បន្ទាប់ពីរយៈពេលជាច្រើនសប្តាហ៍កន្លងមក រួមទាំងការគំរាមធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក និងការធ្វើបាតុកម្មតបតវិញនៅក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមជាមួយមេដឹកនាំប្រចាំតំបន់ដទៃទៀតនៅថ្ងៃនេះសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-អាស៊ានក្នុងទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា ។
ដោយប្រឈមការគំរាមធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិពីសំណាក់រដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ប្រសិនបើលោកនាយករដ្ឋមន្ត្រីត្រូវបានក្រុមបាតុករធ្វើបាតុកម្មប្រឆាំងអំឡុងដំណើរទស្សនកិច្ចរបស់លោកនោះលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានស្វះស្វែងមិនឲ្យគណបក្សលោកជាប់ពាក់ព័ន្ធក្រុមសកម្មជនដែលរៀបចំបាតុកម្មប្រឆាំងលោក ហ៊ុន សែន ខណៈលោកនាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់សហរដ្ឋអាេមរិក។

ទោះជាយ៉ាងណា ខណៈលោក ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាកាលពីព្រឹកម្សិលមិញឆ្ពោះទៅ Sunnylands resort ទីដែលលោក ប៉ារ៉ាក់ អូប៉ាមា ប្រធានាធិបតីសហរដ្ឋ អាមេរិកនឹងធ្វើជាអធិបតីកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃជាមួយមេដឹកនាំអាស៊ាននោះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមួយរូបបានបន្តអះអាងថា បាតុកម្មដែលគ្រោងទុកប្រឆាំងលោកនាយករដ្ឋមន្ត្រីត្រូវបានឧបត្ថម្ភដោយគណបក្សសង្គ្រោះជាតិ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ”ខ្ញុំចង់និយាយថា គណបក្សប្រឆាំងបានរៀបចំបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ ពួកគេគ្រាន់តែប្រើប្រាស់ឈ្មោះឯកជនសម្រាប់បាតុកម្មនោះតែប៉ុណ្ណោះ”។
អ្នកនាំពាក្យរូបនេះលើកឡើងថា លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធានគណបក្សសុទ្ធតែបដិសេធថា មិនជាប់ពាក់ព័ន្ធនឹងបាតុកម្មដែលគ្រោងទុកឡើយ។
លោក ឈឹម ផលវរុណ បាននិយាយដល់បាតុកម្មដែលរៀបចំដោយសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ជាក្រុមសកម្មជនដែលមានមូលដ្ឋាននៅរដ្ឋការ៉ូលីណាខាងជើង (North Carolina) ថា “ប៉ុន្តែ យើងមានឯកសារគ្រប់គ្រាន់បង្ហាញថា គណបក្សសង្គ្រោះជាតិបានរៀបចំបាតុកម្មនេះ”។
កាលពីចុងខែមុន លោក ហ៊ុន សែន បានគំរាមធ្វើបាតុកម្មតបតវិញប្រសិនបើលោកត្រូវបានក្រុមបាតុករធ្វើបាតុកម្មប្រឆាំងនៅសហរដ្ឋអាមេរិក ជាការគំរាមដែលជាក្តីបារម្ភចំពោះគណបក្សសង្គ្រោះជាតិ ពីព្រោះការគំរាមស្រដៀងគ្នានេះពីសំណាក់លោកនាយករដ្ឋមន្ត្រីកាលពីខែតុលា នាំឱ្យមានការវាយដំយ៉ាងឃោរឃៅទៅលើតំណាងរាស្ត្រពីររូបរបស់គណបក្សប្រឆាំងនៅបាតុកម្មមួយនៅខាងក្រៅរដ្ឋសភា។
លោក ហ៊ុន សែន បានសរសេរខំមិុនក្នុងហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែមករាថា “បើក្មួយយល់ថាបាតុកម្មប្រឆាំងពូមានប្រយោជន៍ ក៏សុំធ្វើតាមចិត្តចុះ ពីព្រោះវាជាមុខជំនាញរបស់ពួកក្មួយទៅហើយ”។
លោកបានលើកឡើងបន្ថែមថា “អ្វីដែលក្មួយត្រូវចាំ ហើយប្រាប់តគ្នាទៅមេក្មួយទាំងនៅក្នុងនិងក្រៅប្រទេសនោះ គឺត្រូវទទួលស្គាល់សិទ្ធិបាតុកម្មរបស់អ្នកគាំទ្រពូប្រឆាំងមេដឹកនាំក្មួយនៅក្នុងប្រទេសវិញដែរ”។
លោក ហ៊ុន សែន បញ្ចប់ដោយសរសេរថា ”ដូច្នេះបាតុកម្មនៅក្នុងប្រទេសកម្ពុជាជាលទ្ធភាពអាចកើតមានដើម្បីប្រឆាំងមេដឹកនាំបក្សប្រឆាំង”។
ចាប់តាំងពីពេលនោះមក អ្នកគាំទ្រគណបក្សកាន់អំណាចបានធ្វើការគំរាមខុសច្បាប់ជាច្រើនទៀត។ ការគំរាមមួយក្នុងចំណោមនោះ គឺទាហាន និងអ្នកលេងហ្វេសប៊ុកគាំទ្រគណបក្សប្រជាជនកម្ពុជាបានគំរាមលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងឲ្យចាកចេញពីប្រទេសដើម្បីចៀសវាងលទ្ធភាពនៃការត្រូវវាយដំ បើមិនដូច្នោះទេអាចមានការដុតផ្ទះរបស់លោក។
កន្លងមក លោក ហ៊ុន សែន បានព្រមានធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិក្នុងខែតុលា អង្គភាពយោធាបានធ្វើបាតុកម្មជាសាធារណៈប្រឆាំងលោក កឹម សុខា ខណៈតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានដកតួនាទីថ្នាក់ដឹកនាំរបស់លោកនៅក្នុងសភា។ ក្រុមបាតុករក៏បានឡោមព័ទ្ធផ្ទះលោក កឹម សុខា រាប់ម៉ោងផងដែរ ដោយអាជ្ញាធរមិនបានធ្វើអន្តរាគមន៍ឡើយ។
យោងតាមលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងការគំរាមពាក់ព័ន្ធសន្តិសុខថ្មីបំផុតនេះ លោក កឹម សុខា បានផ្ញើលិខិតមួយច្បាប់ជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រ ស្នើសុំឲ្យក្រសួងផ្តល់ការការពារដល់ថ្នាក់ដឹកនាំ និងតំណាងរាស្ត្រគណបក្សប្រឆាំង។
លោក ប៉ោ ភក្ត្រ អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកទទួលបានលិខិតនេះពីក្រសួងហើយ ប៉ុន្តែ កំពុងរៀបចំបញ្ជូនទៅលោក ស ខេង ។
ឧត្តមសេនីយ៍ឯក ប៉ោ ភក្ត្រ បានមានប្រសាសន៍ថា ”សំណើនេះខ្ញុំកំពុងដំណើរការហើយ។ អ្វីដែលយើងអាចធ្វើឲ្យប្រាកដនោះគឺថា មនុស្សគ្រប់រូបត្រូវបានការពារតាមច្បាប់”។
លោកបានបន្ថែមថា “ក្រសួងមហាផ្ទៃទទួលខុសត្រូវចំពោះសុវត្ថិភាព និងសន្តិសុខមនុស្សគ្រប់រូប មិនមែនសម្រាប់តែគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ”។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សមិនអាចទទួលខុសត្រូវចំពោះសកម្មភាពរបស់សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងឡើយ ហើយលោកបានកត់សម្គាល់ថា បាតុកម្មដោយសន្តិវិធីមិនមែនជាបទឧក្រិដ្ឋទេ។
លោកបានលើកឡើងថា “យើងត្រូវទទួលស្គាល់ថា សហរដ្ឋអាមេរិកមានពលរដ្ឋខ្មែររាប់មឺុននាក់រស់នៅទីនោះ ប៉ុន្តែ ពួកគាត់មានច្រើនក្រុម ហើយក្រុមទាំងនោះមានគំនិត និងយោបល់ខុសៗគ្នា ហើយនេះគឺជាសិទ្ធិរបស់ពួកគាត់ក្នុងការធ្វើអ្វីដែលពួកគាត់ចង់ធ្វើ”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ”ខ្ញុំគិតថា ប្រជាពលរដ្ឋមានសិទ្ធិធ្វើបាតុកម្ម”។ លោកបានបន្ថែមថា គណបក្សប្រឆាំងបានប្រាប់ក្រុមអ្នកគាំទ្ររបស់ខ្លួនរួចហើយកុំឲ្យចូលរួមបាតុកម្មដែលគ្រោងទុក។
លោកមានប្រសាសន៍ថា ”សម្រាប់គណបក្សសង្គ្រោះជាតិ យើងចង់ផ្ចង់អារម្មណ៍របស់យើងដើម្បីធ្វើការទៅលើការបោះឆ្នោតនៅពេលខាងមុខវិញ។ ហើយយើងមិនចង់ធ្វើសកម្មភាពណាដែលមិនមែនជាប្រយោជន៍នៃអាទិភាពរបស់យើងឡើយ”៕សារុន