យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានបន្ថែមការធ្វើតេស្តរកមេរោគហ្ស៊ីកា (Zika) ដែលការផ្ទុះក្នុងពេលថ្មីៗនៅក្នុងប្រទេសប្រេស៊ីលត្រូវបានភ្ជាប់ទៅនឹងក្មេងកើតមកមិនគ្រប់លក្ខណៈនោះ ចូលទៅក្នុងការអង្កេតតាមដានជំងឺគ្រុនចាញ់ និងគ្រុនឈាមដែលធ្វើឡើងពីរឆ្នាំម្តងនៅក្នុងរាជធានីភ្នំពេញ។
លោក ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសីុតសាស្ត្រ បាណកសាស្ត្របានឲ្យដឹងថា អ្នកជំនាញមកពីក្រសួងនេះកាលពីម្សិលមិញ បានប្រមូលមូស និងដង្កូវទឹកចេញពីប្រភពទឹកស្អាត និងទឹកកខ្វក់នៅក្នុងខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។
លោកបានពន្យល់ថា “យើងងាកមកបន្តការអង្កេតតាមដាននៅក្នុងទីតាំងទាំងបីនេះ ព្រោះយើងចង់កំណត់ថា តើមូសណាខ្លះដែលចម្លងមេរោគ ហើយថា តើវារស់នៅ និងពងនៅកន្លែងណា”។
ហើយខណៈលទ្ធផលនៃការធ្វើតេស្តនៅមន្ទីរពិសោធន៍រកជំងឺគ្រុនចាញ់ និងគ្រុនឈាមនឹងចេញក្នុងពេលឆាប់ៗនោះ លោក ហ៊ុយ រ៉េកុល បានលើកឡើងថា ការធ្វើតេស្តរកមេរោគហ្ស៊ីកាអាចចំណាយពេលពីរសប្តាហ៍។លោកបានមានប្រសាសន៍ថា ”យើងគ្មានឧបករណ៍ដើម្បីវិភាគមេរោគហ្ស៊ីកានេះទេ ហេតុដូច្នេះយើងត្រូវបញ្ជូនវាទៅសហរដ្ឋអាមេរិក”។
កាលពីថ្ងៃច័ន្ទ អង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសមួយដោយចាត់ ទុកការផ្ទុះឡើងនូវមេរោគហ្ស៊ីកាក្នុងពេលថ្មីៗនៅប្រទេសប្រេស៊ីលថាជាក្តីព្រួយបារម្ភដែលត្រូវប្រកាសអាសន្នទូទាំងពិភពលោក ដោយលើកឡើងពីការដែលអាចមាន ទំនាក់ទំនងរវាងមេរោគនេះ ទៅនឹងទារកដែលកើតមកមានក្បាលតូចខុសពីធម្មតា។
កាលពីសប្តាហ៍មុនក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយអំពាវនាវឲ្យពលរដ្ឋធ្វើយ៉ាងណាកុំឲ្យមូសខាំ និងកុំឲ្យឆ្លងមេរោគហ្ស៊ីកា តាមរយៈការស្លៀកពាក់ខោអាវដៃវែងជើងវែង និងដេកក្នុងមុង។
ទោះជាយ៉ាងណា លោក Didier Fontenille ប្រធានវិទ្យាស្ថានបា៉ស្ទ័រក្នុងរាជធានីភ្នំពេញបានច្រានចោលការផ្តល់ដំបូន្មានបែបនេះកាលពីម្សិលមិញ ដោយគូសបញ្ជាក់ថា មេរោគហ្ស៊ីកាដែលដូចនឹងជំងឺគ្រុនឈាមឆ្លងតាមរយៈមូសខាំអំឡុងពេលថ្ងៃ។
លោកបានថ្លែងថា “វិធីល្អបំផុតដើម្បីកុំឲ្យមូសខាំ គឺត្រូវចាក់ទឹកកខ្វក់នៅក្នុងកំប៉ុង ពាង ឬសម្បកកង់ចាស់ៗចោល និងលាបថ្នាំការពារ”។
លោកបានលើកឡើងទៀតថា ការឆ្លងរាលដាលនៃប្រភេទមេរោគហ្ស៊ីកាថ្មីដែលផ្ទុះឡើងនៅក្នុងទ្វីបអាមេរិកខាងត្បូងមកតំបន់អាស៊ីអាគ្នេយ៍ គឺស្ថិតក្នុងហានិភ័យខ្ពស់។
លោកបានមានប្រសាសន៍ថា “ខ្ញុំច្បាស់ណាស់ថា យើងនឹងមានករណីឆ្លងកាន់តែច្រើនគ្រប់ទីកន្លែងទូទាំងពិភពលោកឲ្យតែមានសត្វមូសដែលអាចចម្លងមេរោគនេះ”។
“ ប្រសិនបើវាមកដល់តំបន់អាស៊ី វានឹងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយខណៈខ្ញុំមិនដឹងថា តើវានឹងបង្កគ្រោះថ្នាក់ ឬអត់នោះ យើងត្រូវតែត្រៀមដើម្បីទប់ស្កាត់”៕ស៊ុយឈាង