35 C
Phnom Penh

សាលា​​​ឧទ្ធរណ៍​​​​​​ដោះ​​​លែង​​​កម្មករ​​​ជាប់​​​ពន្ធនាគារ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ សាលា​​​ឧទ្ធរណ៍​​​​​​បាន​​​បញ្ជា​​​ឲ្យ​​​ដោះ​​​លែង​​​កម្មករ​​​កាត់​​​ដេរ​​​បួន​​​នាក់​​​ដែល​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពេល​​​ធ្វើ​​​ការ​​​តវ៉ា​​​ និង​​​កុបកម្ម​​​​​នៅ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​ពីរ​​​កន្លែង​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ ដោយ​​​ទាត់​​​ចោល​​​សំណើ​​​របស់​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAC) ​​​ឲ្យ​​​បដិសេធ​​​ការ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​ពួក​​​គេ​​​។

កម្ម​​​ករ​​​ទាំង​​​នោះ​​​មាន​​​ឈ្មោះ​​​ វ៉ាន វិចិត្រ​​​ អាយុ​​​២៤​​​ឆ្នាំ​​​ ផលឌី សូម៉ាលីដា  អាយុ​​​២៧​​​​​​ឆ្នាំ​​​ សុខ គង់ អាយុ​​​២៨​​​ឆ្នាំ និង​​​ ឆេង សុផា អាយុ​​​៣៥​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់ខ​​​្លួន​​​នៅ​​​ថ្ងៃ​​​ទី​​​១៧​​​​​​ និង​​​១៨​​​ខែ​​​ធ្នូ​​​ និង​​​ដាក់​​​ពន្ធនាគារ​​​ពី​​​បទ​​​ចោទ​​​ញុះញង់​​​ អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​ និង​​​ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​។ សំណើ​​​សុំ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំរបស់​​​ពួកគេ​​​​​​ត្រូវ​​​បាន​​​បដិសេធ​​​ចោល​​​​​​កាល​​​ពីខែ​​​​មុន​​​តាម​​​សំណើ​​​របស់​​​ GMAC ដែល​​​អគ្គលេខាធិការ​​​របស់​​​សមាគម​​​នេះ​​​គឺ​​​លោក  កែន លូ បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា លោក​​​បារម្ភ​​​ខ្លាច​​​មាន​​​”រលក​​​ទី​​​២​​​នៃ​​​​​​កូដកម្ម​​ការ​​​ងារ​​​នៅ​​​​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​​​​ តៃ​​​ សេង និង​​​មេនហាធេន  ក្នុង​​​​​​ក្រុង​​​បាវិត​​​។

ការបដិសេធ​​​មិន​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​​​​ផ្ទុយ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​រវាង​​​អាជ្ញាធរ​​​ខេត្ត​​​ និង​​​សហជីព​​​ដែល​​​បាន​​​នាំ​​​មក​​​នូវ​​​ការ​​​បញ្ចប់​​​ចលាចល​​​ដោយ​​​សន្តិវិធី​​​ ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​កក្រើក​​​សួន​​​ឧស្សាហកម្ម​​​ពីរ​​​កន្លែង​​​នេះ​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​សប្តាហ៍​​​ ដែល​​​បង្ក​​​ឡើង​​​ដោយ​​​​​​ការ​​​ទាម​​​ទារ​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នៅ​​​រោង​​​ចក្រ​​​ ឃីងមេឃ័រ​​​ ខេមបូឌា ។

លោក ងួន រតនា ចៅក្រម​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​និយាយ​​​ថា លោក​​​បាន​​​ផ្តល់​​​ការ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ដល់​​​កម្មករ​​​បួ​​​ន​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​លោក​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ប្រកាស​​​ក្នុង​​​សវនាការ​​នោះ​​​​ថា ​ពួកគេ​​​គួរ​​​ត្រូវ​​​ដោះ​​​លែង​​​”។

លោកស្រី​​​ ហេង បុង មេធាវី​​​តំណាង​​​កម្មករ​​​​​​បាន​​​និយាយ​​​ថា កូន​​​ក្តី​​​របស់​​​លោកស្រី​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រុង​​​ភ្នំពេញ​​​​​​ចូល​​​រួម​​​សវនាការ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​សាលាឧទ្ធរណ៍​​​ ហើយ​​​​​​ចៅ​​​ក្រម រតនា បាន​​​ពន្យល់​​​ថា សេចក្តី​​​សម្រេច​​​របស់​​​លោក​​​គឺ​​​ផ្អែក​​​លើ​​​អនុសាសន៍​​​របស់​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​ស្វាយ​​​រៀង​​​ ដែល​​​បាន​​​លើក​​​ហេតុ​​​ផល​​​ថា អ្នក​​​ទាំង​​​បួន​​​មិន​​​បាន​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​នេះ​​​ទេ​​​។

លោក​​​ស្រី បុង បាន​​​និយាយ​​​ថា “ចៅ​​​ក្រម​​​​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​ពួកគាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​តាម​​​ការ​​​ណែនាំ​​​ពី​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​ ដែល​​​បាន​​​និយាយ​​​ថា កម្មករ​​​បួន​​​នាក់​​​នោះ​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តវ៉ា​​​ ប៉ុន្តែ មិន​​​មែន​​​ជា​​​មេដឹក​​​នាំ​​​តវ៉ា​​​ទេ​​​” ។

លោក​​​ស្រី​​​បាន​​​និយាយ​​​ថា អ្នក​​​ទាំង​​​បួន​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​មាន​​​លក្ខខណ្ឌ​​​​​​ថា ពួក​​​គេ​​​មិន​​​ត្រូវ​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តវ៉ា​​​ទាំង​​​អស់​​​​​​ និង​​​រាយការណ៍​​​ទៅ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១​​​នៃ​​​ខែ​​​នីមួយ​​​ៗ​​​រហូត​​​ដល់​​​ពេល​​​មាន​​​សវនាការ​​​ដែល​​​កាល​​​បរិច្ឆេទ​​​មិន​​​ទាន់​​​បាន​​​កំណត់​​​​​​នៅ​​​ឡើយ​​​។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ជា​​​ការ​​​ល្អ​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ ពីព្រោះ​​​ពួកគេ​​​គ្រាន់​​​តែ​​​ជា​​​កម្មករ​​​ធម្មតា​​​ ហើយ​​​ពួក​​​គេ​​​មិន​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​អំពើ​​​ហិង្សា​​​ដែល​​​បាន​​​កើត​​​ឡើង​​​នោះ​​​ទេ​​​។​​​ ទន្ទឹម​​​នឹង​​​នោះ​​​ដែរ​​​​​​មាន​​​​​​កម្មករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​នោះ​​​នឹង​​​រៀប​​​ការ​​​នៅ​​​ខែ​​​នេះ​​​”។

លោក នុត ​​​បូពិន​​​ណារ័ត្ន អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំ​​​ខេត្ត​​​នេះ​​​ បាន​​​និយាយ​​​ថា គេ​​​រំពឹង​​​ថា​​​កម្មករ​​​ទាំង​​​នោះ​​​ត្រូវ​​​គេ​​​ដោះ​​​លែង​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​។

បាតុកម្ម​​​នៅ​​​ក្នុង​​​ក្រុង​​​បាវិត​​​បាន​​​​​​បញ្ចប់​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២២ ​​​ខែ​​​ធ្នូ​​​ ក្រោយ​​​ពី​​​អាជ្ញាធរ​​​ខេត្ត​​​​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​​​​ដោះ​​​លែង​​​កម្មករ​​​ដែល​​​ត្រូវ​​​គេ​​​ចាប់ខ្លួន​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ ជា​​​ថ្នូរ​​​​​​នឹង​​​ការ​​​សន្យា​​​ពី​​​មេដឹក​​​នាំ​​​សហជីព​​​ ដែល​​​បាន​​​អះ​​​អាង​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​តវ៉ា​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ស្ងប់​​​ចិត្ត​​​ ហើយ​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​គេ​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ។

លោក គង់ ជួង ជា​​​ឪពុក​​​​​​មាន​​​អាយុ​​​៤៩​​​ឆ្នាំ​​​របស់​​​លោក​​​ វិចិត្រ បាន​​​ស្វាគមន៍​​​ដំណឹង​​​ដែល​​​ថា កូន​​​ប្រុស​​​របស់​​​គាត់​​​នឹង​​​ត្រូវ​​​គេ​​​ដោះ​​​លែង​​​ ប៉ុន្តែ បាន​​​អះ​​​អាង​​​ថា ការ​​​ចាប់​​​ខ្លួន​​​​​​កូន​​​​​​គាត់​​​គឺ​​​ជា​​​រឿង​​​ “អយុត្តិធម៌” ។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ដែល​​​បាន​​​ឮ​​​រឿង​​​នេះ​​​ ពីព្រោះ  គ្រួសារ​​​យើង​​​ត្រូវ​​​ការ​​​វា​​​​​​ជួយ​​ចេញ​​​ថ្លៃ​​​អាហារ​​​រាល់​​​ថ្ងៃ​​​ ហើយ​​​វា​​​ដល់​​​ពេល​​​ត្រូវ​​​រៀប​​​ការ​​​នៅ​​​ថ្ងៃ​​​ទី​​​២៦​​​ខាង​​​មុខ​​​នេះ​​​ផង​​​”។

លោក​​​ កែន លូ ដែល​​​នៅ​​​ពេល​​​មុន​​​នេះ​​​បាន​​​និយាយ​​​ថា “កម្មករ​​​ទាំង​​​នោះ​​​គួរ​​​ប្រឈម​​​នឹង​​​ច្បាប់​​​ចំពោះ​​​អាកប្បកិរិយា​​​​​​ល្មើស​​​​​​របស់​​​ពួក​​​គេ​​​”គឺ​​​មិន​​​ខ្វល់​​​​​​​នៅ​​​ពេល​​​​​​​​​ទាក់​​​ទង​​​កាល​​​ពីថ្ងៃ​​​សុក្រ។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​​​​ទាំង​​​បាន​​​តាម​​​ដាន​​​នីតិវិធី​​​អំពី​​​រឿង​​​នេះ​​​ទេ​​​។ យើង​​​មិន​​​ទាំង​​​បាន​​​ដឹង​​​ថា ពួក​​​គេ​​​ត្រូវ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ផង​​​ ដល់​​​លោក​​​ប្រាប់​​​ខ្ញុំ​​​ទើប​​​ខ្ញុំ​​​ដឹង​​​”៕និត (រាយការណ៍​​​បន្ថែម​​​ដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស