31 C
Phnom Penh

លោក កឹម សុខា និយាយ​ថា ​មាន​ការ​គំរាម​កំហែង​​ឥត​ឈប់ឈរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​បាន​​​មាន​ប្រសាសន៍​​កាលពី​ថ្ងៃសុក្រ​ថា លោក​​បាន​ទទួល​ការ​គំរាម​កំហែង​​​ហិង្សា​ដល់​រាងកាយ​​​មក​លើ​រូប​លោក​ជា​ញឹកញាប់​គឺ​​ ជា​ការ​អះអាង​មួយ​ដែល​​បានទាត់​ចោល​ដោយ​​អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ចោទ​លោក កឹម សុខា ថា បាន​​កុហក​​។

ថ្លែង​ទៅ​កាន់​សកម្មជន​​គណបក្ស​​ប្រហែល​៥.០០០​នាក់​​ក្នុង​ក្រុង​​សិរីសោភ័ណ​​ ខេត្ត​បន្ទាយមានជ័យ លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​ថា ​ជា​ការ​ធម្មតា​សម្រាប់​គណបក្ស​កាន់​អំណាច​​ដែល​ព្យាយាម​​បំភិត​បំភ័យ​សមាជិក​​គណបក្ស​សង្គ្រោះ​ជាតិ ជា​បញ្ហា​មួយ​​​ដែល​​កើត​មាន​​រហូត​ដល់​ថ្នាក់​កំពូល​នៃ​គណបក្ស​ប្រឆាំង។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ដឹង​ថា បង​ប្អូន​បាន​ជួប​ការ​ឈឺចាប់​ ហើយ​​ខ្លាច​ពីព្រោះ​ពួកគេ​បំភិត​បំភ័យ​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​​ថា “​ប៉ុន្តែ​មិន​មែន​តែ​បង​ប្អូន​​ដែល​ឈឺចាប់ទេ។ ខ្ញុំ​ កឹម សុខា ​ត្រូវ​គេ​បំភិត​បំភ័យ​រាល់​ថ្ងៃ។ ពួកគេ​គំរាម​ [ខ្ញុំ]។ ពួកគេ​​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​រាល់​ថ្ងៃ​”។

ការ​អធិប្បាយ​របស់​លោក កឹម សុខា ធ្វើ​ឡើង​​បន្ទាប់ពី​មាន​សំណើ​មួយ​​របស់​គណបក្ស​សង្គ្រោះជាតិ​​​កាលពី​ដើម​សប្ដាហ៍​នេះ​​សុំជួប​ជាមួយ​​រដ្ឋាភិបាល​​ និង​ពិភាក្សា​អំពី​​កង្វល់​សន្តិសុខ​។ ​សំណើ​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​សារ​មាន​ការ​គំរាម​មួយ​តាម​ហ្វេសប៊ុក​​​ពី​សំណាក់​ទាហាន​​​​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​​ឈ្មោះ ខាន់ ចាន់​សុផល ​ដែល​បាន​សរសេរ​ថា ​បើ​គម្រោង​ធ្វើ​បាតុកម្ម​​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា​​កើត​ឡើង​​នៅ​រដ្ឋកាលីហ្វ័រញ៉ា លោក​​ សុខា អាច​ប្រឈម​នឹង​ការ​សងសឹក​ហិង្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​ទាំង​ត្រូវ​គេ​វាយ​​ដំ និង​ដុត​ផ្ទះ​របស់​គាត់​ទៀត​ផង​​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ច្រាន​ចោល​ការ​​លើក​ឡើង​​ដែល​ថា លោក សុខា ជា​គោលដៅ​នៃ​ការ​គំរាម​កំហែង​ជាញឹក​ញាប់​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​អ្នក​នយោបាយ​​បក្ស​ប្រឆាំង​ពិត​ជា​ខ្លាច​​អំពើ​ហិង្សា​មែន​នោះ ​គាត់​​នឹង​មិន​អាច​​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​បាន​ទេ។

លោក ឥសាន បាន​មាន​ប្រសាសន៍​ថា “​គាត់​បាន​និយាយ​​រឿង​ដែល​ផ្ទុយ​នឹង​ការ​ពិត​”។

លោក​បាន​បន្ថែម​ថា “​តាម​ការ​ពិត​​ គ្មាន​នរណា​គំរាម​គាត់​ទេ។ បើ​មាន​ការ​គំរាម​ឬ​ភ្ជង់​​គាត់​​នោះ គាត់​នឹង​មិន​អាច​នៅ​ក្នុង​ប្រទេស​​ ឬ​ធ្វើ​ដំណើរ​ទៅ​​បន្ទាយ​មាន​ជ័យ​​និយាយ​ទៅ​កាន់​សកម្មជន​​បក្ស​របស់​គាត់​បាន​ទេ​”។

លោក ឥសាន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​​ឮ​ឈ្មោះ ខាន់ ចាន់សុផល ​ហើយ​ក៏​​មិន​បាន​ដឹង​អំពី​សំណើ​ណាមួយ​របស់​គណបក្ស​សង្គ្រោះជាតិ​​ដើម្បី​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាក់ទង​នឹង​​កង្វល់​សន្តិសុខ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​គាត់​​និយាយ​​​ថា​ ​​មានការ​គំរាម​បាតុកម្ម​​សង​សឹក​ ឬ​ដុត​ផ្ទះ​របស់​ឯក​ឧត្ដម​ កឹម សុខា ​វា​មិន​ពិត​ទេ​​”៕ និត​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស