អ្នករត់រ៉ឺម៉កម៉ូតូកង់បីមួយក្រុមដែលពាក់មួកសុវត្ថិភាពបានវាយទៅលើអ្នកបើកបររថយន្តត្រូវបានបណ្ដេញចេញពីការងារ ដែលធ្វើការតវ៉ានៅខាងក្រៅក្រុមហ៊ុនទេសចរណ៍កាពីតូលកាលពីថ្ងៃសៅរ៍ ដោយវាយអ្នកតវ៉ាទាំងនោះរហូតដល់ពួកគេបំបែកគ្នា ខណៈដែលនគរបាលឈរនៅក្បែរនោះ។
មនុស្សយ៉ាងតិច១៤នាក់រងរបួសក្នុងហេតុការណ៍វាយប្រហារនៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននេះស្ថិតនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើទោះជាគ្មានអ្នកវាយប្រហារណាម្នាក់ត្រូវបានចាប់ខ្លួនក៏ដោយ ក៏នគរបាលបានចាប់ខ្លួនអ្នកបើកបររថយន្តក្រុងដែលធ្វើការតវ៉ា និងមន្ត្រីម្នាក់មកពីសមាគមការងារដែលគាំទ្រដែរ។

អតីតអ្នកបើកបររថយន្តក្រុងប្រហែល៤០នាក់បានធ្វើការតវ៉ារយៈពេលជាច្រើនខែមកហើយទៅលើអ្វីដែលពួកគេនិយាយថា ជាការបណ្ដេញចេញដោយខុសច្បាប់ បន្ទាប់ពីពួកគេបានព្យាយាមបង្កើតសហជីពនៅក្រោមសហភាពការងារកម្ពុជា។
នៅម៉ោង៨ព្រឹក អ្នកបើកបររថយន្ត និងអ្នកគាំទ្ររបស់ខ្លួនបានប្រមូលផ្ដុំគ្នា និងលើកស្លាកសញ្ញាទាមទារឲ្យទទួលយកពួកគេចូលបម្រើការវិញ ហើយអំពាវនាវឲ្យអ្នកជិះរថយន្តទាំងអស់ឈប់ជិះរថយន្តរបស់ក្រុមហ៊ុននេះ។
បើទោះវាជាការតវ៉ាដោយសន្តិវិធីក៏ដោយ តែត្រង់ចំណុចមួយអ្នកបើកបរទាំងនោះបានដើរចូលទៅរារាំងរថយន្តក្រុងរបស់ក្រុមហ៊ុនទេសចរណ៍កាពីតូលមិនឲ្យបន្តការធ្វើដំណើរ។ នៅក្នុងរូបភាពវីដេអូដែលបានចុះផ្សាយដោយគេហទំព័រព័ត៌មាន Fresh News ក្រុមអ្នកតវ៉ាត្រូវគេឃើញរុញច្រានដោយនគរបាលពីរបីនាក់ និងអ្នកឈរមើលដែលស្លៀកពាក់ស៊ីវិល។
យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ប្រហែល១០នាទីក្រោយមក អ្នករត់រ៉ឺម៉កម៉ូតូកង់បីប្រហែល៥០នាក់ ដែលមានកំហឹងយ៉ាងខ្លាំងដោយសារបាត់បង់របររកស៊ីព្រោះតែការតវ៉ាមិនឈប់ឈរនេះ បានសំដៅមកកាន់ក្រុមនេះ ហើយបានចាប់ផ្ដើមយកដំបងឫស្សី ដែកបំពង់ទីប ដំបងឈើ និងញញួរវាយទៅលើពួកគេតែម្តង។
នៅក្នុងរូបភាពវីដេអូដែលបានចេញផ្សាយដោយក្រុមនេះ បុរសម្នាក់ត្រូវគេឃើញកាន់ញញួរ ហើយវាយទៅលើអ្នកតវ៉ាត្រង់ក្បាល និងខ្នង។ អ្នករត់រ៉ឺម៉កម៉ូតូកង់បីទាំងអស់ត្រូវគេជឿថា មានទំនាក់ទំនងជាមួយសមាគមកម្ពុជាដើម្បីការអភិវឌ្ឍន៍សហព័ន្ធ (CCDA) ដែលបានរារាំងការតវ៉ាដូចនេះក្នុងពេលកន្លងមក និងជាសមាជិកដែលទទួលស្គាល់ថា បានទទួលប្រាក់ក្នុងការធ្វើការតវ៉ាតបតនេះ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា នគរបាលមិនបានបញ្ឈប់ការប្រើអំពើហិង្សានេះទេ ហើយថា នគរបាលមួយចំនួនថែមទាំងបានចូលរួមជាមួយអ្នកវាយប្រហារទាំងនោះទៀតផង។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា “ខ្ញុំគិតថា នគរបាលផ្ដល់ឱកាសឲ្យមានការប្រើអំពើហិង្សានេះ ព្រោះពួកគេមិនបានទប់ស្កាត់ឡើយ ហើយក៏មិនបានបំបែកដែរនៅពេលការតវ៉ាកើតឡើង”។
លោក ប៊ុន សត្យា នាយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញមានប្រសាសន៍ថា លោកមិនដឹងអំពីការចាប់ខ្លួននេះទេ ចំណែកលោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ក៏មិនបានដឹងដែរ។ លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក អ៊ាន គឹមហ៊ុន អគ្គលេខាធិការសហព័ន្ធកម្មករដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា អ្នកទាំងពីរដែលត្រូវបានចាប់ខ្លួន គឺឈ្មោះ ណាន វណ្ណា អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូល និងឈ្មោះ រស់ វីថី មន្ត្រីម្នាក់មកពីសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក ថេត វុទ្ធី អ្នកបើកបររថយន្តម្នាក់ក្នុងចំណោមអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនទេសចរណ៍កាពីតូលដែលត្រូវបានបណ្ដេញចេញ បានរងរបួសហូរឈាមដោយសារអ្នកតវ៉ាប្រឆាំងប្រដាប់ដោយញញួរ។
លោកបានថ្លែងថា “ខ្ញុំព្យាយាមឃាត់កុំឲ្យមានជម្លោះកើតឡើង ប៉ុន្តែពួកគេបានរុញខ្ញុំដួល ហើយបុរសពីរនាក់បានយកញញួរវាយក្បាល និងដៃរបស់ខ្ញុំ”។ លោកបានបន្ថែមថា នគរបាលបានមកដល់ប្រហែល១០នាទីក្រោយមក បន្ទាប់ពីជម្លោះបានកើតឡើង ហើយមិនបានប្រឹងប្រែងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវទេ។
លោកក៏បានលើកឡើងផងដែរថា លោកជឿថា អ្នករត់រ៉ឺម៉កម៉ូតូទាំងអស់ត្រូវបានក្រុមហ៊ុននេះជួល ប៉ុន្តែពួកគាត់មិនខ្លាចឡើយ។
លោកនិយាយថា ”បើទោះជាខ្ញុំរងរបួសក៏ដោយ ក៏ក្រុមហ៊ុនមិនត្រូវគិតថា ពួកគេអាចជួលអ្នករត់រ៉ឺម៉កម៉ូតូកង់បីទាំងនេះឲ្យវាយខ្ញុំបានទៀតឱ្យសោះ ពីព្រោះខ្ញុំនឹងបន្តធ្វើការតវ៉ាប្រឆាំងពួកគេ រហូតខ្ញុំទទួលបានការងារធ្វើវិញ”។
លោក ផាន សុភាព អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនទេសចរណ៍កាពីតូលបានបដិសេធការអះអាងនេះ ដោយលើកឡើងថា អ្នករត់រ៉ឺម៉កម៉ូតូកង់បីបានវាយតបតនេះព្រោះខ្លាចបាត់បង់ប្រាក់ចំណូលរបស់ខ្លួនដោយសារតែការតវ៉ានេះ៕ សារុន