លោក វីកទ័រ កូប៉េ (Victor Koppe) មេធាវី ការពារក្តីអន្តរជាតិរបស់ នួន ជា កម្រខកខានឱកាសក្នុងការរៀបរាប់ប្រាប់ចៅក្រមនៅសាលាក្តីខ្មែរក្រហមនូវអ្វីដែលលោកចង់និយាយ។
អំឡុងការបើកសវនាការជំនុំជម្រះដែលពឹងផ្អែកលើឯកសារកាលពីខែសីហា លោក វីកទ័រ កូប៉េ បានចាត់ទុកនីតិវិធីរឿងក្តីថា “គួរឲ្យអស់សំណើច” ហើយបានដើរចេញពីបន្ទប់សវនាការ។នៅថ្ងៃបន្ទាប់ មេធាវីជនជាតិហូឡង់រូបនេះ បានបន្តចោទប្រកាន់ចៅក្រម ហ្សង់ម៉ាក ឡាវែញ (Jean-Marc Lavergne) ថា បាន “ធ្វើការសម្រេចចិត្តខ្វះភាពក្លាហាន”និងខ្វះ “សុចរិតភាពតុលាការ”។
ហើយនៅក្នុងកិច្ចសម្ភាសន៍បើកចំហមួយក្នុងព្រឹត្តិបត្រ Mekong Review ជាព្រឹត្តិបត្រថ្មីដែលចេញផ្សាយរាល់បីខែម្តង លោកបានបន្តរិះគន់ចៅក្រម ហ្សង់ម៉ាក ឡាវែញ កាន់តែខ្លាំងជាងមុនទៅទៀត។
លោក វីកទ័រ កូប៉េ បានប្រាប់លោក មីញ បួយ ចន (Minh Bui Jones) និពន្ធនាយករបស់ព្រឹត្តិបត្រនេះថា “ ខ្ញុំអត់គោរពសូម្បីបន្តិចជាពិសេសចៅក្រមជនជាតិបារាំង [លោក ហ្សង់ម៉ាក ឡាវែញ] រូបនេះ។ប្រសិនបើវាហួសហេតុពេក អ៊ីចឹងបណ្តោយឲ្យទៅតាមហ្នឹងទៅ”។
នៅពេលសួរថា តើលោកមានអ្វីប្រឆាំងនឹងចៅក្រមរូបនេះដែរ ឬទេ លោក វីកទ័រ កូប៉េ បានឆ្លើយថា “ប្រាកដជាមាន”។ លោក មីញ បួយ ចន បានសួរថា “ដោយសារគាត់ជាជនជាតិបារាំងឬ”?។
មេធាវីរូបនេះបានឆ្លើយតបថា “ [សើច] ទេមិនមែនដោយសារតែគាត់ជាជនជាតិបារាំងទេ។ខ្ញុំចូលចិត្តជនជាតិបារាំង។វាងាយស្រួលពេកហើយ។ គាត់បានធ្វើអ្វីៗដែលអាចធ្វើទៅបានដើម្បីរារាំងខ្ញុំមិនឲ្យសួរសំណួរ។ គាត់មានជំហរយ៉ាងសកម្មក្នុងការព្យាយាមរារាំងកុំឲ្យរឿងរ៉ាវរបស់ នួន ជា ត្រូវបានរៀបរាប់”។
នៅពេលសួរនៅក្នុងកិច្ចសម្ភាសន៍ក្រោយមកទៀតថា ហេតុអ្វីបានជាលោកប៊ិះនឹងលាលែងពីការងាររបស់ខ្លួននៅក្នុងខែវិច្ឆិកា លោក វីកទ័រ កូប៉េ បានធ្វើការវាយប្រហារលក្ខណៈផ្ទាល់ខ្លួន កាន់តែខ្លាំងលើចៅក្រម ហ្សង់ម៉ាក ឡាវែញ។
លោកបាននិយាយថា “ប្រសិនបើលោកអ្នកនៅក្នុងបន្ទប់សវនាការនោះជាប់រហូតលោកអ្នកនឹងដឹងហើយ…ថា វាមិនអាចទ្រាំទ្របាន ពោលគឺត្រូវប្រឈមមុខជាប់រហូតជាមួយនឹងចៅក្រមជនជាតិបារាំងរូបនោះដែលទីបំផុតមានភាពលម្អៀង អសមត្ថភាព និងល្ងីល្ងើ។ អ្នកផ្សេងមិនដឹងថា វាលំបាកយ៉ាងណានោះទេ”។
នៅពេលសួរទាក់ទិននឹងការលើកឡើងរបស់លោក វីកទ័រ កូប៉េ ក្រុមអ្នកវិភាគនៅសាលាក្តីខ្មែរក្រហមបានលើកឡើងនៅក្នុងសប្តាហ៍នេះថា ខណៈមេធាវីរូបនេះមានសិទ្ធិសួរអំពីភាពយុត្តិធម៌របស់តុលាការនោះការវាយប្រហារលក្ខណៈផ្ទាល់ខ្លួនគឺវាហួសហេតុពេកហើយ។
លោក ឡុង បញ្ញាវុធ អ្នកឃ្លាំមើលសាលាក្តីនៃគម្រោងយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា “ខ្ញុំសូមនិយាយថា តាមពិតទៅនៅក្នុងការបើកសវនាការប្រកបដោយភាពយុត្តិធម៌ វាមានសារៈសំខាន់ដែលមេធាវីការពារក្តីអាចនិយាយការពាររឿងក្តីរបស់ខ្លួនដោយសេរីនោះ។ ប៉ុន្តែ ខ្ញុំសូមនិយាយថា ការវាយប្រហារលក្ខណៈផ្ទាល់ខ្លួនលើចៅក្រមរូបនោះជាពិសេស គឺវាហួសពីព្រំដែននៃអ្វីដែលគេហៅថា សិទ្ធិបើកសវនាការប្រកបដោយភាពយុត្តិធម៌”។
លោក ឡុង បញ្ញាវុធ បានលើកឡើងទៀតថា ការប្រមាថនេះទំនងជាផ្នែកនៃយុទ្ធសាស្ត្ររបស់លោក វីកទ័រ កូប៉េ ។ លោកបានថ្លែងថា “ខ្ញុំគិតថា វាគឺដើម្បីទទួលបានការចាប់អារម្មណ៍។ ហើយទី២គាត់ចង់ធ្វើឲ្យចៅក្រមមិនអាចទប់កំហឹងខ្លួនឯងបាន ហើយប្រសិនបើគេដាក់វិន័យលើគាត់ គាត់អាចពន្យារនីតិវិធីរឿងក្តី”។
លោក ចន ឈូចចារី (John Ciorciari) សាស្ត្រាចារ្យជនជាតិអាមេរិកដែលសរសេរយ៉ាងស៊ីជម្រៅអំពីសាលាក្តីខ្មែរក្រហម បានលើកឡើងថា ការលើកឡើងរបស់លោក វីកទ័រ កូប៉េ អាចចាត់ទុកបានថា ជាការមិនគោរពចំពោះតុលាការ។
ប៉ុន្តែ លោកបានធ្វើការសន្និដ្ឋានថា មេធាវីរូបនេះកំពុងព្យាយាមជំទាស់នឹងការដោះស្រាយរបស់សាលាក្តីចំពោះ សំណុំ រឿងរបស់កូនក្តីលោក។
លោក ចន ឈូចចារី បានមានប្រសាសន៍ថា “ការចោទប្រកាន់លោក ហ្សង់ម៉ាក ឡាវែញ ថា ’ល្ងីល្ងើ’ សឹងតែមិនមែនជារឿងការងារ។ ប៉ុន្តែ ការពិតប្រហែលជាអ៊ីចឹងមែន។ លោក កូប៉េ បានជំទាស់ថា ការបើកសវនាការមានភាពរញ៉េរញ៉ៃ ហើយអាកប្បកិរិយារបស់គាត់ក៏ជាចំណែកមួយធ្វើឲ្យគេចាប់អារម្មណ៍ដែរ”។
នៅពេលសួរដើម្បីឲ្យឆ្លើយតបនឹងការរិះគន់កាលពីម្សិលមិញ លោក វីកទ័រ កូប៉េ បានលើកឡើងត្រឹមតែថា “ខ្ញុំមិនចាំបាច់អីត្រូវតបតនឹងអ្នកទាំងនេះទេ”៕ ស៊ុយឈាង