គម្រោងដ៏មហិច្ឆតាដើម្បីប្រើយន្តហោះគ្មានមនុស្សបើកសម្រាប់ពាណិជ្ជកម្មធំៗ គឺកើតឡើងចេញពីភាពជាដៃគូមិនគួរឲ្យជឿ
យន្តហោះគ្មានមនុស្សបើកអាចបង្កឲ្យមានកំហឹងពីអាជ្ញាធរក្នុងក្រុងភ្នំពេញ ប៉ុន្តែក្រុមហ៊ុនថ្មីមួយដឹកនាំដោយកូនប្រសាលោកនាយករដ្ឋមន្ត្រី និងអ្នកបើកបរយន្តហោះរដ្ឋតិចសាស់ដែលធ្វើដំណើរទូទាំងពិភពលោកចង់ដាក់ឧបករណ៍ទាំងនេះធ្វើការនៅតាមចម្ការធំៗ កសិដ្ឋានឈើ និងទីតាំងជីករ៉ែនានា។
ចាប់ផ្តើមក្នុងខែមិថុនាជាក្រុមហ៊ុនរួមទុនរវាងប្រឹក្សាទូរវិញ្ញាណសហរដ្ឋអាមេរិកគឺក្រុមហ៊ុនយុទ្ធសាស្ត្រសកល វ៉េផញ(Waypoint Global Strategies) និងក្រុមហ៊ុនក្នុងស្រុកសោម៉ា ដែលគ្រប់គ្រងដោយលោក សុខ ពុទ្ធិវុធ ជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងជាស្វាមីរបស់កូនស្រីពៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមហ៊ុន អេសអឹម វ៉េផញ មានបំណងប្រើប្រាស់ទិន្នន័យប្រមូលដោយយន្តហោះគ្មានមនុស្សបើក ដើម្បីជួយរៀបចំឧស្សាហកម្មកម្ពុជា។
លោក ជេម ជិម្មី ជេក ជាអ្នកស្រុករដ្ឋតិចសាស់ និងជានាយកចាត់ចែងក្រុមហ៊ុនអេសអឹម វ៉េផញ បានមានប្រសាសន៍ថា “អ្វីដែលមនុស្សអាចធ្វើបាន ប្រសិនបើយន្តហោះគ្មានមនុស្សបើកអាចធ្វើបាន វាអាចធ្វើបានលឿនជាង និងមានតម្លៃថោកជាង”។

យោងតាមលោក ជេក ឲ្យដឹងថា ក្រុមហ៊ុនឯកជននានាបានជួលអេសអឹម វ៉េផញ ដើម្បីពិនិត្យមើលបង្គោលអគ្គិសនី និងរាប់ដើមម៉ៃសាក់ ចំណែកឯក្រុមបរិស្ថានបានមកជួបក្រុមហ៊ុនទាក់ទងនឹងការសិក្សាសត្វផ្សោត។បច្ចេកវិទ្យាអាចប្រើបាននៅពេលអនាគត ដើម្បីដោះស្រាយជម្លោះដីធ្លី ជួយគ្រប់គ្រងគ្រោះមហន្តរាយ និងថែមទាំងរុករកមាសផងដែរ។
យោងតាមរបាយការណ៍ថ្មីរបស់សមាគមប្រព័ន្ធយានគ្មានមនុស្សបើកអន្តរជាតិ(Association for Unmanned Vehicles Systems International) ឲ្យដឹងថា ប្រជាប្រិយភាពកាន់តែផុលផុសទៅលើ អាកាសយានគ្មានមនុស្សបើកទូទាំងពិភពលោកបានជំរុញឲ្យមានការជជែកគ្នាអំពីសេដ្ឋកិច្ចយន្តហោះគ្មានមនុស្សបើក ដែលនឹងនាំមកនូវទឹកប្រាក់៨២ប៊ីលានដុល្លារ និងការងារចំនួន១០០.០០០ការងារដល់សហរដ្ឋអាមេរិក។
ប៉ុន្តែក្រុមហ៊ុនប្រឹក្សាយន្តហោះគ្មានមនុស្សបើកលក្ខណៈជាពាណិជ្ជកម្មដំបូងរបស់ប្រទេសកម្ពុជាប្រឈមមុខនឹងឧបសគ្គជាច្រើន។ ទាំងនិយតករ ទាំងម្ចាស់ពាណិជ្ជកម្មគឺមិនស្គាល់អាកាសយានគ្មានមនុស្សបើកទេ។ អ្នកជំនាញយន្តហោះគ្មានមនុស្សបើកខ្លះជឿថា ឧស្សាហកម្មបានសរសើរជ្រុលពេកចំពោះភាពនឹងបានជោគជ័យនៃឧបករណ៍ទាំងនេះ។ ហើយទោះបីវាមិនដូច្នេះក៏ដោយ ក៏សព្វថ្ងៃនេះសេវារបស់អេសអឹម វ៉េផញ មិនអាចប្រើបានសម្រាប់មនុស្សគ្រប់គ្នាទេ លើកលែងតែ អ្នកកាន់កាប់ដីធំៗ និងជំនួញធំៗប៉ុណ្ណោះ ដោយដាក់កម្រិតសេវារបស់ក្រុមហ៊ុនចំពោះកសិករតូចតាច ម្ចាស់ជំនួញខ្នាតតូច និងក្រុមសង្គមស៊ីវិល។
កាលពីខែកុម្ភៈឆ្នាំមុន យន្តហោះគ្មានមនុស្សបើកបំពាក់ដោយកាមេរ៉ាដែលបញ្ជាដោយអ្នកថតរូបជនជាតិអាល្លឺម៉ង់បានហោះពីលើព្រះបរមរាជវាំងក្នុងក្រុងភ្នំពេញ ដោយធ្វើឲ្យភ្ញាក់ផ្អើលដល់សម្តេចម៉ែ នរោត្តម មុនីនាថ និងជំរុញសាលាក្រុងភ្នំពេញឲ្យហាមប្រាមមិនឲ្យមានរាល់ការបង្ហោះគ្មានការអនុញ្ញាតនៅក្នុងក្រុងភ្នំពេញ។

ឧប្បត្តិហេតុក្នុងព្រះបរមរាជវាំង និងការចាប់ឃុំជាបន្តបន្ទាប់ទៅលើផលិតករភាពយន្ត និងទេសចរដោយសារតែការរំលោភបំពាននេះឆ្លុះបញ្ចាំងឲ្យឃើញនូវភាពថ្មីសន្លាងនៃអាកាសយានគ្មានមនុស្សបើកនៅក្នុងដែនសិទ្ធិពលរដ្ឋ។ ភាពថ្មីសន្លាងនោះគឺមានទាំងចំណុចគួរឲ្យទាក់ទាញ ទាំងចំណុចរាំងស្ទះសម្រាប់អេសអឹម វ៉េផញ។
លោក វីរៈ ឈឹម នាយកផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា “មានតម្រូវការខ្លាំងណាស់ ប៉ុន្តែមនុស្សថប់បារម្ភ ព្រោះបច្ចេកវិទ្យានេះគឺនៅថ្មីណាស់”។
អស់រយៈពេលរាប់ទសវត្សរ៍ អាកាសយានគ្មានមនុស្សបើកត្រូវបានគេប្រើភាគច្រើននៅក្នុងតំបន់សង្គ្រាម ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍ ដើរតួជាវត្ថុដាក់បញ្ឆោត ហើយក្រោយមក ទម្លាក់គ្រាប់បែក។ យន្តហោះគ្មានមនុស្សបើកសម្រាប់លេងអាចទិញបានក្នុងតម្លៃក្រោម១០០ដុល្លារ ហើយឧបករណ៍នេះកាន់តែត្រូវគេប្រើប្រាស់សម្រាប់ពាណិជ្ជកម្មនៅតាមកសិដ្ឋាន កន្លែងថតភាពយន្ត និងកន្លែងកើតឧក្រិដ្ឋកម្ម គឺស្ថិតក្នុងបណ្តាការអនុវត្តផ្សេងទៀត។
ភាពជាក់លាក់នៃការចាប់រូបរបស់អាកាសយានគ្មានមនុស្សបើកធ្វើឲ្យយន្តហោះគ្មានមនុស្សបើកសមនឹងប្រមូលទិន្នន័យផ្នែកកសិកម្ម។
លោក ឈឹម បាននិយាយថា “អ្នកអាចមើលឃើញស្លឹកឈើមួយពីកម្ពស់៣០០ម៉ែត្រ”។
អ្នកស្រី វឺរ៉ូនីកា ចាស្ទេន (Veronica Justen)សាស្ត្រាចារ្យរងនៃវិទ្យាសាស្ត្រដំណាំនៅឯសាកលវិទ្យាល័យវិស្កុនស៊ីន រីវឺ ហ្វលស៍ (Wisconsin-River Falls) ជឿថាការចាប់រូបភាពរបស់អាកាសយានគ្មានមនុស្សបើកអាចបើកកកាយភាពស៊ីជម្រៅដ៏មានឥទ្ធិពលសម្រាប់កសិករ។
អ្នកស្រីបាននិយាយក្នុងសារអ៊ីម៉េលថា “រូបភាពពីអាកាសអាចប្រើ ដើម្បីវាយតម្លៃបញ្ហាជាច្រើន រួមមានស្ត្រេសដំណាំ(សារធាតុធ្វើឲ្យធំធាត់ ទឹក សត្វល្អិតចង្រៃជាដើម) បញ្ហាដាំដុះ និងស្មៅ”។
នៅពេលដែលលោក ពុទ្ធិវុធ បានដឹងអំពីបច្ចេកវិទ្យានេះ លោក ជេក បាននិយាយថា”គាត់បានដឹងថា វាស្ថិតជិតនឹងពាណិជ្ជកម្មស្នូលរបស់គាត់”។
លោក ជេក បាននិយាយថា ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនសោម៉ាគ្រុប លោក ពុទ្ធិវុធ បានទទួលស្គាល់សក្តានុពលចំពោះការប្រើយន្តហោះគ្មានមនុស្សបើកនៅក្នុងភាគហ៊ុនកសិកម្ម និងឈើដ៏ទូលំទូលាយរបស់សាជីវកម្មចម្រុះ។ ជាប្រធាននៃសហព័ន្ធស្រូវអង្ករកម្ពុជា ពោលគឺមិនបាច់និយាយថាជាកូនប្រុសរបស់លោក សុខ អាន ទេ លោកអាចឈ្នះលើមនុស្សដែលចេះតែសង្ស័យក្នុងពាណិជ្ជកម្ម និងរដ្ឋាភិបាល។
លោក ជេក ក៏អួតអំពីជីវប្រវត្តិដ៏អស្ចារ្យដែរ។ កាលពីដើមទសវត្សរ៍ឆ្នាំ១៩៧០ លោកបានបើកយន្តហោះទម្លាក់ម្ហូបអាហារពីលើក្រុងភ្នំពេញ ហើយបានភៀសខ្លួនពីប្រទេសកម្ពុជាជាមួយប្រពន្ធជនជាតិខ្មែររបស់លោក គឺពីរបីជំហានមុននឹង ប៉ុល ពត មកដល់។ លោកបានបម្រើការជាអ្នកបើកយន្តហោះឲ្យអតីតប្រធានាធិបតីកុងហ្គោ គឺលោក ម៉ូប៊ុទុ សេសេ សេកូ និងព្រះរាជវង្សអារ៉ាប៊ី សាអូឌីត បន្ទាប់មកគ្រប់គ្រងយន្តហោះ នាវាជិះកម្សាន្ត និងទ្រព្យធនរបស់មហាសេដ្ឋីអាមេរិកខាងត្បូង ដែលលោកបដិសេធមិនប្រាប់ឈ្មោះ។
លោកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០៧ ធ្វើជាអ្នក ប្រឹក្សាឲ្យអាកាសចរណ៍ក្នុងស្រុក ដោយបានស្គាល់និយតកម្មអាកាស។
ធ្វើប្រតិបត្តិការខាងក្រៅការិយាល័យនៅក្នុងអគារសោម៉ា នៅក្នុងក្រុងភ្នំពេញ ក្រុមហ៊ុនអេសអឹម វ៉េផញ រៀបចំដាក់គោលដៅទៅលើចម្ការដ៏ធំៗបំផុតនៅកម្ពុជា ដែលចម្ការខ្លះមានផ្ទៃដីរាប់ពាន់ហិកតា ហើយជួលអ្នកក្សេត្រវិទ្យាអាជីពជាច្រើននាក់។
អ្នកជំនាញទាំងនោះបានស្គាល់ទិន្នន័យប្រមូលដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ុន អេសអឹម វ៉េផញ ដែលបានបង្ហោះនិងធ្វើដំណើរតាមកូអ័រឌីណេ ដែលរៀបចំកម្មវិធីជាមុន ពោលគឺចំណុចកូអ័រឌីណេដែលក្រុមហ៊ុនបានដាក់ឈ្មោះដើម្បីប្រមូលរូបថតមានរីសូលូសុងខ្ពស់ពីផ្ទៃដី រូបកម្តៅ និងទិន្នន័យដើម្បីផលិតផែនទីស្ថានភាពខ្ពស់ទាបនៃផែនដីជាស្រុីឌី ហើយវាស់ដំណាក់ការនៃរូបសំយោគក្នុងដំណាំ។
អាកាសយានគ្មានមនុស្សបើកបួនគ្រឿងសម្រាប់ការដាក់លក់ពីតម្លៃ៤០.០០០និង២០០.០០០ដុល្លារ។ លោក ជេក បាននិយាយថា កម្លាំងសេះនៃប្រតិបត្តិការគឺជាយន្តហោះយន្តដែលមានស្លាបប្រវែង៣,៣ម៉ែត្រ។ យន្តហោះគ្មានមនុស្សបើកអាចស្ទង់ផ្ទៃដីប្រមាណ១.៨០០ហិកតាក្នុងរយៈពេល២ម៉ោងដោយហោះល្បឿន៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
កសិករអាចប្រើទិន្នន័យដែលប្រមូលបានដោយយានគ្មានមនុស្សបើក ដើម្បីប្រើឲ្យត្រឹមត្រូវនូវថ្នាំសម្លាប់សត្វល្អិត ពិនិត្យមើលសារធាតុក្ល័ររូហ្វុីលនៃដំណាំស្រូវ ឬគូសផែនទីរង្វង់នៃចម្ការអំពៅមួយ។
លោក ជេក បាននិយាយថា តាមការប្រៀបធៀប មនុស្សគឺយឺតយ៉ាវ ហើយជាអ្នកប្រមូលទិន្នន័យមិនអាចទុកចិត្តបានទេ។
លោក ជេក បាននិយាយថា “ឥឡូវនេះវិធីដែលគេប្រើ គេគ្រាន់តែបញ្ជូនមនុស្សទៅទីនោះពិនិត្យមើលដើមឈើ។ ចុះប្រសិនបើគេចងអង្រឹងនៅចន្លោះដើមត្នោតពីរ ហើយដេក? អ្នកមិនអាចដឹងបានទេ”។
វាមានលក្ខណៈស្រដៀងគ្នាទាក់ទងនឹងការចំណេញពេលវេលានៅក្នុងឧស្សាហកម្មរ៉ែ។ យានគ្មានមនុស្សបើកបំពាក់ដោយឧបករណ៍មេដេកអាចស្ទង់តំបន់ជាក់លាក់មួយ ដែលផ្តល់ព័ត៌មានដល់ភូគព្ភវិទូដែលអាចរកឃើញតំបន់មានមាស។
ប៉ុន្តែ ដូចគ្នានឹងទិន្នន័យទាំងអស់ដែលប្រមូលដោយយន្តហោះគ្មានមនុស្សបើក ការគូសផែនទីទាំងនេះគឺអាចមានប្រយោជន៍បាននៅពេលដែលរួមបញ្ចូលប្រភពទិន្នន័យផ្សេងទៀត ហើយបង្កើតឲ្យទៅជាគម្រោងសកម្មភាព។
លោក ជេក បាននិយាយថា “អ្នកមិនអាចយកវាចេញមក ហើយបង្ហោះវាបានទេ។ អ្នកត្រូវប្រើអ្នកដើររកកំណប់ ហើយលែងវាឲ្យហោះហើរ”។
តាមពិត អ្នកជំនាញខ្លះនិយាយថា ភាពនឹងបានជោគជ័យផ្នែកលំហរបស់អាកាសយានគ្មានមនុស្សបើកត្រូវបានផ្សព្វផ្សាយយ៉ាងច្រើនដោយក្រុមឧស្សាហកម្មដែលអន្ទះសាចង់ទាក់ទាញការចាប់អារម្មណ៍ឲ្យងាកចេញពីការព្រួយបារម្ភទាក់ទងនឹងសិទ្ធិឯកជន។
នៅក្នុងនិក្ខេបបទរបស់គេដែលមានចំណងជើងថា យានគ្មានមនុស្សបើកផ្នែកកសិកម្មនៅក្នុងសហរដ្ឋអាមេរិក៖ សក្តានុពល គោលនយោបាយ និងការឃោសនា អ្នកស្រាវជ្រាវ គឺ ផាទ្រីស្សា ហ្វ្រីមេន និង រ៉ូបឺត ហ្វ្រីឡែន សរសេរថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពីយន្តហោះគ្មានមនុស្សបើកផ្នែកកសិកម្ម តែងតែខកខានមិនបានពិចារណាទៅលើការចំណាយនិងជំនាញដែលត្រូវការដើម្បីប្រើបច្ចេកវិទ្យា និងទស្សន៍ទាយរយៈពេលនៃការស្រងាកចិត្តដែលទាក់ទងនឹងការចូលរួមចំណែករបស់យានគ្មានមនុស្សបើកដល់វិស័យកសិកម្ម។
ក្រុមហ៊ុន អេសអឹម វ៉េផញ យកតម្លៃពី៤ដុល្លារដល់៨ដុល្លារក្នុងមួយហិកតាសម្រាប់សេវារបស់ខ្លួន ដោយផ្អែកទៅលើប្រភេទនៃទិន្នន័យដែលគេបានស្នើ។
លោក ជេក បានទទួលស្គាល់ថា តម្លៃទាំងនោះធ្វើឲ្យសេវាមិនអាចទទួលយកបានចំពោះកសិករតូចតាចភាគច្រើនដែលកំពុងប្រើប្រាស់ដីតាមរបៀបកាលពីមួយពាន់ឆ្នាំមុន។
បុរសនៅរដ្ឋតិចសាស់រូបនេះបាននិយាយថា ក្រុមហ៊ុនបានកំពុងសិក្សាអំពីវិធីដែលខ្លួនធ្វើការជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល ឬសមាគមអ្នកដាំដុះ ដើម្បីផ្តល់សេវាឲ្យពួកគេ។ លោកបាននិយាយថា “តាមពិត អ្នកមិនអាចធ្វើការជាមួយពួកគេមួយទល់នឹងមួយបានទេ គឺយើងត្រូវទៅកន្លែងធ្វើការរួម”។
លោក យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីក្រុមហ៊ុន អេសអឹម វ៉េផញ ទេ ប៉ុន្តែ លោកជឿ ថា ទិន្នន័យដែលបានមកពីយន្តហោះគ្មានមនុស្សបើកមានប្រយោជន៍តិចតួចចំពោះកសិករដាំស្រូវនៅកម្ពុជា ដែលមិនមានការឧបត្ថម្ភនិងការអប់រំ។
លោក យ៉ង សាំងកុមារ បាននិយាយថា “ខ្ញុំមិនគិតថា កសិករភាគច្រើននឹងប្រើប្រាស់វាទេ។ កសិករចូលចិត្តទាក់ទងមនុស្សដើម្បីទទួលបានដំបូន្មានថា គេអាចដាំអីកើត។ នេះជាប្រភេទព័ត៌មានដែលកសិករត្រូវការ”។
លោកបាននិយាយបន្តថា “ភាគច្រើនពួកគេពឹងផ្អែកលើប្រពៃណី។ ប៉ុន្តែ គេត្រូវការមនុស្សជួយពួកគេ បង្ហាញផ្លូវពួកគេ។ យើងត្រូវបញ្ជូនមនុស្សឲ្យជួយកសិកររួមបញ្ចូល [ទិន្នន័យពីយានគ្មានមនុស្សបើក] ជាមួយប្រភេទព័ត៌មានផ្សេងទៀត”។
រដ្ឋាភិបាលកម្ពុជាក៏បានប្រញឹកដៃជើងដើម្បីធ្វើនិយតកម្មទៅលើឧបករណ៍ទាំងនេះ។ លោក ជេក បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងពេលដែលគេព្រាងច្បាប់សម្រាប់យានគ្មាន មនុស្សបើក។
ទោះជាយ៉ាងនេះក្តី ខ្លួននៅតែចាំមើលថា តើនិយតកម្មទាំងនោះនឹងផ្តល់ឲ្យក្រុមសិទ្ធិមនុស្សនូវសេរីភាពដូចគ្នាសម្រាប់ការប្រើយានគ្មានមនុស្សបើកដូចគ្នានឹងអ្នកកាន់កាប់ដីធ្លីដ៏មានអំណាច ឬយ៉ាងណាទេ។
លោក ធន់ សារ៉ាយ ស្ថាបនិក និងជាប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា លោកមិនបានស្គាល់យានគ្មានមនុស្សបើកទេ ប៉ុន្តែ លោកជឿថា វាមានទាំងសក្តានុពលនិងភាពអាចកើតមាននៃការគំរាមកំហែង។
លោក ធន់ សារ៉ាយ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើគេថ្លឹងថ្លែងរវាងសិទ្ធិឯកជននៃពលរដ្ឋខ្មែរ សន្តិសុខប្រទេស និងការប្រើសម្រាប់ផលប្រយោជន៍សាធារណៈបែបណាទេ”។
ប្រធានអង្គការសិទ្ធិមនុស្សអាដហុករូបនេះបាននិយាយថា “វាអាចមានប្រយោជន៍ ប្រសិនបើគេប្រើផ្លូវត្រូវ គឺដឹងអំពីការកាន់កាប់ដីធ្លីដោយអ្នកណា ឬការរំលោភដីធ្លីដោយក្រុមហ៊ុនធំមួយ។ ប៉ុន្តែ ក្រុមហ៊ុនដូចគ្នាទាំងនោះអាចប្រើឧបករណ៍នេះ ដើម្បីប្រមូលភាពពិតក្នុងការបម្រើផលប្រយោជន៍របស់ក្រុមហ៊ុន”។
លោក ពុទ្ធិវុធ សង្ឃឹមថា នឹងបន្ធូរបន្ថយក្តីបារម្ភជាសាធារណៈដែលទាក់ ទងនឹងយន្តហោះគ្មានមនុស្សបើក ដោយបង្ហាញឧបករណ៍ទាំងនោះឲ្យនិស្សិតស្គាល់នៅឯសកលវិទ្យាល័យពុទ្ធិសាស្ត្រដែលជាកម្មសិទ្ធិរបស់សោម៉ាគ្រុប។
លោក ពុទ្ធិវុធ បានមានប្រសាសន៍ថា “យើងមានលិខិតកិច្ចព្រមព្រៀងជាមួយសកលវិទ្យាល័យរួចហើយ ដែលយើងនឹងប្រើអគាររបស់គេ យើងនឹងផ្តល់ការណែនាំរបស់យើង គឺថា មិនមែនជាមុខវិជ្ជាបើកបរយន្តហោះទេ ប៉ុន្តែ គ្រាន់តែយកយន្តហោះគ្មានមនុស្សបើកចូលតំបន់លេង កម្សាន្តសម្រាប់និស្សិតប៉ុណ្ណោះ យុវជនទាំងនោះគេសប្បាយចិត្តដោយបានឃើញឧបករណ៍នេះ”។
ប្រសិនបើសេចក្តីសាទរកើតឡើង លោក ជេក គិតថា ប្រទេសកម្ពុជាអាចទទួលផលចំណេញពីបច្ចេកវិទ្យានេះ។
លោក ជេក បានមានប្រសាសន៍ថា “ពិភពលោកទាំងមូលកំពុងតែប្រើប្រាស់។ យើងពិតជាមិននៅឆ្ងាយពីគេទេ”៕រើន