29 C
Phnom Penh

អាជ្ញាធរ​រក​ឃើញ​ឈើ​ច្រើន​ដុំ​កប់​នៅ​ជិត​រោង​អារឈើឧកញ៉ាម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​បាន​រក​ឃើញ​​ឈើ​ប្រណីត​មួយ​ចំនួន​ធំទៀត​​ដែល​កប់​នៅ​ជិត​រោងអារឈើ​របស់​​​​ឈ្មួញ​ឈើ​ដ៏ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ខេត្ត​​​ត្បូងឃ្មុំ ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ការ​រក​ឃើញ​​គំនរ​ឈើ​ដែល​កប់​នៅ​ក្នុង​ដី​របស់​ពាណិជ្ជករ​រូប​នេះ​​នៅ​​ក្នុង​ស្រុក​ដដែលនេះ​​។

​​ការ​រក​ឃើញ​នេះ​​ធ្វើ​​ឡើង​អំឡុង​ការ​​បោស​​​សម្អាត​របស់​រដ្ឋាភិបាល​នៅ​ខេត្ត​ភាគ​បូពា៌​​ដើម្បី​រក​​ការ​ស្តុក​ឈើ​ខុស​ច្បាប់​ដោយ​ក្រុម​ការ​ងារ​ពិសេស​ថ្មី​​ក្រោម​​​​ការ​ដឹក​នាំ​របស់​លោក សៅ សុខា មេបញ្ជាការ​កង​រាជអាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។

​លោក អេង ហ៊ី អ្នក​នាំពាក្យ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​​កាល​ពីម្សិល​​​​មិញ​ថា ឈើ​ទាំង​នេះ​កំពុង​ជីក​កកាយ​ចេញ​ពីដី​​នៅ​ឡើយ។ ​ឧត្ដម​សេនីយ៍ត្រី អេង ហីុ បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​រក​ឃើញ​​​​​គំនរ​ឈើ​ប្រណីត​ដែល​លាក់​ទុក​ក្នុង​រណ្ដៅ​មួយ​ក្រោយរោងចក្រ​​កែច្នៃ​ឈើ​នៅ​ក្នុង​ស្រុក​​​​​​អូររាំងឪ។ ឈើ​ទាំង​នេះ​​ត្រូវ​បាន​​កប់​​ក្នុង​រណ្ដៅ​​​មួយ ហើយ​លុប​ដី​និង​គ្របសំរាមពីលើ​ ហើយ​​​នៅ​ថ្ងៃ​នេះ​ អ្នក​ជំនាញ​មក​ពី​រដ្ឋបាល​ព្រៃឈើ​​​​​កំពុង​ប្រមូល​យក​ឈើ​នេះ ហើយ​យក​ទៅ​ស្តុក​​​​ទុក​នៅ​​រោងចក្រ​ដើម្បី​​ធ្វើ​ការ​វាស់​វែង​”។

លោក​ថ្លែង​ថា ​រោងចក្រ​េនះ​ជា​កម្មសិទ្ធិ​របស់​ “ឧកញ៉ា​ ថៃ” ជា​ឈ្មួញឈើ​ដ៏ល្បី​ឈ្មោះ​ម្នាក់​ក្នុង​មូលដ្ឋាន​។ ​ឧកញ៉ា​គឺជា​ងារ​ដែល​លោក​​​​ទទួល​បាន​ដោយការ​​បរិច្ចាគ​ប្រាក់​​តិច​បំផុត​១០០.០០០ដុល្លារ​ដល់​រដ្ឋាភិបាល​។ ឧត្ដម​សេនីយ៍ត្រី អេង ហ៊ី និង​មន្ត្រី​ដទៃ​ទៀត​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ ប៉ុន្តែ​លោក​បាន​អះ​អាង​​​​​ថា មិន​ស្គាល់​ឈ្មោះ​ពេញ​របស់​គាត់​ទេ។

លោក ហៀង សុភ័ក្ត្រ ព្រះ​រាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​​មាន​ប្រសាសន៍​ថា អាជ្ញា​​ធរ​​ទទួល​បាន​ព័ត៌មាន​ពី​ឈើ​ដែល​កប់​នេះ​​តាម​រយៈ​​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ហើយ​បាន​​រក​ឃើញ​ឈើ​នេះ​កាល​ពី​ថ្ងៃ​សុក្រ។

លោក​បាន​មាន​ប្រសាសន៍​ថា ​ឈើ​ដែល​រក​ឃើញ​នេះ​ជា​ឈើ​សុក្រំ ប្រភេទ​​ឈើ​លេខ​១​​​​មាន​ចំនួន​៤៩​ដុំ​។

លោក សុភ័ក្ត្រ បាន​ថ្លែង​ថា ឈើ​ទាំង​នេះ​ត្រូវ​បាន​កប់​​ចម្ងាយ​ប្រហែល១គីឡូម៉ែត្រ​ពី​រោង​អារឈើ​របស់​ឧកញ៉ាថៃ ប៉ុន្តែ​ថា លោក​មិន​ដឹង​ថា ​តើ​ឈើ​នេះ​​ឬ​ដី​ដែល​​គេ​រក​ឃើញ​នោះ​ជា​កម្មសិទ្ធិ​របស់​ពាណិជ្ជករ​រូប​នេះ​ឬ​យ៉ាង​ណា​ឡើយ​។

លោក​បាន​ថ្លែង​ថា “​ខ្ញុំ​មិនហា៊ន​សន្និដ្ឋាន​ថា ឈើ​នេះ​ជា​របស់​ឧកញ៉ា​ថៃ​នៅ​ពេល​នេះ​​​​ទេ ព្រោះយើង​កំពុង​ស៊ើបអង្កេត​រក​ឲ្យ​ឃើញ​​​​​​​អ្នក​ពាក់​ព័ន្ធ​ពិត​ប្រាកដ​”។ គេ​មិន​អាច​ទាក់​ទង​​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ។

ឧត្ដម​សេនីយ៍ត្រី អេង ហ៊ី មាន​ប្រសាសន៍​​​​កាលពី​ម្សិលមិញ​ថា ​អាជ្ញាធរ​មិន​ទាន់​កំណត់​ថា តើ​ឈើ​ទាំង​នេះ​ជា​​កម្មសិទ្ធិ​​ឧកញ៉ា​រូប​នេះ​​​​ឬយ៉ា​ង​ណា​នោះ​ឡើយ​។

ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​​បង្កើត​ក្រុម​ការ​ងារ​​ពិសេស​កាល​​​ពី​ពាក់​កណ្ដាល​ខែ​មករា​មក ឈើ​​ប្រណីត​​ជា​ច្រើន​​ត្រូវ​បាន​ដុត​កម្ទេច​ចោល​ពីរ​លើក​ដាច់​ដោយ​ឡែកពី​គ្នា​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ​នៅ​ក្នុង​ករណី​ដុត​កម្ទេច​ចោល​គួរ​ឲ្យ​សង្ស័យ​។

ទោះ​បី​ជា​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​​ដែល​​ជា​​កន្លែង​មាន​ការ​ដុត​ឈើ​ទាំង​គំនរ​ៗ​ត្រូវ​បាន​​​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ចោទ​​ថា បាន​កាប់​​ឈើ​ខុស​ច្បាប់​​ក្រៅ​ព្រំប្រទល់​របស់​ខ្លួន​ក៏ដោយ ក៏​អាជ្ញា​​ធរ​ដែល​កំពុង​ស៊ើបអង្កេត​ករណី​នេះ​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ណា​ម្នាក់​ ឬ​កំណត់ថា នរណាទទួលខុសត្រូវ​នៅឡើយ​ដែរ។

​ហើយ​បើ​ទោះ​ជា​ក្រុម​ការ​ងារ​ពិសេស​នេះ​​​​​​​​​​​​​​​​បាន​ចុះទៅ​ពិនិត្យ​មើល​ចម្ការ​កៅស៊ូ​ជា​​​ច្រើន​​ ឃ្លាំង និង​​កន្លែង​ដទៃ​ទៀត​ជាច្រើន​នៅ​ ភាគខាង​កើត​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​៣​​​សប្ដាហ៍​កន្លង​មក​ក៏ដោយ ក៏​មិន​ទាន់​មាន​ការ​លើក​ ឡើង​ថា តើ​ឈើ​ដែល​ខ្លួន​បាន​ពិនិត្យ​នោះ​មាន​​​​ប្រភព​ខុស​ច្បាប់​ឬ​យ៉ាង​ណា​នោះ​ឡើយ។

ក្រុម​ការ​ពារ​បរិស្ថាន​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ដ៏រាល​ដាល​នៅ​ក្នុង​​ប្រទេស ទាំង​ដោយ​ផ្ទាល់​ឬ​ដោយការ​​ឃុបឃិត​ជាមួយ​​​​ឈ្មួញ​ឈើ​ឯកជន។ ពួកគេ​លើក​ឡើង​ថា ការ​​​​បង្ក្រាប​កន្លង​មក​​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​​​​បាន​ធ្វើ​តិច​តួច​ប៉ុណ្ណោះ​ដើម្បី​ទប់​ស្កាត់​ការ​ជួញ​​​ដូរ ​ហើយ​នៅ​តែ​មាន​ការ​សង្ស័យ​ថា យុទ្ធ​នា​ការ​ថ្មី​បំផុត​នេះ​នឹង​ធ្វើ​ផ្សេង​ទៅ​វិញ។

តាម​បទ​បញ្ជា​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ឈើ​ខុស​ច្បាប់​ទាំង​អស់​ដែល​អាជ្ញាធរ​រឹប​អូស​​​បាន​ត្រូវ​​លក់​ឲ្យ​លោក ទ្រី ភាព ដែល​​ប្រឈម​​ការ​ចោទ​ប្រកាន់​​កាន់តែច្រើន​ថា​បាន​កាប់​ឈើ​ខុស​ច្បាប់​ជាង​ឈ្មួញឈើ​​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស