លោក ញឹក ប៊ុនឆៃ អតីតឧត្តមសេនីយ៍គណបក្សហ្វុ៊នស៊ិនប៉ិចបានប្រកាសក្នុងសន្និសីទកាសែតមួយនៅឯផ្ទះរបស់លោកកាលពីថ្ងៃសុក្រថា គណបក្សរាជានិយមថ្មីមួយដែលលោកបានបង្កើតឡើងត្រូវបានយល់ព្រមដោយក្រសួងមហាផ្ទៃ ហើយនឹងធ្វើសមាជរបស់ខ្លួននៅចុងខែនេះ។
ទោះបីជាសន្និសីទនេះបានធ្វើឡើងដើម្បីជូនដំណឹងដល់សាធារណជនស្តីពីគណបក្សនយោបាយថ្មីដែលលោកដាក់ឈ្មោះថាគណបក្សខ្មែររួបរួមជាតិក៏ដោយ ក៏លោក ប៊ុនឆៃ ប្រើពេលភាគច្រើនរបស់លោករិះគន់គណបក្សហ្វុ៊នស៊ិនប៉ិច និងប្រធានបក្សគឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាអតីតប្រធានរបស់លោក និងជាសត្រូវនាពេលបច្ចុប្បន្ន។
លោក ប៊ុនឆៃ ត្រូវបានបង្ខំនៅសប្តាហ៍នេះឲ្យផ្លាស់ប្តូរស្លាកសញ្ញាដែលលោកបានដាក់ប្រើសម្រាប់បក្សថ្មីរបស់លោក គឺស្រដៀងគ្នានឹងស្លាកសញ្ញាដែលធ្លាប់ប្រើដោយគណបក្សហ្វុ៊នស៊ិនប៉ិច បន្ទាប់ពីព្រះអង្គម្ចាស់ រណឫទ្ធិ តវ៉ាទៅក្រសួងមហាផ្ទៃ។
កាលពីថ្ងៃសុក្រ លោកបានទទួលស្គាល់ថា លោកនឹងផ្លាស់ប្តូរស្លាកសញ្ញា ប៉ុន្តែបានមានប្រសាសន៍ថា ជាការអាម៉ាស់ដែលព្រះអង្គម្ចាស់មិនប្រើស្លាកសញ្ញានោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំឃើញថា [ទ្រង់រណឫទ្ធិ] បោះបង់ចោលស្លាកសញ្ញាចាស់នៃវិមានឯករាជ្យដែលជាកេរដំណែលសម្តេចតា អ៊ីចឹងយើងបានសម្រេចយកមកប្រើវិញសម្រាប់គណបក្សខ្មែររួបរួមជាតិ ព្រោះយើងចង់រក្សានូវអ្វីដែលយើងគិតថាគេបំភ្លេចចោល”។
ទោះបីភ្ជាប់ទៅនឹងស្លាកសញ្ញាចាស់ក៏ដោយ ក៏លោក ប៊ុនឆៃ បាននិយាយថា លោកមានរូបសញ្ញាថ្មីគឺ មកុដមួយ និងកួរស្រូវពីរកួរ រំលេចដោយពណ៌លឿងនិងខៀវ។
លោក ប៊ុនឆៃ ក៏បានផ្តល់យោបល់ថា បក្សរបស់លោកនឹងព្យាយាមយកមកវិញនូវស្នាក់ការតាមខេត្តមួយចំនួនរបស់គណបក្សហ្វុ៊នស៊ិនប៉ិច ដោយអះអាងថា មានស្នាក់ការប្រហែល១០កន្លែងជាកម្មសិទ្ធិឯកជន មានដូចជារូបលោក និង លោក កែវ ពុទ្ធរស្មី អតីតប្រធានគណបក្សហ្វុ៊នស៊ិនប៉ិច។
លោកបានមានប្រសាសន៍ថា “ មិនមែនស្នាក់ការទាំងអស់បង្កើតឡើង និងដឹកនាំដោយសម្តេចក្រុមព្រះ [រណឫទ្ធិ] ទេ។ ប្រសិនបើសម្តេចក្រុមព្រះ និងអ្នកផ្សេងទៀតជុំវិញព្រះអង្គចង់យកស្នាក់ការ នឹងមានការប្តឹងផ្តល់គ្នាហើយ”។
មន្ត្រីគណបក្សហ្វុ៊នស៊ិនប៉ិចមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ៕រើន