កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក ហង្ស វិបុល អតីតនាយកអង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការក្រៅរដ្ឋាភិបាលឲ្យជាប់ពន្ធនាគារបីឆ្នាំពីបទបៀតបៀនកេរ្តិ៍ខ្មាសក្មេង១១នាក់ ក្រោមការមើលថែទាំរបស់លោកនៅមណ្ឌលកុមារកំព្រាក្នុងរាជធានីភ្នំពេញ ដែលលោកបានបង្កើតឡើងនៅឆ្នាំ១៩៩៩។
ក្នុងសវនាការកាលពីរសៀលម្សិលមិញ លោក គឹម រ័ត្នណារិន ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថា លោក វិបុល មានទោសពីបទប្រទូសកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅមណ្ឌលកុមារកំព្រាផ្ទះយើង (Our Home) ក្នុងខណ្ឌមានជ័យ។

ចៅក្រម រ័ត្នណារិន និយាយថា “តុលាការបានសម្រេចផ្ដន្ទាទោសជនល្មើស ហង្ស វិបុល អាយុ៤៦ឆ្នាំ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យគាត់ជាប្រាក់៨លានរៀលលើបទចោទប្រទូសកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស តាមមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ”។
បន្ថែមទៅនឹងការពិន័យ និងទោសជាប់ពន្ធនាគារ ចៅក្រម រ័ត្នណារិន ក៏បានបង្គាប់ឲ្យលោក វិបុល បង់ប្រាក់សំណងឲ្យជនរងគ្រោះប្រាំនាក់ចន្លោះពី៥លានទៅ១០លានរៀលផងដែរ។
លោក វិបុល ធ្លាប់ធ្វើជានាយកដំបូងគេនៅអង្គការ APLE មុនការចាកចេញរបស់គាត់ពីអង្គការនេះនៅឆ្នាំ២០០៥។ ចាប់តាំងពីមានការចាប់ខ្លួនគាត់មក គាត់បានអះអាងជាច្រើនលើកថា គាត់ត្រូវបានលោក ធែរី ដាណូដេត (Thierry Darnaudet) ដែលជាស្ថាបនិករបស់អង្គការនេះ ទម្លាក់កំហុសដាក់។
ក្រុមមេធាវីដែលមានវត្តមានក្នុងសវនាការបាននិយាយថា ទាំងជនរងគ្រោះ ទាំងសាក្សីសុទ្ធតែបានផ្ដល់សក្ខីកម្មដាក់បន្ទុកលើនាយកមណ្ឌលកុមារកំព្រារូបនេះ។
នៅពេលនគរបាលយុត្តិធម៌ក្រៀកគាត់ចេញពីបន្ទប់តុលាការ លោក វិបុល បានអះអាងពីភាពគ្មានទោសកំហុសរបស់គាត់ ដោយតវ៉ាថា ភ័ស្តុតាងដាក់បន្ទុកលើរូបគាត់មានតែសក្ខីកម្មប៉ុណ្ណោះ។
លោក វិបុល និយាយថា “ខ្ញុំនឹងប្ដឹងឧទ្ធរណ៍ ព្រោះវាអយុត្តិធម៌។ ជាមួយក្មេងប្រុស វាពិបាកនឹងធ្វើកោសល្យវិច័យ ប៉ុន្តែជាមួយក្មេងស្រី…គួរមានការធ្វើកោសល្យវិច័យ”។
លោក វិបុល បាននិយាយថា លោកក៏មានផែនការប្ដឹងអង្គការនេះវិញដែរ ដែលលោកធ្លាប់គ្រប់គ្រងពីមុនមក។ លោកបាននិយាយថា “ APLE បានប្ដឹងខ្ញុំ ហើយពួកគេនៅពីក្រោយរឿងនេះ”។
លោក វិបុល ត្រូវបានចាប់ខ្លួននៅខែមីនា បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេល១ខែលើរឿងរំលោភនៅអង្គការផ្ទះយើង ដែលធ្វើឡើងដោយ APLE។
អំឡុងពេលបើកសវនាការរយៈពេល៣ថ្ងៃកាលពីខែមុន អតីតនាយកមណ្ឌលកុមារកំព្រារូបនេះបានទទួលស្គាល់ថា ពិតជាបានស្ទាបប្រដាប់ភេទក្មេងៗនៅអង្គការផ្ទះយើងមែន ប៉ុន្តែបានបដិសេធការដែលថា ការប៉ះពាល់បែបនេះមិនសមរម្យនោះ។
លោក ស៊ុយ សុខុន មេធាវីរបស់លោក វិបុល បាននិយាយបន្ទាប់ពីសាលក្រមត្រូវបានប្រកាសថា ”គាត់ជាវេជ្ជបណ្ឌិតម្នាក់ ហើយគាត់ដូចជាឪពុកម្ដាយរបស់ក្មេងៗអ៊ីចឹង”។
ដោយសំដៅដល់ការងូតទឹកដែលលោក វិបុល បានងូតឲ្យក្មេងៗនៅអង្គការផ្ទះយើងនោះ លោកបានបន្ថែមថា “វាជាការធម្មតាសម្រាប់ឪពុកដែលត្រូវប៉ះពាល់ខ្លះនោះ”។
អតីតអ្នករស់នៅមណ្ឌលផ្ទះយើងម្នាក់អាយុ២១ឆ្នាំ ដែលស្ថិតនៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញ បានយំបន្ទាប់ពីឮសាលក្រមនេះ។
អតីតអ្នករស់នៅមណ្ឌលរូបនេះនិយាយថា “គាត់បានជួយងូតទឹកឲ្យខ្ញុំ។ គាត់បានជួយរុំរបួសឲ្យខ្ញុំ ពេលខ្ញុំឈឺដៃ។ ខ្ញុំងឿងឆ្ងល់ថា តើអំពើអស់ទាំងនេះខុសច្បាប់ឬយ៉ាងណា”។ គាត់បានរស់នៅក្នុងមណ្ឌលផ្ទះយើងតាំងពីឆ្នាំ២០០៣ រហូតដល់ខែមីនាឆ្នាំមុន នៅពេលដែលអាជ្ញាធរបានបិទមណ្ឌលនេះ។
គាត់បាននិយាយទៀតថា “ខ្ញុំបានបាត់បង់ផ្ទះរបស់ខ្ញុំ…យើងធ្លាប់រស់នៅដូចជាគ្រួសារធំមួយ”។ គាត់បានបន្ថែមថា គាត់បាននិយាយការពារលោក វិបុល អំឡុងសវនាការនោះ។
លោក វិបុល អះអាងថា លោក ដាណូដេត ដោយមានជំនួយពីបុគ្គលិកជាន់ខ្ពស់ពីររូបនៅមណ្ឌលយើង គឺឈ្មោះ ហ្សង់ ម៉ារី អានណូ (Jean Marie Anno) និង កែវ ពិសិដ្ឋដារ៉ា បានប្រឌិតរឿងប្រឆាំងរូបលោកបន្ទាប់ពីមានជម្លោះជាច្រើនរវាងអ្នកទាំងពីរ។
នៅឆ្នាំ២០១៣ លោក វិបុល បានប្ដឹងទៅក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច ដោយចោទថា លោក ដាណូដេត ជនជាតិបារាំងដែលបានលាឈប់ពី APLE ក្នុងឆ្នាំ២០១៤ បានរំលោភកុមារក្រោមការមើលថែទាំរបស់ខ្លួនដោយខ្លួនឯង។ អាជ្ញាធរបានច្រានចោលបណ្ដឹងនេះ ហើយលោក ដាណូដេត នៅតែរក្្សាភាពស្អាតស្អំរបស់ខ្លួន។ លោក វិបុល ក៏បានចោទដែរថា ស្ថាបនិក APLE រូបនេះខឹងនៅពេលលោកច្រានចោលការតាមទាក់ទងស្រឡាញ់។
លោក សុខុន បានបន្ទរតាមកូនក្ដីរបស់លោកកាលពីម្សិលមិញ ដោយនិយាយថា ទោស៣ឆ្នាំគឺធ្ងន់ពេក ហើយថា តុលាការខ្វះភ័ស្តុតាងដើម្បីដាក់ទោសអតីតអ្នកធ្វើយុទ្ធនាការគាំពារកុមាររូបនេះ។
លោកបាននិយាយថា “ប្រសិនបើមានការពិនិត្យអាវ សំពត់ ឬរបស់ផ្សេងទៀត ឬប្រសិនបើមានការថតនោះ ទើបសមហេតុផល ប៉ុន្តែអត់មានអ្វីសោះតែម្ដង”។
លោក សំលៀង សិលា នាយកអង្គការ APLE ក្នុងពេលបច្ចុប្បន្នបាននិយាយថា បុគ្គលិកអង្គការរបស់លោកគ្មានលម្អៀងទេ អំឡុងការស៊ើបអង្កេតរបស់អង្គការនេះ។
លោក សិលា បាននិយាយថា “ខ្ញុំគិតថា គាត់បានចោទ APLE ទាក់ទិនរឿងនេះ ចាប់តាំងពីមានការចាប់ផ្តើមករណីនេះមកម្លេ៉ះ ប៉ុន្តែខ្ញុំអាចបញ្ជាក់បានថា វាមិនពាក់ព័ន្ធទេ វាមិនពិតទេ”។
លោកនិយាយថា ”យើងជាអង្គការសំខាន់ដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ ហើយគាត់ចង់បង្វែរការចាប់អារម្មណ៍របស់សមត្ថកិច្ច និងសាធារណជនទៅ APLE វិញ”។ លោកបន្ថែមថា លោកមិនសប្បាយចិត្តនឹងសាលក្រមជាប់ទោស៣ឆ្នាំរបស់តុលាការទេ។
លោកបាននិយាយទៀតថា “៣ឆ្នាំ នេះជាទោសអត់ឱនឲ្យពេកហើយ បើគិតពីចំនួនជនរងគ្រោះ និងការខូចខាតដែលត្រូវបានបង្កឡើងដោយ…ឧក្រិដ្ឋកម្មនេះ ដោយលោក ហង្ស វិបុល”។ លោកបានបន្ថែមថា អង្គការរបស់លោកនឹងសុំឲ្យព្រះរាជអាជ្ញាប្ដឹងទាស់ការផ្តន្ទាទោសនេះ។
លោក វិបុល ជានាយកទី២នៃអង្គការក្រៅរដ្ឋាភិបាលការពារកុមារដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទរំលោភកុមារនៅឆ្នាំមុន។ លោក ហ្វីលីព ប្រោលី (Philippe Broaly) អតីតនាយកអង្គការ Enfants du Cambodge ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១៤ខែកាលពីខែឧសភា ពីបទរំលោភក្មេងប្រុសប្រាំនាក់ក្រោមការមើលថែរបស់លោក៕ និត