38 C
Phnom Penh

លោក​​​ ហ៊ុន សែន សន្យា​​​ថា “ខេត្ត​​​មួយ​​​ត្រូវ​​​មាន​​​សាកលវិទ្យាល័យ​​​មួយ​​​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​មាន​​​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វា​ជា​គោល​ដៅ​​របស់​រដ្ឋាភិបាល​​ក្នុង​ការ​សាង​សង់​​យ៉ាង​ហោច​ណាស់​​​សាកលវិទ្យាល័យរបស់​​រដ្ឋមួយ​​ក្នុង​ខេត្ត​នីមួយៗ ក្នុង​ចំណោម​ខេត្ត​ទាំង​២៤​ទូទាំង​​ប្រទេស​ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​អំពី​គម្រោង​ពេល​​វេលា​​សម្រាប់​​ផែន​ការ​នេះ​ទេ។

ថ្លែង​អំឡុង​​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាកលវិទ្យាល័យ​ ហេង សំរិន ត្បូងឃ្មុំ ដែល​ទើប​សាង​សង់​ថ្មី​ក្នុង​ស្រុក​​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ​ផែន​ការ​​​​ “ខេត្ត​មួយ​ សាកលវិទ្យាល័យ​មួយ” ជា​ការ​ពង្រីក​​​​​ការ​ខិតខំ​ប្រឹង​ប្រែង​ពីមុន​​ក្នុង​ការ​សាង​សង់​សាកលវិទ្យាល័យ​​មួយ​នៅ​ចំកណ្ដាល​​ក្នុង​ឃុំ​-សង្កាត់​នីមួយៗ​ក្នុង​ចំណោម​ឃុំសង្កាត់​ទូទាំង​ប្រទេស។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ”​ចក្ខុវិស័យ​នេះ​​ដែល​​ក្នុង​នោះ​​យើង​បាន​គ្រោង​ទុក​នៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ សំដៅ​​សាង​សង់​សាកល​វិទ្យា​​​ល័យ​មួយ ឬ​សាខា​មួយ​​នៅ​​ក្នុងខេត្ត​នីមួយៗ​”។ ​​លោក​​បន្ថែម​ថា ខេត្ត​ចំនួន​​ប្រាំពីរ​មាន​សាកល​វិទ្យាល័យ​រដ្ឋរួច​​ហើយ។

ដោយទំនង​ធ្វើ​ការ​ប្រៀបធៀប​គោល​​នយោបាយ​​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​គោល​នយោបាយ​របប​ខ្មែរ​ក្រហម លោក ​​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មាន​ជំនឿ​​​យ៉ាង​មុតមាំ​ថា យើង​អាច​កាត់​បន្ថយ ‘គម្លាត​​​ផ្នែក​ខួរក្បាល’​ ​តាម​រយៈ​ការ​វិនិយោគ​របស់​រដ្ឋ”។

លោក​បាន​​ថ្លែង​ថា ”​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​គឺ​​ព្យាយាម​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​​ដើម្បី​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គាត់​។ វា​មិន​អាច​​​ធ្វើ​ទៅ​រួចទេ​ក្នុង​ការរម្លាយចោល​អ្នក​មាន​ដូច​គោល​នយោបាយ​របស់​ ប៉ុល ពត ឬ​ដូចនៅ​ក្នុង​កម្មវិធី​នយោបាយ​របស់​​គណបក្ស​នយោ​បាយ​ដទៃទៀត​”។

លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​កាល​ពី​ម្សិល​មិញ​ថា សាកល​វិទ្យាល័យ​ ហេង សំរិន ត្បូងឃ្មុំ​ ​នឹង​ផ្ដោត​​លើ​វិស័យ​កសិកម្ម និង​វិស្វកម្ម ជា​វិស័យ​​​​ពីរ​ដែល​ត្រូវ​ការ​និស្សិត​បញ្ចប់​ការ​សិក្សា​ច្រើន​​​​នាក់ទៀត​។

លោក​បាន​ថ្លែង​ថា សាកលវិទ្យាល័យ​នេះ​​​​ដំណើរ​ការ​ទៅបាន​តាម​រយៈ​ការ​ផ្ដល់មូល​និធិ​​ពី​ថវិកា​របស់​ក្រសួង​អប់រំ និង​តាម​រយៈ​​ការ​បរិច្ចាគ​ជា​ទឹក​ប្រាក់​ “ប្រហែល​១លាន​ដុល្លារ​​” ដែល​​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រមូល​បាន​។

​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​បាន​ទទួល​ស្គាល់​ថា ជម្រើស​ក្នុងការ​សិក្សា​​​​ថ្នាក់​​ឧត្ដម​សិក្សា​នៅ​តាម​ជន​បទ​​របស់​ក្រសួង​នៅ​តែ​​ស្ថិត​នៅ​ពីក្រោយ​​ការ​សិក្សា​នៅ​​តាម​​តំបន់​ក្រុង​ដដែល​ ប៉ុន្តែ​បាន​បន្ថែម​ថា វា​នៅ​តែ​ដើរ​​​​តួនាទី​ដ៏សំខាន់​ក្នុង​ការ​បង្កើត​​​មនុស្ស​ចេះ​​ដឹង​​​​បន្ថែម​​​​​ទៀត ​នៅ​តាម​បណ្ដា​ខេត្ត​។

លោក ហង់ ជួន ណារ៉ុន បាន​ថ្លែង​ថា “​មាន​ភាព​ខុស​គ្នា​​ខាង [​គុណ​ភាព]​ ព្រោះ​គ្រូ បង្រៀន​​​ល្អៗ​មិន​ចូលចិត្ត​ស្នាក់​នៅ​តាម​ខេត្ត​ទេ។ គ្រូ​បង្រៀន​ល្អៗ​ចូល​ចិត្ត​ស្នាក់​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​សិស្ស​​និស្សិត​​​ក៏​ចូល​ចិត្ត​មក​សិក្សា​​​​​ក្នុង​រាជធានី​ភ្នំពេញ​ដែរ”។

លោក​​ថ្លែង​ថា ”​យើង​ចង់​ផ្លាស់​ប្ដូរ​ទម្លាប់​នោះ​ ប៉ុន្តែ​យើង​ត្រូវ​​​ចំណាយ​ប្រាក់​ច្រើន​ដល់​​បង្រៀន​​”។ លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​​​​បាន​ទទួល​រង​​ការ​បែងចែក​​​យូរ​មក​ហើយ​រវាង​​​​​ខេត្ត​នៅ​តាម​​តំបន់​ជនបទ និង​រាជធានី​ភ្នំពេញ។

លោក​បាន​មាន​ប្រសាសន៍​ថា ”​ការ​បែង​ចែក​តំបន់​ជនបទ​ និង​តំបន់​ក្រុង​បាន​ក្លាយ​ជា​បញ្ហា​ដែល​ខ្មែរ​ក្រហម​បាន​ផ្ដោត​។ ខ្ញុំ​គិត​ថា នោះ​គឺ​ជាមូលហេតុ​ បើ​ទោះជាគុណភាព​​ខុស​​​គ្នា​​​ក៏ដោយ [ក៏​​ការ​សាង​សង់​សាកលវិទ្យា​ល័យ] ​​​​ជួយ​​ដល់​​តំបន់​ជនបទ​ឱ្យ​អភិវឌ្ឍ និង…​កាត់​បន្ថយ​​​​ការ​បែង​ចែក​តំបន់​ក្រុង និង​ជនបទ​ និង​​​​ប្រកាន់​​​បក្ខពួក​រវាង​តំបន់​ទាំង​ពីរដែរ​ ដូច្នេះ​​លែង​មាន​​​​ហេតុ​ផល​​ចំពោះ​ការ​វិវត្ត​យ៉ាង​ឆាប់​រហ័ស​ទៀត​ហើយ”។

​បើ​​ទោះ​ណា​ជាមានការ​ជួយ​ជ្រោម​ជ្រែង​​កាលពីពេល​ថ្មីៗ​ចំពោះ​​ថវិកា​របស់​ក្រសួង​អប់រំ​ក៏​ដោយ ក៏​លោកស្រី Luise Ahrens អ្នក​ពិគ្រោះ​យោបល់នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា សម្រាប់​កម្មវិធី ​”​ខេត្ត​មួយ​ សាកលវិទ្យាល័យ​មួយ” ក្នុង​ការ​ទទួល​​​​​បាន​ភាព​ជោគជ័យ ចាំបាច់​ត្រូវ​បង្កើន​ការ​ចំណាយ​​​​ប្រាក់បន្ថែម​ទៀតលើ​ការ​អប់​រំ​​។

លោកស្រី​បាន​សរសេរ​នៅ​ក្នុង​អុីម៉េល​ថា ​​”​ការ​ផ្ដល់​មូលនិធិសម្រាប់​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​​ក្នុង​ប្រទេស​កម្ពុជា​ គឺ​នៅ​ទាប​បំផុត​ក្នុង​តំបន់​គិត​ជា​ភាគរយ​​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ប្រសិន​បើ​គោល​​ដៅ​​​នេះ​គឺត្រូវ​បើក​​ ​[​​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧត្ដម​សិក្សា] ​ឱ្យ​បាន​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ ឬ​នៅ​គ្រប់ទី​កន្លែង​នោះ បញ្ហា​នេះ​ត្រូវ​​ផ្លាស់​ប្ដូរ​ឱ្យ​បាន​យ៉ាង​ឆាប់​រហ័ស​”។

លោកស្រី​បាន​បន្ថែម​ថា “​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញវត្ថុ ត្រូវ​​សហការ​ក្នុង​ការ​​ផ្លាស់​ប្ដូរ​ការ​​​​​ផ្ដល់​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​នេះ”៕ សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស