កម្មកររោងចក្រកាត់ដេរម្នាក់ និងអ្នកបើកបរម្នាក់បានស្លាប់ភ្លាមៗនៅពេលរថយន្តរបស់ពួកគេបានបុកពីក្រោយរថយន្តចតចោលនៅជាយផ្លូវជាតិលេខ៨ក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃសៅរ៍។
នេះជាគ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់លើកទី២ក្នុងឆ្នាំនេះពាក់ព័ន្ធនឹងកម្មករកាត់ដេរ ដែលប្រឈមនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់ទៅ និងមកពីកន្លែងធ្វើការ ដោយការជិះរថយន្តដែលថែទាំមិនបានល្អ ហើយជាញឹកញាប់បើកដោយអ្នកបើកបរគ្មានប័ណ្ណបើកបរ។
លោក សឹុម កុសល អធិការនគរបាលស្រុកពារាំង បាននិយាយកាលពីម្សិលមិញថា កម្មករប្រហែល៣០នាក់បានធ្វើដំណើរទៅតំបន់សេដ្ឋកិច្ចពិសេស 7NG នៅពេលនោះស្រាប់តែរថយន្តក្រុងរបស់ពួកគេបានបុកពីក្រោយរថយន្តចតនៅមួយកន្លែងនៅម៉ោងប្រហែល៥និង៣០នាទីទៀបភ្លឺ បណ្តាលឲ្យស្លាប់កម្មករម្នាក់ឈ្មោះ ចក់ លីន អាយុ១៧ឆ្នាំ និងអ្នកបើកបរ ម្នាក់ឈ្មោះ ឡេង ភាព អាយុ៣២ឆ្នាំ នៅនឹងកន្លែងភ្លាមៗ។ កម្មករកាត់ដេររបួស១៦នាក់ទៀតត្រូវគេដឹកទៅមន្ទីរពេទ្យបង្អែក។
លោក កុសល បាននិយាយថា ម្ចាស់រថយន្ត ដែលចតនៅមួយកន្លែងបានរត់ចេញពីកន្លែងកើតហេតុ តែទោះជាយ៉ាងណា លោកបានបន្ទោសលើអ្នកបើករថយន្តក្រុងជាអ្នកខុស។
លោកបាននិយាយថា “អ្នកបើករថយន្តក្រុងខុស ព្រោះគាត់បុករថយន្តម៉ាក Hino ពីក្រោយ”។ លោកបានបន្ថែមទៀតថា អាជ្ញាធរ នៅមិនទាន់ដឹងពីមូលហេតុដែលអ្នកបើករថយន្តក្រុងបានបើកបុករថយន្ត Hino នោះនៅឡើយទេ។
“យើងមិនបានរកឃើញប័ណ្ណបើកបរនៅជាប់ខ្លួនអ្នកបើករថយន្តក្រុងនៅកន្លែងគ្រោះ ថ្នាក់ទេ ប៉ុន្តែសាច់ញាតិរបស់អ្នកបើកបរ ដែលបានមកយកសពទៅធ្វើបុណ្យ បានប្រាប់យើងថា អ្នកបើកបរមានប័ណ្ណបើកបរ ហើយថា បានទុកវានៅឯផ្ទះ”។
លោក ហួត កល្យាណ ប្រធានមន្ទីរសុខាភិបាលស្រុកបាននិយាយថា អ្នកដំណើររបួសពីរនាក់ត្រូវបានបញ្ជូនទៅភ្នំពេញដើម្បីព្យាបាលបន្ថែម ដោយម្នាក់បាក់ជើងម្ខាង ហើយម្នាក់ទៀតបាក់ឆ្អឹងថ្គាម ហើយអ្នករបួសនៅសល់ពីនោះនឹងចេញពីមន្ទីរពេទ្យបង្អែកក្នុងពេលឆាប់ៗ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបន្ទាប់ពីគ្រោះថ្នាក់មួយក្នុងខេត្តកំពង់ស្ពឺកាលពីខែមុន ដែលក្នុងគ្រោះថ្នាក់នោះកម្មកររោងចក្រកាត់ដេរប្រាំនាក់បានស្លាប់នៅពេលដែលរថយន្តគ្មានដំបូលដែលពួកគេកំពុងជិះបានក្រឡាប់ពេលព្យាយាមបើកវ៉ារថយន្តមួយគ្រឿងផ្សេងទៀត។
យោងតាមបេឡាជាតិរបបសន្តិសុខសង្គម ដែលបង់ប្រាក់សំណងសម្រាប់គ្រោះថ្នាក់ទាក់ទងនឹងការងារដល់ក្រុមហ៊ុនមួយចំនួន បានឲ្យដឹងថា កម្មកររោងចក្រកាត់ដេរ៦០នាក់បានស្លាប់នៅពេលធ្វើដំណើរទៅមកធ្វើការកាលពីឆ្នាំមុន៕
និត