30 C
Phnom Penh

ប្តី​​​ជះ​​​ទឹក​​​អាស៊ីត​​​លើ​​​ប្រពន្ធ​​​ គឺ​​​ជាករណី​​​​​​លើក​​​ដំបូង​​​សម្រាប់​​​ឆ្នាំ​​​២០១៦

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា នគរបាល​​​ក្រុង​​​ភ្នំពេញ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​បុរស​​​ម្នាក់​​​ដែល​​​បាន​​​ជះ​​​ទឹក​​​អាស៊ីតលើ​​​ប្រពន្ធ​​​ដោយសារ​​​ការ​​​ផ្ទុះ​​​កំហឹង​​​ប្រចណ្ឌ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​បណ្តាល​​​ឲ្យ​​​នាង​​​រង​​​ការ​​​រលាក​​​ខ្លាំង​​​ត្រង់​​​មុខ​និង​​​ក។

យោង​​​តាម​​​លោក ម៉ៅ សាវឿន នាយ​​​ប៉ុស្តិ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​ឧប្បត្តិហេតុ​​​នេះ​​​ គឺ​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ដែល​​​រាយការណ៍​​​លើក​​​ដំបូង​​​នៅ​​​ឆ្នាំ​​​នេះ បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ផ្ទះ​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​មាន​​​ជ័យ​​​ ខណ្ឌ​​​មាន​​​ជ័យ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​និង​​​៣០​​​នាទី​​​យប់ បន្ទាប់ពី​​​ជន​​​រង​​​គ្រោះ​​​អាយុ​​​២៣​​​ឆ្នាំ​​​រូប​​​នេះ​​​ បាន​​​ត្រឡប់​ពី​​​រោងចក្រ​​​កាត់​​​ដេរ​​​មក​​​ផ្ទះ​​​វិញ។

លោក សាវឿន បាន​​​និយាយ​​​ថា “ស៊ុំ សុខនី​​​ បាន​​​រង​​​របួស​​​នៅ​​លើ​​​ផ្ទៃ​​​មុខ​​​ដល់​​​ស្មា​​​ឆ្វេង​​​របស់​​​នាង។ នាង​​​បាន​​​ប្រាប់​​​យើង​​​ថា គឺ​​​​​​ប្តី​​​របស់​​​ នាង​​ជា​អ្នក​​​ធ្វើ”។ លោក​​​បាន​​​បន្ថែម​​​ថា ប្តី​​​របស់​​​នាង​​​ ជា​​​កម្មករ​​​សំណង់​​​អាយុ​​​២៧​​​ឆ្នាំ ​​​ឈ្មោះ ង៉ែត ផល្លី​​​ បាន​​​រត់​​​ចេញ​​​ពី​​កន្លែង​​​កើត​​​ហេតុ​​​​​​ និង​​​កំពុង​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ។

នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់ម៉ែត​​​កាលពី​​​ម្សិល​​​មិញ អ្នក​​​ស្រី​​​ សុខនី បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​ និង​​​ប្តី​​​ឈ្លោះ​​​ទាស់ទែង​​​គ្នា​​​ជារឿយៗ​​​តាំងតែ​​​ពី​​​គាត់​​​បាន​​​ចោទ​​អ្នកស្រី​​​កាលពី​​​ខែ​​​មុន​​​ថា លួច​​​ស្រឡាញ់​​​អ្នក​​​ផ្សេង។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា”កាល​​​ពី​​​ដើម​​​ខែ​​​មករា​​​ យើង​​​មាន​​​ជម្លោះ​​​មួយ​​​ដែល​​​ក្នុង​​​ការ​​​ឈ្លោះ​​​ទាស់​​​ទែង​​​គ្នា​​​នោះ​​​​​​ គាត់​​​បាន​​​ចោទ​​​ខ្ញុំ​​​ថា មាន​​​សាហាយ​​​ជា​​​មួយ​​​អ្នក​​​ផ្សេង​​​…។ គាត់​​​បាន​​​វាយ​​​ធ្វើ​​​បាប​​​ខ្ញុំ​​​យ៉ាង​​​ខ្លាំង​​​ ហើយ​​​គាត់​​​ចេះ​​​តែ​​​ចោទ​​​ខ្ញុំ​​​ថា​​​មាន​​​សាហាយ​​​ទៀត”។

អ្នក​​​ស្រី សុខនី បាន​​​និយាយ​​​ថា ​​​នៅ​​​ពេល​​​ការ​​​ចោទ​​​ប្រកាន់​នេះ​​​កើត​​​ឡើង​​​ជា​​​ថ្មី​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ អ្នក​​​ស្រី​​​មិន​​​ព្រម​​​និយាយ​​​​​​ស្តី​​​ទៅ​​​កាន់​​​ប្តី​​​របស់​​​អ្នកស្រី​​​ទេ​​​​​​ បណ្តាល​​​ឲ្យ​​​គាត់​​​ច្រឡោត ​​​​​ខឹង​​​ខ្លាំង។

អ្នក​​​ស្រីក៏​​​​​​បាន​​​និយាយ​​​បន្ថែម​​​ទៀត​​​ថា “បន្ទាប់​​​មក​​​ប្តី​​​របស់​​​ខ្ញុំ​​​​​​បាន​​​យក​​​កា​​​ជ័រ​​​មួយ​​​ ដាក់​​​ទឹក​​​អាស៊ីត​​​ ហើយ​​​​​​​​​ជះ​​​​​​មក​​​លើ​​​ខ្ញុំ។​​​ខ្ញុំ​​​មិន​​​​​បាន​​​គិត​​​ថា វា​​​ជា​​​ទឹក​​​អាស៊ីត​​​​​​ទេ​​​​​​ប៉ុន្តែ​​ប្រហែល​​​​​​៣​​​ ឬ​​​៤​​​នាទី​​​ក្រោយ​​​មក​​​ ខ្ញុំ​​​រលាក​​​ ហើយ​​​​​​បាន​​​ស្រែក​​​ឲ្យ​​​គេ​​​ជួយ”។

យោង​​​តាម​​​​​​របាយការណ៍​​​របស់​​​វេជ្ជ​​​បណ្ឌិត​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នកស្រី ​​​សុខនី បាន​​​រង​​​ការ​​​រលាក​​​កម្រិត​​​ទី​​​២​​​​​​ត្រង់​​​មុខ​​​និង​​​ក​​​របស់​​​អ្នក​​​ស្រី ហើយ​​​នឹង​​​​​​មាន​​​សម្លាក​​​នៅ​​​ពេល​​​របួស​​​ជា​​​សះ​​​ស្បើយ។

លោក ស៊្រុន​​​ បូរិន​​​ ​​​មន្ត្រី​​​នគរបាល​​​សង្កាត់ ដែល​​​​​​ចូល​​​រួម​​​ក្នុង​​​ក្រុម​​​​​​ដែល​​​ពិនិត្យ​​​កន្លែង​​​កើត​​​មាន​​​ការ​​​ជះទឹក​​​អាស៊ីត​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បាន​​​និយាយ​​​ថា ក្រុម​​​អ្នក​​​សើុបអង្កេត​​​បាន​​​រក​​​ឃើញ​​​​​​ដប​​​​​​អាស៊ីត​​​ពីរ​​​ដប ដប​មួយ​​ទទេ​​​​ នៅ​​​ផ្ទះ​​​របស់​​​ប្តី​​​ប្រពន្ធ​​​នេះ។

លោក​​​ បូរិន បាន​​​និយាយ​​​ថា “នគរបាល​​​បាន​​​រក​​​ឃើញ​​​កាទឹក​​​ជ័​​​រ​​​មួយ​​​​​​ និង​​​ដប​​​ទឹក​​​អាស៊ីត​​​ ពីរ​​​​​​ ប៉ុន្តែ ជន​​​សង្ស័យ​​​បាន​​​ប្រើ​​​តែ​​​មួយ​​​ដប​​​ប៉ុណ្ណោះ។ ជ​​​ន​​​នេះ​​​​​​បាន​​​គេច​​​ខ្លួន​​ភ្លាម​​​ បន្ទាប់ពី​​​ចាក់​​​ទឹក​​​អាស៊ីត​​​លើ​​​ជន​​​រង​​​គ្រោះ”។

លោក បូរិន បាន​​​និយាយ​​​ថា នគរបាល​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​លោក​​​ ផល្លី ដោយ​​​ប្រើ​​​រូប​​​ថត​​​គាត់​​​​​​ ដែល​​​អ្នក​​​ស្រី សុខនី បាន​​​ផ្តល់​​​ឲ្យ។

យោងតាម​​​លោកស្រី Erin​​​ Bourgois ​​​អតីត​​​អ្នក​​​គ្រប់គ្រង​​​គម្រោង​​​នៅ​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​កម្ពុជា​​​ដោយសារ​​​អាស៊ីត​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខណៈ​​​ដែល​​​ចំនួន​​​នៃ​​​ការ​​​ជះទឹក​​​អាស៊ីត​​​បាន​​​ថយ​​​ចុះ​​​ក្នុង​​​ពេល​​​​​​ប៉ុន្មាន​​​​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ​​​ ច្បាប់​​​ស្តីពី​​​ទឹកអាស៊ីត​​​ឆ្នាំ​​​២០១២​​​ដាក់​​​ទោស​​​ទណ្ឌ​​​យ៉ា​ង​​​ខ្លាំង​​​លើ​​​ជន​​​ដៃ​​​ដល់​​​ និង​​​អនុក្រឹត្យ​​​ឆ្នាំ​​​២០១៣​​​សំដៅ​​​ធ្វើ​​​បញ្ញត្តិកម្ម​​​​ការ​​​លក់​​​ទឹក​​​អាស៊ីត​​​នោះ ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​បន្ត​​​កើត​​​មាន​​​ក្នុង​​​ប្រទេស​​​េនះ។

លោក​​​ស្រី​​​បាន​​​និយាយ​​​ថា “នេះ​​​ជា​​​ករណី​​​​​គេ​​​រាយការណ៍​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​២០១៥​​​មក”។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​​​​ថា ករណី​​​របស់​​​អ្នក​​​ស្រី សុខ​​​នី​​​ មាន​​​ភាព​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​ករណី​​​ជា​​​ច្រើន​​​ក្នុ​​​ងពេល​​​កន្លង​​​មក។

លោកស្រី​​​បាន​​​និយាយ​​​ថា “ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​ភាគ​​​ច្រើន​​​សំដៅ​​​ធ្វើ​​​ឲ្យ​​​ខូច​​​សម្ផស្ស​​​ និង​​​ធ្វើ​​​ឲ្យ​​​ពិការ ហើយ​​​យើង​​​បាន​​​មើល​​​ឃើញ​​​ថា ​​​ក្នុង​​​ករណី​​​ជា​​​ច្រើន​​​​​​​​​បាន​​​កើត​​​ឡើង​​​ដោយ​​​សារ​​​ការ​​​យល់​​​ឃើញ​​​ថា មាន​​​ភាព​​​​​​មិន​​​ស្មោះ​​​ត្រង់​​​នឹង​​​គ្នា”។

យោង​​​តាម​​​លោក​​​ស្រី Bourgois បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​ត្រូវ​​​គេ​​​រាយ​​​ការណ៍​​​ ឲ្យ​​​ដឹង​​​បួន​​​លើក​​​កាល​​​ពី​​​ឆ្នាំ​​​មុន ​​​បណ្តាល​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​បី​​​នាក់​​​ គឺ​​​ថយ​​​ចុះ​​​ច្រើន​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​២០​​​លើក​​​ក្នុង​​​ឆ្នាំ​​​២០១០៕ និត​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Tej Parikh)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស