ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចបានស្នើសុំក្រសួងមហាផ្ទៃចាត់វិធានការចំពោះលោក ញ៉ឹក ប៊ុនឆៃ ដែលបានប្រកាសបង្កើតគណបក្សថ្មី ហើយប្រើស្លាកសញ្ញារបស់បក្សហ្វុ៊នស៊ិនប៉ិច។
ក្នុងលិខិតមួយផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញ ព្រះអង្គម្ចាស់ រណឫទ្ធិ បានមានបន្ទូលថា “ចំពោះឈ្មោះគណបក្ស ខ្ញុំសូមជំទាស់ជាមុនដោយអនុវត្តតាមមាត្រា១១នៃច្បាប់គណបក្សនយោបាយ មិនអនុញ្ញាតឲ្យគណបក្សណាយកឈ្មោះ និងសញ្ញាគណបក្សដែលមានកន្លងមក ដោយចម្លង ឬកែសម្រួលយកទៅប្រើប្រាស់សំគាល់គណបក្សខ្លួនឡើយ”។
លោក ញ៉ឹក ប៊ុនឆៃ ដែលជាមន្ត្រីសំខាន់មួយរូបនៅក្នុងគណបក្សរាជានិយមមួយនេះ បានប្រកាសកាលពីម្សិលមិញថា លោកបានបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្សរួបរួមជាតិ ដោយសារតែលោកមិនពេញចិត្តនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចំណែកឯស្លាកសញ្ញារបស់គណបក្សនេះដូចគ្នាបេះបិទទៅនឹងស្លាកសញ្ញាចាស់របស់គណបក្សហ្វុ៊នស៊ិនប៉ិច។
លោក ញ៉ឹក ប៊ុនឆៃ បានមានប្រសាសន៍ថា លោកនឹងនៅតែប្រើស្លាកសញ្ញាចាស់របស់គណបក្សហ្វុ៊នស៊ិនប៉ិចដដែល ទោះបីជាជំទាស់ដោយព្រះអង្គម្ចាស់ រណឫទ្ធិ ក៏ដោយ។
លោក ញ៉ឹក ប៊ុនឆៃ បាននិយាយថា “ខ្ញុំនៅតែប្រើឡូហ្គូដដែល។ ស្ទើរតែសមាជិកទាំងអស់ក្នុងរចនាសម្ព័ន្ធហ្វុ៊នស៊ិនប៉ិចចាស់ចុះចូលមកខាងខ្ញុំ”។
លោក ញ៉ឹក ប៊ុនឆៃ បានរៀបចំការបណ្ដេញព្រះអង្គម្ចាស់ រណឫទ្ធិ ចេញពីគណបក្សហ្វុ៊នស៊ិនប៉ិចនៅក្នុងឆ្នាំ២០០៦ រហូតមកដល់ឆ្នាំមុន ទើបព្រះអង្គម្ចាស់បានយាងមកធ្វើជាប្រធានគណបក្សនេះវិញ។
ចាប់តាំងពីមកដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចវិញ ព្រះអង្គម្ចាស់ រណឫទ្ធិ បានផ្លាស់ប្ដូរស្លាកសញ្ញា និងការិយាល័យ ហើយមើលខុសត្រូវចំពោះការរុះរើរដ្ឋបាលបក្ស។ មុខតំណែងរបស់លោក ញ៉ឹក បុ៊នឆៃ បានផ្លាស់ប្ដូរពីអគ្គលេខាធិការមកជាអនុប្រធានទី២របស់បក្ស៕