តំណាងក្រុមហ៊ុនម្នាក់បាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុនមេរបស់រោងចក្រ Timberland ជារោងចក្រកាត់ដេរមួយដ៏ធំរបស់អាមេរិកបានស៊ើបអង្កេតការអះអាងដែលថា សន្តិសុខនៅតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងខេត្តកណ្ដាលបានវាយកម្មករដែលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងឲ្យក្រុមហ៊ុននេះ។
តំណាងសហជីពបាននិយាយថា កម្មករប្រាំបីនាក់មកពីរោងចក្រ Star Light Apparel Manufacturing នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG បានរងរបួសនៅពេលសន្តិសុខប្រហែល៤០នាក់នៅតំបន់សេដ្ឋកិច្ចពិសេសនេះ និងក្រុមមនុស្សដែលគេជួលបានយកកាំបិតប៉័ងតោកាប់និងវាយពួកគេនឹងដែកបំពង់ទីប ខណៈដែលពួកគេព្យាយមឡើងជិះរថយន្តទៅធ្វើការតវ៉ានៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។
កម្មកររាប់រយនាក់នៅរោងចក្រ Star Light Apparel បានធ្វើការតវ៉ាចាប់តាំងពីដើមខែមុនទាមទារឲ្យទទួលយកបុគ្គលិកប្រាំបីនាក់ដែលបានបាត់បង់ការងាររបស់ខ្លួនដោយសារការតវ៉ាចូលធ្វើការវិញ។
យោងតាមលោក សៀង រិទ្ធី ប្រធានសម្ព័ន្ធសហជីពសាមគ្គីភាពការងារដែលបានដឹកនាំការតវ៉ាបានឲ្យដឹងថា រោងចក្រផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗរួមមាន Timberland, Giorgio Armani និង The North Face។
នៅក្នុងអុីម៉េលកាលពីម្សិលមិញ អ្នកស្រី Vanessa McCutchen មន្ត្រីទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន VP Corporation ដែលមានមូលដ្ឋាននៅទីក្រុង Greenboro នៃរដ្ឋNorth Carolina ដែលគ្រប់គ្រងរោងចក្រ Timberland បាននិយាយថា អ្នកស្រីមាន “ការបារម្ភយ៉ាងខ្លាំង” អំពីការវាយប្រហារទៅលើកម្មករ ហើយថា មានការបើកការសើុបអង្កេតហើយ។
អ្នកស្រី McCutchen បាននិយាយថា “អ្វីដែលសំខាន់គឺថា យើងគិតដល់អ្នកដែលរងរបួសអំឡុងការប្រើអំពើហិង្សាដ៏សាហាវនេះ។ យើងដឹងអំពីហេតុការណ៍ហិង្សានេះ ហើយមានការបារម្ភយ៉ាងខ្លាំង”។
អ្នកស្រីបាននិយាយថា ”យើងបានចាប់ផ្ដើមធ្វើការស៊ើបអង្កេតអំពីបញ្ហានេះរួចហើយ ហើយរំពឹងថា នឹងមានមនុស្សនៅកន្លែងធ្វើការក្នុងរយៈពេលប៉៉ុន្មានថ្ងៃខាងមុខនេះដើម្បីចាប់ផ្ដើមពិនិត្យមើលហេតុការណ៍នោះឲ្យបានល្អិតល្អន់ និងផ្អែកលើការពិត”។ អ្នកស្រីបានបន្ថែមថា ក្រុមហ៊ុន VF បានទាក់ទងអ្នកគ្រប់គ្រងរោងចក្រដើម្បីជូនដំណឹងពួកគេអំពីការស៊ើបអង្កេត។
អ្នកស្រីលើកឡើងថា “ពួកគេបានដឹងពីការបារម្ភរបស់យើង និងបំណងរបស់យើងក្នុងការស៊ើបអង្កេតបញ្ហានេះឱ្យបានល្អិតល្អន់”។
តំណាងក្រុមហ៊ុន Giorgio Armani និង The North Face មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។
លោក ផន ញ៉ឹក តំណាងសម្ព័ន្ធសហជីពសាមគ្គីភាពការងារដែលអះអាងថា លោកស្ថិតក្នុងចំណោមអ្នកដែលត្រូវបានវាយប្រហារកាលពីថ្ងៃច័ន្ទដែរនោះបានមានប្រសាសន៍ថា អ្នកតវ៉ាប្រហែល៦០០នាក់នឹងត្រឡប់ទៅធ្វើការវិញនៅថ្ងៃនេះបន្ទាប់ពីមានជំនួបប្រកបដោយផ្លែផ្ការវាងអ្នកគ្រប់គ្រងរោងចក្រ និងកម្មករនៅសាលាស្រុកខ្សាច់កណ្ដាល។
លោក ផន ញ៉ឹក បាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងលើ១៥ចំណុច ហើយនៅសល់២ចំណុចថាតើកម្មករទាំងប្រាំបីនាក់នឹងត្រូវទទួលយកមកធ្វើការវិញ និងថាតើកម្មករផ្សេងទៀតនឹងទទួលបានប្រាក់ឈ្នួលសម្រាប់រយៈពេលដែលពួកគេធ្វើការតវ៉ាឬយ៉ាងណានោះគឺទុកពិភាក្សានៅជំនួបថ្ងៃសុក្រ៕ សារុន