​ខេត្ត​កំណើត​​របស់​លោក ញ៉ឹក ប៊ុនឆៃ បាន​​​​​មាន​ប្រសាសន៍​ថា  លោក​​​​​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​លា​ឈប់​​​ពី​តំណែង​​ ហើយ​ចូល​រួមជាមួយ​គណបក្ស​​រួម​រួប​ជាតិ​។

លោក​បាន​គូស​បញ្ជាក់​ថា “​ខ្ញុំ​គិត​ថា អ្នក​រាជានិយម​​​នឹង​បែក​បាក់​ ពីព្រោះ​​​​អ្នក​ខ្លះ​​​នឹង​ចូល​រួម​​ជាមួយ​គាត់​ [លោក ញ៉ឹក ប៊ុនឆៃ] អ្នក​ដែល​បាន​ដើរ​តាម​គាត់​​ជាយូរ​មក​ហើយ​ ហើយ​​​​​ពេល​នេះ​សម្ដេច​ក្រុម​ព្រះ​​គ្មាន​​​​ប្រជា​ប្រិយ​ភាព​​​ទេ​ ដោយសារ​តែ​​ព្រះអង្គ​ភូត​កុហក”៕ សុខុម​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស