តាមរយៈរូបថតផ្ទាល់ អ្នកថតរូបបង្ហាញអ្នកនៅរស់រានមានជីវិតពីការជះទឹកអាស៊ីតឲ្យចេញពីទីងងឹត
ស្រី អូន ទៅផ្សារក្នុងខេត្តកណ្តាល ក្នុងពេលដែលស្ត្រីម្នាក់រត់សំដៅមករកនាង ហើយក៏ជះទឹកអាស៊ីតស្រោចលើនាង ជាការវាយប្រហារដោយកំហឹងប្រចណ្ឌដែលបណ្តាលឲ្យស្ត្រីជាម្តាយមានវ័យ៣៦ឆ្នាំរូបនេះខូចភ្នែកម្ខាង ហើយក៏ងងឹងភ្នែកម្ខាងទៀត។
សុខ នាង កំពុងមើលទូរទស្សន៍នៅផ្ទះរបស់នាងក្នុងខេត្តព្រះវិហារ នៅពេលដែលមានស្ត្រីម្នាក់បានជះទឹកអាស៊ីតស្រោចលើនាង ដោយបណ្តាលឲ្យស្ត្រីមានវ័យ៣៥ឆ្នាំរូបនេះមានស្នាមរលាកធ្ងន់លើមុខ និងដងខ្លួនផ្នែកខាងឆ្វេង។
អ្នកថតរូបជនជាតិបារាំងអាល្លឺម៉ង់ លោកស្រី អានគ្រិស្ទីន វ៉ោល បានជួបស្ត្រីទាំងនេះជាផ្នែកនៃគម្រោងលោកស្រី ដើម្បីថតជាឯកសារនូវអ្នករស់រានមានជីវិតពីការវាយប្រហារដោយភ្លើង និងទឹកអាស៊ីតនៅក្នុងប្រទេសកម្ពុជា បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ និងអ៊ូហ្កង់ដា។មានចំណងជើងថា “មើលមិនឃើញ/មើលឃើញ” ជាបណ្តុំរូបថត និងទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃនឹងដាក់តាំងពិព័រណ៍ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅឯមេតាហោស៍ ក្រុងភ្នំពេញនៅយប់ថ្ងៃសៅរ៍។

លោកស្រី វ៉ោល បាននិយាយតាមសារអ៊ីម៉ែលពីក្រុងម៉ូនិកសប្តាហ៍នេះថា “ស្ត្រីទាំងនេះមើលទៅឃើញខូចសព៌ាង្គកាយ ហើយសង្គមមើលមិនឃើញ ត្រូវគេបណ្តេញចេញពីសហគមន៍របស់ពួកគេ។ បំណងរបស់ខ្ញុំក្នុងគម្រោងនេះគឺបង្ហាញថាស្ត្រីជាអ្នករស់រានមានជីវិត និងជាវីរស្ត្រី ជាជាងជនរងគ្រោះ”។
អំពើហិង្សាវាយប្រហារដោយទឹកអាស៊ីតនៅតែជាកង្វល់នៅក្នុងប្រទេសកម្ពុជា ទោះបីជាចំនួននៃការជះទឹកអាស៊ីតដែលបានរាយការណ៍បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល៥ឆ្នាំកន្លងមកក៏ដោយ។យោងតាម អេរិន ប៊ូជ្វ័រ អតីតអ្នកចាត់ចែងកម្មវិធីនៅឯអង្គការជួយជនរងគ្រោះកម្ពុជាដោយអាស៊ីតដែលបានបន្តឃ្លាំមើលហិង្សាដោយទឹកអាស៊ីតនៅក្នុងប្រទេសកម្ពុជាឲ្យដឹងថា ឆ្នាំ២០១០ឃើញមានការជះទឹកអាស៊ីត២០ដង មានតែការវាយប្រហារបីដងប៉ុណ្ណោះបានរាយការណ៍ក្នុងឆ្នាំ២០១៥។
អង្គការនេះចាត់ទុកការថយចុះដោយសារតែការអនុម័តច្បាប់អាស៊ីតក្នុងឆ្នាំ២០១២ ដែលដាក់ទោសទណ្ឌធ្ងន់ចំពោះជនល្មើស និងអនុក្រឹត្យនាឆ្នាំ២០១៣ដែលមានបទបញ្ញត្តិទៅលើការលក់ និងការប្រើប្រាស់អាស៊ីត។
លោកស្រី ប៊ូជ្វ័រ បាននិយាយថា ទោះបីជាមានវឌ្ឍនភាពក៏ដោយ ក៏ប្រទេសកម្ពុជានៅតែជួបការលំបាកក្នុងការគាំពារអ្នករស់រានមានជីវិតពីការវាយប្រហារដោយទឹកអាស៊ីតពីមុនៗដែរ ដោយសារតែស្ទើរតែគ្មានថវិការដ្ឋាភិបាលសម្រាប់គាំពារពួកគេ ហើយអង្គការជួយជនរងគ្រោះកម្ពុជាដោយអាស៊ីត ដែលជាអង្គការដំបូងធ្វើការជាមួយអ្នករស់រានមានជីវិតពីការវាយប្រហារដោយទឹកអាស៊ីត បានបញ្ចប់ការទ្រទ្រង់គាំពារភាគច្រើនរបស់ខ្លួនបន្តិចម្តងៗ។លោកស្រីបាននិយាយថា “ដូចអ្នកអាចស្រមៃឃើញហើយ ឥទ្ធិពលប៉ះពាល់រូបរាងកាយ និងជាអចិន្ត្រៃយ៍ពីការវាយប្រហារដោយទឹកអាស៊ីត តម្រូវឲ្យមានការព្យាបាលផ្នែកវេជ្ជសាស្ត្រ និងវះកាត់រយៈពេលយូរ ការព្យាបាលដោយការហាត់ប្រាណ សម្លៀកបំពាក់។ រឿងនេះថែមទាំងមិនអាចដោះស្រាយការប៉ះទង្គិចផ្លូវអារម្មណ៍ និងផ្លូវចិត្តបានទេ។ ដូច្នេះ ការប្រឹក្សាយោបល់ ការគាំទ្រដៃគូ ជាផ្នែកនៃការគាំទ្ររយៈពេលយូរគឺត្រូវការជាចាំបាច់”។លោកស្រី វ៉ោល បាននិយាយថា អ្នកនៅរស់ជាច្រើនដែលលោកស្រីបានជួបបានទទួលរងការធ្លាក់ទឹកចិត្ត ហើយអ្នកខ្លះប៉ងធ្វើអត្តឃាត។

លោកស្រី វ៉ោល បាននិយាយថា “ក្រៅពីការខូចសព៌ាង្គកាយ ដោយបណ្តាលឲ្យមានការឈឺចុកចាប់ផ្នែករាងកាយក្នុងអំឡុងពេល និងក្រោយពីការជះទឹកអាស៊ីតរួច ស្ត្រីទាំងនេះត្រូវប៉ះពាល់វេទនារម្មណ៍ និងរងការប៉ះទង្គិចផ្លូវចិត្តអស់មួយជីវិត”។
អ្នកថតរូបនេះមានចិត្តចាប់ផ្តើមគម្រោងរបស់ខ្លួន បន្ទាប់ពីជួបជនរងគ្រោះរលាកម្នាក់នៅឯការបើកពិព័រណ៍មួយនៅក្នុងប្រទេសអាល្លឺម៉ង់ប្រហែល១០ឆ្នាំមុន។ ក្នុងឆ្នាំ២០១១ លោកស្រីទទួលបានមូលនិធិពីមូលនិធិវប្បធម៌អាល្លឺម៉ង់ វីហ្ជី ប៊ិលគុន ស្ទីស្ទុង គុលធឺវឺក(VG Bild-Kunst’s Stiftung Kulturwerk) ហើយក៏ត្រូវធ្វើការ។
សម្រាប់វគ្គចុងក្រោយដែលបោះពុម្ភក្នុងសៀវភៅចេញផ្សាយក្នុងឆ្នាំ២០១៤ លោកស្រីបានជ្រើសរើសស្ត្រី៨នាក់ពីប្រទេសនីមួយៗ។
លោកស្រីបាននិយាយថា “ខ្ញុំតាមឃ្លាំមើលស្ត្រីម្នាក់ក្នុងបណ្តាស្ត្រីទាំងនោះនៅក្នុងប្រទេសនីមួយៗយ៉ាងកៀកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្ហាញថាអ្វីពិតជាមានន័យ ដើម្បីរស់នៅជាមួយស្លាកស្នាមទុយ៌ស និងដើម្បីបង្ហាញនូវកម្លាំង និងសេចក្តីអង់អាចពួកគេថាស្ត្រីទាំងនោះមានដំណើរជីវិតយ៉ាងម៉េច”។
ទោះបីលោកស្រីផ្តោតដំបូងទៅលើស្ត្រីក៏ដោយ ក៏មួយភាគបីនៃអ្នករស់រានមានជីវិតប្រហែល៤០នាក់ ដែលលោកស្រីបានជួបនៅក្នុងប្រទេសកម្ពុជា គឺសុទ្ធតែជាមនុស្សប្រុស។
លោកស្រី ប៊ូជ្វ័រ បាននិយាយថា “អ្វីគួរឲ្យចាប់អារម្មណ៍អំពីប្រទេសកម្ពុជា គឺពាក់កណ្តាលនៃជនរងគ្រោះគឺជាបុរស ហើយពាក់កណ្តាលទៀតជាស្ត្រី ហើយជនល្មើសក៏ដូចគ្នាដែរនៅក្នុងប្រទេសកម្ពុជា គឺពាក់កណ្តាលជាបុរស និងពាក់កណ្តាលជាស្ត្រី ពោលគឺវាមិនដូចគ្នានឹងប្រទេសប៉ាគីស្ថាន បង់ក្លាដែស ប្រទេសដទៃទៀត ដែលនៅទីនោះជាធម្មតាជនល្មើសជាបុរស ហើយជនរងគ្រោះគឺជាស្ត្រី”។
លោក ប៊ុណ្ណារិទ្ធ ជាប្រធានបទមួយរបស់លោកស្រី វ៉ោល គឺជាអតីតអ្នកជំនួញ និងជាបុរសមានកូនបីនាក់ដែលជះទឹកអាស៊ីតដោយប្រពន្ធរបស់គាត់នៅឯផ្ទះពួកគេក្នុងខេត្តពោធិ៍សាត់។ បុរសមានវ័យ៤៦ឆ្នាំរូបនេះបានខ្វាក់ភ្នែកដោយសារតែទឹកអាស៊ីត ហើយរលាកធ្ងន់លើមុខ ក ត្រចៀក ទ្រូង និងដៃ។
លោកស្រី ប៊ូជ្វ័រ បាននិយាយបន្ថែមថា “វាមិនត្រឹមតែបញ្ហាស្នេហាត្រីកោណទេ។ វាអាចជាជម្លោះនយោបាយ ជម្លោះការរកស៊ីជាដើម”។

លោកស្រីបាននិយាយថា វាជាភាពស្ងៀមស្ងាត់ពីជនរងគ្រោះទាំងបុរស ទាំងស្ត្រី ដែលនៅតែជាឧបសគ្គដ៏ធំបំផុតមួយពិបាកនឹងតាមដានរកយ៉ាងសុក្រឹត ការពារ និងដោះស្រាយហិង្សាដោយការវាយប្រហារដោយទឹកអាស៊ីត។
លោកស្រី ប៊ូជ្វ័រ បាននិយាយថា “ក្នុងពេលដែលមានករណីច្រើន ទាក់ទងនឹងហិង្សាវាយប្រហារដោយទឹកអាស៊ីតទូទាំងពិភពលោក មិនបានរាយការណ៍ដោយសារហេតុផ្សេងៗគ្នា នោះចំណុចសំខាន់ជាជនរងគ្រោះគឺភ័យខ្លាចការសងសឹកពីជនល្មើស ឬគ្រួសារជនល្មើស។ពួកគេមិនទុកចិត្តនិងមានជំនឿចិត្តលើនគរបាល និងប្រព័ន្ធយុត្តិធម៌ ដើម្បីតាមដានករណីទេ”។
ការភ័យខ្លាច និងក្តីអស់សង្ឃឹមគួបផ្សំនឹងស្លាកស្នាមទុយ៌សដែលទាក់ទងនឹងការខូចសព៌ាង្គកាយ និងពិការភាព គឺជាអ្វីដែលលោកស្រី វ៉ោល សង្ឃឹមថានឹងផ្លាស់ប្តូរតាមរយៈរូបថតរបស់លោកស្រី។
លោកស្រីបាននិយាយថា “ខ្ញុំដឹងថាយើងជាមនុស្សនៅក្នុងសង្គមកំពុងតែធ្វើឲ្យមនុស្សដែលមានរូបសម្ផស្សមិនប្រក្រតី មានដូចជាស្លាកស្នាម និងការខូចសព៌ាង្គកាយដែលមើលមិនឃើញ ហើយយើងជាមនុស្សដែលធ្វើឲ្យស្លាកស្នាមកាន់តែជ្រៅទៅក្នុងដួងចិត្តពួកគេ”។
លោកស្រីបាននិយាយថា “ដោយថតរូបពួកគេ ខ្ញុំកំពុងផ្តល់ឲ្យពួកគេមានសំឡេង។ ខ្ញុំចង់បង្ហាញនូវការតស៊ូរបស់ពួកគេ គឺថែមទាំងសេចក្តីក្លាហានដ៏ធំធេងក្នុងដំណើរជីវិតរបស់គេដែរ”៕រើន