កម្មកររោងចក្រកាត់ដេរបួននាក់ដែលត្រូវបានចាប់ខ្លួនអំឡុងកូដកម្ម និងកុបកម្មនៅតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរក្នុងខេត្តស្វាយរៀងកាលពីខែធ្នូ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាចម្សិលមិញ បួនថ្ងៃបន្ទាប់ពីត្រូវបានសម្រេចឲ្យនៅក្រៅឃុំដោយសាលាឧទ្ធរណ៍។
វ៉ាន់ វិចិត្រ អាយុ២៤ឆ្នាំ ផលឌី សុមា៉លីដា អាយុ២៧ឆ្នាំ សុខ គង់ អាយុ២៨ឆ្នាំ និង ឆេង សុផា អាយុ៣៥ឆ្នាំ ដែលសេចក្តីសម្រេចលើកមុនមិនឲ្យពួកគេនៅក្រៅឃុំ ត្រូវបានបដិសេធកាលពីថ្ងៃសុក្រ ដោយទាត់ចោលសំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលកុំឲ្យដោះលែងពួកគេ ព្រោះខ្លាចមានការធ្វើកូដកម្មទៀត។
ការច្រានចោលសំណើសុំនៅក្រៅឃុំដំបូងបានលើ្មសកិច្ចព្រមព្រៀងរវាងអាជ្ញាធរខេត្ត និងសហជីពដែលបានបញ្ចប់ដោយសន្តិវិធីនូវកុបកម្មដែលបានគប់ដុំថ្មលើសួនឧស្សាហកម្មចំនួនពីររយៈពេលជិតមួយសប្ដាហ៍ដែលបង្កឡើងដោយការទាមទារដំឡើងប្រាក់ខែនៅរោងចក្រ Kingmaker Cambodia។
លោកស្រី ហេង បុង មេធាវីតំណាងកម្មករទាំងបួននាក់បានមានប្រសាសន៍ថា “កម្មករទាំងបួននាក់ត្រូវបានដោះលែងពីពន្ធនាគារនៅម៉ោងប្រហែល៧និង៣០នាទីយប់”។
លោកស្រីថ្លែងថា “ឥឡូវនេះវាជាឱកាសល្អសម្រាប់ពួកគេទៅជួបជុំក្រុមគ្រួសារវិញ”។ លោកស្រីបានបន្ថែមថា ពួកគេត្រូវបានឃុំខ្លួនចាប់តាំងពីការចាប់ខ្លួនកាលពីថ្ងៃទី១៧ និង១៨ ខែធ្នូមក។
លោកស្រីបានមានប្រសាសន៍ថា លោកស្រីមិនដឹងថា ហេតុអ្វីបានជាចំណាយពេលយូរក្នុងការដោះលែងពួកគេ ប៉ុន្តែបានលើកឡើងថា ពិធីបុណ្យចូលឆ្នាំចិនប្រហែលជាបានពន្យារពេលដល់ការរៀបចំឯកសារចាំបាច់។ លោកស្រីបានបន្ថែមថា សូម្បីនៅថ្ងៃនេះការដោះលែងត្រូវបានពន្យារពេលដល់ទៅ២ម៉ោងខណៈដែលសេចក្ដីសម្រេចរបស់តុលាការត្រូវបានផ្ទៀងផ្ទាត់រួចដោយមន្ត្រីពន្ធនាគារ។
លោកស្រី ហេង បុង ថ្លែងថា លោកស្រីក៏មិនដឹងដែរ ថានៅពេលណានឹងបើកសវនាការរឿងក្តីនេះ។ អ្នកទាំងបួនត្រូវបានចោទប្រកាន់ពីបទញុះញង់ ប្រើអំពើហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិទាក់ទិនកុបកម្មនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងមេនហាតធេន។
លោក ឃួន រ៉ា ក្រឡាបញ្ជីសាលាដំបូងខេត្តមិនអាចទាក់ទងបានទេកាលពីល្ងាចម្សិលមិញ។ លោក សុខ គង់ បាននិយាយថា គាត់សប្បាយចិត្តណាស់ដែលត្រូវបានដោះលែង ប៉ុន្តែបានលើកឡើងថា ការចាប់ខ្លួន និងការឃុំខ្លួនដំបូងមិនយុត្តិធម៌ទេ។
គាត់បាននិយាយថា “ការចាប់ខ្ញុំដាក់ពន្ធនាគារមិនយុត្តិធម៌ទេ ពីព្រោះខ្ញុំមិនបានចូលរួមការតវ៉ានៅរោងចក្រនេះឡើយ។ ខ្ញុំគ្រាន់តែចេញពីរោងចក្រទៅយកប្រពន្ធរបស់ខ្ញុំពីកន្លែងធ្វើការទៅផ្ទះប៉ុណ្ណោះ ស្រាប់តែមន្ត្រីនគរបាលជាង១០នាក់បានចាប់ខ្លួនខ្ញុំ ដោយអះអាងថា ខ្ញុំចូលរួមកុបកម្មនៅរោងចក្រនេះ”៕ សារុន