អាជ្ញាធរលើកឡើងថា ខ្លួនកំពុងតាមស្វែងរកបុរស១៨នាក់ក្នុងចំណោមបុរស៤៤នាក់ ដែលបានគេចខ្លួនកាលពីថ្ងៃសុក្រពីមណ្ឌលបន្សាបគ្រឿងញៀនគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងរាជធានីភ្នំពេញ ទោះបីជាប្រធានមណ្ឌលនេះបដិសេធថា គ្មានហេតុការណ៍រត់គេចខ្លួនកើតឡើងក៏ដោយ។
នគរបាលមូលដ្ឋានបានលើកឡើងថា ជនជាប់ឃុំចំនួន៤៤នាក់ក្នុងចំណោមជនជាប់ឃុំប្រហែល៧០០នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ដែលសម្បូរទៅដោយបញ្ហានៅក្នុងខណ្ឌសែនសុខ បាននាំគ្នាគេចខ្លួនដោយពុះពារជម្នះការយាមកាមរបស់សន្តិសុខ លួសបន្លា និងរបងបេតុង ដើម្បីគេចចេញពីមណ្ឌលនេះ។
លោក ញៀន នន់ នាយប៉ុស្តិ៍សង្កាត់ឃ្មួញ ជាកន្លែងដែលហេតុការណ៍បានកើតឡើង បានលើកឡើងថា ”អ្នកញៀនថ្នាំទាំងនោះបានគេចខ្លួនពីរដងក្នុងមួយថ្ងៃ”។ ជនជាប់ឃុំប្រហែល២៣នាក់បានឆ្លៀតឱកាសគេចខ្លួនជាលើកទី១ពេលទទួលទានអាហារថ្ងៃត្រង់។
លោកបានមានប្រសាសន៍ថា “នៅម៉ោងប្រហែល១០ឬ១១ព្រឹក សន្តិសុខបានលែងពួកគេចេញពីបន្ទប់ឲ្យទៅទទួលទានអាហារថ្ងៃត្រង់។ បន្ទាប់មកពួកគេបានរត់បុកសន្តិសុខ ហើយឡើងលើជញ្ជាំងមណ្ឌលនេះ។ ជញ្ជាំងនេះមានហ៊ុំព័ទ្ធទៅដោយលួសបន្លា ហេតុដូច្នេះខ្ញុំមិនដឹងថាពួកគេឡើងលើរបងនេះដោយរបៀបណាទេ”។
លោក ញៀន នន់ បានឲ្យដឹងបន្តថា នៅម៉ោងប្រហែល៧និង៣០នាទីយប់នោះ ជនជាប់ឃុំខ្លួន២១នាក់ផ្សេងទៀតបានគេចរួចតាមប្រហោងដែលពួកគេចោះនៅលើពិដាននៃអគារមណ្ឌលកែប្រែនេះ។
លោកបានពន្យល់ថា “ពួកគេហែកដំបូលដោយប្រើដៃ ហើយឡើងលើដំបូលនោះ បន្ទាប់មកលោតផ្លោះរបងដោយសារអគារនេះនៅជិតរបង”។
លោកបានលើកឡើងបន្តទៀតថា ទីបំផុត អាជ្ញាធរនៅមណ្ឌលឱកាសខ្ញុំបានជូនដំណឹងនគរបាលមូលដ្ឋានដែលបានបញ្ជូនមន្ត្រីប្រហែល១៦នាក់ឲ្យតាមចាប់បុរសដែលគេចខ្លួនទាំងនោះមកវិញ ប៉ុន្តែក្នុងនោះមាន១៨នាក់មិនទាន់ចាប់បានមកវិញនៅឡើយទេបើគិតមកត្រឹមយប់មិញ។
លោកបានថ្លែងថា “វាមិនមែនជាលើកទី១ទេដែលអ្នកញៀនថ្នាំគេចចេញពីមណ្ឌលនេះ។ តាមខ្ញុំដឹងវាកើតឡើងជាច្រើនលើករួចមកហើយ”។
លោកបានបន្ថែមថា “មណ្ឌលនេះបានស្នើឲ្យយើងនៅស្ងៀម ហេតុដូច្នេះបើអ្នកចង់ដឹងរឿងលម្អិតសូមទៅសួរមណ្ឌលនេះទៅ”។
លោក អ៊ាង លី អនុប្រធានមណ្ឌលឱកាសខ្ញុំបានបញ្ជាក់ពីហេតុការណ៍នេះ ប៉ុន្តែបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតឡើយ។
ដោយបង្វែរសំណួរបន្ថែមទៅលោកស្រី មុំ ចាន់ដានី ដែលជាប្រធានមណ្ឌលនេះ លោក អ៊ាង លី បានមានប្រសាសន៍ថា “ខ្ញុំមិនហា៊នធ្វើអត្ថាធិប្បាយទេ ព្រោះថ្នាក់លើរបស់ខ្ញុំមិនអនុញ្ញាតឲ្យខ្ញុំនិយាយអ្វីឡើយ”។
លោកស្រី មុំ ចាន់ដានី បានច្រានចោលទាំងស្រុងនូវអ្វីដែលនគរបាលលើកឡើង។
លោកស្រីបានមានប្រសាសន៍ថា ”គ្មាននរណាម្នាក់បានគេចខ្លួនពីមណ្ឌលរបស់ខ្ញុំនោះឡើយ”។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីលើកឡើងថា លោកមិនដឹងអំពីហេតុការណ៍គេចខ្លួននេះទេ ប៉ុន្តែថា មណ្ឌលនេះមានជនជាប់ឃុំប្រហែល៧០០នាក់។
លោកបានលើកឡើងថា ”មណ្ឌលនេះបានទទួលយកអ្នកញៀនថ្នាំពីប្រភពមួយចំនួន រួមមានដូចជាពីឪពុកម្ដាយ នគរបាល តុលាការ ឬសាច់ញាតិរបស់ពួកគេ”។
លោក ភៀល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងថា វាគ្មានអ្វីត្រូវភ្ញាក់ផ្អើលទេដែលជនជាប់ឃុំចង់គេចចេញពីមណ្ឌលឱកាសខ្ញុំនោះ។
ដោយដកស្រង់ចេញពីរបាយការណ៍ឆ្នាំ២០១៣ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សស្ដីពីមណ្ឌលនេះដែលមានចំណងជើងថា “គេចាត់ទុកយើងដូចសត្វធាតុ” នោះ លោកបានសរសេរនៅក្នុងអុីម៉េលមួយថា “អ្នកគ្រប់គ្នាដែលត្រូវបានបញ្ជូនទៅមណ្ឌលឱកាសខ្ញុំសុទ្ធតែចង់គេចខ្លួន ព្រោះវាគឺជាមណ្ឌលដែលការរំលោភសិទ្ធិមនុស្សកើតមានស្រេចតែចិត្ត”។
“មណ្ឌលឱកាសខ្ញុំមានប្រវត្តិជាយូរមកហើយថា សន្តិសុខ និងបុគ្គលិកនៅក្នុងមណ្ឌលនេះបានរំលោភបំពានទាំងផ្លូវភេទ និងរាងកាយលើជនជាប់ឃុំខ្លួននៅទីនោះ។ ការបន្សាបជំហានដំបូង ទំនងជាតម្រូវឲ្យមានការធ្វើលំហាត់ប្រាណជាចាំបាច់និងទំនងមានការបង្ខំឲ្យធ្វើការងារ ដោយមានទាំងការវាយដំ និងធ្វើទារុណកម្មលើអ្នកដែលមិនព្រមធ្វើតាមបញ្ជា”។
លោក ភៀល រ៉ូបឺតសុន បានជំទាស់ការលើកឡើងដែលថា ជនជាប់ឃុំខ្លួនគឺជាអ្នកញៀនថ្នាំ។
លោកលើកឡើងថា “ពួកគេគឺជាជនក្រីក្រ ជនគ្មានផ្ទះសំបែង ជនពិការ អ្នករកស៊ីផ្លូវភេទ ឬជនសង្គមមិនទទួលស្គាល់ ដែលត្រូវបានបោសសម្អាតនៅតាមផ្លូវដោយអាជ្ញាធរជាផ្នែកនៃយុទ្ធនាការដើម្បីសោភណភាពទីក្រុង”។
លោកបានបន្ថែមថា “អ្នកដែលព្យាយាមគេចខ្លួន ប៉ុន្តែមិនបានសម្រេចក៏រងការវាយដំយ៉ាងធ្ងន់ធ្ងរពីសន្តិសុខដែរ”។
លោក ដេវីដ ហាឌីង (Da-vid Harding) អ្នកជំនាញឯករាជ្យខាងថ្នាំញៀនដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា ការខ្វះការតាមដានរបស់មណ្ឌលនេះលើជនជាប់ឃុំខ្លួនមានន័យថា ភាគច្រើននៃអ្នកដែលញៀនថ្នាំបានញៀនថ្នាំឡើងវិញពេលត្រូវបានដោះលែង។
លោកបានលើកឡើងថា “ប្រសិនបើអ្នកយកមនុស្សទៅដាក់នៅវាលខ្សាច់ វាប្រាកដណាស់ថា ពួកគេមិនផឹកទឹក។ ប៉ុន្តែបើយកពួកគេទៅដាក់កន្លែងមានទឹក ពួកគេប្រាកដជាផឹកទឹក”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Ben Paviour)