យោងតាមឯកសារតុលាការបានឲ្យដឹងថា អ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនទេសចរណ៍កាពីតូលពីរនាក់ដែលត្រូវបានបណ្តេញចេញពីការងារ និងត្រូវបានវាយប្រហារដោយអ្នករត់រឺុម៉កម៉ូតូកង់បីប្រដាប់អាវុធមួយក្រុម ខណ:ដែលធ្វើការតវ៉ាជាមួយអតីតមិត្តរួមការងាររបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនាកាលពីម្សិលមិញ។
យោងតាមសេចក្តីថ្លែងការណ៍ដែលថ្កោលទោសអំពើហិង្សាដែលចេញផ្សាយដោយអង្គការសិទ្ធិមនុស្ស អង្គការការងារនិងសមាគមសហគមន៍ជាច្រើនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៤នាក់បានរងរបួសនៅក្នុងការវាយប្រហារនៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុននេះស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រួមទាំងអ្នកបើកបររថយន្តក្រុងដែលធ្វើការតវ៉ា អ្នកគាំទ្ររបស់ពួកគេ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងមន្រ្តីនគរបាលផង។
អតីតអ្នកបើកបររថយន្តក្រុងឲ្យក្រុមហ៊ុនកាពីតូល ប្រហែល៤០នាក់ដែលធ្វើការតវ៉ារយៈពេលជាច្រើនខែមកហើយជំុវិញអ្វីដែលពួកគេអះអាងថា ជាការបណ្តេញចេញពីការងារដោយមិនត្រឹមត្រូវជាការតបតទៅនឹងការប្រឹងប្រែងបង្កើតសហជីពរបស់ពួកគេបានជួបជំុគ្នានៅម៉ោងប្រហែល៨ព្រឹកកាលពីថ្ងៃសៅរ៍។ យោងតាមនគរបាលបានឱ្យដឹងថា បន្ទាប់ពីព្យាយាមប្រហែល២ម៉ោងក្រោយមកដើម្បីរារាំងរថយន្តក្រុងមិនឲ្យចេញដំណើរពួកគេបានពើបប្រទះនឹងអ្នករត់រឺុម៉កម៉ូតូកង់បីប្រហែល៥០នាក់ពួកមួកសុវត្ថិភាព និងប្រដាប់ដោយដំបង ដែកបំពង់ទីបនិងញញួរ។
អង្គការលីកាដូ បានលើកឡើងថា មន្រ្តីនគរបាលប្រដាប់ដោយឧបករណ៍បង្ក្រាបកុបកម្មបានចូលរួមនៅក្នុងការវាយប្រហារនោះ ចំណែកមន្រ្តីផ្សេងទៀតព្យាយាមជួួយរារាំងមិនឲ្យមានអំពើហិង្សានេះដែរ តែមិនបានសម្រេច។ នៅក្នុងរូបភាពវីដេអូដែលបង្ហោះតាមប្រព័ន្ធអីុនធឺណិតដោយក្រុមនេះ គេឃើញបុរសម្នាក់ប្រើញញួរវាយទៅលើអ្នកបើករថយន្តក្រុងម្នាក់ចំក្បាលនិងខ្នង។
គ្មានអ្នករត់រឺុម៉កម៉ូតូកង់បីណាម្នាក់ដែលមានទំនាក់ទំនងជាមួយសមាគមកម្ពុជាដើម្បីអភិវឌ្ឍន៍សហព័ន្ធដែលបានធ្វើការការតវ៉ាតបតស្រដៀងគ្នានេះក្នុងពេលកន្លងមក ត្រូវបានចាប់ខ្លួននោះទេ។ ហើយបើទោះណាជាហេតុការណ៍នេះទំនងជាកើតឡើងដោយភាគីតែម្ខាងក៏ដោយ ក៏អ្នកបើកបររថយន្តក្រុងម្នាក់ឈ្មោះ ណាន វណ្ណា និងអ្នកតវ៉ាម្នាក់ទៀតឈ្មោះ រស់ សីុផៃ ត្រូវបានចាប់ខ្លួននៅពេលអំពើហិង្សាបានស្ងប់ដែរ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងបានឲ្យដឹងថា កាលពីម្សិលមិញអ្នកទាំងពីរត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា រារាំងមន្រ្តីសាធារណ: និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោក ស្រី ម៉ាក់នី និងមន្រ្តីតុលាការដទៃទៀតមិនអាចទាក់ទងបានទេ។ លោក ប៉ាត សំអាត នាយប៉ុស្តិ៍សង្កាត់បឹងព្រលឹតកាលពីម្សិលមិញបាននិយាយការពារភាពអសកម្មរបស់មន្រ្តីរបស់លោកកាលពីព្រឹកថ្ងៃសៅរ៍ ដោយលោកឡើងថាពួកគេមានការភ័យខ្លាច។
លោកថ្លែងថា ”យើងបានព្យាយាមរារាំងភាគីទំាងពីរ ប៉ុន្តែបន្ទាប់មកភាគីមួួយបានចាប់ផ្តើមវាយប្រហារ សូម្បីទាំងនគរបាល។ យើងមិនអាចឃាត់បានទេ ដូច្នេះយើងត្រូវតែចាកចេញ”។
លោក សំអាត បានបង្វែរសំណួរបន្ថែមទៅលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ដែលលោកលើកឡើងថា មន្រ្តីរបស់លោកមិនបានចាប់ខ្លួននរណាម្នាក់ឡើយកាលពីថ្ងៃសៅរ៍។ លោក ស៊ីថុន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ក្រុមហ៊ុនទេសចរណ៍កាពីតូលបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ។ នៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនកាលពីម្សិលមិញ ភាគច្រើននៃអ្នករត់រឺុម៉កម៉ូតូកង់បីដដែលដែលបានចូលរួម នៅតែចតរឺុម៉កម៉ូតូរបស់ខ្លួនរង់ចាំម៉ូយក្នុងតំបន់នោះដដែល។
លោក ស៊ុត ម៉េងហីុ អនុប្រធានសមាគមកម្ពុជាដើម្បីអភិវឌ្ឍន៍សហព័ន្ធ (CCDA) ដែល បានអង្គុយនៅក្នុងរឺុម៉កម៉ូតូកង់បីរបស់សហសេវិកម្នាក់បានមានប្រសាសន៍ថា បើទោះជាសមាជិករបស់លោកបានត្រៀមសម្រាប់ការវាយប្រហារនោះក៏ដោយ ក៏ពួកគេមិនបានចាប់ផ្តើមវាដែរ។
ដោយបង្ហាញរូបថតដំបងដែលអ្នកបើកបររថយន្តក្រុងបានប្រើដើម្បីលើកជាបដាដល់អ្នកយកព័ត៌មាននោះលោកបាននិយាយទាំងកំហឹងថា “ខ្ញុំសូមឲ្យអ្នករត់រឺុម៉កម៉ូតូកង់បីរបស់ខ្ញុំទាំងអស់ពាក់មួកសុវត្ថិភាពពីព្រោះខ្ញុំឃើញថាពួកគេនឹងវាយប្រហារមកលើពួកយើងដោយដែកបំពង់ទីប និងដំបងឫស្សី”។
លោក ម៉េងហីុ បានថ្លែងថា សមាជិករបស់លោកបានទិញមួកសុវត្ថិភាពប៉ុន្មានសប្តាហ៍មកហើយដោយមានគម្រោងប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណគ្នានៅពេលមានហេតុការណ៍ប៉ះទង្គិចកើតឡើង។
ហើយបើទោះជាមានការទទួលស្គាល់ថាអ្នកបើកបររថយន្តក្រុងមិនមានបំណងធ្វើឲ្យប៉ះពាល់ដល់សមាជិករបស់លោកក៏ដោយ ក៏លោកលើកឡើងថា ពួកគេបានផ្តើមឲ្យមានជម្លោះនេះដោយធ្វើសកម្មភាពដ៏គឃ្លើន ដែលបណ្តាលឲ្យសមាជិករបស់លោកគ្មានជម្រើសក្រៅពីតបតវិញ។
លោកមានប្រសាសន៍ថា ”អង្គការលីកាដូបានចេញសេចក្តីថ្លែងការណ៍មួយ ហើយបានចោទប្រកាន់សមាជិករបស់ខ្ញុំ ប៉ុន្តែពួកគេមិនដែលសួរពួកយើងពីអ្វីដែលបានកើតឡើងឡើយ។ ពួកគេមួយចំនួនថែមទាំងបានចោទក្រុមហ៊ុនថាបានជួលពួកយើងទៀតផង។ តើអ្នកមានភ័ស្តុតាងបង្ហាញទេ?”៕ សារុន (រាយការណ៍ បន្ថែម ដោយ Taylor O’Connell)