ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា អ្នកភូមិពោរពេញទៅដោយកំហឹងរាប់សិបនាក់បានឡោមព័ទ្ធមន្ត្រីរដ្ឋបាលព្រៃឈើមួយក្រុមនៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃអង្គារ ដើម្បីការពារកុំឲ្យមានការរឹបអូសឈើមានតម្លៃមួយគំនរ ដោយអះអាងថា ឈើទាំងនេះកាប់ដោយស្របច្បាប់។
ការប្រឈមមុខដាក់គ្នាប្រហែល១ម៉ោងនៅក្នុងស្រុកត្បែងមានជ័យបានបញ្ចប់ទៅដោយសន្តិវិធី ពេលមាននគរបាលចុះមកធ្វើអន្តរាគមន៍ តែមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានបង្ខំឲ្យចាកចេញទៅវិញដោយគ្មានបានឈើមួយដុំណាឡើយ នេះបើយោងតាមអាជ្ញាធរ។
លោក ជូ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនេះ បានលើកឡើងថា មន្ត្រីប្រហែល១០នាក់មកពីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យបានមកដល់ឃុំពោធិ៍ កាលពីព្រឹកថ្ងៃអង្គារ ហើយបានព្យាយាមរឹបអូសឈើគគីរប្រភេទលេខ១ចំនួន៤ដុំដែលក្នុង១ដុំៗមានប្រវែង៣ម៉ែត្រ។
ដោយពន្យល់ថា មនុស្សជិត១០០នាក់បានឡោមព័ទ្ធមន្ត្រីរដ្ឋបាលព្រៃឈើរហូតទាល់តែមាននគរបាលមូលដ្ឋានចុះមកធ្វើឲ្យស្ថានភាពធូរស្រាលទៅវិញនោះ លោក ជូ ប៊ុនសុង បានមានប្រសាសន៍ថា “ពេលពួកគេកំពុងត្រួតពិនិត្យឈើ អ្នកភូមិជាច្រើននាក់បានផ្ទុះកំហឹងហើយរារាំងពួកគេមិនឲ្យចាកចេញ ហេតុដូច្នេះពួកគេក៏សម្រេចចិត្តចាកចេញពីតំបន់នោះទៅវិញដោយមិនបានរឹបអូសអ្វីឡើយ”។
លោក អ៊ុង វុទ្ធី អភិបាលស្រុកនេះបានលើកឡើងថា មន្ត្រីរដ្ឋបាលព្រៃឈើបានទាក់ទងនគរបាលឃុំដែលបានបញ្ជូននគរបាល៥នាក់មកទីនោះ។ លោកបានថ្លែងថា “មន្ត្រីរដ្ឋបាលព្រៃឈើមិនចង់តតាំងជាមួយអ្នកភូមិទេ ហេតុដូច្នេះពួកគេក៏សម្រេចចាកចេញពីកន្លែងនោះទៅវិញ”។
អភិបាលស្រុករូបនេះបានអះអាងថា ឈើចំនួន៤ដុំត្រូវបានលាក់នៅក្បែរផ្ទះរបស់គ្រួសារមួយដោយឈ្មួញឈើខុសច្បាប់មួយក្រុម ហើយថា អ្នកភូមិមិនមែនការពារឈើរបស់ខ្លួននោះទេ ប៉ុន្តែបែរជាការពារសម្រាប់ឈ្មួញឈើទៅវិញ។
លោកបានលើកឡើងថា ”អ្នកភូមិទាំងនោះមិនមែនការពារឈើរបស់ខ្លួនទេ ពួកគាត់កំពុងការពារឈ្មួញឈើខុសច្បាប់”។ លោកបានបន្ថែមថា អ្នកភូមិមួយចំនួនធ្វើ “ដូចជាមនុស្សស្រវឹងអ៊ីចឹង”។
លោក អ៊ុង វុទ្ធី បានលើកឡើងទៀតថា អាជ្ញាធរកំពុងធ្វើការសម្រេចចិត្តនៅឡើយថា ត្រូវចាត់វិធានការបន្ត ឬយ៉ាងណា។
លោក អិុត ភូមិរ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងលោក នួន សុខុម អនុប្រធានរបស់លោកសុទ្ធតែបដិសេធមិនធ្វើអត្ថាធិប្បាយ។មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើមិនអាចទាក់ទងបានទេ។
លោក ឡោ ច័ន្ទ អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានលើកឡើងថា លោកមិនដឹងទេ ថាតើឈើនេះត្រូវបានកាប់ដោយខុសច្បាប់ ឬយ៉ាងណានោះ ប៉ុន្តែ ថា ការព្យាយាមរឹបអូសឈើទាំងនេះគឺជាការខ្ជះខ្ជាយពេលវេលា។
លោកបានមានប្រសាសន៍ថា “ឈើ៤ ឬ៥ដុំគឺជារបស់អ្នកភូមិ ប៉ុន្តែ ឈ្មួញឈើខុសច្បាប់កំពុងតែកាប់ និងដឹកជញ្ជូនឈើជាច្រើនឡានជារៀងរាល់ថ្ងៃ ហេតុអ្វីបានជាពួកគេមិនទៅបង្ក្រាបអ្នកទាំងនោះទៅ?”៕ ស៊ុយឈាង