លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអភិវឌ្ឍយ៉ាងឆាប់រហ័សនូវការធ្វើកិច្ចការនយោបាយតាមរយៈហ្វេសប៊ុកចាប់តាំងពីលោកបានចូលរួមបណ្ដាញសង្គមនេះជាផ្លូវការកាលពីខែកញ្ញាមក។
ឥឡូវនេះ លោកកំពុងប្រើប្រាស់វាជាផ្លូវការដោយចេញសេចក្ដីណែនាំថ្មីមួយកាលពីម្សិលមិញ ណែនាំដល់រដ្ឋមន្ត្រីគ្រប់រូបក្នុងជួររដ្ឋាភិបាលឲ្យបង្កើតក្រុមការងារតាមដានស្រង់របាយការណ៍ពាក្យបណ្ដឹង និងសំណូមពរដែលប្រជាពលរដ្ឋបានបង្ហោះក្នុងទំព័រគេហទំព័ររបស់លោក។
លោក ហ៊ុន សែន បានចេញបញ្ជាថា ក្រុមការងារត្រូវបញ្ជូនរបាយការណ៍ប្រចាំថ្ងៃអំពីពាក្យបណ្ដឹងក្នុងទំព័រហ្វេសប៊ុកដោយផ្ទាល់ទៅការិយាល័យរបស់រដ្ឋមន្ត្រីពាក់ព័ន្ធ ហើយបញ្ហាទាំងនោះត្រូវធ្វើការដោះស្រាយ។
សេចក្ដីណែនាំនេះមានខ្លឹមសារថា “ដើម្បីក្ដាប់បាននូវសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា សូមសម្ដេច ឯកឧត្ដម លោកជំទាវ ចាត់តាំងក្រុមការងារតាមដានស្រង់របាយការណ៍ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកកាន់គេហទំព័រនាយករដ្ឋមន្ត្រី បន្ទាប់មកត្រូវឆ្លើយតប និងត្រូវដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា”។
លោកក៏បានហៅគំនិតផ្តួចផ្តើមថ្មីតាមហ្វេសប៊ុកនេះថា “ជាកិច្ចការសំខាន់” ដែលតម្រូវឲ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តទូទាំងប្រទេស ”យកចិត្តទុកដាក់” លើបណ្តាញសង្គមនេះ។
កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សាជាច្រើននាក់ថា លោកទទួលបានពាក្យបណ្ដឹងដូចភ្នំពីប្រជាពលរដ្ឋតាមទំព័រហ្វេសប៊ុករបស់លោក។
លោកបានព្រមានដល់មន្ត្រីរដ្ឋាភិបាលថា “សូមកុំមើលស្រាលបញ្ហាឲ្យសោះ។ បញ្ហាណាដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ មិនមែនជាបញ្ហាតូចតាចឡើយ”។
លោកបានលើកសរសើរដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពីរបៀបដែលលោក ម៉ម ប៊ុនហេង បានកត់សម្គាល់ពីការត្អូញត្អែរនៅក្នុងទំព័រហ្វេសប៊ុកអំពីតម្លៃនៃការប្រឡងចូលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ហើយបានជម្រាបជូននាយករដ្ឋមន្ត្រីភ្លាមៗ។ ពេលនោះលោក ហ៊ុន សែន បានប្រកាសនៅនឹងកន្លែងនោះអំពីតម្លៃសម្រាប់ការប្រឡង នឹងត្រូវកាត់បន្ថយពីប្រហែល១២៥ដុល្លារមកប្រហែល២៥ដុល្លារតែប៉ុណ្ណោះ។
ការជំរុញឲ្យពិនិត្យមើលហ្វេសប៊ុកនេះទំនងជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីស្ដារប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។គណបក្សសង្គ្រោះជាតិបានធ្វើឲ្យគណបក្សកាន់អំណាចមានការភ្ញាក់ផ្អើលអំឡុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ដោយសារការប្រើប្រាស់ឥទ្ធិពលនៃបណ្ដាញទំនាក់ទំនងសង្គម ហើយបានកេងចំណេញពីការមិនពេញចិត្តចំពោះអំពើពុករលួយដ៏រាលដាល និងកង្វះតម្លាភាពនៅក្នុងជួររដ្ឋាភិបាល។
លោក កែម ឡី អ្នកវិភាគមួយរូបដែលបានជួយបង្កើតបណ្ដាញនយោបាយខ្មែរដើម្បីខ្មែរ បានមានប្រសាសន៍ថា បើទោះជាមានការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋថា ជាការចាប់ផ្ដើមដ៏ល្អក៏ដោយ ក៏រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់អំពីកំណែទម្រង់ស្ថាប័នជាមូលដ្ឋានបន្ថែមទៀតមុនពេលឈានទៅរកជ័យជម្នះនៅពេលបោះឆ្នោត។
លោកបានថ្លែងថា “វាប្រសើរជាងការមិនអើពើការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ…វិធីដ៏ល្អបំផុតក្នុងការទទួលបានប្រជាប្រិយភាព គឺត្រូវធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅនៅតាមស្ថាប័ននានា”៕ សារុន