31.8 C
Phnom Penh

លោក សម រង្ស៊ី ស្នើ​កុំឲ្យ​​​ធ្វើការ​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​​​របស់​លោក​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​​​​បាន​​​ជំរុញ​​​​​​ឲ្យ​​​អ្នក​​​គាំទ្រ​​​​​​គណបក្សរបស់​​​លោក​​​​​​នៅ​​​ក្នុង​​​សហ​រដ្ឋ​​​អាមេរិក​​​កុំ​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ណា​​​មួយ​​​​​​ប្រឆាំង​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន អំឡុង​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក​​​មក​​​កាន់​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា​​​នៅ​​​ចុង​​​ខែ​​​នេះ​​​ដើម្បី​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​កំពូល​​​រវាង​​​មេដឹក​​​នាំ​​​អាស៊ាន​​​ និង​​​លោក ប៉ារាក់​​​ អូបាម៉ា ប្រធានា​​​ធិបតី​​​សហរដ្ឋ​​​អាេមរិក​​​។

ការ​​​អំពាវ​​​នាវ​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​ការ​​​ព្រមាន​​​របស់​​​លោក ហ៊ុន សែន​​​ ពី​​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​ប្រសិន​​​បើ​​​ដំណើរ​​​ទស្សន​​​កិច្ច​​​របស់​​​លោក​​​ទៅ​កាន់​​​សហរដ្ឋអាមេរិក​​​ត្រូវ​​​បាន​​​​​ធ្វើឱ្យ​ខូច​​ដោយ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​រូប​​​លោក ​​​ដូច​​​ការ​​​តវ៉ា​​​ដែល​​​ធ្វើ​​​ឡើង​​​មក​​​លើក​​​រូប​​​លោក​​​​​​អំឡុង​​​បេសកម្ម​​​កន្លង​​​មក​​​នៅ​​​បរទេស​​​។

នៅ​​​ក្នុង​​​សុន្ទរកថា​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ពី Falls Church រដ្ឋ​​​វិជីនៀ នៅខាង​​ក្រៅ​​​រដ្ឋ​​​ធានី​​​​​​ វ៉ាសីុន​តោន​​​ឌីស៊ី លោក សម រង្ស៊ី បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ពល​​​រដ្ឋ​​​កម្ពុជា​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​​​​គោរព​​​តាម​​​ការ​​​គំរាម​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

លោក​​​បាន​​​​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ថា “ការ​​​តវ៉ា​​​នៅ​​​ពេល​​​នេះ​​​មិន​​​ជា​​​ការ​​​ល្អ​​​ឡើយ​​​”។ ​​​លោក​​​បាន​​​បន្ថែម​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​គាំទ្រ​​​ឡើយ​​​។ ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​នៅ​​​តែ​​​ធ្វើ ឬ​​​ទទូច​​​ចង់​​​ធ្វើ​​​នោះ ខ្ញុំ​​​មិន​​​ដឹង​​​ធ្វើ​​​ម្តេច​​​ទេ​​​។ អ្នក​​​នោះ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ដោយ​​​ខ្លួន​​​ឯង​​​ មិន​​​មែន​​​សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ទទួល​​​ស្គាល់​​​សកម្មភាព​​​ទាំង​​​នោះ​​​ឡើយ​​​”។

លោក​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ជឿ​​​ថា ភាគ​​​ច្រើន​​​​​​នៃ​​​សមាជិក​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​យល់​​​អំពី​​​ស្ថាន​ភាព​​​​​​ថា​​​អ្វី​​​ត្រូវ​​​ធ្វើ​​​ និ​​​ងអ្វី​​​មិន​​​ត្រូវ​​​ធ្វើ​​​  ដែល​​​​​​ក្នុង​​​នោះ​​​​​​ត្រូវ​​​ស្វែង​​​យល់​​​ឲ្យ​​​បាន​​​ច្បាស់​​​ដើម្បី​​​សម្រេច​​​គោល​​​បំណង​​​របស់​​​យើង​​​ក្នុង​​​ការ​​​សង្គ្រោះ​​​​​​ជាតិ​​ដោយ​​​សន្តិវិធី”។

លោក​​​ សម រង្ស៊ី បាន​​​និរទេស​​​ខ្លួន​​​ដោយ​​​ខ្លួន​​​ឯង​​​ពី​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​ខែ​​​វិច្ឆិកា​​​មក​​​ដើម្បី​​​ចៀស​​​ពី​​​ការ​​​ផ្តន្ទាទោស​​​​​​ជាប់​​​ពន្ធនាគារ​​​​​​ រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ ជា​​​ករណី​​​ដែល​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូបនេះ​​​​​​ច្រាន​​​ចោល​​​ថា ជា​​​ហេតុ​​​ផល​​​នយោបាយ​​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​អីុម៉េល​​​កាល​​​ពី​​​ម្សិល​​​មិញ លោក សម រង្ស៊ី បាន​​​ថ្លែង​​​ថា ​​​លោក​​​​​​បាន​​​ណែនាំ​​​ដល់​​​អ្នក​​​គាំទ្រ​​​ប្រឆាំង​​​ការ​​​​​​តវ៉ា​​​នេះ​​​​​​ដើម្បី​​​ចៀង​​​វាង​​​ការ​​​វាយ​​​ប្រហារ​​​ដដែល​​​ៗ​​​មក​​​លើ​​​តំណាង​​​រាស្ត្រ​​​ពីររ​​​ូប​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​ក្នុ​​ង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ខែ​​​តុលា ដែល​​​បាន​​​កើត​​​ឡើង​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​ដែល​គាំទ្រ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​​​​ ជាតិ​​​ នៅ​​​ខាង​​​ក្រៅ​​​បរិវេណ​​​រដ្ឋ​​​សភា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បើ​​​ទោះ​​​ជា​​​ការ​​​តវ៉ា​​​របស់​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ក្នុង​​​សហរដ្ឋ​​​អាេមរិក​​​ធ្វើ​​​ឡើង​​​ដោយ​​​សន្តិវិធី​​​ ខុសពី​​​ការ​​​តវ៉ា​​​តប​​​ត​​​ដ៏​​​ហិង្សា​​​ពី​​​សំណាក់​​​ក្រុម​​​គាំទ្រ​​​គណ​​​បក្ស​​​ប្រជា​​​ជនកម្ពុជានៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​ក៏ដោយ ក៏​​​ខ្ញុំ​​​សូម​​​អំពាវ​​​នាវដូចខាងលើ​នេះ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​ចង់​​​ឲ្យ​​​មាន​​ហេតុការណ៍ហិង្សា​​​ណា​​​មួយ​​​កើត​​​ឡើង​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​នឹង​​​បង្កើន​​​ភាព​​​តាន​​​តឹង​​​នយោបាយ​​​ និង​​​ប៉ះ​​​ពាល់​​​ដល់​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​ការ​ផ្លាស់​ប្តូរ​បែប​​​​ប្រជា​​​ធិបតេយ្យ​​​ដោយ​​​សន្តិវិធី​​​តាម​​​រយៈ​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​នៅ​​​តែ​​​ជា​​​អាទិភាព​​​ចម្បង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​”។

ដោយ​​​មិន​យកចិត្ត​ទុកដាក់​នឹង​​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក សម រង្ស៊ី និង​​​ការ​​​គំរាម​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី សម្ពន្ធ​​ភាព​កម្ពុជា​​​​-អាមេរិក​​​កំពុង​​​ត្រៀម​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ក្រៅ​​​បរិ​​​វេណ​​​​​​កិច្ចប្រជុំ​​​កំពូល​​​ក្នុង​​​ Rancho Mirage ក្នុង​​​រដ្ឋ​​​កាលីហ្វ័រ​​​ញ៉ា​​​នៅ​​​ថ្ងៃ​​​ទី​​​១៥​​​ខែ​​​កុម្ភៈ​​​ ​​​គឺ​​​ថ្ងៃ​​​ទី​​​១​​​នៃ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ។

សេចក្តី​​​ប្រកាស​​​ដែលបង្ហោះនៅ​​​ក្នុង​​​គេហ​​​ទំព័រ​​​របស់​​​ក្រុម​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា ​​​”សម្ពន​​​្ធភាព​​​កម្ពុជា​​​-អាមេរិក​​​មិនខ្លាច​​​រអា​​​​​​ចំពោះ​​​​​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន ​​​សែន និង​​​​ការ​គំរាម​របស់​លោក​ឡើយ​​​ ព្រោះ​​​​ខ្មែរ​លែង​អត់​ឱនការ​បំភិត​បំភ័យបែប​​​នេះទៀត​​​ហើយ​​​​​​​​។ យើង​​​ប្តេជ្ញា​​​តតាំង​​​ ​នឹង​​​​​​ការ​​​គ្រប់​​​គ្រង​​​ផ្តាច់​​​ការ​​​របស់​លោក​ តាម​ជំនឿ​​​របស់​យើង​នៅក្នុង​ព្រះ​រាជា​ណាចក្រ​ ហើយ​ប្រជាជន​សម​នឹង​ទទួល​បាន​ភាព​ប្រសើរ​ជាង​នេះ។ មេដឹក​​​នាំ​​​ផ្តាច់​​​ការ​​​នេះ​​​​​​នឹង​មក​ដល់​ទឹកដី​របស់យើង​ ហើយ​គាត់​ត្រូវ​ចាំថា នេះ​គឺ​ជា​ទឹកដី​អាមេរិក ទឹកដី​នៃ​​​សេរី​​​ភាព​​​ និង​​ទឹក​​​ដី​​​នៃភាព​ក្លាហាន​​​”៕ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស