ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ដោយបង្កើតក្រុមចរចាដើម្បីធ្វើការប្រជុំពិភាក្សាលម្អិតកិច្ចព្រមព្រៀង ដែលនឹងបើកច្រកស្របច្បាប់ឡើងវិញសម្រាប់ពលរដ្ឋខ្មែរដើម្បីស្វែងរកការងារនៅប្រទេសមជ្ឈិមបូព៌ា ដែលជាញឹកញាប់ថៅកែរងការចោទប្រកាន់ថា បានរំលោភ បំពានលើកម្មករចំណាកស្រុក។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការងារកម្ពុជាកាលពីថ្ងៃសុក្របានឲ្យដឹងថា លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានស្ថិតនៅទីក្រុងរីយ៉ាដ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈចំនួនពីរ គឺ១សម្រាប់ពលករបម្រើការងារតាមផ្ទះ និង១ទៀតសម្រាប់ពលករធ្វើការងារទូទៅ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីតរបស់លោកគឺលោក Mufrej Al-Haqbani។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ”កិច្ចព្រមព្រៀងនេះគឺសំខាន់ណាស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ពលករខ្មែរហើយប្រទេសទាំងពីរក៏ត្រូវរៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងសម្រាប់ការជ្រើសរើស និងសម្រាប់ការធ្វើមាតុភូមិនិវត្តពលករ ដោយអនុលោមទៅតាមច្បាប់”។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ភាគីទាំងពីរនឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីពិភាក្សាអំពីរបៀបអនុវត្តកិច្ចព្រមព្រៀងនេះ ដោយមិនបានប្រាប់រយៈពេលឬសេចក្តីលម្អិតពាក់ព័ន្ធនឹងគោលបំណងជាក់លាក់របស់ប្រទេសកម្ពុជាទេ។
អនុស្សរណៈនោះក៏មិនត្រូវបានបញ្ចេញឲ្យដឹងដែរ។ លោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
អង្គការសិទ្ធិមនុស្ស Human Right Watch បានចេញរបាយការណ៍ស្តីពីអ្វីដែលខ្លួនហៅថា ការរំលោភបំពាន “ខ្លាំងឡើង” លើពលករចំណាកស្រុកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះមានទាំងពលកម្មដោយបង្ខំ និងលក្ខខណ្ឌធ្វើការពោរពេញដោយការកេងប្រវ័ញ្ច។ កាលពីខែវិច្ឆិកា អង្គការនេះបានឲ្យដឹងថា កំណែទម្រង់ការងារថ្មីៗរបស់អារ៉ាប៊ីសាអូឌីតអាចជួយទប់ស្កាត់ការរំលោភបំពានប៉ុន្តែ បានព្រមានថា លក្ខខណ្ឌសម្រាប់ពលករ ធ្វើការតាមផ្ទះនៅដដែល។
ចំណែកឯអនុស្សរណៈថ្មីនេះអារ៉ាប៊ីសាអូឌីត និងកម្ពុជាមានចំណុចស្រដៀងគ្នាក្នុងការចរចាកាលពី៦ឆ្នាំមុន។
កាលពីឆ្នាំ២០១០ ប្រទេសទាំងពីរបានប្រុងប្រៀបនឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដែលនឹងបើកផ្លូវឲ្យប្រទេសកម្ពុជាបញ្ជូនអ្នកបម្រើតាមផ្ទះ៥.០០០នាក់ទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងមួយខែ។
នៅពេលនោះក្រសួងការងារកម្ពុជាបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងប្រើគ្លីនិកផ្ទាល់របស់ក្រសួងដើម្បីពិនិត្យពលករមុនពេលពួកគេចាកចេញពីប្រទេស ហើយក៏បានស្វែងរកធនាគារមួយដើម្បីផ្ញើប្រាក់មកប្រទេស។ បើទោះជា កិច្ចព្រមព្រៀងនោះមិនដែលកើតជារូបរាងក៏ដោយ ក៏ពលករកម្ពុជាមួយចំនួនតូចបានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈច្រកមិនផ្លូវការ។
យោងតាមអង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា នៅឆ្នាំ២០០៥ប្រទេសកម្ពុជាបានបញ្ជូនស្ត្រី៣៤នាក់ទៅប្រទេសនេះ ជាផ្នែកមួយនៃកម្មវិធីសាកល្បងជាផ្លូវការ ប៉ុន្តែ មិនយូរប៉ុន្មានបានបញ្ចប់កិច្ចព្រមព្រៀងនោះទៅវិញ ពីព្រោះខ្វះវត្តមានការទូតក្នុងតំបន់នោះ ដែលអាចជួយពលករ។
មន្ត្រីក្រសួងការងារម្នាក់នៅពេលនោះបាននិយាយថា ទីភ្នាក់ងារជ្រើសរើសពលករខ្មែរត្រូវបានគេបញ្ជាឲ្យឈប់បញ្ជូនពលករព្រោះបារម្ភថា សេចក្តីរាយការណ៍អំពីពលករ ចំណាកស្រុកនៅប្រទេសអារ៉ាប៊ីសាអូឌីតត្រូវគេកាត់ដៃជើងនោះ អាចជាការពិត៕ និត